អាណាព្យាបាលសិស្សម្នាក់នៅស្រុកថ្មគោល ដែលអះអាងថាប៉ូលិសមូលដ្ឋានវាយធ្វើទារុណកម្មកូនបណ្ដាលឱ្យរបួសធ្ងន់ក្នុងពេលសួរចម្លើយ ប្ដឹងទៅសាលាដំបូងខេត្តបាត់ដំបងទាមទាររកយុត្តិធម៌។ មន្ត្រីសង្គមស៊ីវិលលើកឡើងថា ករណីនេះជាការធ្វើទារុណកម្មធ្ងន់ធ្ងរ និងជាអំពើខុសច្បាប់ ដែលសមត្ថកិច្ចពាក់ព័ន្ធគួរតែចាត់វិធានការទៅលើជនប្រព្រឹត្តតាមច្បាប់។
អាណាព្យាបាលសិស្សនៅស្រុកថ្មគោលចាត់ទុកវិធានការរបស់ប៉ូលិសមូលដ្ឋាននេះថា ជាការវាយធ្វើបាបពលរដ្ឋស្លូតត្រង់ដែលគ្មានកំហុស និងមិនអាចទទួលយកបានឡើយ។
ពលរដ្ឋរស់នៅភូមិនិគមក្រៅ ឃុំជ្រោយស្ដៅ ស្រុកថ្មគោល លោក វ៉ន វឿត រៀបរាប់ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២ សីហាថា កូនប្រុសរបស់លោក គឺលោក វឿត តាវណ្ណឈឿត អាយុ ១៧ឆ្នាំ ជាសិស្សរៀនថ្នាក់ទី១២ នៃវិទ្យាល័យថ្មគោលបានជិះម៉ូតូទៅយកក្មួយនៅភូមិតាសី ឃុំតាម៉ឺន ស្រុកថ្មគោល កាលពីថ្ងៃទី២០ កក្កដាកន្លងទៅ។ លោកបន្តថា ពេលត្រឡប់មកវិញក៏ស្រាប់តែមានប៉ូលិស ២នាក់ បានធាក់ម៉ូតូផ្ដួល ហើយឱ្យក្រាបនៅលើដី រួចយកខ្សែគោមកចងក្រពាត់ស្លាបសេក។ លោកថា មួយសន្ទុះក្រោយមកប៉ូលិសម្នាក់ទៀត ក៏បានយកដំបងដែករបស់ប៉ូលិសមកវាយស្មាខាងឆ្វេងមួយដំបង រួចក៏ដឹកទៅប៉ុស្តិ៍ប៉ូលិសឃុំតាម៉ឺន។ លោកអះអាងទៀតថា គ្រានោះប៉ូលិសបានស្រាយចំណងកូនរបស់លោកចេញ ហើយបានដាក់ខ្នោះដៃជាប់គ្នាជាមួយយុវជន ២នាក់ផ្សេងទៀត រួចរុញចូលទៅក្នុងបន្ទប់វាយសួរចម្លើយ ពាក់ព័ន្ធរឿងក្មេងទំនើងមានគ្នា ៣នាក់ កាន់កាំបិតនៅទីសាធារណៈបម្រុងកាប់គ្នា។
លោក វ៉ន វឿត ថា ក្នុងពេលសួរចម្លើយនោះ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំតាម៉ឺន លោក សេង សុខា បានយកខ្សែក្រវាត់វាយពីក្រោយខ្នងកូនរបស់លោកជាច្រើនដងបណ្ដាលឱ្យកន្ទួលជាំពេញខ្នង និងពាក់ស្បែងជើងម៉ៃហ្វករបស់ប៉ូលិសទាត់ឈូសលើផ្ទៃមុខបណ្ដាលឱ្យជាំភ្នែកខាងស្ដាំ។ លោកថា ប៉ូលិសចាប់មនុស្សខុស ព្រោះកូនរបស់លោកមិនពាក់ព័ន្ធនឹងក្រុមក្មេងទំនើងទាំងនោះទេ ហើយ ១ថ្ងៃក្រោយ លោកក៏បានប្ដឹងទៅអធិការដ្ឋាននគរបាលស្រុកថ្មគោលដែរ ប៉ុន្តែមិនទទួលបានលទ្ធផល ក៏សម្រេចចិត្តប្ដឹងទៅតុលាការខេត្តបាត់ដំបង ដើម្បីឱ្យជួយរកយុត្តិធម៌ កាលពីថ្ងៃទី១ សីហា។
លោក វ៉ន វឿត៖ «ចាប់ហើយយើងអត់បានសួរហេតុផលថាក្មេងនឹងវាយ៉ាងម៉េចផង ចាប់ហើយយើងយកទៅវាយអីចឹងគ្មានឆ្លើយថាមិនបានប្រព្រឹត្តហើយយកទៅវាយគ្នាទៀត។ខ្ញុំចាត់ទុកទង្វើរបស់ប៉ូលិសនេះព្រៃផ្សៃណាស់មិនអាចទទួលយកបានទេ ពីព្រោះក្មេងយើងចាប់ទៅធ្វើទារុណកម្មអីចឹងវាធ្ងន់ធ្ងរណាស់។ប្រសិនបើករណីបង្ក្រាបបទល្មើសជាក់ស្ដែង បើមានក្មេងតដៃយើងថាយើងវាយចុះតិចតួចយើងបង្ក្រាប។ ប៉ុន្តែក្រោយពីចាប់បានហើយចងគ្នាហើយយើងមិនគួរវាយអីចឹងទេ ស្រាយចំណងក្រពាត់ស្លាបសេកយកទៅដាក់ខ្នោះគ្នា ហើយយើងវាយតប់អីចឹងវាអយុត្តិធម៌ហួស»។
លោកបន្តថា ដោយសារឃើញអាការធ្ងន់ធ្ងរ ក៏បញ្ជូនកូនទៅព្យាបាលរបួសនៅមន្ទីរឯកជនមួយកន្លែងនៅខេត្តក្រុងបាត់ដំបង កាលពីថ្ងៃទី២២ កក្កដា។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំតាម៉ឺន លោក សេង សុខា និងអធិការនគរបាលស្រុកថ្មគោល លោក សេង លុច ដើម្បីសុំអត្ថាធិប្បាយជុំវិញការប្រើអំពើហិង្សាលើពលរដ្ឋនេះបានទេនៅថ្ងៃទី២ សីហា ដោយទូរស័ព្ទចូលជាច្រើនដងពុំមានអ្នកទទួល។ ចំណែកស្នងការនគរបាលខេត្តបាត់ដំបងលោក សាត គឹមសាន ក៏មិនអាចទាក់ទងបានដែរ។ក៏ប៉ុន្តែ លោក វ៉ន វឿត ឱ្យដឹងថា នាយប៉ុស្តិ៍នគរបាល ឃុំតាម៉ឺន លោក សេង សុខា ប្រាប់លោកថាមិនបានវាយធ្វើទារុណកម្មកូនរបស់លោកនោះទេ។ តែយ៉ាងណាក្ដី សំបុត្រពេទ្យចុះថ្ងៃទី២២ កក្កដា ឱ្យដឹងថា យុវជន វឿត តាវណ្ណឈឿត បានព្យាបាលរបួសនៅលើខ្នងជាច្រើនកន្លែងក្បាលជង្គង់ខាងឆ្វេង និងភ្នែកខាងស្ដាំ។ រូបថតដែលវិទ្យុអាស៊ីសេរីទទួលបានបង្ហាញថាជនរងគ្រោះ មានស្នាមជាំកន្ទួលក្រហមនៅលើខ្នងជាច្រើនកន្លែង និងស្នាមជាំក្រហមភ្នែកខាងស្ដាំ និងត្រង់ក្បាលជង្គង់ខាងឆ្វេង។
ជុំវិញរឿងនេះ មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) ខេត្តបាត់ដំបង និងខេត្តប៉ៃលិន លោក យិន ម៉េងលី មានប្រសាសន៍ថាករណីនេះជាការធ្វើទារុណកម្មធ្ងន់ធ្ងរ និងជាអំពើខុសច្បាប់ ដែលសមត្ថកិច្ចពាក់ព័ន្ធគួរតែស្រាវជ្រាវចាប់ជនប្រព្រឹត្តិមកផ្ដន្ទាទោសឱ្យបានធ្ងន់ធ្ងរតាមច្បាប់។
លោក យិន ម៉េងលី៖ «រហូតមកថ្ងៃនេះសមត្ថកិច្ចមានបានហៅសាក្សី២នាក់ទៀតមកសួរទេ នៅក្នុងការដាក់ខ្នោះជនរងគ្រោះហ្នឹងមានដាក់ខ្នោះទាំងអស់ ៣នាក់ វាយនៅក្នុងបន្ទប់តែមួយ អីចឹងយើងបានបើការអង្កេតនៅ។ អីចឹងយើងអត់ចាំបាច់យកចម្លើយពីអ្នកដែលជាប់សង្ស័យថាវាយនោះថាអត់បានវាយ យកមកធ្វើជាសំអាងចប់ហើយអីចឹង។ អីចឹង មិនងាយស្រួលហើយអីចឹងអត់មិនបាច់បង្កើតច្បាប់ទេ។អីចឹងខ្ញុំមានការសោកស្ដាយ បើនិយាយពាក្យប៉ុណ្ណឹងហើយ សមត្ថកិច្ចធ្វើព្រងើយនោះបានន័យថា សមត្ថភាពរបស់មន្ត្រីនគរបាលយុត្តិធម៌មានកម្រិត ឬការអនុវត្តច្បាប់របស់មន្ត្រីនគរបាលយុត្តិធម៌មានស្តង់ដារពីរសម្រាប់បក្ខពួករបស់ខ្លួនក្រុមខ្លួន សម្រាប់ប្រជាពលរដ្ឋអនុវត្តផ្សេង ឬក៏យ៉ាងម៉េច»។
កន្លងទៅនៅខេត្តបាត់ដំបងករណីប៉ូលិសធ្វើទារុណកម្មលើជនសង្ស័យក្នុងពេលសួរចម្លើយកើតមានជាច្រើនករណី ក្នុងនោះមានជនរងគ្រោះខ្លះរបួសធ្ងន់ និងខ្លះទៀត បានស្លាប់ ហើយសមត្ថកិច្ចមិនដែលចាប់ជនប្រព្រឹត្តមកផ្ដន្ទាទោសបានម្ដងណាឡើយ។
កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២១ បុរសម្នាក់ឈ្មោះ ពេជ្រ ធារ៉េត អាយុ ៣១ឆ្នាំ មានមុខរបរជាជាងផ្សាដែក រស់នៅក្នុងភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបងបានស្លាប់បាត់បង់ជីវិត ក្នុងពេលប៉ូលិសចាប់ឃុំខ្លួនសួរចម្លើយនៅក្នុងអធិការដ្ឋាននគរបាលស្រុកសង្កែ អស់រយៈពេលជាង៣ម៉ោង។ កាលនោះសាកសពមានស្នាមរបួស និងជាំពេញខ្លួន ចាប់តាំងពីជើងរហូតដល់ក្បាល និងមានហូរឈាមតាមច្រមុះ និងត្រចៀក ព្រមទាំងស្នាមខូងនៅកន្លែងដាក់ខ្នោះ និងស្នាមជាំខ្លាំងនៅកជើងទាំងពីរ។ ក្នុងករណីនេះ មន្ត្រីជាប់ពាក់ព័ន្ធក្នុងការធ្វើទារុណកម្មមិនត្រូវបានផ្ដន្ទាទោសឡើយគឺបានត្រឹមដកចេញពីតួនាទី និងផ្ទេរពីកន្លែងចាស់ដាក់ទៅកាន់តួនាទីថ្មីប៉ុណ្ណោះ។
មន្ត្រីសង្គមស៊ីវិល និងប្រជាពលរដ្ឋបារម្ភថាករណីទារុណកម្មលើជនសង្ស័យបែបនេះ នឹងនៅតែកើតឡើងបន្តទៀត ប្រសិនបើការអនុវត្តច្បាប់ពុំមានប្រសិទ្ធភាព ដោយទុកឲ្យជនដៃដល់មានសេរីភាពរស់នៅក្រៅសំណាញ់ច្បាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។