អង្គការសិទ្ធិមនុស្សអន្តរជាតិអំពាវនាវបណ្ដាប្រទេសមហាអំណាច ដាក់កំហិតលើរដ្ឋាភិបាលលោក ហ៊ុន សែន ឱ្យបញ្ចប់ការលួចវាយប្រហារលើសមាជិកបក្សប្រឆាំង និងត្រូវស្វែងរកជនល្មើសមកកាត់ទោសតាមច្បាប់។ ការអំពាវនាវនេះធ្វើឡើង ខណៈសកម្មភាពលួចវាយប្រហារសមាជិកគណបក្សប្រឆាំងពីជនមិនស្គាល់មុខ កំពុងកើនឡើង។
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) បានលើកឡើងថា រដ្ឋាភិបាលកម្ពុជា កំពុងបង្កើនការវាយប្រហារលើសមាជិកគណបក្សប្រឆាំង ខណៈការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រក្នុងខែកក្កដា កាន់តែកៀកមកដល់។
ក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយនៅថ្ងៃទី២៤ មេសា អង្គការនេះ បានទទូចឱ្យបណ្ដាប្រទេសដៃគូពាណិជ្ជកម្មសំខាន់ៗ របស់កម្ពុជា រួមមានសហភាពអឺរ៉ុប សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស គួរបញ្ចេញសារឱ្យបានច្បាស់លាស់ទៅរដ្ឋាភិបាលលោក ហ៊ុន សែន ថាទំនាក់ទំនងនយោបាយនិងសេដ្ឋកិច្ចនៅពេលខាងមុខ នឹងត្រូវផ្សារភ្ជាប់សកម្មភាពរបស់កម្ពុជា ស្របតាមកាតព្វកិច្ចសិទ្ធិមនុស្សអន្តរជាតិ។
លើសពីនេះ រដ្ឋាភិបាលបរទេសដែលគាំទ្រហិរញ្ញវត្ថុការរៀបចំបោះឆ្នោតនៅកម្ពុជា រួមមានប្រទេសជប៉ុននិងអូស្ត្រាលី គួរលើកឡើងជាសាធារណៈ នៃការព្រួយបារម្ភធ្ងន់ធ្ងរជុំវិញការរំលោភសិទ្ធិមនុស្សលើសកម្មជននិងមេដឹកនាំគណបក្សប្រឆាំង។
លោក ហ្វីល រ៉ូប៊ឺតសុន (Phil Robertson) នាយករងប្រចាំតំបន់អាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ មានប្រសាសន៍នៅក្នុងសេចក្ដីថ្លែងការណ៍នោះថា លោក ហ៊ុន សែន កំពុងប្រើគ្រប់ឧបាយកលគាបសង្កត់ ដើម្បីកម្ចាត់ក្រុមអ្នកនយោបាយប្រឆាំងចេញពីកម្ពុជា នៅមុនការបោះឆ្នោតខែកក្កដាខាងមុខនេះ។
លោកបន្តថា រដ្ឋាភិបាលបរទេសគួរតែបញ្ជូនសារជាសាធារណៈយ៉ាងច្បាស់ថា ការរំលាយគណបក្សប្រឆាំង ការដកសិទ្ធិនយោបាយ ការវាយដំ និងការចាប់ខ្លួនសមាជិកគណបក្សប្រឆាំងមុនថ្ងៃបោះឆ្នោត គឺមានន័យថា កម្ពុជានឹងមិនមានការបោះឆ្នោតពិតប្រាកដសោះឡើយ។
ជុំវិញរឿងនេះ វិទ្យុអាស៊ីសេរីមិនអាចសុំការឆ្លើយតបពីប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន មន្ត្រីនាំពាក្យអគ្គស្នងការនគរបាលជាតិលោក ឆាយ គឹមខឿន និងមន្ត្រីនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន បានទេនៅថ្ងៃទី២៤មេសានេះ។
