អង្គការ​អន្តរជាតិ និង​​ទូត​បរទេស ទាម​ទារ​ឱ្យ​របបភ្នំពេញ​ដោះលែង​សកម្មជន​បរិស្ថាន​ទាំងបីនាក់

0:00 / 0:00

អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ និង​ស្ថាន​ទូត​ប្រទេស​ប្រជាធិបតេយ្យ​មួយចំនួន​ អំពាវនាវ​ដល់​របបលោក ហ៊ុន សែន ឱ្យ​ដោះលែង​សកម្មជន​បរិស្ថាន​ទាំងបីនាក់ រួមមាន កញ្ញា ស៊ុន រដ្ឋា លោក យឹម លាងហ៊ី និង​យុវជន លី ចាន់ដារ៉ាវុធ ឱ្យ​មាន​សេរីភាព​វិញ។

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិយូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch)ចេញសេចក្តីថ្លែងការណ៍​នៅថ្ងៃទី២២ ខែមិថុនា ដោយ​ថ្កោល​ទោស​ការចាប់​ខ្លួន​នេះ។ អង្គការ​អន្តរជាតិ​មួយ​នេះ​ទាម​ទារ​ឱ្យ​របបលោក ហ៊ុន សែន ទម្លាក់​ចោល​បទចោទ​ប្រកាន់​គ្មាន​មូលដ្ឋាន​លើ​សកម្មជន​​ទាំង​នោះ ​និង​​ដោះលែង​​ពួក​​គេ​​ឱ្យ​មាន​​សេរីភាព​​វិញ​​ជា​​បន្ទាន់។

នាយក​រងទទួល​បន្ទុក​កិច្ច​ការ​​តំបន់​អាស៊ីនៃ​អង្គការ Human Rights Watch លោក ហ្វីល រ៉ូបឺតសុន (Phil Robertson) គូសបញ្ជាក់​ក្នុង​សេចក្តីថ្លែងការណ៍​ថា រដ្ឋាភិបាល​​លោក ហ៊ុន សែន បាន​បង្កើន​យុទ្ធនាការ​បំបិទ​សំឡេង​សកម្មជន ​ដែល​តស៊ូម​​តិ​ដោយ​អហិង្សា​ដើម្បីការពារ​បរិស្ថាន​។ លោក​បន្តថា រដ្ឋាភិបាល​បរទេស​ ក្រុម​ការងារ​អង្គការ​សហប្រជាជាតិ និង​ដៃគូអភិវឌ្ឍន៍​ទាំង​ឡាយ ត្រូវ​តែ​ទាម​ទារ​ឱ្យ​អាជ្ញាធរ​កម្ពុជា​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់​ដ៏ខុសឆ្គង​នេះ ហើយ​ត្រូវ​តែ​ចេញមុខ​ថ្កោល​ទោស​ជាសាធារណៈ​​ចំពោះការ​​បង្ក្រាប​របស់​​អាជ្ញាធរ​​កម្ពុជា​​លើ​សកម្មភា​ព​អហិង្សាដទៃទៀត។

ស្រដៀងគ្នានេះ អង្គការ​លើក​លែង​ទោសអន្តរជាតិ (Amnesty International) ​ក៏​ចេញសេចក្តីថ្លែងការណ៍​ថ្កោល​ទោស​ករណី​ចាប់​ខ្លួន​នេះដែរ។ អង្គការ​លើក​លែង​ទោសអន្តរជាតិបញ្ជាក់​ក្នុងសេចក្តីថ្លែងការណ៍ថា ភាពធ្ងន់ធ្ងរនៃការចោទ​ប្រកាន់​នេះ បង្ហាញ​ពីការកើន​​ឡើង​យ៉ាង​ខ្លាំង​នូវ​វិធីសាស្ត្រ​បង្ក្រាប​របស់​អាជ្ញាធរកម្ពុជា​ប្រឆាំង​នឹង​អ្នក​ការពារបរិស្ថាន និង​សំឡេង​រិះគន់។ ម្យ៉ាងវិញទៀត ម្តង​ហើយម្តងទៀត រដ្ឋាភិបាល​លោក ហ៊ុន សែន បាន​ចាត់​ទុកអ្នករិះគន់ខ្លួនថា ជា​ក្រុម​ឧទ្ទាម និង​អ្នក​រួម​គំនិតក្បត់ ព្រម​ទាំង​លាបពណ៌​សកម្មភាពអហិង្សា​ទៅជា​បទល្មើស​ឧក្រិដ្ឋទៅវិញ។

