មន្ត្រីជាន់ខ្ពស់ ផ្នែកឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ ថា របបក្រុងភ្នំពេញ នៅតែបរាជ័យក្នុងការស្ដារសិទ្ធិសេរីភាពប្រព័ន្ធផ្សព្វផ្សាយ។ ការថ្លែងដូច្នេះ គឺស្របពេលដែលសាលាឧទ្ធរណ៍ កាលពីថ្ងៃទី២០ ខែ មករា សម្រេចលើកពេលទៅថ្ងៃទី២៨ ខែមករា ដើម្បីប្រកាសសាលដីកា លើបណ្ដឹងសាទុក្ខរបស់អតីតអ្នកយកព័ត៌មានអាស៊ីសេរីពីររូប ដែលស្នើសុំឱ្យតុលាការជាន់ខ្ពស់មួយនេះ ទម្លាក់ចោលការស៊ើបអង្កេតបន្ថែមលើបទចារកម្មរបស់ពួកគេ។
នាយករងទទួលបន្ទុកកិច្ចការតំបន់អាស៊ី នៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ហ្វ៊ីល រ៉ូប៊ើតសិន (Phil Robertson) នៅក្នុងសេចក្ដីថ្លែងការណ៍ កាលពីថ្ងៃទី២០ ខែមករាថា រដ្ឋាភិបាលកម្ពុជា បង្ហាញយ៉ាងច្បាស់ថា ខ្លួនកំពុងតែប្រើល្បិចចាស់ដដែលៗ ក្នុងរំលោភសិទ្ធិមនុស្ស និងបំផ្លាញប្រជាធិបតេយ្យ។ លោកបន្ថែម សវនាការនៅសាលាឧទ្ធរណ៍ កាលពីថ្ងៃទី២០ ខែមករា លើករណីអតីតអ្នកកាសែតអាស៊ីសេរីទាំងពីរនាក់នោះ គឺជាសញ្ញាណមួយទៀត ដែលបង្ហាញថារដ្ឋាភិបាលកម្ពុជា នៅតែមិនព្រមបន្ធូរដៃក្នុងរំលោភសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយនោះឡើយ។ ហើយរដ្ឋាភិបាលនេះ នៅតែខកខានមិនបានគោរពគោលការណ៍សេរីភាពប្រព័ន្ធផ្សព្វផ្សាយ។
មន្ត្រីជាន់ខ្ពស់នៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិនេះបន្ថែមថា អ្វីដែលរដ្ឋាភិបាលកំពុងធ្វើទៅលើអតីតអ្នកកាសែតទាំងនេះ គឺជាចេតនាគំរាមកំហែង បំភិតបំភ័យ និងបំបិទមាត់អ្នកសារព័ត៌មានឯករាជ្យ នៅកម្ពុជាតែប៉ុណ្ណោះ។ លោកស្នើឲ្យសហគមន៍អន្តរជាតិ យកចិត្តទុកដាក់លើការណ៍ដែលរដ្ឋាភិបាលកម្ពុជា ព្រងើយកន្តើយ មិនព្រមបញ្ឈប់ការរំលោភសិទ្ធិមនុស្សនេះ។
សំណុំរឿងចោទប្រកាន់លោក អ៊ួន ឈិន និងលោក យាង សុធារិន្ទ នេះ បានអូសបន្លាយពេលជាងពីរឆ្នាំហើយ ដោយដំបូងឡើយតុលាការចោទប្រកាន់អ្នកទាំងពីរពីបទចារកម្ម ឬផ្ដល់ព័ត៌មានដល់រដ្ឋបរទេស ដែលអាចធ្វើឲ្យអន្តរាយដល់ការការពារជាតិ។
ការចោទប្រកាន់នេះ ត្រូវបានក្រុមអ្នកកាសែត និងអង្គការសិទ្ធិមនុស្សអន្តជាតិ និងរដ្ឋាភិបាលប្រទេសសេរីជាច្រើន ចាត់ទុកថា ជាការប្រឌិតបទចោទ ដើម្បីធ្វើទុក្ខបុកម្នេញអ្នកសារព័ត៌មានឯករាជ្យ។ អ្នកទាំងពីរត្រូវបានឃុំខ្លួនបណ្ដោះអាសន្នអស់រយៈពេលជាង ៩ខែ។
ក្រោយមកតុលាការក៏បានដោះលែងឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន ដោយដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការវិញ និងមិនអនុញ្ញាតឲ្យធ្វើដំណើរចេញក្រៅប្រទេសឡើយ។
ជាងនេះទៅទៀត តុលាការបានចោទប្រកាន់អ្នកទាំងពីរ ពីបទចោទបន្ថែមមួយករណីផ្សេងទៀត គឺពាក់ព័ន្ធនឹងការផលិតវីដេអូអាសអាភាស បន្ទាប់ពីអាជ្ញាធរអះអាងថា ពួកគេបានរកឃើញភស្តុតាងមួយចំនួនពាក់ព័ន្ធនឹងបទល្មើសនេះ នៅក្នុងកុំព្យូទ័ររបស់លោក អ៊ូន ឈិន។
ស្របពេលជាមួយគ្នានេះ តុលាការបញ្ចេញចេញដីកាចាត់របៀប ដោយបង្គាប់ឲ្យស៊ើបអង្កេតបន្ថែម ទោះរឿងក្តីនេះបានអូសបន្លាយពេលវេលាដ៏យូរ និងតុលាការគ្មានរកឃើញភស្តុតាងអ្វីដាក់បន្ទុកលើអ្នកទាំងពីរក៏ដោយ។
មេធាវីការពារក្តីឲ្យអ្នកទាំងពីរ គឺលោក សំ ចំរើន ចាត់ទុកសាលក្រមចាត់របៀបនេះថា ជាចំណាត់ការមិនត្រឹមត្រូវ និងមិនចាំបាច់ ដែលប៉ះពាល់យ៉ាងខ្លាំង ដល់សិទ្ធិទទួលបានការជំនុំជម្រះក្តីដោយយុត្តិធម៌របស់កូនក្តីលោក៖ «យើងយល់ថាសាលក្រមហ្នឹង មិនឋិតក្នុងក្របខ័ណ្ឌទេ ព្រោះអីខ្វះភាពចាំបាច់។ សាលក្រមបែបហ្នឹង សម្រេចទៅប៉ះពាល់ដល់គោលការណ៍សច្ចធារណ៍នៃនិរទោស ឬគោលការណ៍សន្មតជាមុនថាគ្មានទោសរបស់កូនក្តី ដោយមិនអាចកំណត់ពេលវេលាបាន។ ហើយក៏ប៉ះពាល់ដល់គោលការណ៍មួយទៀត គឺគោលការណ៍សវនាការដោយត្រឹមត្រូវ និងយុត្តិធម៌សម្រាប់កូនក្ដី។ ខ្ញុំយល់ថា បើសិនជាតុលាការផ្តល់តម្លៃ ឬនីត្យានុកូលភាពដល់សាលក្រមបែបហ្នឹង ធ្វើឲ្យប៉ះពាល់សិទ្ធិរបស់កូនក្ដី ដោយមិនអាចកំណត់ពេលវេលាបាន ទោះបីថា អ្នកទាំងនោះនៅក្រៅឃុំបណ្ដោះអាសន្នមែនក៏ដោយ។ ចុងក្រោយយើងសុំឲ្យក្រុមប្រឹក្សាជំនុំជម្រះសាលាឧទ្ធរណ៍ហ្នឹង បដិសេធសាលក្រមរបៀបហ្នឹង»។
ការសម្រេចយ៉ាងណារបស់សាលាឧទ្ធរណ៍ ជុំវិញការជំទាស់របស់មេធាវីរូបនេះ នឹងដឹងលទ្ធផលនៅដើមសប្ដាហ៍ក្រោយ។
លោក ហ្វ៊ីល រ៉ូប៊ើតសុន ស្នើឲ្យសាលាឧទ្ធរណ៍ សម្រេចសេចក្ដីនៅថ្ងៃទី២៨ ខែមករាខាងមកនោះ ដោយបញ្ចប់ភាពអយុត្តិធម៌នេះភ្លាមទៅ។ លោកថា ដីកាចាត់របៀបឲ្យស៊ើបអង្កេតបន្ថែមស្អីគេនោះ គួរតែទម្លាក់ចោលទៅ ព្រោះការចោទប្រកាន់អំពីបទចារកម្មនោះ គឺជាការប្រឌិត ដែលគ្មានមូលដ្ឋាននៃការពិតនោះឡើយ។
សំណុំរឿងលោក អ៊ួន ឈិន និងលោក យាងសុធារិន្ទ នេះ រងឥទ្ធិពលពីអ្នកនយោបាយកំពូលរបស់កម្ពុជា។ លោក ហ៊ុន សែន បើទោះបីជាមិនត្រូវមានសមត្ថកិច្ចអ្វីក្នុងកិច្ចការតុលាការ ដែលលោកអួតថា តុលាការកម្ពុជាឯករាជ្យនោះក៏ដោយ ក៏បានថ្លែងការពារចំណាត់ការក្នុងការចាប់អ្នកទាំងពីរ។ លោកថ្លែងសារជាសាធារណៈ ជុំវិញរឿងក្តីដែលកំពុងស្ថិតក្នុងដំណាក់កាលស៊ើបអង្កេត និងសម្ងាត់នេះ ដោយលោកអះអាងថា ធ្លាប់ជជែកជាមួយមន្រ្តីតុលាការ អំពីការបញ្ចប់រឿងក្តីនេះថែមទៀតផង៖ «ប៉ុន្តែមិនមែនចាប់ដោយសាររឿងសេរីភាពព័ត៌មានទេ។ ពីមុនខ្ញុំចោទសួរថា ចុះម៉េចក៏មិនលើកលែងការចោទប្រកាន់ឲ្យគ្នាទៅ។ អ៊ីចឹងខាងណោះ គេត្រឡប់មកវិញ គេថាអត់ទេ គេអត់កាត់អារឿងសារព័ត៌មាន គេកាត់អារឿងដែលបំពានផ្លូវភេទនោះ ជួញដូរផ្លូវភេទ»។
បើតាមលោក ហ៊ុន សែន មន្ត្រីតុលាការបញ្ជាក់ថា គ្មានហេតុផលណាក្នុងការបន្តចោទប្រកាន់អ្នកទាំងពីរ អំពីបទចោទចារកម្មនេះទេ។ ប៉ុន្តែ តុលាការនៅតែបន្តរឿងក្តីនេះ ដោយបង្គាប់ឲ្យស៊ើបអង្កេតបន្ថែមរឿងនេះ ដែលរឹតតែអូសបន្លាយពេលយូរគ្មានកាលកំណត់។
ជាងនេះទៅទៀត លោក ហ៊ុន សែន ថែមទាំងបើកកកាយកិច្ចការសម្ងាត់របស់តុលាការ ដោយបើការការវាយប្រហារ បរិហារ ប្រមាថ និងមាក់ងាយលោក អ៊ួន ឈិន ដែលលោក ហ៊ុន សែន ចោទថា ប្រព្រឹត្តអំពើអនាចារ បើទោះបីជារហូតមកដល់ពេលនេះ តុលាការមិនទាន់បានសម្រេចក្តីយ៉ាងណា លើករណីរបស់លោកនៅឡើយ។
បើតាមរដ្ឋធម្មនុញ្ញកម្ពុជា ដែលជាច្បាប់កំពូល ត្រង់មាត្រា ៣៨ ចែងការពារសេចក្ដីថ្លៃថ្នូរ នៃជីវភាពឯកជនរបស់ជនសង្ស័យ ឬជនត្រូវចោទ ឬជនជាប់ចោទ ដោយមិនឲ្យបុគ្គលណាអាចប្រមាថ និងមើលងាយ ដោយការសន្មតជាមុនថា អ្នកនោះមានទោសនោះឡើយ ដរាបណាតុលាការមិនទានចេញសាលដីកាស្ថាពរ រកឃើញថា ជននោះពិតជាបានប្រព្រឹត្តបទល្មើសអ្វីមួយ។ បើតាមរដ្ឋធម្មនុញ្ញ ដែលគ្មានបុគ្គលណាម្នាក់នៅលើច្បាប់នេះបាន គឺជនគ្រប់រូប ត្រូវចាត់ទុកថា គ្មានទោស ឬជាជនស្អាតស្អំ បើតុលាការមិនទាន់រកឃើញថា មានពិរុទ្ធ។
នាយកប្រតិបត្តិសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ឬហៅកាត់ថា ខាំបូចា លោក ម៉ៃ ទិត្រថារ៉ា ថា ចំណាត់ការលើអ្នកសារព័ត៌មាន ដែលមិនព្រមបញ្ចប់ឆាប់នេះ គឺផ្ទុយទៅនឹងអ្វីដែលលោក ហ៊ុន សែន អះអាងនាពេលថ្មីៗ នេះថា ចង់បើកលំហសេរីភាពសារព័ត៌មានឡើងវិញ។ លោកថា ការអូសបន្លាយពេលវេលាក្នុងរឿងក្តីនេះ ធ្វើឲ្យប៉ះពាល់សិទ្ធិសេរីភាពរបស់លោក អ៊ួន ឈិន និង យាង សុធារិន្ទ គ្រប់គ្រាន់ហើយ ដែលតុលាការគួរតែទម្លាក់ចោលការចោទប្រកាន់ និងអនុញ្ញាតឲ្យអ្នកទាំងពីរ មានសេរីភាពពេញលេញ ដើម្បីប្រកបវិជ្ជាជីវៈរបស់ពួកគាត់វិញ។
ជុំវិញការថ្លែងសារណាមួយរបស់លោក ហ៊ុន សែន ក្នុងរឿងក្តីនេះ លោកថាមិនគួរធ្វើនោះឡើយ ជាពិសេសចំពោះរឿងក្តីដែលកំពុងស្ថិតក្នុងដំណាក់កាលស៊ើបអង្កេតនេះ ព្រោះវាធ្វើប៉ះពាល់ដល់ដំណើរការក្តី និងសិទ្ធិរបស់ជនត្រូវចោទ។ លោកថា ភស្តុតាងនៅក្នុងរឿងក្តី ដែលត្រូវបានលោកនាយករដ្ឋមន្រ្តី យកមកនិយាយជាសាធារណៈបែបនេះ បានធ្វើឲ្យខូចតម្លៃនៃភស្តុតាងនោះទៅហើយ។ ដូច្នេះ មេធាវីអាចប្ដឹងឲ្យដកភស្តុតាងបែបនេះ ចេញពីសំណុំរឿងបាន៖ «សារហ្នឹងវាអាចប៉ះពាល់ដល់ដំណើរការ របស់តុលាការ ដោយសារយើងដឹងហើយថា តុលាការដំណើរការក្តី ដោយយើងតាមវត្ថុតាង ដែលមេធាវីទាំងសងខាងដាក់ ដើម្បីដាក់បន្ទុក និងដោះបន្ទុក។ ប៉ុន្តែ ហេតុអ្វីបានជាបុគ្គលទីបី បែរជាមានភស្តុតាងហ្នឹង។ ភ័ស្តុតាងហ្នឹង មិនអាចយកមកប្រើក្នុងតុលាការបានទៀតទេ » ។
មេធាវីការពារក្តីលោក អ៊ួន ឈិន និងលោក យាង សុធារិន្ទ សុំមិនធ្វើអត្ថាធិប្បាយជុំវិញសាររបស់លោក ហ៊ុន សែន ប៉ះពាល់ដល់រឿងក្តីរបស់កូនក្តីរបស់លោកទេ ដោយលោកអះអាងថា លោកមិនបានស្តាប់ប្រសាសន៍លោក ហ៊ុន សែន។ ទោះជាយ៉ាងនេះក្តី លោក សំ ចំរើន បង្ហាញការសោកស្ដាយ ដែលរឿងក្តីនេះចេះតែអូសបន្លាយគ្មានទីបញ្ចប់ ដែលធ្វើឲ្យលោកបាត់បង់សុទិដ្ឋិនិយមក្នុងរឿងនេះ ព្រោះលំនាំនៃសេចក្តីសម្រេចរបស់តុលាការ ច្រើនតែមិនបានប្រយោជន៍ដល់កូនក្តីលោកនោះឡើយ៖ «សង្ឃឹមមានដែរ តែតិចតួចណាស់ ! ឃើញគម្រូមុនដែលប្រហាក់ប្រហែលគ្នាហ្នឹងហើយ គឺតុលាការយល់ឃើញក្នុងសម្អាងហេតុ ដូចជាយល់ដដែលសម្រាប់ពួកយើង។ តុលាការយល់ឃើញដោយចំណុចៗ មិនអធិប្បាយច្បាស់លាស់ ដើម្បីឲ្យយើងទទួលបានដោយស្ងប់ចិត្តនោះទេ »។
ទាំងលោក អ៊ួន ឈិន និងលោក យាង សុធារិន្ទ ចង់ឱ្យតុលាការបញ្ចប់សំណុំរឿងឱ្យបានឆាប់ និងផ្ដល់យុត្តិធម៌ដល់ពួកលោកវិញ ពីព្រោះជាងពីរឆ្នាំមកនេះ ពួកលោកត្រូវរស់នៅក្នុងភាពអយុត្តិធម៌ និងគ្រាំគ្រាក្នុងចិត្តដោយសារតែគ្មានសិទ្ធិសេរីភាពពេញលេញដូចពលរដ្ឋទូទៅ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។