លោក ហ៊ុន ម៉ាណែត ថា កម្ពុជា​លើកកម្ពស់​សេរីភាព​សារព័ត៌មាន ខណៈ​រដ្ឋាភិបាល​បិទ​ខ្ទប់​សារព័ត៌មាន​ឯករាជ្យ

0:00 / 0:00

លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថា កម្ពុជា​បាន​ប្រឹងប្រែង​លើកកម្ពស់​សេរីភាព​សារព័ត៌មាន និង​ជំរុញ​ឱ្យ​អ្នកសារព័ត៌មាន​ហ៊ាន​និយាយ​ការ​ពិត រិះគន់ ដើម្បី​​ស្ថាបនា​ពី​បញ្ហា​អយុត្តិធម៌ និង​អំពើពុករលួយ​ក្នុង​សង្គម។ អ្នក​ឃ្លាំ​មើល​ថា​ការ​លើក​ឡើង​នេះ​ ហាក់​ពុំ​ឆ្លុះបញ្ចាំង​ពី​ការ​ពិត​នោះ​ទេ ខណៈ​ដែល​រដ្ឋាភិបាល ដឹកនាំ​ដោយ​ត្រកូល «ហ៊ុន» នៅ​តែ​បន្ត​បិទ​ខ្ទប់​ស្ថាប័ន​សារព័ត៌មាន​ឯករាជ្យ និង​រឹតត្បិត​សិទ្ធិ​សេរី​បញ្ចេញ​មតិ​របស់​ពលរដ្ឋ​កាន់​តែ​ខ្លាំង នា​ពេល​បច្ចុប្បន្ន។

អ្នក​ឃ្លាំមើល​ថា បច្ចុប្បន្ន សេរីភាព​សារព័ត៌មាន​បន្ត​ធ្លាក់​ចុះ​ខ្លាំង ហើយ​ស្ថាប័ន​ព័ត៌មាន​ឯករាជ្យ ត្រូវ​បាន​បិទ​ខ្ទប់ ចំណែក​អាជ្ញាធរ​រដ្ឋ បន្ត​ធ្វើ​ទុក្ខបុកម្នេញ​លើ​អ្នក​សារព័ត៌មាន​ដែល​ហ៊ាន​រាយការណ៍​ពាក់ព័ន្ធ​បញ្ហា​រសើប​នៅ​ក្នុង​សង្គម។

ការ​កត់សម្គាល់​របស់​អ្នក​ឃ្លាំ​មើល​នេះ គឺ​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​លោក ហ៊ុន ម៉ាណែត ដែល​បាន​ថ្លែង​កោតសរសើរ និង​លើក​ឡើង​ថា​ សមិទ្ធផល​ដ៏​ធំធេង និង​ភាព​ជោគជ័យ​យ៉ាង​ត្រចះត្រចង់​ដែល​រាជ​រដ្ឋាភិបាល​ទទួល​បាន​នា​ពេល​កន្លង​មក គឺ​មាន​ការ​ចូល​រួម​យ៉ាង​សកម្ម និង​មិន​អាច​កាត់ផ្ដាច់​បាន​ពី​ស្ថាប័ន​សារព័ត៌មាន។ ទន្ទឹម​នឹង​នោះ លោក​ថា រាជរដ្ឋាភិបាល​តែងតែ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​លើក​តម្កើង​ សិទ្ធិ​សេរីភាព​សារព័ត៌មាន និង​សេរីភាព​បញ្ចេញមតិ ស្រប​តាម​រដ្ឋធម្មនុញ្ញ​កម្ពុជា និង​ច្បាប់​ស្ដីពី​របប​សារព័ត៌មាន។

ជាង​នេះ​ទៅទៀត លោកហ៊ុន ម៉ាណែត ថា រាជរដ្ឋាភិបាល​ត្រូវ​ការ​សារព័ត៌មាន ដែល​មាន​ការ​ទទួល​ខុស​ត្រូវ​ ​មាន​ភាព​ស្មោះត្រង់ ចំពោះ​វិជ្ជាជីវៈ និង​អ្នក​សារព័ត៌មាន ដែល​ហ៊ាន​និយាយ​ការ​ពិត ហ៊ាន​រិះគន់​ក្នុង​ន័យ​ស្ថាបនា ដើម្បី​ប្រឆាំង​អំពើ​ពុករលួយ និង​ការ​ជួយ​កែ​ទម្រង់​ប្រព័ន្ធ​យុត្តិធម៌​សង្គម ប្រព័ន្ធ​រដ្ឋបាល​សាធារណៈ ការ​លើក​ស្ទួយ​លទ្ធិ​ប្រជាធិបតេយ្យ ការ​គោរព​សិទ្ធិមនុស្ស ​និង​ការ​កសាង​សង្គម​មួយ​ប្រកប​ដោយ​ភាព​យុត្តិធម៌។

ការ​លើក​ឡើង​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នេះ​ធ្វើ​ឡើង​តាម​រយៈ​សារ​លិខិត​ផ្ញើ​ទៅ​កាន់​​ វេទិកា​និពន្ធ​នាយក​សារព័ត៌មាន​កម្ពុជា លើក​ទី២១ ស្ដីពី «វិជ្ជាជីវៈ​សារព័ត៌មាន និង​ការ​បញ្ចេញមតិ» ដែល​នឹង​រៀបចំ​ដោយ​ក្លឹប​អ្នក​ការ​សែត​កម្ពុជា នៅ​ថ្ងៃ​ទី២១ ខែធ្នូ​ខាង​មុន​នេះ។

ប្រធាន​សមាគម​សម្ព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា ហៅ​កាត់​ថា ខេមបូចា (Camboja) លោក ណុប វី ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី១៨ ខែធ្នូ ថា ការ​លើក​ឡើង​របស់​រដ្ឋាភិបាល​បែប​នេះ គឺ​ជា​រឿង​ល្អ ប៉ុន្តែ រដ្ឋាភិបាល​គួរតែ​ពិនិត្យ​មើល​ឡើង​វិញ ពាក់ព័ន្ធ​ការ​បើក​លំហ​សេរីភាព​សារព័ត៌មាន​ឱ្យ​បាន​ត្រឹម​ត្រូវ និង​មាន​ប្រសិទ្ធភាព​ខ្ពស់។ លោក​សង្កេត​ឃើញ​ថា ចាប់​​តាំង​ពី​ឆ្នាំ២០១៧ រហូត​មក​ទល់​សព្វ​ថ្ងៃនេះ ស្ថាប័ន​ឯករាជ្យ និង​អ្នក​សារព័ត៌មាន ដែល​ហ៊ាន​រាយការណ៍​រឿង​រសើប​ពី​បញ្ហា​សង្គម​មិន​មាន​ការ​កើន​ឡើង​នោះ​ទេ គឺ​មាន​តែ​ថយ​ចុះ ដោយ​សារ​តែ​លំហ​សេរីភាព​និង​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព នៅ​តែ​បន្ត​កើត​មាន។

បន្ថែម​ពី​នោះ​ លោក​ថា ដើម្បី​បញ្ជាក់​ថា​រដ្ឋាភិបាល​យក​ចិត្ត​ទុក​ដាក់​លើ​សេរីភាព​សារព័ត៌មាន​មែន​នោះ​រដ្ឋាភិបាល​គួរតែ​បង្កើត​គោល​នយោបាយ​ការពារ​អ្នក​សារព័ត៌មាន និង​បើក​លំហ​ដល់​ស្ថាប័ន​ព័ត៌មាន​ឯករាជ្យ​មួយ​ជាក់លាក់ ក្នុង​នោះ​រដ្ឋាភិបាល​ត្រូវ​ពន្លឿន​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​របប​សារព័ត៌មាន និង​ពន្លឿន​ការ​អនុម័ត​ច្បាប់ ស្ដីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន ដើម្បី​ការពារ​សុវត្ថិភាព​អ្នក​សារព័ត៌មាន​។ឋ​លោក​អះអាង​ថា​ ការ​ធ្វើ​បែប​នេះ ដើម្បី​បញ្ឈប់​បញ្ហា​និទ្ទណ្ឌភាព​មក​លើ​អ្នក​សារព័ត៌មាន​តទៅ​ទៀត។

លោក ណុប វី៖«ការ​អនុម័ត​ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ហ្នឹង​គួរតែ​ពន្លឿន និង​អនុម័ត​ឱ្យ​បាន​ឆាប់​រហ័ស​ដើម្បី​ជួយ​ជំរុញ​ក្នុង​ការ​អនុវត្ត​​​សេរីភាព​និង​សិទ្ធិ​របស់​អ្នក​សារព័ត៌មាន ដើម្បី​ទទួល​បាន​ព័ត៌មាន និង​ការ​ការពារ​សន្តិសុខ សុវត្ថិភាព​ទៅ​ដល់​អ្នក​សារព័ត៌មាន​គឺ​ជា​រឿង​ដែល​កាន់​តែ​សំខាន់​ទៅ​ទៀត​។ យើង​ឃើញ​ថ្មីៗនេះ​ អ្នក​សារព័ត៌មាន​ម្នាក់​នៅ​ក្នុង​ខេត្ត​សៀមរាប គាត់​ត្រូវ​បាន​គេ​បាញ់​សម្លាប់​ដោយ​សារ​តែ​គាត់ ដោយ​សារ​តែ​គាត់​បាន​ចុះ​យក​ព័ត៌មាន ហើយ​ធ្វើ​ការ​រាយការណ៍​ព័ត៌មាន​ច្រើន​ទាក់ទង​បទល្មើស​ព្រៃ​ឈើ​ក្នុង​សហគមន៍​ជនជាតិ​ដើម»។

គិត​ត្រឹម​ឆ្នាំ២០២៤ នេះ អង្គការ​អ្នករាយការណ៍​គ្មាន​ព្រំដែន (Reporters Without Borders) បាន​ដាក់​កម្ពុជា​ជាប់​ក្នុង​ចំណាត់​ថ្នាក់​ទី១៥១ ក្នុង​ចំណោម ១៨០ប្រទេស ដែល​ជា​ចំណាត់ថ្នាក់​អន់​បំផុត​ផ្នែក ​សេរីភាព​សារព័ត៌មាន​របស់​ពិភព​លោក។ ករណី​នេះ ដោយ​សារ​តែ​រដ្ឋាភិបាល​ដឹក​នាំ​ដោយ​អតីត​នាយក​រដ្ឋមន្ត្រី និង​ជា​ប្រធាន​ព្រឹទ្ធសភា​ លោក ហ៊ុន សែន និង​នាយក​រដ្ឋមន្ត្រី​លោក ហ៊ុន ម៉ាណែត បន្ត​បិទ​ខ្ទប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ជា​បន្តបន្ទាប់។

ទាក់ទិន​រឿង​នេះ អ្នក​ធ្វើ​អធិប្បាយ​ពី​បញ្ហា​នយោបាយ និង​សង្គម លោក គឹម សុខ លើក​ឡើង​ថា ការ​ថ្លែង​​​​របស់​លោក ហ៊ុន ម៉ាណែត ដែល​ថា រដ្ឋាភិបាល​របស់​លោក ប្រឹងប្រែង​លើក​កម្ពស់​សិទ្ធិ​សេរីភាព​សារព័ត៌មាន និង​បើក​លំហ​​សេរីភាព​បញ្ចេញ​មតិ​​របស់​ពលរដ្ឋ​នោះ គឺ​គ្រាន់​​តែ​ជា​នយោបាយ​ប្រជាភិថុតិ និយាយ​ដើម្បី​បិទ​បាំង ពី​ការ​ដឹកនាំ​ផ្ដាច់ការ​របស់​ត្រកូល «ហ៊ុន» ប៉ុណ្ណោះ ព្រោះ​លោក​ថា សព្វ​ថ្ងៃ​នេះ អ្នក​សារព័ត៌មាន និង​ស្ថាប័ន​ព័ត៌មាន​ឯករាជ្យ​ជា​ច្រើន ត្រូវ​បាន​អាជ្ញាធរ​ក្រុង​ភ្នំពេញ​វាយ​កម្ទេច និង​បិទ​ខ្ទប់​មិន​ឱ្យ​មាន​តទៅ​ទៀត​នោះ​ឡើយ។

លោក គឹម សុខ៖«ខ្ញុំ​មិន​ដឹង​ថា​លោក ហ៊ុន ម៉ាណែត យក​អ្វី​ទៅ​អួត​ពី​ការ​លើក​កម្ពស់​សេរីភាព​សារព័ត៌មាន​នៅ​ប្រទេស​កម្ពុជា នៅ​ពេល​ដែល​ប្រព័ន្ធ​ព័ត៌មាន​សេរី​ដែល​ផ្សាយ​អំពី​ការ​ពិត បញ្ហា​អយុត្តិធម៌​សង្គម និង​អំពើ​ពុករលួយ និង​ការ​កាប់​ព្រៃ​ឈើ​ជា​ដើម​នោះ​ ប្រព័ន្ធ​ព័ត៌មាន​សេរី​ទាំង​នោះ​មិន​អាច​ផ្សាយ​នៅ​ក្នុង​ស្រុក​បាន​ផង​ហ្នឹង។​ សេចក្ដីថ្លែង​របស់​លោក​ ហ៊ុន ម៉ាណែត ជា​សារ​នយោបាយ​ប្រជាភិថុតិ​សុទ្ធសាធ លោក​ហ៊ុន ម៉ាណែត អត់​មាន​ការ​ខ្វះ​អៀន​សូម្បី​តែ​បន្តិច នៅ​ពេល​ដែល​និយាយ​អំពី​ការ​លើក​កម្ពស់​សេរីភាព​សារព័ត៌មាន»។

កាល​ពី​ដើម​ឆ្នាំ២០២៣ អតីត​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​ឱ្យ​ក្រសួង​ព័ត៌មាន​បិទ​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ (VOD) និង​បិទ​ខ្ទប់​គេហទំព័រ ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ជា​បន្ត​បន្ទាប់​មិន​ឱ្យ​ពលរដ្ឋ​ចូល​ទៅ​អាន​ព័ត៌មាន ដូច​ជា វិទ្យុ​អាស៊ី​សេរី មូលដ្ឋាន​ទិន្នន័យ​សាធារណៈ​កំណត់ត្រា (Kamnotra) និង​កាសែត​ខេមបូឌា ដេលី (Cambodia Daily) ជា​ដើម។ ករណី​នេះ​ត្រូវ​បាន​អង្គការ​ជាតិ​ និង​អន្តរជាតិ​រិះគន់​ថា ធ្វើ​ឱ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​បរិយាកាស​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ក្នុង​ស្រុក​ និង​រំលោភ​​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​របស់​ពលរដ្ឋ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។