របប​ក្រុង​ភ្នំពេញ​តប​នឹង​របាយការណ៍​ក្រសួង​ការ​បរទេស​អាមេរិក​ថា កម្ពុជា​គ្មាន​ការ​រំលោភ​សិទ្ធិមនុស្ស​ឡើយ

ដោយ សុជីវី
2021-03-31
Share
របប​ក្រុង​ភ្នំពេញ​តប​នឹង​របាយការណ៍​ក្រសួង​ការ​បរទេស​អាមេរិក​ថា កម្ពុជា​គ្មាន​ការ​រំលោភ​សិទ្ធិមនុស្ស​ឡើយ រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិក លោក អេនថូនី ប្ល៊ីងឃិន (Antony J. Blinken) ថ្លែង​ក្នុង​ពេល​ផ្សព្វផ្សាយ​របាយការណ៍​ប្រចាំ​ឆ្នាំ​លើក​ទី៤៥ ស្ដីពី​ការអនុវត្ត​សិទ្ធិ​មនុស្ស​នៅ​ទូទាំង​ពិភពលោក​ក្នុង​ឆ្នាំ២០២០ កាលពី​ថ្ងៃ​ទី៣០ ខែមីនា ឆ្នាំ២០២១ នៅ​ក្រសួង​ការបរទេស​អាមេរិក។
រូប៖ Twitter Secretary Antony Blinken

មន្ត្រី​គណបក្ស​កាន់​អំណាច និង​រដ្ឋាភិបាល​នៅ​តែ​អះអាង​ថា ប្រទេស​កម្ពុជា​គ្មាន​ការ​រំលោភ​សិទ្ធិមនុស្ស និង​គ្មាន​អំពើ​និទ្ទណ្ឌភាព ឬ​ភាព​គ្មាន​ទោសពៃរ៍​ដូច​ការ​លើក​ឡើង​របស់​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក​ឡើយ។ ប៉ុន្តែ​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​យល់​ថា របាយការណ៍​របស់​អាមេរិក​​​ឆ្លុះ​បញ្ចាំង​ការ​ពិត​នៅ​កម្ពុជា។

តំណាង​គណបក្ស​កាន់អំណាច​ខក​ចិត្ត​នឹង​របាយការណ៍​របស់​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក ដោយ​ចាត់​ទុក​ថា ​នោះ​ជា​ការ​មើល​ឃើញ​តែ​មួយ​ជ្រុង​តូច​ ហើយ​មិន​ឆ្លុះ​បញ្ចាំង​ការ​ពិត​នៅ​កម្ពុជា​ឡើយ។

នេះ​ជា​របាយការណ៍​ប្រចាំឆ្នាំ​លើកទី៤៥ របស់​ក្រសួងការបរទេស​សហរដ្ឋ​អាមេរិក ស្តីពី​ការអនុវត្ត​សិទ្ធិ​មនុស្ស​នៅ​ទូទាំង​ពិភពលោក សម្រាប់​ឆ្នាំ២០២០ ដែល​​ចេញ​ផ្សាយ​នៅ​ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ ដោយរកឃើញ​ថា អំពើ​និទ្ទណ្ឌភាព ឬ​ភាពគ្មាន​ទោសពៃរ៍​​​​នៅតែ​បន្ត​កើតមាន​ និង​រីករាលដាល​ក្នុង​សង្គម​កម្ពុជា​ដដែល ខណៈ​​រដ្ឋាភិបាល​បន្ត​រំលោភ និង​​រឹតត្បិត​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន និង​សិទ្ធិ​នយោបាយ​របស់​ពលរដ្ឋ។

អ្នក​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច​ លោក​ សុខ ឥសាន​ ប្រាប់​អាស៊ី​សេរី​នៅ​ព្រឹក​ថ្ងៃ​ទី​៣១​មីនា​ថា​ រដ្ឋាភិបាល​កម្ពុជា​​​តែង​យក​ចិត្ត​ទុក​ដាក់​​ចំពោះ​សេចក្ដី​សុខ​របស់​ប្រជាពលរដ្ឋ​​​ជា​ធំ​ ​និង​​បើក​ទូលាយ​សិទ្ធិ​សេរីភាព​​គ្រប់បែប​យ៉ាង​ដល់​ពលរដ្ឋ​ទៀត​ផង​។​បន្ថែម​ពី​នេះ លោក​ថា ​ប្រជាពលរដ្ឋ​ភាគ​ច្រើន​កំពុង​​រស់​នៅ​ប្រកប​ដោយ​សេចក្ដី​សុខ​សប្បាយ។​​

មន្ត្រី​ជាន់ខ្ពស់​បក្ស​កាន់​អំណាច​រូប​នេះ បញ្ជាក់​ថា ​ការ​ចាប់​​​មនុស្ស​ដាក់​ពន្ធនាគារ​​ជា​បន្ត​បន្ទាប់​មក​នោះ​ គឺ​ពុំ​មែន​ជា​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​ពលរដ្ឋ​នោះ​ទេ ប៉ុន្តែ​លោក​ថា ​គឺ​ដោយសារ​ពួកគេ​បាន​ប្រព្រឹត្ត​​ខុស​ច្បាប់៖ «ខ្ញុំ​យល់​ថា​ អាការ​ចោទ​ប្រកាន់​ហ្នឹង​មិន​មែន​ទើប​តែ​មាន​ក្នុង​ឆ្នាំ​២០២១​ហ្នឹង​ទេ​ ចោទ​ប្រកាន់​តាំង​ពី​ក្រោយ​ការ​បោះ​ឆ្នោត​ឆ្នាំ​១៩៩៣ មក​ម៉្លេះ​ ពីព្រោះ​គេ​មិន​ពេញ​នឹង​ការ​ដឹក​នាំ​កាន់​អំណាច​របស់​គណបក្ស​ប្រជាជន​ដែល​គេ​តែង​តែ​ចោទ​ថា​ជា​បក្ស​កុម្មុយនិស្ត អា​ហ្នឹង​រឿង​តែ​ប៉ុណ្ណឹង​ទេ​។​អីចឹង​ការ​ចោទ​ប្រកាន់​នេះ​វា​លំអៀង​ទៅ​តាម​និន្នាការ​នយោបាយ​ផង ហើយ​និន្នាការ​មនោគមន៍​វិជ្ជា​​លើ​ពិភព​លោក​ផង។ ដូច្នេះ អា​ហ្នឹង​វា​អីចឹង​ ប្រើ​ច្បាប់​​គេ​ថា​យើង​យក​ច្បាប់​ដើម្បី​ធ្វើ​ជា​លេស​​គាបសង្កត់​ប្រជាពលរដ្ឋ»

ដូច​គ្នា​នេះ​ដែរ រដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន បាន​បង្ហោះ​សារ​នៅ​ក្នុង​ហ្វេសប៊ុក​របស់​លោក​ថា បញ្ហា​សិទ្ធិមនុស្ស​នេះ ​គ្មាន​ប្រទេស​ណា​មួយ​អនុវត្ត​បាន​ល្អ​ឥត​ខ្ចោះ​នោះ​ទេ ដោយសារ​តែ​បរិបទ​ខុសគ្នា ហើយ​លោក​ថា សូម្បីតែ​អាមេរិក​ខ្លួន​ឯង ក៏​មាន​បញ្ហា​រំលោភ​សិទ្ធិមនុស្ស​ដែរ។ លោក​ ចាត់​ទុក​របាយការណ៍​របស់​អាមេរិក​នេះ​ថា ​គ្មាន​មូលដ្ឋាន​បច្ចេកទេស​សិទ្ធិមនុស្ស ​ហើយ​ធ្វើ​ឡើង ដើម្បី​កេង​ចំណេញ​នយោបាយ​លើ​បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា ដែល​មិន​អាច​ទទួល​យក​បាន​ឡើយ។