អង្គការ​លើក​លែង​ទោស​អន្តរជាតិថ្លែង​ទៀតថា ការ​ចោទ​ប្រកា​ន់ដ៏អាក្រក់​ហួសហេតុ​នេះ គឺ​ជាការ​ប៉ុនប៉ង​ឥតលាក់លៀម​របស់​អាជ្ញាធរ​កម្ពុជា ដើម្បី​បំបិទមាត់​​ និង​បំភិតបំភ័យ​ មិន​ត្រឹម​តែ​ចលនា​មាតាធម្មជាតិ​ប៉ុណ្ណោះទេ ប៉ុន្តែថែម​ទាំង​យុវជន​ខ្មែរ​ជំនាន់ក្រោយ​ទាំងមូល​ ដែល​ហ៊ាន​ក្រោក​ឈរឡើង​ដើម្បីបុព្វហេតុ​សិទ្ធិមនុស្ស និង​យុត្តិធម៌​ផ្នែក​បរិស្ថានទៀងផង។ អង្គការ​អន្តរជាតិ​ដដែល​នេះ​ទាម​ទារឱ្យ​អាជ្ញាធរ​កម្ពុជា​ទម្លាក់​ចោល​បទចោទប្រកាន់​ និង​ដោះលែង​សកម្មជន​ទាំងបីនាក់​ឱ្យ​មាន​សេរីភាព​វិញជាបន្ទាន់ និង​ដោយ​ឥតលក្ខខណ្ឌល្អប្រសើ។​ ជាងនេះទៅទៀត ​អង្គការ​លើក​លែង​ទោស​អន្តរជាតិទទូច​ដល់​អាជ្ញាធរ​កម្ពុជា​ ឱ្យ​ដាក់​ទោស​មន្ត្រីរដ្ឋាភិបាល មន្ត្រីយោធា និង​អ្នក​រក​ស៊ី​ដែល​មាន​ទំនាក់​ជិត​ស្និទ្ធជាមួយ​ពួក​គេ ដែលជារឿយៗបាន​ឃុបឃិត​គ្នា​ក្នុងការបំផ្លិច​បំផ្លាញ​តំបន់​ឆ្នេរ ព្រៃកោងកាង និងព្រៃឈើរបស់កម្ពុជា។

ដោយ​ឡែកតំណាង​ទូត​ប្រទេស​ប្រជាធិបតេយ្យ​វិញ ពួក​គេក៏​រិះគន់​ករណី​ចាប់​ខ្លួន​នេះដែរ។ តំណាង​ទូត​បរទេសទាំងនោះ ​​បាន​​ទាម​ទារ​ឱ្យ​អាជ្ញាធរកម្ពុជា​បញ្ឈប់ការ​យាយីទាំងនេះ និង​ងាក​ទៅលើក​ទឹក​ចិត្ត​យុវជន​ដែល​ចូល​រួម​ការពារបរិស្ថាន​វិញ។

ឯកអគ្គរដ្ឋ​ទូត​សហរដ្ឋ​អាមេរិកប្រចាំកម្ពុជា លោក ផាទ្រីក ម័រហ្វី (Patrick Murphy)បានបង្ហោះសារ​លើ​បណ្ដាញ​ធ្វីតធ័រ (Twitter) កាលពីយប់ថ្ងៃទី២១ ខែមិថុនា​ថា លោក​ព្រួយ​បារម្ភ​ជាខ្លាំង​នៅពេល​ឮដំណឹងស្តីពីការ​ចាប់​ខ្លួន​សកម្មជន​បរិស្ថាន​វ័យក្មេង​ទាំងនោះ។ លោកបញ្ជាក់​ថា​ សកម្មភាព​ចុះថត​​ការ​​បំពុល​​បរិស្ថាន​​នោះ ​គឺ​​ជា​​​​​​​​​​​​​​​​​​​​​​​ការងារ​​សង្គម មិន​មែន​​ជា​​អំពើ​​ភេរវកម្ម​នោះ​ទេ។ លោកជំរុញ​ឱ្យ​អាជ្ញាធរ​កម្ពុជា​ដោះ​ស្រាយ​ទុក្ខកង្វល់របស់​ពលរដ្ឋ​ឱ្យ​បាន​ទាន់​ពេល​វេលា ដោយ​មិន​ត្រូវ​បំបិទមាត់​ពលរដ្ឋ​ឡើយ។

