HRW ជំរុញ​​ឱ្យ​រដ្ឋាភិបាល​​កម្ពុជានិង​ចិន​​ពិនិត្យ​មើល​ឡើងវិញ​ជា​​បន្ទាន់​​លើ​​ផលប៉ះពាល់​នៃ​​ទំនប់​វារីអគ្គិសនី​​សេសាន​ក្រោម២

0:00 / 0:00

អង្គការ​​ឃ្លាំមើល​​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃស៍ វ៉ច្ឆ (HRW) ជំរុញ​ឱ្យ​រដ្ឋាភិបាល​​កម្ពុជា និង​ចិន ព្រមទាំង​ក្រុមហ៊ុន​ពាក់ព័ន្ធ ពិនិត្យ​មើល​ឡើងវិញ​ជា​បន្ទាន់​នូវ​​ផល​ប៉ះពាល់​បណ្តាល​មក​ពី​ការសាងសង់​ទំនប់វារីអគ្គិសនី​សេសាន​ក្រោម ២ នៅ​ខេត្តស្ទឹងត្រែង។ ការជំរុញ​នេះ​ធ្វើឡើង​នៅក្នុង​របាយការណ៍​ថ្មីមួយ​របស់​អង្គការ​នេះ ទើប​នឹង​ចេញផ្សាយ​កាលពី​ថ្ងៃទី១០ ខែសីហា។ មន្ត្រី​រដ្ឋាភិបាល ទាត់ចោល​ការរកឃើញ​នេះ និង​ហៅ​របាយការណ៍​នេះ​ថា បម្រើ​ឱ្យ​ប្រយោជន៍ «ភូមិសាស្ត្រ​នយោបាយ» និង «រារាំង» ដល់​ការអភិវឌ្ឍ​នៅ​កម្ពុជា។

របាយការណ៍​កម្រាស់ ១៣៧ទំព័រ ដាក់​ចំណងជើង​ថា « ក្រោម​ផ្ទៃទឹក៖ ផលប៉ះពាល់​ផ្នែកសិទ្ធិមនុស្ស​នៃ​គម្រោង​ខ្សែក្រវ៉ាត់ និង​ផ្លូវ​របស់​ចិន​នៅ​កម្ពុជា» រកឃើញ​ថា មាន​ការរំលោភ​សិទ្ធិមនុស្ស ជាពិសេស សិទ្ធិ​សេដ្ឋកិច្ច សិទ្ធិសង្គម និង​សិទ្ធិវប្បធម៌ ពាក់ព័ន្ធនឹង​ការសាងសង់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម២។ ការ​សាង​សង់​ទំនប់​នេះ បាន​ធ្វើឱ្យ​ពលរដ្ឋ​ជិត ៥ពាន់​នាក់ បាត់បង់​ទីជម្រក និង​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​របស់​ពលរដ្ឋ​រាប់ម៉ឺន​នាក់​ដែល​រស់នៅ​ផ្នែកខាងលើ និង​ខាងក្រោម​ទំនប់។

របាយការណ៍​ក៏​រកឃើញ​ដែរថា អាជ្ញាធរ​កម្ពុជា និង​ក្រុមហ៊ុន​របស់​ចិន មិន​បាន​ពិគ្រោះយោបល់​ឱ្យ​បាន​ដិតដល់​ជាមួយនឹង​សហគមន៍​ដែល​រងផលប៉ះពាល់​នៅ​​មុន​​ការ​សាងសង់​ទំនប់នេះទេ ខណៈ​ពួកគេ​ភាគច្រើន​ត្រូវបាន​បង្ខំ​ឱ្យ​ទទួលយក​សំណង​មិន​សមរម្យ។ ក្រៅពីនេះ អង្គការ​នេះរកឃើញថា ការសាងសង់​ទំនប់​​វារីអគ្គិសនី​នេះ បាន​បណ្តាល​ឱ្យ​មាន​ទឹកជំនន់​លិចលង់​សហគមន៍​នៅក្បែរ​នោះ​ជាច្រើនលើក​ច្រើនសារ ហើយ​បាន​ធ្វើខូចខាត​ដល់​ប្រព័ន្ធ​អេកូឡូស៊ី​នៅក្នុង​​តំបន់​ទាំងមូល។ ទំនប់នេះ​ក៏បាន​ធ្វើឱ្យ​ទិន្នផល​ត្រីធ្លាក់ចុះ​គួរឱ្យ​កត់សម្គាល់​ផងដែរ។

វិទ្យុអាស៊ីសេរី មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​រដ្ឋាភិបាលលោក ផៃ ស៊ីផាន ដើម្បី​សុំ​ការឆ្លើយតបជុំវិញ​រឿងនេះ​បានទេ កាលពី​ល្ងាចថ្ងៃទី១០ ខែសីហា ដោយសារ​លោក​មិនលើក​ទូរស័ព្ទ។ រីឯស្ថានទូតចិន​ប្រចាំកម្ពុជា ក៏​មិន​ទាន់​ឆ្លើយតប​នឹង​សំណួរ​របស់​វិទ្យុអាស៊ីសេរី តាម​សារអេឡិចត្រូនិកជុំវិញ​រឿងនេះ គិតត្រឹម​ល្ងាច​ថ្ងៃទី១០ ខែសីហា។ ក៏ប៉ុន្តែកន្លងទៅ ស្ថានទូត​ចិន តែង​បដិសេធ​ពី​ផលប៉ះពាល់​អវិជ្ជមាន​ពី​ជំនួយ ឬ​កម្ចី​របស់​ចិន​នៅ​កម្ពុជា។ ស្ថានទូត​ចិន អះអាង​ថា​ជំនួយ ឬ​កម្ចី​របស់​ខ្លួន​ជួយ​លើក​កម្ពស់​ហេដ្ឋារចនាសម្ព័ន្ធ ជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​កែលម្អ​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​កម្ពុជាជាដើម។

រីឯអ្នកនាំពាក្យ​ក្រសួង​បរិស្ថានលោក នេត្រ ភក្ត្រា ហៅ​របាយការណ៍​របស់​អង្គការ​នេះ ថាជា​របាយការណ៍ «បំផ្លាញ​សិទ្ធិមនុស្ស» មាន​ចរិក​បម្រើឱ្យ​ប្រយោជន៍ «ភូមិសាស្ត្រ​នយោបាយ» និង​«រារាំង» ដល់​ដំណើរការ​អភិវឌ្ឍ​នៅ​កម្ពុជា៖ «ការពិពណ៌នា​នៅក្នុង​របាយការណ៍​របស់​អង្គការ​សិទ្ធិមនុស្ស យូមែន រ៉ៃស៍ វ៉ច្ឆ នេះ គ្រាន់​តែ​​ដើម្បី​ធ្វើ​វិទ្ធង្សនា​ប្រឆាំង​ទៅនឹង​ការអភិវឌ្ឍ​របស់​កម្ពុជា និង​ព្យាយាម​ចិញ្ចឹម​ទំនាស់​ដើម្បី​បម្រើ​របៀបវារៈ​នយោបាយ​មួយ​ពិតប្រាកដ​ប៉ុណ្ណោះ។ ការសាងសង់​ទំនប់​វារីអគ្គិសនី​សេសាន ២ បាន​ផ្តល់​ប្រយោជន៍​ជា​វិជ្ជមាន​ជាច្រើន​ដល់​សេដ្ឋកិច្ច​ប្រទេសជាតិ និង​ប្រជាជន​កម្ពុជា ដូចជា​គម្រោង​មាន​សមត្ថភាព​ផលិត​ថាមពល​អគ្គិសនី ៤០០​មេហ្កាវ៉ាត់ ជា​សំណង់​វារីអគ្គិសនី​ដ៏ធំមួយ​ដែល​ចាត់ទុក​ថា ជា​ថាមពល​ដែល​អាច​កកើត​ឡើងវិញ​បាន និង​មាន​ការលើក​​ទឹកចិត្ត​​ក្នុង​ការ​​ប្រើប្រាស់​ថាមពល​បែបនេះ»។

មន្ត្រី​រដ្ឋាភិបាល​រូបនេះអះអាង​ថា រដ្ឋាភិបាល​បាន​ព្យាយាម​កាត់បន្ថយ​ផលប៉ះពាល់​ទាំងឡាយ តាមរយៈ​ការសិក្សា​ពី​ហេតុផល​ប៉ះពាល់​បរិស្ថាន និង​ការផ្តល់​ដំណោះស្រាយ និង​វិធានការ​ច្បាស់លាស់​រួចហើយ។ លោកពន្យល់​ថា ទំនប់នេះ​គឺជា​ធុងអាគុយ និង​បម្រើឱ្យ​សន្តិសុខ​ថាមពល​សម្រាប់​ប្រទេស​កម្ពុជា អាច​ផលិត​ថាមពល​ស្អាត​រយៈពេល​វែង ជួយបំពេញ​តម្រូវការ​ជំរុញ​សេដ្ឋកិច្ច​ជាតិ និង​កាត់បន្ថយ​កម្តៅផែនដី ដែល​លោក​ថា កម្ពុជា​គួរតែ​ទទួលបាន​ការសរសើរ។

ជុំវិញ​ការរកឃើញ​អំពី​ការបាត់បង់​ទីជម្រក និង​ការបង្ខំ​ពលរដ្ឋ​ឱ្យ​ទទួលសំណង​វិញ អ្នកនាំពាក្យ​រដ្ឋបាល​ខេត្តស្ទឹងត្រែងលោក ម៉ែន គុង ឆ្លើយតប​ប្រាប់វិទ្យុអាស៊ីសេរី ថាអាជ្ញាធរ​រដ្ឋាភិបាល​បានគិតគូរ​ពី​បញ្ហានេះ ដោយ​មិន​បាន​បង្ខំ​ពលរដ្ឋ​នោះទេ តែគឺជា​ការលើកទឹកចិត្ត៖ «ជាក់ស្តែង នៅក្នុង​មូលដ្ឋាន គឺ​បងប្អូន​ប្រជាពលរដ្ឋ​គាត់​បាន​ផ្លាស់ប្តូរ​ទីលំនៅ​មែន គឺ​គាត់​ទៅរស់នៅ​ទីតាំង​ថ្មី​ដែលមាន​ជីវភាព​របស់​គាត់​ធូរស្បើយ​ជាងមុនធូរស្រាល​ជាងមុន ការប្រកប​របរ​ចិញ្ចឹម​​ជីវិត​ក៏បាន​ល្អប្រសើរ​ជាងមុន។ គឺទាំងពីរ​ឃុំ និងភូមិ​ទាំង៦ ដែល​រងផលប៉ះពាល់​ហ្នុង។ ដោយឡែក​បងប្អូន​ប្រជាពលរដ្ឋ​មួយចំនួន​តូច​ដែល​គាត់​នៅ​មិនបាន​ទៅរស់នៅ​ភូមិថ្មី ក៏គាត់​ស្នើសុំ​រាជរដ្ឋាភិបាល ក៏ដូចជា​អាជ្ញាធរ​ខេត្ត ស្រុក ឃុំ រស់នៅ​ទីតាំងមួយ​ដែល​នៅ​ក្បែរហ្នុង​ដែរ។ យើង​ក៏បាន​អនុញ្ញាត​ឱ្យ​ពួកគាត់​រស់នៅ​សមស្រប​ហើយ អត់មាន​ការរំលោភ​សិទ្ធិមនុស្ស​នៅ​ទីនោះទេ។ មិនមាន​គោលការណ៍​បង្ខំ​ឱ្យ​ប្រជាពលរដ្ឋ​ទទួល​យកសំណង​ទេ។ ប៉ុន្តែលើកទឹកចិត្ត​ឱ្យ​ប្រជាពលរដ្ឋ​ចូលរួម​ក្នុងការអភិវឌ្ឍ ចូលរួម​ទទួលយក​អ្វីដែល​រាជរដ្ឋាភិបាល ក៏ដូចជា​គណៈកម្មការ​ដោះស្រាយ​ផលប៉ះពាល់​ថ្នាក់ខេត្ត ក្នុងការខិតខំ​ដោះស្រាយ​សំណង​នេះ​ឱ្យ​អស់​ពី​លទ្ធភាព»។

យ៉ាងណាក៏ដោយ ផ្ទុយពី​ការអះអាង​ទាំងនេះ អង្គការ យូមែន រ៉ៃស៍ វ៉ច្ឆ បាន​ជួប​សម្ភាស​ជាមួយ​ពលរដ្ឋ​សហគមន៍​រង​ផលប៉ះពាល់ មន្ត្រី​សង្គមស៊ីវិល អ្នកសិក្សាស្រាវជ្រាវ និង​ក្រុម​អ្នកវិទ្យាសាស្ត្រ សរុបចំនួន ៦០នាក់។ ភាគច្រើន​នៃ​ពលរដ្ឋ​ទាំងនោះ បាន​ត្អូញត្អែរ និង​រៀបរាប់​ពី​ការខកចិត្ត​របស់​ពួកគេ​ជុំវិញ​ការ​សាង​សង់​​ទំនប់​​វារីអគ្គិសនី​នេះ ប្រាប់​ទៅ​អង្គការ យូមែន រ៉ៃស៍ វ៉ច្ឆ នៅក្នុង​វីដេអូ​ឯកសារ​ខ្លី​មួយ ដែល​អង្គការ​នេះ​បាន​ផ្សព្វផ្សាយ​អម​ជាមួយ​របាយការណ៍​នេះ៖ «ការរុះរើ​ផ្ទះសម្បែង គោក្របី ជ្រូកមាន់ ជួប​ការលំបាក។ ស្ថានភាព​ដីស្រែ មន្ទីរពេទ្យ សាលារៀន និង​ទន្លេស្រែពក...។ ខ្ញុំ​ព្រួយបារម្ភ​ណាស់​រឿងនេះ។ ខ្ញុំ​ស្តាយ​ដីធ្លី​ខ្ញុំ..។ មិនចង់​ចោលទេ ព្រោះ​ស្តាយ​ផ្ទះសម្បែង​រាប់លាន ហើយ​ដូង ស្វាយ មាន​ទាំងអស់។ បើថា​នៅ​ដីថ្មីៗ​ទៀត មាន​ដូង មាន​ស្វាយ​អី...? នៅ​ភូមិថ្មីនេះ បើ​សម្រាប់​គ្រួសារ​ខ្ញុំ​ដូចជា​គ្មាន​ចំណូល​អី។ វា​តិចជាង...។ នៅភូមិចាស់​ជា​កសិករ​ទេ ក៏ប៉ុន្តែ ការងារ​វាជា​រឿង​ធម្មតា ជួនកាល​ប្រកប​មុខរបរ​នេសាទ រួមផ្សំ​ជា​មួយ​​កសិករ​ធ្វើ​ស្រែ​ធ្វើចម្ការ...។ ចង់​និយាយ​ថា ពី​ទន្លេ​ក៏វា​ឆ្ងាយ។ ដូច​នៅ​ភូមិចាស់ គាត់ដឹង​ស្រាប់ហើយ​ថា ផ្ទះ​ខ្ញុំ​នៅ​ជាប់​ទន្លេ»។

រីឯនាយក​ផ្នែក​តស៊ូមតិ​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គការ យូមែន រ៉ៃស៍ វ៉ច្ឆ លោក ចន ស៊ីហ្វថុន (John Sifton) ថ្លែងក្នុង​សេចក្តីថ្លែងការណ៍​ថា ទំនប់វារីអគ្គិសនី​សេសាន​ក្រោម ២ បាន​បំផ្លាញ​ជីវភាព​រស់នៅ​របស់​ពលរដ្ឋ និង​សហគមន៍​ជនជាតិ​ដើមភាគតិច ដែល​ពីមុនមក​ពួកគេ​ធ្លាប់​រស់នៅ​ចិញ្ចឹម​ជីវិត​ជាលក្ខណៈ​សហគមន៍​​ដោយ​គ្រប់គ្រាន់​តាមរយៈ​ការនេសាទ ការប្រមូល​អនុផល​ព្រៃឈើ និង​ការធ្វើ​កសិកម្ម​ជាដើម។

ជនជាតិ​ដើមភាគតិច​ដែល​រងផលប៉ះពាល់​ដោយ​ការសាងសង់​ទំនប់​វារីអគ្គិសនី​នេះ រួមមាន ជនជាតិ​ព្នង គួយ ចារ៉ាយ គ្រើង ទំពន់ កាចុក និង ឡាវ ជាដើម។ អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃស៍ វ៉ច្ឆ ថាទំនប់​វារីអគ្គិសនី​សេសាន​ក្រោម ២ គឺ​ជា​ទំនប់​វារីអគ្គិសនី​ដ៏​ធំមួយ​នៅ​តំបន់​អាស៊ី។

ទំនប់នេះ ត្រូវបាន​សាងសង់ឡើង​ដោយ​ប្រើប្រាស់​ទឹកប្រាក់​ប្រមាណ ៨០០លាន​ដុល្លារ ភាគច្រើន​ផ្តល់ឱ្យ​ដោយ​រដ្ឋាភិបាល​ចិន ជាផ្នែកមួយ​នៃ​គម្រោង​គំនិត​ផ្តួចផ្តើម​ខ្សែក្រវ៉ាត់ និង​ផ្លូវ (BRI) របស់​ចិន អនុវត្ត​ដោយ​ក្រុមហ៊ុន​អគ្គិសនី​គ្រប់គ្រង​ដោយ​រដ្ឋអំណាច​ចិន​ឈ្មោះ ឆាយណា ហ័រណេង គ្រូប (China Huaneng Group)។ ក្រៅពីនោះ ក្រុមហ៊ុន​កម្ពុជា រ៉ូយ៉ាល់ គ្រូប (Royal Group) របស់​លោក គិត ម៉េង និង​ក្រុមហ៊ុន​វៀតណាម អ៊ីវីអិន (EVN) ក៏​មាន​ភាគហ៊ុន​តិចតួច​នៅក្នុង​គម្រោង​នេះដែរ។ អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃស៍ វ៉ច្ឆ ស្នើ​ដល់​រដ្ឋាភិបាល​កម្ពុជា និងចិន រួមទាំង​ភាគីពាក់ព័ន្ធ​ទាំងនេះ ឱ្យ​ពិនិត្យ​មើលឡើង​វិញ​នូវ​ផលប៉ះពាល់​ទាំងនេះ ដោយត្រូវ​ចាត់ចែង​ផ្តល់​សំណង ការតាំង​ទីលំនៅជាថ្មី និង​ស្តា​ជីវភាព​រស់នៅ​ដល់​ពលរដ្ឋ​មូលដ្ឋាន​ដែល​រង​ផលប៉ះពាល់​បណ្តាល​មក​ពី​ការ​សាង​សង់​​ទំនប់​វារីអគ្គិសនី​នេះ។

អង្គការនេះ ក៏​ផ្តល់​អនុសាសន៍​ថា រដ្ឋាភិបាល​ចិន​ចាំបាច់​ត្រូវ​ធ្វើ​កំណែទម្រង់​លើ​វិធីសាស្ត្រ​ផ្តល់​ហិរញ្ញប្បទាន​ចំពោះ​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ក្រោម​គម្រោង​ខ្សែក្រវ៉ាត់ និង​ផ្លូវ ដើម្បី​បញ្ចៀស​ផលប៉ះពាល់​អវិជ្ជមាន​នាពេល​អនាគត ដូចដែល​កំពុង​កើតឡើង​នៅ​កម្ពុជា​នេះ​ជាឧទាហរណ៍​ជាក់ស្តែង។ ទំនប់វារីអគ្គិសនី​សេសាន​ក្រោម២ ត្រូវបាន​ចាប់ផ្តើម​សាងសង់​ដំបូង​កាលពីឆ្នាំ២០១១ ហើយ​បាន​សាងសង់​រួចរាល់ និង​ដាក់​ឱ្យ​ប្រើប្រាស់​កាលពី​ឆ្នាំ២០១៨។ ទំនប់​នេះ​មាន​ប្រវែង​ជាង ៦,៥ គីឡូម៉ែត្រ លាតសន្ធឹង​កាត់​ឃុំភ្លុក ឃុំស្រែគ និង​ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។