អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) រកឃើញថា ស្ថានភាពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជា នៅតែអាក្រក់។ អ្នកស្រីទទូចឱ្យរបបលោក ហ៊ុន សែន យកចិត្តទុកដាក់ខ្ពស់ និងប្ដេជ្ញាស្ដារស្ថានភាពនេះឡើងវិញ បើចង់រក្សាឱ្យបាននូវសុខសន្តិភាព និងការអភិវឌ្ឍពិតប្រាកដ និងប្រកបដោយចិរភាពសម្រាប់ពលរដ្ឋខ្មែរគ្រប់រូប។
នៅក្នុងសេចក្ដីថ្លែងការណ៍ បិទបញ្ចប់បេសកកម្ម ត្រួតពិនិត្យបញ្ហាសិទ្ធិមនុស្សលើកទី៧ ដែលផ្សព្វផ្សាយ កាលពីថ្ងៃទី៩ ខែឧសភា អ្នកស្រី រ៉ូណា ស្មីត រកឃើញបញ្ហាមិនទាន់ប្រសើរឡើងជាច្រើនផ្នែក ពាក់ព័ន្ធជាពិសេស ទៅនឹងលំហសេរីភាព និងប្រជាធិបតេយ្យ។
ការធ្វើទុក្ខបុកម្នេញលើមន្ត្រីបក្សប្រឆាំង ដែលរបបលោក ហ៊ុន សែន បានរម្លាយអស់ទៅហើយក្តី ក៏នៅតែកើតមានឥតស្រាកស្រាន្ត។ អ្នកស្រី រ៉ូណា ស្មីត រកឃើញថា សិទ្ធិក្នុងជីវភាពនយោបាយរបស់មន្ត្រី និងសកម្មជនបក្សប្រឆាំង រងការបង្ក្រាបដោយសារតែចំណាត់ការរបស់របបនេះ ក្នុងការចាប់ខ្លួន ចោទប្រកាន់ ឃុំខ្លួន និង ផ្ដន្ទាទោសជាបន្តបន្ទាប់។
យ៉ាងហោចណាស់ មន្ត្រីបក្សប្រឆាំង ៦រូប ត្រូវបានកាត់ទោស គិតចាប់ពីខែវិច្ឆិកា ឆ្នាំ ២០១៨ ដែលជាថ្ងៃចុះបេសកកម្មលើកទី៦ របស់អ្នកស្រី រហូតមកដល់ពេលនេះ។ អ្នកស្រីបានកត់សម្គាល់ទៀតថា ក្នុងរយៈពេលជាងកន្លះឆ្នាំចុងក្រោយនេះ មន្ត្រីជាប់ឆ្នោតបក្សប្រឆាំងប្រហែល ៨០នាក់ នៅឯមូលដ្ឋាន ត្រូវបានប៉ូលិស ឬតុលាការចាត់វិធានការផ្លូវច្បាប់ប្រឆាំងពួកគាត់។ អ្នកទាំងនោះ រួមមានទាំងមន្ត្រីបក្សប្រឆាំង ២៦រូប ដែលតុលាការខេត្តបាត់ដំបង ទើបតែកោះហៅឱ្យចូលខ្លួនទៅបំភ្លឺ ក្នុងពេលប៉ុន្មានថ្ងៃចុងក្រោយនេះផង។
អ្នកស្រីចាត់ទុកចំណាត់ការបែបនេះ ថាមិនបានផ្ដល់ផលប្រយោជន៍អ្វី ទៅដល់ការពង្រឹងសិទ្ធិនយោបាយ និងលំហប្រជាធិបតេយ្យ ដូចអ្វីដែលរបបលោក ហ៊ុន សែន បានអះអាងនៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន កាលពីខែឆ្នូ ឆ្នាំ២០១៨ នោះទេ។
អ្នកស្រីស្នើឱ្យអ្នកនយោបាយខ្មែរទាំងសងខាង គួរបញ្ឈប់វប្បធម៌ហិង្សាតាមសារនយោបាយ ហើយងាកមករកវប្បធម៌នយោបាយ ដែលផ្តោតលើបញ្ហាប្រទេសជាតិជាធំ ជាជាងខ្វល់ខ្វាយតែលើរឿងបុគ្គល។
អ្នកស្រី រ៉ូណា ស្មីត អំពាវនាវសាជាថ្មីម្តងទៀត ដល់របបក្រុងភ្នំពេញ ឱ្យដោះលែងប្រធានគណបក្សសង្គ្រោះជាតិលោក កឹម សុខា និងទម្លាក់ចោលបទចោទប្រកាន់លើថ្នាក់ដឹកនាំបក្សប្រឆាំងរូបនេះ ទោះជាអ្នកនាំពាក្យរបបក្រុងភ្នំពេញ លោក ផៃ ស៊ីផាន ថ្លែងថា អ្នកស្រី រ៉ូណា ស្មីត គឺជាដៃគូរបស់រដ្ឋាភិបាល ក្នុងការពង្រឹងនីតិរដ្ឋនៅកម្ពុជា ដូច្នេះអ្នកស្រីមិនគួរលើកឡើងបែបនេះនោះឡើយ។
អ្នកស្រីស្នើឱ្យរបបលោក ហ៊ុន សែន ពិនិត្យឡើងវិញ លើច្បាប់ស្ដីពីគណបក្សនយោបាយ និងច្បាប់បោះឆ្នោត ដើម្បីធ្វើយ៉ាងណា ឱ្យស្របតាមបទដ្ឋានអន្តរជាតិ ដែលប្រទេសកម្ពុជា មានកាតព្វកិច្ចអនុវត្តតាម។
ពាក់ព័ន្ធនឹងសិទ្ធិសេរីភាព នៃអង្គការសមាគមវិញ អ្នកស្រីសម្ដែងការសោកស្ដាយ ដែលនៅតែមានអង្គការសមាគម ដែលរងការរឹតត្បិតសេរីភាព ដែលធ្វើឱ្យពួកគាត់មិនអាចមានសិទ្ធិសេរីភាពពេញលេញ ក្នុងការបំពេញការងាររបស់ខ្លួន។
អ្នកស្រីបន្ថែមទៀតថា ការអនុវត្តជាក់ស្ដែង គឺមិនដូចការសន្យារបស់ក្រសួងមហាផ្ទៃ ដែលអះអាងថា ឈប់តម្រូវឱ្យអង្គការសង្គមស៊ីវិល ជូនដំណឹងបីថ្ងៃជាមុន ទៅក្រសួងនោះទេ។
អ្នកស្រីបញ្ជាក់ថា អ្នកស្រីនៅតែទទួលបានរបាយការណ៍ជាច្រើនពីមូលដ្ឋាន ដែលត្អូញត្អែរអំពីប៉ូលិសនៅតាមមូលដ្ឋាន ដែលរំខានដល់កម្មវិធី វគ្គបណ្ដុះបណ្ដាល ឬកិច្ចប្រជុំរបស់ពួកគេ ទោះពួកគេមិនហៅទៅក៏ដោយ។ សកម្មភាពប៉ូលិសទាំងនោះ គឺទៅថតរូប សួរនាំរកមុខអ្នករៀបចំកម្មវិធី សួររករបៀបវារៈនៃកម្មវិធី ឬទាមទាររកឈ្មោះអ្នកចូលរួមជាដើម។
អ្នកស្រីចាត់ទុក ការឃ្លាំមើលរបស់ប៉ូលិសបែបនេះ មិនស្របទៅនឹងសេចក្ដីណែនាំរបស់ក្រសួងមហាផ្ទៃ ដែលចេញកាលពីឆ្នាំ ២០១៨ នោះឡើយ។ អ្នកស្រីបានស្នើទៅរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឱ្យគោរពតាមការសន្យា ដោយត្រូវពិនិត្យមើលឡើងវិញ នូវការអនុវត្តរបស់មន្ត្រីមូលដ្ឋាន ដែលធ្វើផ្ទុយពីការណែនាំរបស់ក្រសួងនេះ ដើម្បីចៀសវាងការណែនាំផ្សេង ចំណែកឯការអនុវត្តផ្សិង។
ការលាបពណ៌អ្នកដែលហ៊ាននិយាយការពិត ពីបញ្ហារំលោភសិទ្ធិមនុស្ស និងបំផ្លាញប្រជាធិបតេយ្យថា ជាក្រុមប្រឆាំង ក៏នៅតែជាបញ្ហា។ អ្នកស្រី រ៉ូណា ស្មីត ក៏សោកស្ដាយដែរ ដែលសកម្មភាពការងារ និងការតស៊ូមតិ ដើម្បីលើកស្ទួយ និងការពារសិទ្ធិមនុស្ស បែរជាត្រូវគេលាបពណ៌ថា ជាការចូលដៃ ឬជាការគាំទ្រសកម្មភាពនយោបាយប្រឆាំងទៅវិញ។