ដូចគ្នានេះដែរ ស្ថាន​ទូត​ស៊ុយអែត​ប្រចាំកម្ពុជា (Sweden)បាន​បង្ហោះសារ​លើ​បណ្ដាញ​ធ្វីតធ័រ (Twitter) នៅថ្ងៃទី២២ ខែមិថុនាថា ប្រទេស​ស៊ុយអែត​ព្រួយ​បារម្ភ​អំ​ពី​ចំណាត់​​ការ​​ផ្លូវ​​ច្បាប់​នា​រយៈពេល​​ចុង​ក្រោយ​​នេះ​​ប្រឆាំង​នឹង​សកម្មជនបរិស្ថាន​វ័យ​ក្មេង​នៅកម្ពុជា។ ស្ថាន​ទូត​ស៊ុយអែត​បញ្ជាក់ថា ការ​ចូល​រួម​របស់​ពលរដ្ឋ ការ​ទទួល​បាន​ព័ត៌មាន តម្លាភាព និង​ការ​ជជែក​គ្នា គឺ​ជា​ធាតុផ្សំ​គន្លឹះ​សម្រាប់​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព។ ស្ថាន​ទូត​ដដែល​បន្ថែម​ថា យុវជន​ដែល​ចូល​រួម​ការងារ​សង្គម​ គឺ​ជាផ្នែក​មួយ​នៃ​អនាគត ហើយ​គួរ​តែ​ទទួល​បាន​ការ​លើក​ទឹកចិត្ត។

រីឯស្ថាន​ទូតអូស្រ្តាលីប្រចាំកម្ពុជាវិញ ស្ថាន​ទូត​នេះក៏លើក​ឡើង​ពីក្តីព្រួយ​បារម្ភ​ដូច​គ្នា​ចំពោះការ​ចាប់​ខ្លួន​សកម្មជនបរិស្ថាន​​វ័យក្មេងទាំងបីរូប ដោយសារ​ការ​តស៊ូ​មតិ​អហិង្សា​លើ​បញ្ហា​បរិស្ថាន​។ ស្ថាន​ទូត​អូស្ត្រាលី​បញ្ជាក់​ច្បាស់ៗនៅក្នុង​សារលើ​​ទំព័រហ្វេសប៊ុក (Facebook)របស់​ខ្លួន​ថា ស្ថាន​ទូត​មិន​ជឿថា​សកម្មភាព​ប្រកប​ដោយ​​សន្តិវិធី​បែបនេះ​ គឺ​ជាការ​គំរាមកំហែង​ដល់​ស្ថិរភាពនយោបាយ ឬ​ស្ថេរភាព​សង្គម​នោះឡើយ។ ស្ថាន​ទូតដដែល​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​គាំទ្រ​ដល់​យុវជន​ក្នុង​ការ​​បង្ហាញ​នូវ​កង្វល់​លើ​បញ្ហា​ដែល​ពួក​គេ​យក​ចិត្ត​ទុក​ដាក់។ ស្ថាន​ទូត​អូស្រ្តាលី​រំឭក​រដ្ឋាភិបាល​លោក​ ហ៊ុន សែន ថា ការ​សន្ទនា​ដោយ​សេរី និង​បើក​ចំហ គឺ​ជា​មធ្យោបាយ​ល្អ​បំផុតឆ្ពោះទៅកាន់សន្តិភាព និង​វិបុល​ភាព ទាំងនៅក្នុង​ប្រទេស​​កម្ពុជា និង​នៅក្នុងតំបន់។