ប្រតិកម្ម​របស់​មន្ត្រី​របប​ក្រុង​ភ្នំពេញ​នេះ ធ្វើ​ឡើង​ក្រោយ​ពេល​ក្រសួង​ការបរទេស​អាមេរិក បាន​រក​ឃើញ​ថា ក្នុង​ឆ្នាំ២០២០ កន្លងទៅ មាន​ករណី​រំលោភបំពាន​សិទ្ធិ​មនុស្ស​គួរ​ឲ្យ​កត់​សម្គាល់​នៅ​កម្ពុជា។ អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ​បាន​ធ្វើ​ទារុណកម្ម ដាក់​ទោស​ទណ្ឌ ការ​ឃុំឃាំង​មនុស្ស​តាម​ទំនើងចិត្ត និង​ការ​ប្រព្រឹត្ត​ប្រឆាំង​នឹង​អ្នកទោស​នយោបាយ​ជា​ដើម។ ក្រសួង​ការ​បរទេស​អាមេរិក​រក​ឃើញ​ទៀត​ថា កម្ពុជា​នៅតែ​គ្មាន​ប្រព័ន្ធ​តុលាការ​ឯករាជ្យ មាន​ការ​ជ្រៀត​ជ្រែក​តាម​ទំនើងចិត្ត​ទៅលើ​ជីវិត​ឯកជន​របស់​ពលរដ្ឋ តាម​រយៈ​ការ​ឈ្លប​យក​ការណ៍​ពី​ការ​ប្រាស្រ័យ​ទាក់ទង​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ព្រម​ទាំង​មាន​ការ​រឹតត្បិត​យ៉ាង​ធ្ងន់ធ្ងរ​ទៅ​លើ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ សេរីភាព​សារព័ត៌មាន និង​សេរីភាព​នៅ​លើ​អ៊ីនធឺណិត​ជា​ដើម។ រីឯ សិទ្ធិ​នយោបាយ​វិញ ក៏​ត្រូវ​រដ្ឋាភិបាល​រឹតត្បិត​យ៉ាង​ខ្លាំង ផង​ដែរ។ ក្រសួង​ការ​បរទេស​អាមេរិក​រក​ឃើញ​ថា រដ្ឋាភិបាល​បាន​​កាត់បន្ថយ​សមត្ថភាព​របស់​ពលរដ្ឋ​ក្នុង​ការ​ផ្លាស់ប្ដូរ​រដ្ឋាភិបាល​ដោយ​សន្តិវិធី​តាមរយៈ​ការបោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌។ ទន្ទឹម​នឹង​នោះ អំពើពុករលួយ​ក៏​កំពុង​រីក​រាលដាល ជាពិសេស​ក្នុង​ប្រព័ន្ធ​តុលាការ​តែ​ម្ដង។