អ្នកស្រីថា អ្វីដែលគួរឱ្យសោកស្ដាយដែរនោះ គឺសូម្បីតែការងាររបស់អ្នកស្រី ដែលជាមន្ត្រីឯករាជ្យផ្នែកសិទ្ធិមនុស្ស និងសកម្មភាពរបស់អង្គការសង្គមស៊ីវិល ផ្នែកសិទ្ធិមនុស្សនៅកម្ពុជាជាច្រើនទៀត ក៏រងការលាបពណ៌នេះដែរ។ អ្នកស្រីរម្លឹកថា ពាក្យថា សិទ្ធិមនុស្ស គឺជាភាសាសម្រាប់មនុស្សគ្រប់គ្នា ទាំងមន្ត្រីក្នុងជួររដ្ឋាភិបាល និងពលរដ្ឋស៊ីវិលទូទៅ។ ការលើកស្ទួយ និងការការពារសិទ្ធិមនុស្ស គឺជាការទទួលខុសត្រូវរួមគ្នា។ ដូច្នេះ អង្គការសង្គមស៊ីវិល មានសិទ្ធិស្របច្បាប់ ក្នុងការលើកឡើងពីបញ្ហារំលោភបំពានណាមួយ ដើម្បីឱ្យរដ្ឋាភិបាលទទួលខុសត្រូវ ព្រោះរដ្ឋាភិបាលមានកាតព្វកិច្ចធានាការគោរពសិទ្ធិមនុស្សទាំងនេះ។
អ្នកស្រីបន្ថែមថា ក្នុងស្មារតីនេះ អ្នកស្រីស្នើឱ្យរដ្ឋាភិបាល ជាពិសេសនៅថ្នាក់មូលដ្ឋាន ពង្រឹងការគោរពសេរីភាព ក្នុងការជួបប្រជុំគ្នាដោយសន្តិវិធី។ អ្នកស្រីកត់សម្គាល់ថា រដ្ឋាភិបាលយកលេសនៃការខ្លាចស្ទះចរាចរណ៍ មកធ្វើជាហេតុផល ក្នុងការហាមឃាត់ការដង្ហែក្បួនបាតុកម្ម តាមដងផ្លូវសាធារណៈ ដែលច្បាប់ស្ដីពីបាតុកម្មដោយអហិង្សា មិនបានចែងកំណត់ថា ការកកស្ទះចរាចរណ៍ គឺជាបញ្ហាចម្បង ក្នុងការហាមឃាត់ការហែក្បួននោះទេ។
បញ្ហាពុករលួយ និងការបាត់បង់សេចក្ដីទុកចិត្តលើស្ថាប័នតុលាការ ក៏ជាបញ្ហាដែលអ្នកស្រីស្នើឱ្យក្រសួងយុត្តិធម៌ ពិនិត្យបញ្ហាទាំងនេះ ឱ្យបានលម្អិតដើម្បីពង្រឹងវិស័យនេះ។
ចំពោះសេរីភាពសារព័ត៌មានវិញ អ្នកស្រីសង្កេតឃើញថា វិស័យសារព័ត៌មានមានភាពធ្លាក់ចុះ។ ចំណែកប្រជាពលរដ្ឋភាគច្រើន ដែលអ្នកស្រីបានជួប មានភាពស្ទាក់ស្ទើរក្នុងការហ៊ានបញ្ចេញមតិជាសាធារណៈ ដោយសារតែភ័យខ្លាចរដ្ឋអំណាចចាប់ដាក់គុក ឬ តាមដាន។ អ្នកស្រី ក៏ស្នើឱ្យបញ្ឈប់ការធ្វើទុក្ខបុកម្នេញលើអ្នកសារព័ត៌មាន និងទម្លាក់ចោលការចោទប្រកាន់លើអតីតអ្នកសារព័ត៌មានអាស៊ីសេរីពីររូប។
ជាចុងក្រោយអ្នកស្រី រម្លឹកជាថ្មីម្តងទៀតថា សន្តិភាព និងការអភិវឌ្ឍ គឺត្រូវដើរទន្ទឹមគ្នានឹងការគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ។ អ្នកស្រីបញ្ជាក់ថា សុខសន្តិភាព និងការអភិវឌ្ឍពិតប្រាកដ និងដោយចិរភាព កើតមានទៅបានអាស្រ័យលើការគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនេះឯង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