ប្រតិកម្ម​របស់​សហគមន៍​អន្តរជាតិនេះ ធ្វើ​ឡើង​បន្ទាប់​ពីអាជ្ញាធរ​របបលោក ហ៊ុន សែន បាន​ចាប់​ខ្លួនសកម្មជន​បរិស្ថាន ៤ នាក់នៃ​ចលនា​មាតាធម្មជាតិ រួមមាន កញ្ញា ស៊ុន រដ្ឋា លោក យឹម លាងហ៊ី យុវជន​ លី ចាន់ដារ៉ាវុធ និង​ សិដ្ឋ ឈីវលីម៉េង កាល​ពីថ្ងៃទី១៦ ខែមិថុនា។ អាជ្ញាធរ​បាន​ដោះលែង​យុវជន សិដ្ឋ ឈីវលីម៉េង វិញ បន្ទាប់​ពីឃុំ​រូបគេ​រយៈពេល​មួយថ្ងៃ។ ដោយ​ឡែក​សកម្មជន​បីនាក់ទៀត អាជ្ញាធរ​បាន​បញ្ជូន​ពួក​គេ​ទៅតុលាការ​ក្រុង​ភ្នំពេញ។ ​តុលាការ​បាន​ចោទ​ប្រកាន់កញ្ញា ស៊ុន រដ្ឋា និង​លោក យឹម លាងហ៊ី ចំនួន​ពីរបទល្មើសគឺ​បទ «ប្រមាថព្រះមហាក្សត្រ» និង «រួម​គំនិតក្បត់» រីឯយុវជន លី ចាន់ដារ៉ាវុធ តុលាការ​ចោទ​ប្រកាន់តែ​មួយ​​​បទល្មើសគឺ​បទ «រួម​គំនិតក្បត់»។ «បទប្រមាថព្រះមហាក្សត្រ» ប្រឈម​នឹងទោស​​ជាប់​ពន្ធនាគារពី​ ១ឆ្នាំ ដល់ ៥ឆ្នាំ ខណៈ «បទរួម​គំនិត​ក្បត់» វិញ ជាប់​ទោស​ចន្លោះពី ៥ឆ្នាំ ដល់ ១០ឆ្នាំ ព្រម​ទាំង​ពិន័យជា​ប្រាក់ជាច្រើន​​លាន​រៀល​ថែម​ទៀត។

អាស៊ីសេរី​មិន​អាច​ទាក់ទង​អ្ន​កនាំពាក្យ​អយ្យការ​អម​តុលាការ​ក្រុង​ភ្នំពេញលោក ប្លង់ សុផល និង​អ្នក​នាំពាក្យ​រដ្ឋាភិបាលលោក ផៃ ស៊ីផាន ដើម្បីឆ្លើយតប​រឿងនេះបាន​ទេ ដោយ​ទូរស័ព្ទចូល តែ​ពុំ​មាន​អ្នក​ទទួល​ នៅថ្ងៃទី២២ ខែមិថុនា។ ប៉ុន្តែតំណាង​ស្ថាប័ន​សិទ្ធិ​មនុស្ស​របស់រដ្ឋាភិបាល បាន​ថ្លែង​ការពារ​ចំណាត់ការ​​របស់​អាជ្ញាធរ​លើក្រុម​សកម្មជន​បរិស្ថានទាំងនេះ​។

សមាជិក និងជា​អ្នក​នាំពាក្យ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​របស់រដ្ឋាភិបាលលោក កត្តា អ៊ន ​ជឿ​ជាក់ថា តុលាការ​មាន​ភស្តុតាង​គ្រប់គ្រាន់​ដើម្បី​ចោទ​ប្រកាន់​សកម្មជន​​ទាំង​នោះ។ លោក​ថា ក្រុម​អង្គការ​សិទ្ធិមនុស្ស និង​តំណាង​ទូត​បរទេស គួរ​ជួយ​ដល់​សកម្មជន​បរិស្ថាន​ទាំងបីនាក់ដោយ​ផ្តល់ជំនួយផ្នែក​​ច្បាប់ ជាជាង​​ចេញ​សេចក្តីថ្លែងការណ៍​ដែល​លោកហៅថា ​ជា​ការ​ជ្រៀតជ្រែក​ចូលកិច្ច​ការ​ផ្ទៃក្នុង​របស់​តុលាការ​កម្ពុជា៖ « វាជា​បញ្ហា​មួយដែល​ធ្វើ​ឱ្យ​សង្គម​មិន​ទទួលបាន​យុត្តិធម៌ ហើយ​ធ្វើ​ឱ្យ​ប្រពៃណី​នៃ​ការ​អនុវត្ត​ច្បាប់ទៅ​ជា​ប្រពៃណី​នៃការ​​អន្តរាគមន៍​ នៃ​ការ​ការពារ​ដោយ​ខុស​ច្បាប់ទៅវិញ។ ដូច្នេះ​ហើយ​ខ្ញុំ​យល់ថា គួរ​តែ​យើង​ប្រើប្រាស់​យន្តការ​ការពារ​ខ្លួន​ស្របច្បាប់​ មានន័យថា ការពារ​ខ្លួន​នៅក្នុងនីតិវិធី​តុលាការ​តាម​រយៈការ​បញ្ជូន​ភស្តុតាង ការ​បង្ហាញ​ភស្តុតាង សាក្សី ហើយ​និង​មេធាវីដើម្បី​ដោះបន្ទុក ដើម្បីធានា​បាន​នូវ​ភាព​យុត្តិធម៌ ប្រសើរជាង​ការ​តវ៉ា​បែបនេះ »។

ផ្ទុយ​ពីការ​បកស្រាយរបស់​តំណាង​ស្ថាប័ន​សិទ្ធិមនុស្សរបស់​រដ្ឋាភិបាលនេះ អ្នកជំនាញ​សិទ្ធិមនុស្ស​អន្តរជាតិមើល​ឃើញថា សំណុំ​រឿងនេះ​មាន​ចរិតនយោបាយ ដូច្នេះយុត្តិធម៌នឹង​គ្មាន​ឡើយ​សម្រាប់​សកម្មជនបរិស្ថាន​ទាំងបីនាក់។

នាយក​រងទទួល​បន្ទុក​កិច្ច​ការ​តំបន់​អាស៊ីនៃ​អង្គការ Human Rights Watch លោក ហ្វីល រ៉ូបឺតសុន (Phil Robertson)​ មាន​ប្រសាសន៍​ថា ការ​ដែល​តុលាការ​កម្ពុជា​​ស្ថិត​​ក្រោម​ឥទ្ធិពល​នយោបាយ​ដ៏​ជោគជាំបែបនេះ មានន័យ​ថា ក្រុម​សកម្មជន​បរិស្ថាន​ទាំងនោះ​គ្មាន​ឱកាស​ទទួល​បាន​ការ​ជំនុំ​ជម្រះ​ប្រកប​ដោយ​យុត្តិធម៌ឡើយ៖ « ទាំងនេះ​ជាការ​ចោទប្រកាន់​បែប​ប្រឌិត និង​មាន​ចរិត​នយោបាយ​ ដែល​ត្រូវ​បានបង្កើត​ឡើងដើម្បីតាម​​យាយី និងបំបិទ​គ្រប់ទម្រង់នៃ​ការ​បញ្ចេញ​មតិ​ជាសាធារណៈ​ និងអ្នក​ប្រឆាំង​នឹង​រដ្ឋាភិបាលរឿងបរិស្ថាន។ មតិ​ដែល​ថា ទុក​រឿង​ហ្នឹង​ឱ្យ​តុលាការ​ជា​អ្នក​ដោះស្រាយ​នោះ គឺមិន​អាច​ទៅរួច​ឡើយ ព្រោះ​ការពិត​នោះ គឺថា​ តុលាការ​​ជា​ឧបករណ៍​នយោបាយ។ តុលាការ​កម្ពុជា​​មាន​ភាព​លម្អៀងខ្លាំងមែន​ទែន ដូច្នេះគ្មាន​ផ្លូវ​ទេ​​ដែលសកម្មជន​ទាំងនេះ នឹង​ទទួល​បាន​យុត្តិធម៌​ពីតុលាការ​កម្ពុជានោះ»។

