អង្គការសហប្រជាជាតិ និងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងមន្ត្រីសហភាពអឺរ៉ុប គ្រោងរៀបចំទិវា សិទ្ធិមនុស្សអន្តរជាតិ១០ធ្នូ ខួបទី៧១ ដោយជ្រើសរើសយកប្រធានបទ “យុវជនក្រោកឡើង ដើម្បីសិទ្ធិមនុស្ស” នៅថ្ងៃទី៧ ធ្នូ នាពហុកីឡាដ្ឋានជាតិអូឡាំពិក។
សេចក្ដីប្រកាសព័ត៌មានរបស់ការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ឱ្យដឹងថា ព្រឹត្តិការណ៍នេះ នឹងជួយរំលេចពីតួនាទីដឹកនាំរបស់យុវជនដែល ជាប្រភពនៃការជំរុញឱ្យមានអនាគតមួយកាន់តែប្រសើរ។ លិខិតបន្តថា សក្ដានុពលរបស់យុវជនជាភ្នាក់ងារធ្វើឱ្យមានការផ្លាស់ប្ដូរបែបស្ថាបនា បំពងសំឡេងរបស់ពួកគេឱ្យលឺខ្ទរខ្ទារ និងធ្វើការជាមួយទស្សនិកជននៅទូទាំងពិភពលោកគ្រប់ស្រទាប់វណ្ណៈ ក្នុងការលើកស្ទួយនិងការពារសិទ្ធិនានា។
ពិធីនោះក៏គ្រោងផ្ដល់ពានរង្វាន់ដល់យុវជនវ័យក្មេង គាំទ្រសិទ្ធិមនុស្សឆ្នាំ២០១៩ តាមរយៈការចូលរួមសកម្មភាពរបស់ពួកគេក្នុងសហគមន៍។
ចំណែកសង្គមស៊ីវិល និងសហគមន៍រងផលប៉ះពាល់ដោយវិវាទដីធ្លី នៅឆ្នាំនេះ ក៏នឹងប្រារព្ធទិវានេះ នៅតាមសហគមន៍ក្នុងបណ្ដាខេត្តមួយចំនួន ហើយប្រធានបទពួកគាត់នឹងកំណត់ទៅតាមបញ្ហានៅក្នុងសហគមន៍របស់ពួកគាត់ផ្ទាល់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។