ក្រុម​អង្គការសិទ្ធិមនុស្ស​ស្នើ​រដ្ឋាភិបាល​​លុបចោល​អនុក្រឹត្យ​ស្ដីពី​ការ​បង្កើត​ច្រក​ទ្វារ​អ៊ីនធឹណិត​ជាតិ

ដោយ មាន ឫទ្ធិ
2022.05.16
Share on WhatsApp
Share on WhatsApp
ក្រុម​អង្គការសិទ្ធិមនុស្ស​ស្នើ​រដ្ឋាភិបាល​​លុបចោល​អនុក្រឹត្យ​ស្ដីពី​ការ​បង្កើត​ច្រក​ទ្វារ​អ៊ីនធឹណិត​ជាតិ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។
រូប៖ ហ្វេសប៊ុក​លោក ហ៊ុន សែន

ក្រុម​អង្គការសិទ្ធិមនុស្ស​ក្នុង​តំបន់ និង​អន្តរជាតិ ជាង​ ៣០​ស្ថាប័ន អំពាវនាវ​ដល់​រដ្ឋាភិបាល​កម្ពុជា​ឱ្យ​លុបចោល​អនុក្រឹត្យ​ស្ដីពី​ការ​បង្កើត​ច្រក​ទ្វារ​អ៊ីនធឹណិត​ជាតិ។ ក្រុម​អង្គការសិទ្ធិមនុស្ស​ទាំង​នោះ រួម​មាន អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) អង្គការ​លើកលែង​ទោស​អន្តរជាតិ (Amnesty International) ក្រុម​សមាជិកសភា​អាស៊ាន​ដើម្បី​សិទ្ធិមនុស្ស (APHR) គណៈកម្មាធិការ​ការពារ​អ្នកកាសែត (CPJ) និង​អង្គការ​មួយ​ចំនួន​ទៀត។

ក្រុម​អង្គការ​សិទ្ធិមនុស្ស​ទាំង​នោះ​លើកឡើង​ថា ចាប់​តាំងពី​រដ្ឋាភិបាល​កម្ពុជា​អនុម័ត​អនុក្រឹត្យ​នេះ កាល​ពី​ថ្ងៃទី​១៦ ខែ​កុម្ភៈ ឆ្នាំ​២០២១ មក រដ្ឋាភិបាល​នៅ​ពុំ​ទាន់​បាន​ឆ្លើយតប​នឹង​កង្វល់​នានា​ពាក់ព័ន្ធ​នឹង​បញ្ហា​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ ដែល​ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​ក្រុមហ៊ុន​បច្ចេកវិទ្យា​បាន​លើក​ឡើង​ទាក់ទង​នឹង​ការបង្កើត​ច្រក​ទ្វារ​អ៊ីនធឹណិត​ជាតិ​នេះ​នៅឡើយ​ទេ​។ ទន្ទឹម​គ្នា​នេះ ក្រុម​អង្គការ​សិទ្ធិមនុស្ស​ទាំង​នោះ គូស​បញ្ជាក់​ថា រដ្ឋាភិបាល​ក៏​ពុំ​បាន​បង្ហាញ​តម្លាភាព​ទាំងស្រុង​ចំពោះ​ការ​បង្កើត​ហេដ្ឋារចនាសម្ព័ន្ធ ការអនុវត្ត ការ​ផ្តល់​ហិរញ្ញប្បទាន និង​ក្រុមហ៊ុន​សហប្រតិបត្តិការ ដែល​ពាក់ព័ន្ធ​នឹង​ការ​បង្កើត​ច្រក​ទ្វារ​អ៊ីនធឹណិត​ជាតិ​នេះ​នៅ​ឡើយ​ទេ។

អនុក្រឹត្យ​ស្ដីពី​ការបង្កើត​ច្រក​ទ្វារ​អ៊ីនធឹណិត​ជាតិ បើកផ្លូវ​ឱ្យ​រដ្ឋាភិបាល​បង្កើត​នូវ​ច្រក​ទ្វារ​ឌីជីថល​មួយ​ដើម្បី​គ្រប់គ្រង​នូវ​រាល់​ចរាចរណ៍​អ៊ីនធឹណិត​ទាំងអស់ ដែល​ចេញ និង​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា។ អនុក្រឹត្យ​នេះ អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​ប្រតិបត្តិ​ករ​ច្រក​ទ្វារ​អ៊ីនធឺណិត​ជាតិ​ដែល​តែងតាំង​ដោយ​រដ្ឋាភិបាល ឱ្យ​អាច​រាំង​ខ្ទប់ ឬ​ផ្តាច់​ការ​តភ្ជាប់​អនឡាញ​ណាមួយ អាច​រក្សាទុក​ទិន្នន័យ​ចរាចរណ៍​អ៊ីនធឺណិត​រយៈពេល​១​ឆ្នាំ អាច​ផ្តល់​ព័ត៌មាន​ជាក់លាក់​អំពី​បណ្ដាញ​ព្រមទាំង​ដាក់ចេញ​នូវ​ការ​ពិន័យ​ដ៏​ទូលំទូលាយ​ចំពោះ​ក្រុមហ៊ុន​ប្រតិបត្តិ​ករ​ទូរគមនាគមន៍​ទាំងឡាយ​ណា​ដែល​មិន​ព្រម​គោរព​តាម។

កាល​ពី​ខែ​មេសា ឆ្នាំ​២០២១ ក្រុម​អ្នក​ជំនាញ​សិទ្ធិមនុស្ស​ឯករាជ្យ​របស់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ បាន​លើកឡើង​ពី​ក្តី​បារម្ភ​ថា អនុក្រឹត្យ​នេះ​បង្ក​នូវ​ហានិភ័យ​ដល់​សេរី​ភាពជា​មូលដ្ឋាន​របស់​បុគ្គល ដូចជា​ សេរីភាព​នៃ​ការ​សម្ដែង និង​បញ្ចេញមតិ សិទ្ធិ​ឯកជន​ភាព ដែល​ផ្ទុយ​ទៅ​នឹង​បទដ្ឋាន​សិទ្ធិមនុស្ស​អន្តរជាតិ និង​ច្បាប់​របស់​កម្ពុជា​។ ក្រុម​អ្នកជំនាញ​ទាំង​នោះ​ព្រមាន​ថា ការ​បង្កើត​ច្រក​ទ្វារ​អ៊ីនធឹណិត​ជាតិ នឹង​បង្កើត​ឱ្យ​មាន​នូវ​ផល​ប៉ះពាល់​ជា​អវិជ្ជមាន​យ៉ាងធ្ងន់ធ្ងរ​ដល់​សេរីភាព​អ៊ីនធឺណិត ប៉ះពាល់​ដល់​ក្រុម​អ្នកការពារ​សិទ្ធិមនុស្ស និង​អង្គការ​សង្គម​ស៊ីវិល​ក្នុងស្រុក ព្រមទាំង​ធ្វើ​ឱ្យ​កាន់តែ​រួម​តូច​បន្ថែម​ទៀត​នូវ​លំហ​សង្គម​ស៊ីវិល​ដែល​កំពុង​ទទួលរង​នូវ​ការ​រឹតត្បិត​ស្រាប់​នៅក្នុង​ប្រទេស​កម្ពុជា។

នៅ​ពេល​ដែល​អនុក្រឹត្យ​ស្ដីពី​ការបង្កើត​ច្រក​ទ្វារ​អ៊ីនធឹណិត​ជាតិ​ត្រូវ​ចូល​ជា​ធរមាន​កាល​ពី​ពាក់កណ្តាល​ខែកុម្ភៈ អ្នកនាំពាក្យ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បាន​បញ្ជាក់​ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​ថា រដ្ឋាភិបាល​ពន្យារ​ពេល​អនុវត្ត​អនុក្រឹត្យ​នេះ​ដោយសារតែ​ជំងឺ​រាតត្បាត​សាកល​កូវីដ​១៩ និង​បញ្ហា​បច្ចេកទេស​ក្នុង​ការ​អនុវត្ត​អនុក្រឹត្យ​នេះ។

ក្រុម​អង្គការសិទ្ធិមនុស្ស​ក្នុង​តំបន់ និង​អន្តរជាតិ​ជាង​ ៣០​ស្ថាប័ន សង្កត់ធ្ងន់​ថា ការបង្កើត​ច្រក​ទ្វារ​អ៊ីនធឹណិត​ជាតិ​នេះ នឹង​បណ្តាល​ឱ្យ​មានការ​រឹតត្បិត​ខ្លាំង​នូវ​រំហូរ​ព័ត៌មាន​រវាង​កម្ពុជា និង​ពិភពលោក ព្រមទាំង​បង្កើត​ឱ្យ​មាន​នូវ​ប្រព័ន្ធ​មួយ ​ដែល​រដ្ឋ​អាច​ឈ្លបយកការណ៍​លើ​សកម្មភាព​អនឡាញ​របស់​ពលរដ្ឋ​នៅ​ទូទាំង​ប្រទេស។ ក្រុម​អង្គការ​សិទ្ធិមនុស្ស​ទាំង​នេះ ផ្តល់​អនុសាសន៍​ថា រដ្ឋាភិបាល​បរទេស ក្រុមហ៊ុន​ទូរគមនាគមន៍ និង​បច្ចេកវិទ្យា ក្រុមហ៊ុន​ផ្តល់​សេវា​អ៊ីនធឺណិត ក្រុម​ធុរកិច្ច ទីភ្នាក់ងារ​អង្គការ​សហប្រជាជាតិ និង​ភាគី​ពាក់ព័ន្ធ គួរ​រួមគ្នា​ទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​បញ្ឈប់​ការប៉ុនប៉ង ​ដើម្បី​គ្រប់គ្រង​ព័ត៌មាន​ទាំងស្រុង​នៅ​កម្ពុជា​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល