រដ្ឋាភិបាល​​ដក​អភិបាលរង​ខេត្ត​កែប​ក្រោយ​បៀតបៀន​ប្រពន្ធ​អ្នកដទៃ និង​វាយ​ស្ត្រី​ម្នាក់​ទៀត​បែក​ក្បាល

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន សម្រេច​ដក លោក ភូ លិ ពី​តំណែង​ជា​អភិបាលរង​ខេត្ត​កែប និង​បញ្ចប់​តំណែង​ជា​មន្ត្រីរាជការ ក្រោយពី​រូបលោក​រង​ការ​ចោទ​ប្រកាន់​ថា បាន​បៀតបៀន​ស្ត្រី​ជា​ប្រពន្ធ​អ្នកដទៃ និង​រហូត​ឈាន​ដល់​ប្រើ​អំពើ​ហិង្សា​លើ​ស្ត្រី​ម្នាក់។

មន្ត្រី​សង្គម​ស៊ីវិល​គាំទ្រ​ចំណាត់ការ​របស់​រដ្ឋាភិបាល​ដែល​បាន​បញ្ចប់​តំណែង លោក ភូ លិ ចេញពី​ក្របខ័ណ្ឌ​មន្ត្រីរាជការ​។ ពួកគេ​ជំរុញ​ដល់​រងគ្រោះ​ថា គួរ​ដាក់ពាក្យ​ប្ដឹង​ទៅ​កាន់​តុលាការ​បន្ថែម​ទៀត ដោយសារ​ទង្វើ​របស់ លោក ភូ លិ គឺជា​ទង្វើ​រំលោភបំពាន​ស្ត្រីភេទ​ធ្ងន់ធ្ងរ។

នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត ថា ករណីនេះ គឺជា​ការ​រំលោភបំពាន​លើ​ស្ត្រីភេទ​ធ្ងន់ធ្ងរ ដែល​ផ្ទុយ​ពី​ច្បាប់​ជាតិ និង​អន្តរជាតិ​។ លោក​បន្ថែម​ថា ក្នុងនាម​លោក ភូ លិ ជា​អភិបាលរង​ខេត្ត​កែប​មិន​គួរ​ប្រព្រឹត្ត​ទង្វើ​បែប​នេះ​ឡើយ​។ លោក​អំពាវនាវ​ដល់​តុលាការ​ត្រូវតែ​ចាត់​វិធាន​តាមផ្លូវ​ច្បាប់​លើ​ជន​ដៃដល់ ដើម្បី​ជា​ការ​ព្រមាន​ដល់​មន្ត្រី​ផ្សេងទៀត​កុំឱ្យ​យក​គំរូ​តាម។

លោក អំ សំអាត៖ «​ការ​បញ្ចប់​មុខតំណែង​អភិបាលរង​ខេត្ត​នេះ មិនមែន​សំណុំ​រឿង​នេះ​ត្រូវ​បាន​បញ្ចប់​ទេ​។ ជនរងគ្រោះ និង​ក្រុម​គ្រួសារ​ជនរងគ្រោះ​អាច​នឹង​ប្ដឹង​ទៅ​តុលាការ​ត​ទៀត ដើម្បី​ទាមទារ​នូវ​សំណង​រដ្ឋប្បវេណី សំណង​ជំងឺ​ចិត្ត សំណង​ថ្លៃ​ព្យាបាល​ជាដើម​។ គាត់​ជាដើម​បណ្ដឹងរដ្ឋប្បវេណី ឯ​ព្រះរាជអាជ្ញា​ជាដើម​បណ្ដឹងអាជ្ញា​ក្នុង​រឿង​ប្រើប្រាស់​នូវ​អំពើ​ហិង្សា​ហ្នឹង​។ អ៊ីចឹង​ការណ៍​ដែល​ស្វែងរក​យុត្តិធម៌​សម្រាប់​ជនរងគ្រោះ និង​ក្រុម​គ្រួសារ​ជនរងគ្រោះ​ត្រូវ​បាន​ធានា​ដោយ​ច្បាប់ បាទ»។

លោក ហ៊ុន សែន ចេញ​អនុក្រឹត្យ​មួយ​នៅ​ថ្ងៃទី​៣១ ខែធ្នូ ដើម្បី​ដក​មុខតំណែង​តួនាទី​របស់​លោក ភូ លិ ចេញពី​មន្ត្រី​ក្របខណ្ឌ​រាជការ​។ មាត្រា ១ នៃ​អនុក្រឹត្យ​នោះ​ឱ្យដឹង​ថា លោក ភូ លិ ត្រូវ​បាន​បញ្ចប់​នៃ​មុខតំណែង ឋានន្តរស័ក្ដិ​វរមន្ត្រី​ថ្នាក់​លេខ​១ ពី​អភិបាលរង​ខេត្ត​កែប​។ អនុក្រឹត្យ​នេះ ចេញ​រយៈពេល​ពីរ​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយពី​លោក ភូ លិ រង​ការ​ចោទ​ប្រកាន់​ថា បាន​បៀតបៀន និង​ប្រើ​អំពើ​លើ​ស្ត្រីភេទ។

មក​ទល់​នឹង​ពេលនេះ ជនរងគ្រោះ​ម្នាក់​ដែល​ត្រូវ​លោក ភូ លិ គប់​ឲ្យ​បែកក្បាល កំពុង​សម្រាក​នៅ​មន្ទីរពេទ្យ​នៅ​ឡើយ​ទេ។

សាច់ញាតិ​ស្ត្រីជន​រងគ្រោះ ប្រាប់​វិទ្យុ​អាស៊ីសេរី​តាម​បណ្ដាញ​សង្គម​តេឡេ​ក្រាម (Telegram) នៅ​ថ្ងៃទី​៣១ ខែធ្នូ​ថា ក្រុម​គ្រួសារ​កញ្ញា​បាន​ពាក្យ​បណ្តឹង​ទៅ​កាន់​តុលាការ​រួចរាល់​ហើយ។

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​អភិបាលខេត្ត​កែប លោក សោម ពិសិដ្ឋ ស្នងការ​ខេត្ត​នេះ លោក សម្បត្តិ សុធា​រដ្ឋ និង​ប្រធាន​មន្ទីរ​បរិស្ថាន​ថ្មី លោក អ៊ិន សៅ ដើម្បី​សាកសួរ​អំពី​រឿង​នេះ​បាន​នៅឡើយ​ទេ​។ ចំណែក លោក ភូ លិ ក៏​វិទ្យុ​អាស៊ីសេរី មិន​ទាន់​អាច​ទាក់ទង​បាន​ដែរ។

សមត្ថកិច្ច​ខេត្ត​កែប​ម្នាក់​ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ ឱ្យ​វិទ្យុ​អាស៊ីសេរី​ដឹង​យ៉ាង​ខ្លី​ថា មក​ទល់​នឹង​ពេលនេះ លោក ភូ លិ មិន​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​នោះ​ទេ​

... «​ខ្ញុំ​អត់​ដឹង​នីតិវិធី​គេ​បន្ត​យ៉ាងម៉េច​ទេ ព្រោះ​មន្ត្រី​យុត្តិធម៌​គេ​កំពុងតែ​រៀបចំ​ឯកសារ មិន​គេ​ស្នើសុំ​យ៉ាងម៉េច​ខ្ញុំ​អត់​ទាន់​ដឹង​ដែរ​។ ឬមួយ​គេ​ឃាត់ខ្លួន [​ លោក ភូ លិ​ ] ទៅ​ដាក់​នៅ​កន្លែង​ណា​ក៏​ខ្ញុំ​អត់​ដឹង ព្រោះ​ខ្ញុំ​នៅ​កន្លែង​អត់​ឃើញ​ឃាត់ខ្លួន​ឃាត់​អី​ផង»។

កាលពី​ឆ្នាំ​២០២០ កន្លងទៅ ក្រសួង​មហាផ្ទៃ​សម្រេច​ដក លោក អ៊ុក កុសល ពី​តំណែង​ជា​ស្នងការ​នគរបាល​ខេត្តកំពង់ធំ បន្ទាប់ពី​រក​ឃើញ​ថា ជាប់​ពាក់ព័ន្ធ និង​ការ​បៀតបៀន​ផ្លូវភេទ​លើ​មន្ត្រី​នគរបាល​ជា​ស្ត្រី​។ ទោះជា​យ៉ាងណា លោក​មិន​ត្រូវ​បាន​តុលាការខេត្ត​កំពង់ធំ​ចាត់​វិធានការ​ឡើយ បើ​ទោះបី​ជា​ជនរងគ្រោះ​បាន​ដាក់​ពាក្យ​ប្ដឹង​យ៉ាងណាក្ដី​។ ជាង​នេះ​ទៅ​ទៀត កាលពី​ឆ្នាំ​២០១៨ កូនប្រុស​លោក ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ានី ក៏​ធ្លាប់​បែកធ្លាយ​ប្រវត្តិ​រឿងរ៉ាវ​អាស្រូវ​ដែរ ប៉ុន្តែ លោក ហ៊ុន ម៉ានី ពុំ​ដែល​ចេញមុខ​បដិសេធ ឬ​ប្រតិកម្ម​ជុំវិញ​រឿង​នេះ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។