ប៉ុន្តែមិនខុសពីរាល់ដងឡើយ អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សរបស់រដ្ឋាភិបាល លោក កត្តា អ៊ន ចាត់ទុកសេចក្ដីថ្លែងការណ៍របស់អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ ថាធ្វើឡើងដោយគ្មានមូលដ្ឋានព័ត៌មានច្បាស់លាស់ ក្រោមហេតុផលនយោបាយ និងមានចេតនាមិនល្អដើម្បីប្រឆាំងរដ្ឋាភិបាលកម្ពុជា។
លោក កត្តា អ៊ន៖«ជាទម្លាប់របស់ យូមែន រ៉ៃត៍ វ៉ច្ឆ ទៅហើយ ដែលតែងតែនិយាយអ្វីគ្មានមូលដ្ឋាន លើកអ្វីគ្មានមូលដ្ឋាន គ្មានការអង្កេតច្បាស់លាស់ គ្មានទិន្នន័យ គ្មានព័ត៌មានច្បាស់លាស់ ហើយធ្វើការចោទប្រកាន់មកលើរដ្ឋាភិបាលនៃប្រទេសកម្ពុជាយើង និងថែមទាំងផ្សព្វផ្សាយបញ្ហានេះ ទៅសហគមន៍អន្តរជាតិ ក្នុងគោលបំណងគាបសង្កត់មកលើរាជរដ្ឋាភិបាល»។
មន្ត្រីនាំពាក្យសមាគមអាដហុក (Adhoc) លោក ស៊ឹង សែនករុណា ព្រួយបារម្ភថា ការអំពាវនាវរបស់អង្គការសិទ្ធិមនុស្សដែលមានឈ្មោះល្បីនៅលើឆាកអន្តរជាតិ ទៅកាន់បណ្ដាប្រទេសនិយមខាងសេរីនេះ នឹងអាចធ្វើឱ្យបណ្ដាប្រទេសទាំងនោះ ពិនិត្យមើលលទ្ធភាពនៃការដាក់កំហិតណាមួយបន្ថែមទៀតលើកម្ពុជា ប្រសិនរដ្ឋាភិបាលមិនបានអនុវត្តឱ្យបានត្រឹមត្រូវឡើងវិញតាមច្បាប់អន្តរជាតិ។
លោក ស៊ឹង សែនករុណា៖ «កន្លងមក ព័ត៌មានទាំងអស់នេះ តែងតែលេចចេញ ពីខាងអង្គការអន្តរជាតិទាំងអស់ហ្នឹង។ គាត់ស្នើទៅបណ្ដាប្រទេសសេរី គេនឹងពិនិត្យមើលទៅ ហើយបើឃើញថា ករណីហ្នឹង វាប្រាកដជាមានការកើតមានឡើង ហើយរដ្ឋាភិបាលដែលមានទទួលយក កតិកាសញ្ញា អនុសញ្ញាអន្តរជាតិ ស្ដីពីសិទ្ធិមនុស្សជាច្រើន យកមកអនុវត្តនៅក្នុងប្រទេសយើង ហើយយើងជាប់កាតព្វកិច្ច ហើយយើងអត់គោរពទៅតាមហ្នឹង ឱ្យមានភាពល្អប្រសើរ។ ចង់មិនចង់ យើងមានការព្រួយបារម្ភណាស់ ពីព្រោះបញ្ហាហ្នឹង យើងអាចមានសម្ពាធផ្សេងៗ ពីសហគមន៍អន្តរជាតិ»។
អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំក្រុងភ្នំពេញអ្នកស្រី ស្តេហ្វានី អារហ្សាត (Stephanie Arzate) ប្រាប់វិទ្យុអាស៊ីសេរី តាមសារអេឡិចត្រូនិកថា សហរដ្ឋអាមេរិកចូលរួមយ៉ាងខ្ជាប់ខ្ជួនជាមួយអាជ្ញាធរកម្ពុជា និងភាគីពាក់ព័ន្ធ ដើម្បីជំរុញកិច្ចខិតខំប្រឹងប្រែង ដើម្បីពង្រឹងលទ្ធិប្រជាធិបតេយ្យពហុបក្ស។ ក្នុងនោះ មានការអនុញ្ញាតឱ្យមានទស្សនៈនយោបាយប្រឆាំង ជំរុញការប្រកួតប្រជែងតាមរយៈការបោះឆ្នោតដោយសេរី និងយុត្តិធម៌ ការលើកកម្ពស់ការផ្លាស់ប្ដូរគំនិតយោបល់ដោយបើកចំហ និងការការពារសមត្ថភាពរបស់សង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយក្នុងប្រតិបត្តិការដោយសេរី ដោយមិនភ័យខ្លាចអំពើហិង្សា។