ការ​ចាប់​ខ្លួនសកម្មជន​បរិស្ថាន​ចុងក្រោយនេះ កើត​មាន​ឡើង​បន្ទាប់​ពីតុលាការ​របបលោក ហ៊ុន សែន កាល​ពី​ខែឧសភា កន្លងទៅ បាន​ផ្តន្ទាទោស​សហការីរបស់ពួក​គេ​ ៣នាក់ រួម​មានលោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា និង​កញ្ញា ភួន កែវរស្មី ឱ្យ​ជាប់​ពន្ធនាគារពី ១៨ ទៅ ២០ខែ ពីបទញុះញង់ឱ្យ​មាន​ភាព​វឹកវរធ្ងន់ធ្ងរ​ដល់​សន្តិសុខសង្គម។ គិត​មក​ដល់​ចុងខែមិថុនានេះ សកម្មជន​មាតាធម្មជាតិ​ទាំងបីនាក់​ បាន​ជាប់​ឃុំ​ក្នុងពន្ធនាគារ​អស់​រយៈពេលជិតមួយឆ្នាំមក​ហើយ។

ចំណែកស្ថាបនិក​ចលនា​មាតាធម្មជាតិជន​ជាតិ​អេស្ប៉ាញលោក អាឡិចហាន់ដ្រូ ហ្គន់សាឡេស ដេវិតសុន (Alejandro Gonzalez Davidson) ដែល​ត្រូវ​អាជ្ញាធររបបលោក ហ៊ុន សែន ចោទថា ជា​អ្នក​នៅពីក្រោយ​ក្រុម​យុវជនទាំង​នោះវិញ លោកបានជាប់​ចោទទាំងពីរសំណុំ​រឿងនេះ។ ក្នុង​សំណុំ​រឿង​ជាមួយ​សកម្មជន​បរិស្ថាន​៣ នាក់កាល​ពីលើកមុន តុលាការ​បាន​ផ្តន្ទាទោស​លោក​កំបាំង​មុខ​ឱ្យ​ជាប់​ពន្ធនាគារ ២០ខែ ពីបទសមគំនិតក្នុងអំពើ​ញុះញង់។ ចំណែកសំណុំ​រឿង​ចុងក្រោយ​នេះវិញ តុលាការ​បាន​ចោទ​លោក​ចំនួន​ពីរបទល្មើសដូច​សកម្មជនដែរ គឺ​បទ «ប្រមាថព្រះមហាក្សត្រ» និង​ «រួម​គំនិតក្បត់»។ លោក​ អាឡិច ពេល​នេះ​កំពុង​រស់​នៅក្រៅប្រទេស ហើយ​បើ​ទោះជា​លោក​ស្នើសុំ​ចូល​ប្រទេស​កម្ពុជា​ជាច្រើន​ដង​ដើម្បី​ទៅតតាំងក្តីក៏ដោយ ក៏​របបលោក ហ៊ុន សែន មិន​អនុញ្ញាត​ឱ្យ​លោក​ត្រឡប់​ទៅកម្ពុជា​វិញដែរ។

អង្គការឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ ​Human Rights Watch ពិនិត្យ​ឃើញថា អំឡុង​ការរាតត្បាត​ជំងឺកូវីដ-១៩ នេះ អាជ្ញាធរ​កម្ពុជា​បាន​បង្កើន​ល្បឿន​នៃ​ការ​បង្ក្រាប​​លើ​​ក្រុម​សកម្មជន​បរិស្ថាន និង​យុវជន ដែល​ចូល​រួម​ក្នុង​ការ​តវ៉ា និង​សកម្មភាព​អហិង្សានានា។ អង្គការ​ដដែល​បន្តថា រដ្ឋាភិបាល​លោក ហ៊ុន សែន តែង​ប្រើច្បាប់ដែលរំលោភសិទ្ធិមនុស្ស (Draconian Law) ដើម្បី​ចាប់​ខ្លួន និង​កាត់​ទោស​ក្រុម​សកម្មជន​ ក្នុង​ចេតនាបំបិទសំឡេង និង​បញ្ឈប់​សកម្មភាពរបស់​ពួក​គេ​​យ៉ាង​ច្បាស់​ក្រឡែត​​​។ អង្គការ Human Rights Watch សង្កត់ធ្ងន់ជា​ចុងក្រោយ​ថា មាន​តែការ​ដាក់​​សម្ពាធ​ពីសហគមន៍​អន្តរជាតិ​លើ​រដ្ឋាភិបាល​កម្ពុជាទេ ទើប​​អាច​ជួយ​សង្គ្រោះ​សកម្មជនបរិស្ថាន​​ពីការកាត់​ទោស​ឱ្យ​​ជាប់​ពន្ធនាគារ​ដោយ​អយុត្តិធម៌បាន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។