Human Rights Watch ស្នើ​អាជ្ញាធរ​កម្ពុជា​ទម្លាក់​បទ​ចោទ​លើ​មន្ត្រី​បក្ស​ប្រឆាំង និង​អ្នក​រិះគន់​រឿង​កូវីដ-១៩

0:00 / 0:00

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃស៍ វ៉ច្ឆ (Human Rights Watch) ពិនិត្យ​ឃើញថា អាជ្ញាធរ​កម្ពុជា​កំពុង​ប្រើ​ប្រាស់​ការ​ឆ្លង​រាល​ដាល​ជំងឺ​កូវីដ-១៩ ដើម្បី​​បន្ត​ចាប់​ខ្លួន​អ្នក​គាំទ្រ​បក្ស​ប្រឆាំង និង​អ្នក​រិះគន់​រដ្ឋាភិបាល​តាម​ទំនើង​ចិត្ត។ អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ​បាន​បើក​យុទ្ធនាការ​​ចាប់​ខ្លួន​ពលរដ្ឋ និង​មន្ត្រី​មូលដ្ឋាន​បក្ស​ប្រឆាំង​ជាថ្មី​ទៀត ស្រប​ពេល​ការ​ឆ្លង​រាល​ដាល​ជំងឺ​កូវីដ-១៩​។

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃស៍ វ៉ច្ឆ (Human Rights Watch) ទាម​ទារ​ឱ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន ទម្លាក់​ចោល​ជា​បន្ទាន់ និង​ដោយ​ឥត​លក្ខខណ្ឌ សំណុំ​រឿង​​​ព្រហ្មទណ្ឌ​ប្រឆាំង​​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ និង​អ្នក​រិះគន់​រដ្ឋាភិបាល ព្រោះ​ទង្វើ​នេះ ​ជា​ការ​រំលោភ​បំពាន​សិទ្ធិ​សេរីភាព​​បញ្ចេញ​មតិ និង​សេរីភាព​ខាង​សមាគម។

អង្គការ​អន្តរជាតិ​មួយ​នេះ​រក​ឃើញ​ថា គិត​ពី​ចុង​ខែមករា ដល់​ខែ​មេសា អាជ្ញាធរ​កម្ពុជា​បាន​ចាប់​ខ្លួន​មនុស្ស​យ៉ាង​ហោច​ណាស់ ៣០នាក់ ក្នុង​នោះ​១៤ នាក់ កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ ២ នាក់​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​នៅ​ក្រៅ​ឃុំ ហើយ​ក្រៅ​ពី​នេះ​អាជ្ញាធរ​ឱ្យ​​ធ្វើ​កិច្ច​សន្យា​ រួច​ដោះ​លែង​វិញ។ ក្នុង​ចំណោម​មនុស្ស​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​នោះ មាន ១២នាក់ គឺ​ជា​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​ពួក​គេ​ស្ទើរ​តែ​ទាំង​អស់​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ។ អាជ្ញាធរ​បាន​ចោទ​ប្រកាន់​អ្នក​ទាំងនោះ​ពី​បទ​រួម​គំនិត​ក្បត់ ញុះញង់​កុំ​ឱ្យ​យោធា​ស្ដាប់​បង្គាប់ ញុះញង់​ឱ្យ​​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ និង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​ ជាដើម។

នាយក​រង​ទទួល​បន្ទុក​កិច្ច​ការ​តំបន់​អាស៊ី​នៃ​អង្គការ Human Rights Watch លោក ហ្វីល រ៉ូបឺតសុន (Phil Robertson) ថ្លែង​​ក្នុង​សេចក្ដី​ថ្លែងការណ៍​​ចេញ​នៅ​ថ្ងៃ​ទី២៩ មេសា​ថា លោកនាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន កំពុង​មមាញឹក​​នឹង​ការ​ពង្រឹង​អំណាច​ឱ្យ​ណែន​ក្នុង​​ដៃ​ ហើយ​​ចាប់​អ្នក​រិះគន់ និង​សកម្មជន​បក្ស​ប្រឆាំង​ដាក់​ពន្ធនាគារ​បន្ថែម​ទៀត ស្រប​ពេល​ពិភពលោក​កំពុង​​​ឈឺ​ក្បាល​ដោយសារ​​ជំងឺ​កូវីដ-១៩។ លោក​បន្ត​ថា សកម្មភាព​នយោបាយ​ដោយសន្តិវិធី និង​ការ​រិះគន់​រដ្ឋាភិបាល មិន​មែន​ជា​បទ​ល្មើស​នោះ​ទេ ទោះ​ជា​នៅ​ក្នុង​ពេល​ផ្ទុះ​ជំងឺ​ឆ្លង​នេះ​ក៏​ដោយ។ លោក​ទាមទារ​ឱ្យ​​អាជ្ញាធរ​កម្ពុជា​ ​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់​បែប​ប្រឌិត​ទាំង​នេះ និង​ដោះលែង​អ្នក​ជាប់​ឃុំ​ទាំងនោះ​ឱ្យ​​មាន​សេរីភាព​វិញ។

ជុំវិញ​រឿង​នេះ អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន ​ធ្លាប់​ប្រាប់​អាស៊ី​សេរី​ថា កម្ពុជា​មិន​មាន​ការ​ចាប់​ខ្លួន​​តាម​ទំនើង​ចិត្ត​ឡើយ។ លោក​ថា ​រដ្ឋាភិបាល​ចាត់​វិធានការ​ច្បាប់​ទៅ​​លើ​អ្នក​ដែល​ចង់​បង្ក​​ចលាចល​សង្គម​ប៉ុណ្ណោះ​ ហើយ​ការ​អនុវត្ត​នេះ​ទៀត​សោត ក៏​មិន​មែន​​សំដៅ​តែ​ទៅ​លើ​សកម្មជន​គណបក្ស​ប្រឆាំង​នោះ​ដែរ៖ « ការ​អំពាវនាវ​នេះ គឺ​ជា​ការ​អំពាវ​នាវ​ដោយ​ផ្ទុយ​ទៅ​នឹង​ច្បាប់​របស់​កម្ពុជា ហើយ​រដ្ឋាភិបាល​មិន​មាន​គោលដៅ​ចាប់​ខ្លួន​ក្រុម​ប្រឆាំង ឬ​បក្ស​ប្រឆាំង​អ្វី​នោះ​ទេ គឺ​រដ្ឋាភិបាល​មាន​ចំណាត់​ការ​ច្បាប់​លើ​អ្នក​ដែល​បំពាន​ច្បាប់​តែ​ប៉ុណ្ណោះ » ។​

ទោះជាយ៉ាងណា អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ Human Rights Watch ពិនិត្យ​​ឃើញ​ថា ការ​ចាប់ខ្លួន​ជាច្រើន​ករណី​នេះ កើត​ឡើង​នៅ​ក្នុង​បរិបទ​នៃ​ការ​បង្ក្រាប​ជាថ្មី​​ទៀត​របស់​រដ្ឋាភិបាល​លើ​សិទ្ធិពលរដ្ឋ និង​សិទ្ធិ​នយោបាយ។ ជាង​នេះ​ទៅទៀត រដ្ឋាភិបាល​កម្ពុជា​កំពុង​ពន្លឿន​ការ​ធ្វើ​ច្បាប់​គ្រប់គ្រង​ប្រទេស​ក្នុង​ភាព​អាសន្ន ដែល​នឹង​បើក​ផ្លូវ​ឱ្យ​រដ្ឋាភិបាល​គាបសង្កត់​សិទ្ធិ​សេរីភាព​បញ្ចេញមតិ ការ​ជួប​ប្រជុំ និង​ការ​ប្រមូល​ផ្ដុំ​របស់​ពលរដ្ឋ។

មន្ត្រី​សិទ្ធិមនុស្ស​អន្តរជាតិ លោក ហ្វីល រ៉ូបឺតសុន មាន​ប្រសាសន៍​ថា ច្បាប់​គ្រប់គ្រង​ប្រទេស​ក្នុង​ភាព​អាសន្ន​នឹង​ក្លាយ​ជា​គ្រោះ​មហន្តរាយ​សម្រាប់​វិស័យ​សិទ្ធិមនុស្ស​របស់​ពលរដ្ឋ​ខ្មែរ ព្រោះ​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ​របស់​ពួកគេ​នឹង​ត្រូវ​បាន​ដក​ហូត។ លោក​សង្កត់​ធ្ងន់​ថា ​រដ្ឋាភិបាល​ និង​ម្ចាស់​ជំនួយ​បរទេស​ទាំង​អស់​ត្រូវ​តែ​ទាម​ទារ​ឱ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន ផ្ដោត​អាទិភាព​លើ​បញ្ហា​​សុខភាព​​សាធារណៈ​នៅ​ពេល​កំពុង​មាន​វិបត្តិ​​ ជាជាង​បង្កើន​ការ​គាប​សង្កត់​លើ​សិទ្ធិ​មូលដ្ឋាន​​របស់​ពលរដ្ឋ​យ៉ាង​ដូច្នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។