សង្គមស៊ីវិល និងសហគមន៍រងផលប៉ះពាល់ដោយវិវាទដីធ្លី ប្ដូរយុទ្ធសាស្ត្រប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ១០ធ្នូ ខួបទី៧១ ដោយសារតែការធ្វើទុក្ខបុកម្នេញពីអាជ្ញាធរ។
នាយករងទទួលបន្ទុកឃ្លាំមើលសិទ្ធិមនុស្ស នៃអង្គការលីកាដូ លោក អំ សំអាត ថ្លែងថា ការប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ១០ធ្នូ នេះ សហគមន៍នៅតាមបណ្ដាខេត្តមួយ អាចប៉ាន់ប្រមាណថា មានចំនួនចន្លោះពី ៥ពាន់ ទៅ៧ពាន់នាក់ គ្រោងប្រារព្ធនៅតាមសហគមន៍របស់ពួកគាត់រៀងៗខ្លួន។ ចំណែកប្រធានបទនៃទិវានេះវិញ គឺពួកគាត់នឹងលើកយកទៅតាមបញ្ហាដែលពួកគេជួបប្រទះនៅក្នុងសហគមន៍របស់ពួកគាត់ផ្ទាល់។ លោក អំ សំអាត បន្តថា ទោះយ៉ាងណាសង្គមស៊ីវិល នឹងជូនដំណឹងទៅសាលារាជធានីភ្នំពេញ បន្ទាប់ពីជួបពិភាក្សាគ្នា ចំពោះគម្រោងប្រមូលផ្ដុំរៀបចំពិធីអបអរទិវាសិទ្ធិមនុស្សនេះ ជាទ្រង់ទ្រាយធំមួយផ្សេងទៀត។ លោកថា នៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អាជ្ញាធរនឹងមិនបានសម្រួលរាល់ការជួបប្រជុំសម្ដែងមតិ និងអបអរទិវា ដែលមានមនុស្សចូលរួមលើសពី២រយនាក់ ក្រោមហេតុផលការពារ សន្តិសុខ និងសណ្ដាប់នោះទេ។ បញ្ហានេះ លោកយល់ថា ស្ថានភាពការគោរពសិទ្ធិមនុស្សនៅកម្ពុជា កាន់តែរួមតូចទៅ៖ «ការដែលយើងមិនអាចជួបជុំជាទ្រង់ទ្រាយធំ ឬក៏ដង្ហែក្បួនធម្មយាត្រា ដូចឆ្នាំមុនៗមកបាន គឺដោយសារតែភាពរឹតបន្តឹង និងការមិនអនុញ្ញាត ឱ្យជួបជុំជាទ្រង់ទ្រាយធំ ហើយនិងធម្មយាត្រាធំៗ ដូចពេលមុនៗនោះបាន។ ស្ថានភាពប៉ុន្មានឆ្នាំចុងក្រោយនេះ គឺមានការរឹតបន្តឹង ចំពោះសេរីភាពក្នុងការជួបជុំ ឬការប្រមូលផ្ដុំនោះ។
អនុក្រឹត្យស្ដីពីប្រតិទិនឈប់សម្រាកការងាររបស់មន្ត្រីរាជការនិយោជិក កម្មករប្រចាំឆ្នាំ២០២០ បង្ហាញថា របបក្រុងភ្នំពេញសម្រេចកាត់បន្ថយចំនួន ៦ថ្ងៃ គឺពី ២៨ថ្ងៃ មកនៅត្រឹម ២២ថ្ងៃវិញ។ ការលុបចោលថ្ងៃឈប់សម្រាកទាំងនោះមានដូចជា ថ្ងៃបុណ្យមាឃបូជា ទិវាកុមារអន្តរជាតិ ទិវាជាតិនៃការចងចាំ ទិវារំលឹកខួបនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ២៣ តុលា ហើយក្នុងនោះក៏មានថ្ងៃទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ ធ្នូ ផងដែរ៕
សូមស្ដាប់បទសម្ភាសន៍បន្ថែមរវាងលោក អំ សំអាត និងអ្នកស្រី ខែ សុណង ដូចតទៅ៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