ការចេញសេចក្ដីថ្លែងការណ៍របស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិនេះ គឺបន្ទាប់ពីរយៈពេលត្រឹម ១ខែមកនេះ មានសកម្មជនគណបក្សភ្លើងទៀនយ៉ាងហោចណាស់ ៤នាក់ទៀត បានប្រឈមនឹងការប៉ុនប៉ងធ្វើឃាតពីក្រុមជនមិនស្គាល់មុខ ដោយការលួចវាយធ្វើបាបទាំងកណ្ដាលថ្ងៃដោយប្រើដំបងឈើជ្រុង និងបំពង់ដែក និងករណីបើករថយន្តបុក នៅពេលយប់ បង្កគ្រោះថ្នាក់ចរាចរណ៍។
កាលពីថ្ងៃទី២៣ មេសា សកម្មជនគណបក្សភ្លើងទៀនម្នាក់ទៀត គឺលោក ធន ច័ន្ទថា បានរងរបួសធ្ងន់ពេញខ្លួនប្រាណ ដោយសារការលួចវាយប្រហារដោយឈើជ្រុង និងបំពង់ដែក ពីក្រុមជនមិនស្គាល់មុខចំនួន ៤នាក់ ខណៈលោកកំពុងធ្វើដំណើរតាមម៉ូតូ។ លោកបញ្ជាក់ថា ក្រៅពីត្រូវរបួសហើមជាំស្ទើរគ្រប់កន្លែងលើរាងកាយ លោកក៏កំពុងប្រឈមការឈឺចាប់ពិបាកទទួលទានអាហារ ដោយសារត្រូវដេរថ្នេររបួសចំនួន ៣កន្លែង គឺនៅលើថ្គាមទាំងសងខាង និងលើដៃ។
លោក ធន ចន្ទថា៖«ឥឡូវ ញ៉ាំបាយ អត់បាន ថ្គាមទាំងសងខាង កន្លែងថ្ពាល់ថ្គាមហ្នឹង វាឈឺ។ យើងថតទៅ វាអត់មានអីដែរ ប៉ុន្តែវានៅហើម នៅឈឺតែម្ដង»។
មកដល់ពេលនេះ ករណីលបវាយសកម្មជនគណបក្សប្រឆាំង និងសកម្មជនសង្គមកើតមានជិត ៥០ករណីហើយ ខណៈជនរងគ្រោះខ្លះបានស្លាប់ និងធ្លាក់ខ្លួនពិការ ប៉ុន្តែអាជ្ញាធររដ្ឋាភិបាលលោក ហ៊ុន សែន ពុំបានចាប់ជនដៃដល់មកផ្ដន្ទាទោសម្ដងណាឡើយ។
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ លើកឡើងថា ការលួចវាយប្រហារលើសកម្មជនបក្សប្រឆាំងទាំងនោះភាគច្រើន កើតឡើងមានលក្ខណៈប្រហាក់ប្រហែលគ្នា ដែលអាចសន្និដ្ឋានថា ជាការប្រព្រឹត្តឡើងដោយក្រុមមនុស្សតែមួយ។ អង្គការនេះបញ្ជាក់ថា ក្នុងចំណោមការវាយប្រហារចំនួន ៤ករណី គឺក្រុមជនល្មើសស្លៀកសំលៀកបំពាក់ពណ៌ខ្មៅ ពាក់មួកសុវត្ថិភាពពណ៌ខ្មៅ ជិះម៉ូតូមួយគ្រឿងមានគ្នាពីរនាក់ ម្នាក់នៅចាំលើម៉ូតូ និងម្នាក់ទៀតចុះវាយជនរងគ្រោះ។
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ បន្ថែមទៀតថា ករណីលួចវាយប្រហារលើសមាជិកគណបក្សប្រឆាំង កើតឡើងជាបន្តបន្ទាប់ ក្រោយពីមានការព្រមានពីលោក ហ៊ុន សែន កាលពីថ្ងៃទី៩ ខែមករា មិនឱ្យគណបក្សប្រឆាំងរិះគន់គណបក្សប្រជាជនកម្ពុជានៅមុនការបោះឆ្នោត។ អង្គការនេះ បានជំរុញឱ្យអាជ្ញាធរកម្ពុជា ត្រូវស៊ើបអង្កេត និងកាត់ទោសឱ្យបានត្រឹមត្រូវ លើអ្នក ដែលទទួលខុសត្រូវការលួចវាយប្រហារបង្កគ្រោះថ្នាក់ដល់ក្រុមសមាជិកគណបក្សប្រឆាំងទាំងនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