ប្រធាន​ផ្នែក​សិទ្ធិមនុស្ស​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក នី សុខា ឯកភាព​ចំពោះ​របាយការណ៍​របស់​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក​នេះ។ លោក​ថា របាយការណ៍​នេះ​បាន​ឆ្លុះ​បញ្ចាំ​ការ​ពិត​នៅ​កម្ពុជា ហើយ​ក៏​ដូចគ្នា​ទៅ​នឹង​អ្វី​ដែល​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ស្រុក​បាន​ចេញ​របាយការណ៍​ជា​បន្ត​បន្ទាប់​នោះ​ផង​ដែរ។មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​យល់​ថា រឿង​នេះ​រដ្ឋាភិបាល​គួរតែ​​ទទួល​យក​ការ​រិះគន់​របស់​អាមេរិក យក​មក​កែ​សម្រួល​ឱ្យ​ដើរ​តាម​គន្លង​ប្រជាធិបតេយ្យ​ឡើង​វិញ ដើម្បី​កុំ​ឱ្យ​សហគមន៍​អន្តរជាតិ​ដាក់​ទណ្ឌកម្ម​បន្ថែម​មក​លើ​កម្ពុជា៖ «ការ​អនុវត្ត​រំលោភ​លើ​គោលការណ៍​សិទ្ធិមនុស្ស​មួយ​ចំនួន​ពី​សំណាក់​រដ្ឋាភិបាល និង​ស្ថាប័ន​អ្នក​កាន់​អំណាច​ហ្នឹង រដ្ឋាភិបាល​តែង​តែ​បដិសេធ​គ្រប់​ពេល​វេលា។ រដ្ឋាភិបាល​យើង​បច្ចុប្បន្ន​នេះ​ជា​ទូទៅ​គាត់​តែង​និយាយ ដើម្បី​ការពារ​នូវ​អ្វី​ដែល​ជា​ទង្វើ​របស់​សមត្ថកិច្ច ក៏​ដូច​ជា​របស់​អាជ្ញាធរ​រដ្ឋ​ហ្នឹង​ហើយ។ អីចឹង​ហើយ​បាន​ជា​យើង​ចង់​និយាយ​ថា អ្វី​ដែល​ការ​និយាយ ដើម្បី​គ្រាន់​តែ​ការ​ពារ​ឱ្យ​មាន​លក្ខណៈ​ការពារ​ហើយ​មិន​ឆ្លុះ​បញ្ចាំង​ពី​ការ​ពិត​អា​ហ្នឹង​ជា​រឿង​គ្រោះ​ថ្នាក់​ដល់​សង្គម​យើង​ទៅ​វិញ​ទេ»

Ny_Sokha.jpg
លោក នី សុខា ប្រធាន​ផ្នែក​សិទ្ធិមនុស្ស​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc)។ រូប៖ ADHOC

ករណី​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​នៅ​កម្ពុជា​នេះ មិន​មែន​ទើប​តែ​ត្រូវ​បាន​រក​ឃើញ​ដោយ​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក​នោះ​ទេ។ ក្រុម​អ្នក​ជំនាញ​អង្គការ​សហប្រជាជាតិ អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ ហើយ​និង​សហភាព​អឺរ៉ុប សុទ្ធ​តែ​​បាន​រក​ឃើញ និង​ចេញផ្សាយ​ជា​បន្តបន្ទាប់​អំពី​របាយការណ៍​នៃ​ការរំលោភ​សិទ្ធិមនុស្ស​ទាំងនោះ។ ដោយសារ​តែ​ករណី​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ និង​ជា​ប្រព័ន្ធ​បែប​នេះ​ហើយ ទើប​សហភាព​អឺរ៉ុប​បាន​ដាក់​ទណ្ឌកម្ម​ជា​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ចំនួន ២០% ពី​កម្ពុជា និង​មាន​ការ​ស្នើ​ឱ្យ​ដាក់​ទណ្ឌកម្ម​ប្រឆាំង​នឹង​ក្រុម​មេ​ដឹក​នាំ​របប​ក្រុង​ភ្នំពេញ ចំពោះ​ទង្វើ​រំលោភ​សិទ្ធិមនុស្ស​​ជ្រុល​ហួសហេតុ​របស់​ពួក​គេ។

មន្ត្រី​សិទ្ធិមនុស្ស​លោក នី សុខា ជឿ​ថា ការ​រឹង​ទទឹង​របស់​រដ្ឋាភិបាល​ខ្មែរ​នេះ នឹង​មិន​ផ្ដល់​ផល​ប្រយោជន៍​អ្វី​ដល់​សង្គម​ជាតិ​ឡើយ​ ផ្ទុយ​ទៅ​វិញ នឹង​ធ្វើ​កម្ពុជា​កាន់​តែ​មាន​ឈ្មោះ​អាក្រក់ ហើយ​សហគមន៍​អន្តរជាតិ​អាច​នឹង​ដាក់​ទណ្ឌកម្ម​ផ្នែក​សេដ្ឋកិច្ច​មក​លើ​កម្ពុជា​បន្ថែម​ទៀត រួម​ទាំង​ទណ្ឌកម្ម​ជា​លក្ខណៈ​បុគ្គល​ផង​ដែរ៕



កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល