អ្នកឃ្លាំមើលថា ស្ថានភាពស្ងប់ស្ងាត់ ដែលគ្មានការជួបជុំគ្នាធ្វើបាតុកម្មទាមទារឲ្យរដ្ឋាភិបាល ដកខេត្តទាំង៤របស់ខ្មែរចេញពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ មិនមែនជាបរាជ័យរបស់ក្រុមណាមួយ។ ពួកគាត់លើកឡើងថា គម្រោងបាតុកម្មកាលពីថ្ងៃទី ១៨ ខែសីហា អាចជាការរៀបចំឡើងដោយរដ្ឋាភិបាល ដើម្បីជាអន្ទាក់ក្រសោបអ្នកមិនគាំទ្រកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ និងវៀតណាម (CLV)។ ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីក្រសួងការពារជាតិចាត់ទុកស្ថានភាពស្ងប់ស្ងាត់នេះ ជាបរាជ័យរបស់ពលរដ្ឋ និងគណបក្សប្រឆាំង ដែលទាមទារឲ្យរដ្ឋាភិបាលកម្ពុជាដកខ្លួនចេញពីគម្រោង CLV។
អ្នកឃ្លាំមើលបញ្ហាសិទ្ធិមនុស្ស និងសង្គម លោក ស៊ឹង សែនករុណា ប្រាប់វិទ្យុអាស៊ីសេរី កាលពីថ្ងៃទី ១៨ ខែសីហា ថា ព្រឹត្តិការណ៍បាតុកម្មទាមទារឲ្យរដ្ឋាភិបាលដកខ្លួនចេញពីគម្រោង CLV អាចជាការរៀបចំរបស់រដ្ឋាភិបាល ដើម្បីបំបាក់ស្មារតីពលរដ្ឋ សកម្មជន និងយុវជន ដែលហ៊ានបញ្ចេញមតិមិនគាំទ្រ ដោយការចាប់ខ្លួនពលរដ្ឋមួយចំនួន និងការដាក់ពង្រាយកងកម្លាំងប្រដាប់អាវុធពាសពេញប្រទេស។
លោក ស៊ឹង សែនករុណា៖«ព្រឹត្តិការណ៍ហ្នឹងហាក់ដូចជាការរៀបចំឡើង ក្រុមហ្នឹង ហាក់ដូចជាការញុះញង់ ជាការរៀបចំឡើងពីខាងរដ្ឋាភិបាល ពីគណបក្សកាន់អំណាចទៅវិញទេ អីចឹងហើយបានជាយើងឃើញថាក្រោយពីមានការបង្កើតនូវ ការរៀបចំថ្ងៃ១៨ ធ្វើបាតុកម្មអីហ្នឹង យើងអត់ឃើញមានសកម្មជន ឬក៏យុវជនណាទៅធ្វើការទាមទារទេ ហើយការបង្កើតឱកាសនេះ ការបង្ហាញសាច់ដុំកងកម្លាំងប្រដាប់អាវុធ មានកាំភ្លើងអ្វីហូរហែអ្វីច្រូងច្រាងអស់ហ្នឹងវាជារូបភាព នៃការគំរាមកំហែងបំបាក់ស្មារតី ដែលអ្នកគ្រាន់តែលេងបណ្ដាញសង្គម ឬក៏យុវជនបញ្ចេញមតិតាមសង្គមតែប៉ុណ្ណឹង ដើម្បីកុំឲ្យមានការកើតឡើងការតវ៉ានៅពេលខាងមុខហ្នឹងហា»។
គម្រោងធ្វើបាតុកម្ម បានរៀបចំឡើងដោយគណនីតេលេក្រាម (Telegram) មួយ ដែលមានឈ្មោះថា សិដ្ឋ (Mr.Seth) និងជាអ្នកបង្កើតគ្រុបមួយមានឈ្មោះថា «រួបរួមដើម្បីជាតិ» ហើយគ្រុបនេះ បានជជែកគ្នាពីការធ្វើបាតុកម្មទាមទារឲ្យរដ្ឋាភិបាលដកខ្លួនចេញពីគម្រោង CLV ។ គណនីដដែលនេះ លើកឡើងថា នឹងប្រែក្លាយរូបភាពទាមទារឲ្យរដ្ឋាភិបាលខ្លួនចេញពីគម្រោង CLV ទៅជាចលនាផ្ដួលរំលំរដ្ឋាភិបាល ដោយធ្វើសកម្មភាពហិង្សា និងឲ្យអ្នកចូលរួមប្រមូលអាវុធ ដបសាំង ចំពាមគ្រាប់ដែក ដើម្បីចូលរួមបាតុកម្មជាដើម។ គណនីតេលេក្រាមដដែលនេះ ជាអ្នកផ្ញើសំឡេងគំរាមកំហែងរបស់ប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន ចូលទៅក្នុងគ្រុប រួបរួមដើម្បីជាតិ។ ក្រោយមក គណនីដដែលនេះ បានថ្លែងរំសាយគម្រោងធ្វើបាតុកម្មកាលពីថ្ងៃទី ១៨ ខែសីហាវិញ ដោយសារតែគេយល់ខុស ដោយខ្លួនឯង។
អ្នកអត្ថាធិប្បាយនយោបាយ លោក គឹម សុខ ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរីថា គម្រោងបាតុកម្មនេះ អាចជាការរៀបចំឡើងរបស់រដ្ឋាភិបាលក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងឪពុករបស់លោក គឺលោក ហ៊ុន សែន។
លោក គឹម សុខ៖«អាចជាការរៀបចំរបស់លោក ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា និងនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត មែន ពីព្រោះនៅពេលដែលបណ្ដាញរបស់យុវជនប្រមូលផ្ដុំគ្នា ជាមតិទាមទារចង់ឲ្យមានការគិតគូរឡើងវិញរបស់រដ្ឋាភិបាល ដកទឹកដីខ្មែរចេញពីតំបន់ត្រីកោណអភិវឌ្ឍន៍ ក៏ស្រាប់តែមានចលនាគ្រប់ស្រទាប់ពីគណបក្សប្រជាជនតាំងពីថ្នាក់ក្រោម អ្នកពូកែជេរ រហូតទៅដល់អ្នកពូកែជេរថ្នាក់លើគឺលោក ហ៊ុន សែន ចូលទៅកកូរកកាយគ្រប់បណ្ដាញសង្គមទាំងអស់។ ដូច្នេះអាចជាវិធី ឬជាហេតុផលក្នុងការបង្កើតផ្ទាំងទស្សនីយភាព ឲ្យមើលឃើញថា យុវជនកំពុងតែធ្វើខុស រួចហើយគេចាប់ខ្លួន ប៉ុន្តែអ្វីដែលយុវជនបានធ្វើ ជាអ្នកគិតគូរផលប្រយោជន៍របស់ជាតិអត់មានខុសទេ តែការកត់សម្គាល់របស់ខ្ញុំ គឺរដ្ឋាភិបាលរបស់លោក ហ៊ុន ម៉ាណែត គឺបរាជ័យយ៉ាងធ្ងន់ធ្ងរចំពោះបញ្ហានេះ»។
ទាក់ទងនឹងបញ្ហានេះ ប្រធានមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ឬហៅកាត់ថា សង់ត្រាល់ (CENTRAL) លោក មឿន តុលា បង្ហោះសា នៅលើហ្វេសប៊ុក ហាក់ដឹងពីស្ថានការណ៍នេះទុកជាមុនដែរថា បើមានអ្នកសម្ដែងល្ខោន យើងជាអ្នកទស្សនា គួរតែមើលខ្លះក៏ល្អដែរ។
ទន្ទឹមនឹងនេះ អ្នកសិក្សាកិច្ចការសង្គម និងនយោបាយ លោក ប៉ោ មករា យល់ឃើញថា គ្មានអ្នកណាបរាជ័យ ឬជោគជ័យឡើយ លើការធ្វើបាតុកម្មទាមទារឲ្យរដ្ឋាភិបាល ដកខ្លួនចេញពីគម្រោង CLV ។ លោក ថា ទោះជាគ្មានអ្នកណាជោគជ័យ ឬបរាជ័យ ប៉ុន្តែពលរដ្ឋ និងរដ្ឋាភិបាល សុទ្ធតែជាអ្នកខាតបង់ផ្នែកសេដ្ឋកិច្ច។
លោក ប៉ោ មករា៖«ពលរដ្ឋខាតបង់គឺពាក់ព័ន្ធទៅនឹងការដែលគាត់រកចំណូលប្រចាំថ្ងៃ វាធ្វើឲ្យគាត់លក់ដូរ ធ្វើឲ្យគាត់ប្រកបអាជីវកម្ម ធ្វើឲ្យពួកគាត់រកស៊ី ទទួលទានប្រចាំថ្ងៃហ្នឹង វាអត់បាន ដោយសារតែមនុស្សភ័យខ្លាច ហើយមិនមានការធ្វើដំណើរ ចរាចរណ៍ជាប្រក្រតីតាមធម្មតា ព្រោះពួកគាត់កំពុងតែរងគ្រោះពីរឿងចំណូលប្រចាំថ្ងៃស្រាប់ទៅហើយ រងគ្រោះចំណូលដែលធ្លាក់ ហើយនិងបំណុលកាន់តែកើនឡើង អាហ្នឹងជាបញ្ហា ដែលគាត់រងគ្រោះ។ ចំណែករាជរដ្ឋាភិបាលវិញ គឺគាត់ចំណាយច្រើនណាស់ក្នុងការចល័តកងកម្លាំងប្រដាប់អាវុធ ដែលដាក់តាមគោលដៅនីមួយៗ តាមផ្លូវជាតិនីមួយៗហ្នឹង គឺគាត់ចំណាយថវិការដ្ឋច្រើនមែនទែន»។
ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីអ្នកនាំពាក្យក្រសួងការពារជាតិ លោក ឈុំ សុជាតិ បានសរសេរសា នៅលើទំព័រហ្វេសប៊ុករបស់លោកថា នៅទូទាំងប្រទេស មិនមានសកម្មភាពប្រមូលផ្ដុំណាមួយកើតឡើងនោះទេ។ លោក ចាត់ទុក ស្ថានភាពស្ងប់ស្ងាត់នេះ ជាបរាជ័យរបស់គណបក្សប្រឆាំង ដែលញុះញង់ឲ្យពលរដ្ឋ ក្នុងគោលបំណងផ្ដួលរំលំរដ្ឋាភិបាល។
ទាក់ទងទិនបញ្ហានេះ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុខៈ ថ្លែងថា ស្ថានការណ៍កាលពីថ្ងៃទី១៨ ខែសីហា ប្រព្រឹត្តិទៅដោយធម្មតា និងគ្មានការប្រមូលផ្ដុំធ្វើបាតុកម្មអ្វីឡើយ។
លោក ទូច សុខៈ៖«យើងអាចនិយាយបានថា គឺមិនមានអ្វីគួរឲ្យព្រួយបារម្ភ គួរឲ្យភ័យខ្លាចនោះទេ គឺការធ្វើចរាចរណ៍ ការបើកអាជីវកម្ម បំពេញភារកិច្ច កិច្ចការផ្សេងៗ មុខរបរនានាជាប្រចាំ គឺដំណើរទៅធម្មតា សន្តិសុខសណ្ដាប់ធ្នាប់សុវត្ថិភាពសង្គម គឺដំណើរការទៅធម្មតា ហើយក៏មិនមានការប្រមូលផ្ដុំដូចដែលក្រុមបងប្អូនពីខាងក្រៅ ដែលព្យាយាមញុះញង់បានប្រមូលផ្ដុំបានជោគជ័យទេ ដោយសារថា ទី១គឺសមត្ថកិច្ចលោកបានចាត់ចែងនូវវិធានការបង្ការ ទប់ស្កាត់ហូរហែជាដើម ប្រកបដោយប្រសិទ្ធភាព»។
នៅតាមបណ្ដាលរាជធានី-ខេត្តទូទាំងប្រទេស អាជ្ញាធរចម្រុះ បានពង្រាយកម្លាំង ដើម្បីត្រួតពិនិត្យសកម្មភាពចេញចូលក្នុងរាជធានីភ្នំពេញរបស់ពលរដ្ឋ។ ទន្ទឹមនឹងនេះ អាជ្ញាធរបានឃាត់ខ្លួនមនុស្សសរុប៣១នាក់ រួមមានសកម្មជននយោបាយ ពលរដ្ឋ និងយុវជន ពាក់ព័ន្ធនឹងការបញ្ចេញមតិមិនគាំទ្រកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ CLV។
ទោះយ៉ាងណា សារព័ត៌មានស្និទ្ធនឹងរដ្ឋាភិបាលហ្វ្រែសញូវ (FreshNews) បានបង្ហាញពីសមាសភាពអ្នក ដែលត្រូវបានឃាត់ខ្លួនក្នុងចំណោម៣១ នាក់នោះ គឺមានមនុស្សមួយចំនួន ដូចទៅនឹងការរៀបចំនៅក្នុងគ្រុបរួបរួមជាតិ ដែលអ្នកឃ្លាំមើលសង្ស័យថា រៀបចំឡើងដោយរដ្ឋាភិបាល។ បុគ្គលទាំងនោះ បានប្រើប្រាស់អាវុធមួយចំនួនដូចជា កាំបិតស្នៀត ដំបងគ្រលាស់ ចំពាមគ្រាប់ដែក ស្នាប់ដៃ និងដបសាំងជាដើម ហើយដើរសំដៅមុខព្រះបរមរាជវាំង ដើម្បីធ្វើបាតុកម្ម។
ទាក់ទងនឹងសកម្មភាពប្រកបរបរប្រចាំថ្ងៃ និងការដើរលេងកម្សាន្តរបស់ពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ ហាក់មិនសូវមមាញឹកដូចថ្ងៃចុងសប្ដាហ៍កន្លងទៅ ជាធម្មតាឡើយ។
អ្នកឃ្លាំមើលបញ្ហាសិទ្ធិមនុស្ស និងសង្គមលោក ស៊ឹង សែនករុណា ថា ពលរដ្ឋ ដែលមិនគាំទ្រគម្រង CLV ហាក់គ្មានចេតនាអ្វី ក្រៅពីទាមទារឲ្យរដ្ឋាភិបាលដកខ្លួនចេញពីគម្រោងនេះឡើយ ព្រោះបារម្ភពីការប៉ះពាល់ដល់បូរណភាពទឹកដី។
អ្នកឃ្លាំមើល លើកឡើងថា ភាពស្ងប់ស្ងាត់ដោយគ្មានការប្រមូលផ្ដុំគ្នា ធ្វើបាតុកម្ម មិនមែនជាបរាជ័យ ឬជោគជ័យរបស់ក្រុមណាមួយឡើយ ព្រោះការបង្កើតព្រឹត្តិការណ៍នេះ ហាក់គ្មានអ្នកចាត់តាំងច្បាស់លាស់តាំងពីដំបូងមកម្ល៉េះ។ ពួកគាត់ថា ការបង្កើតព្រឹត្តិការណ៍បាតុកម្មនេះ មានតែបង្កផលប៉ះពាល់ដល់ផ្នែកសេដ្ឋកិច្ច ព្រោះរដ្ឋាភិបាលខ្ជះខ្ជាយលុយជាច្រើន ដើម្បីចល័តកងទ័ព ក្នុងគោលបំណងបំបិទសំឡេង ពលរដ្ឋ ដែលមិនគាំទ្រកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍។
ចំណែកពលរដ្ឋចំនួន កំពុងតែរងគ្រោះដោយសារការបង្កើតព្រឹត្តិការណ៍របស់រដ្ឋាភិបាល ហើយក៏ត្រូវបានអាជ្ញាធរចាប់ខ្លួន និងចោទប្រកាន់តាមផ្លូវតុលាការ ចំណែកឯពលរដ្ឋខ្លះទៀតបានភិតភ័យ និងចាកចេញពីទីក្រុង ព្រោះបារម្ភដល់សុវត្ថិភាព ដោយពុំបានប្រកបរបររកស៊ីប្រចាំថ្ងៃ ស្របពេលពួកគាត់កំពុងជួបវិបត្តិសេដ្ឋកិច្ច និងបំណុលធនាគារវ័ណ្ឌក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។