នាយករដ្ឋមន្ត្រី​ប្រឌិត​ព័ត៌មាន

0:00 / 0:00

លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រកាស​ដាក់​ចេញ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ ប៉ុន្តែ​បន្តិចម្ដងៗ​ លោក​កំពុង​ធ្វើ​ខ្លួន​ជា​អ្នក​ផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងក្លាយ​ទៅ​វិញ។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កំពុង​បង្ហាញ​ឱ្យ​គេ​ឯង​មើល​ឃើញ​ថា លោក​ជា​អ្នក​សាប​ព្រួស​ព័ត៌មាន​ក្លែងក្លាយ និង​បំភ័ន្ត​សាធារណៈ​មតិ។ ជារឿយៗ លោក និង​ឪពុក​របស់​លោក គឺ​លោក ហ៊ុន សែន ព្រម​ទាំង​មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​មួយ​ចំនួន​ទៀត នាំ​គ្នា​ប្រឌិត​ (ប្រតិដ្ឋ) រឿង​វាយ​ប្រហារ​វិទ្យុ​អាស៊ីសេរី ទាំង​ដែល​វិទ្យុ​អាស៊ី​សេរី​មិន​ធ្លាប់​បាន​ចុះ​ផ្សាយ ឬក៏​ធ្វើ​បទ​សម្ភាស​អំពី​ព័ត៌មាន​ទាំងនោះ​ផង។ ករណី​ខ្លះ​ទៀត វិទ្យុ​អាស៊ី​សេរី​ថែមទាំង​បាន​ចុះផ្សាយ​ផ្ទៀងផ្ទាត់​ការ​ពិត​ថែម​ទៀត តួ​យ៉ាង​ករណី​មាន​គេ​កាត់​ត​សំឡេង​លោក ហ៊ុន សែន កាល​ជាង ១០ឆ្នាំ​មុន​ថា លោក​បម្រើ​វៀតណាម ជាដើម​នោះ ក៏​ខាង​រដ្ឋាភិបាល​នៅតែ​ប្រឌិត​រឿង​ប្រឆាំង​នឹង​អាស៊ីសេរី​បាន​ដែរ។

ករណី​ថ្មី​ចុង​ក្រោយ​នេះ គឺ​នៅ​ក្នុង​ទិវា​សេរីភាព​សារព័ត៌មាន និង​ពិធី​ជួបជុំ​ទទួល​ទាន​អាហារ​ជាមួយ​អ្នក​សារព័ត៌មាន​ កាល​ពី​ថ្ងៃ​ទី៣ ឧសភា លោក ហ៊ុន ម៉ាណែត បាន​ប្រឌិត​ព័ត៌មាន​ថា វិទ្យុ​អាស៊ីសេរី​បង្កើត​ព័ត៌មាន​ដោយ​ខ្លួន​ឯង​ប្រឆាំង​នឹង​គម្រោង​ព្រែកជីក​ហ្វូណន។

លោក ហ៊ុន ម៉ាណែត៖«រឿង​អាស៊ី​សេរី​ប្រឆាំង​នឹង​ព្រែកជីក​ហ្វូណន យក​មន្ត្រី​ជាន់ខ្ពស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ថា មន្ត្រី​ហ្នឹង​អ្នក​និយាយ។ តាមពិត គ្មាន​មន្ត្រី​ណា​អ្នក​និយាយ​ទេ ខ្លួន​ឯង​ហ្នឹង​អ្នក​និយាយ តែ​មិន​ហ៊ាន​ទទួល​ខុសត្រូវ ហើយ​មួយ​ទៀត គេ​យក​វិធី​ចិត្តសាស្ត្រ និយាយ​មេក្រូ​អត់​សូវ​ឮ​ទេ តែ​បើ​ខ្សឹប​ឮ​ជាង ហើយ​បើ​ខ្សឹប ហើយ​ប្រាប់​ថា កុំ​ប្រាប់​គេ ប្រយ័ត្ន​ដាច់​ក នោះ​កាន់​តែ​ជឿ​ទៀត»។

ក្នុង​វេទិកា​ដដែល​នេះ លោក ហ៊ុន ម៉ាណែត បាន​ប្រឌិត​រឿង​មួយ​ទៀត​ថា វិទ្យុ​អាស៊ីសេរី​បាន​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត ​ទាក់ទង​នឹង​ការ​រក្សា​តួនាទី​របស់​លោក គុណ ញឹម ជា​អគ្គនាយក​គយ និង​រដ្ឋាករ។

លោក ហ៊ុន ម៉ាណែត៖«អាណត្តិ​ថ្មី​នេះ ខ្ញុំ​ជា​នាយករដ្ឋមន្ត្រី រឿង​តែងតាំង ឬ​មិន​តែងតាំង ជា​ឆន្ទានុសិទ្ធិ​របស់​ខ្ញុំ។ ឥលូវ វិទ្យុ​អាស៊ី​សេរី វិទ្យុCambodia Dailyដែល​ផ្សាយ​ហ្នឹង​ចង់​ឱ្យ​ឯកឧត្ដម គុណ ញឹម ត្រូវ​ខ្ញុំ​មិន​ពន្យារ​ឱ្យ ឬ​មួយ​ក៏​យ៉ាងណា ខ្ញុំ​ថា បើ​ចង់​បាន​អ៊ីចឹង ខ្ញុំ​នឹង​ឱ្យ​ឯកឧត្ដម គុណ ញឹម ទៅ​ដល់​ឆ្នាំ ២០២៨ ដោយ​គ្មាន​ការ​កែ​សម្រួល ចង់​បាន​ទៅ»។

វិទ្យុ​អាស៊ី​សេរី​មិន​ធ្លាប់​ចុះ​ផ្សាយ​អត្ថបទ​អំពី​រឿង​រក្សា​តួនាទី​លោក គុណ ញឹម និង​រឿង​មន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និយាយ​រឿង​ព្រែកជីក​ហ្វូណន​នោះ​ទេ។

យ៉ាង​ណា​ក៏​ដោយចុះ សារ​ចោទ​ប្រកាន់​គ្មាន​ការ​ពិត​ទាំងនេះ ឆ្លុះ​បញ្ចាំង​អំពី​ចំណុច​សំខាន់​ពីរ​យ៉ាង​របស់​លោក ហ៊ុន ម៉ាណែត។ ទី​មួយ លោក​ជា​មេដឹកនាំ​អសមត្ថភាព​ក្នុង​ការ​គ្រប់គ្រង​ព័ត៌មាន ឬក៏​ជឿ​តាម​តែ​របាយការណ៍​ខ្វះ​ការ​ពិត​របស់​ក្រុម​ដៃ​ជើង​របស់​លោក។ ទីពីរ លោក​ដឹង​រឿង​នេះ​ដែរ ប៉ុន្តែ​លោក​មាន​ចេតនា​បំភ័ន្ត​ព័ត៌មាន ដោយ​និយាយ​ភ្ជាប់​វិទ្យុ​អាស៊ីសេរី​ទៅ​នឹង​ស្ថាប័ន​ព័ត៌មាន​ផ្សេង​ទៀត​ដែល​ផ្សាយ​ពី​រឿង​ទាំងនេះ។

តាម​មើល​ទៅ លោក ហ៊ុន ម៉ាណែត ប្រហែលជា​មាន​ចេតនា​បំភ័ន្ត​ព័ត៌មាន​ច្រើន​ជាង ពីព្រោះ​ក្នុង​នាម​ជា​មេ​ក្រុម​អុក​ឡុក​តាម​បណ្ដាញ​សង្គម (Cyber War Room) លោក​អាច​ក្ដាប់​បាន​ព័ត៌មាន​ទាំងអស់​ក្នុង​ដៃ។ លោក​ទំនង​ជា​មាន​ទិសដៅ​បន្សាប​ព័ត៌មាន​របស់​ស្ថាប័ន​ព័ត៌មាន​ឯករាជ្យ ដើម្បី​ឱ្យ​ពលរដ្ឋ​ទទួល​បាន​ព័ត៌មាន​តែ​មួយ​ជ្រុង​ដែល​របប​ដឹកនាំ​របស់​លោក​ហៅថា ជា «សន្តិភាព» នោះ​ឯង។

ក្រៅពី​សាប​ព្រោះ​ព័ត៌មាន​ក្លែងក្លាយ​ហើយ​នោះ លោក ហ៊ុន ម៉ាណែត ក៏​កំពុង​ធ្វើ​ត្រាប់​តាម​ឪពុក​របស់​លោក​មួយ​ចំណុច​ទៀត​ដែរ គឺ​តាំង​ខ្លួន​ជា​គ្រូ​របស់​អ្នក​សារព័ត៌មាន។ លោក​ប្រដៅ​អ្នក​សារព័ត៌មាន​ឱ្យ​ធ្វើ​នេះ​ធ្វើ​នោះ​ ទៅ​តាម​ការ​ចង្អុល​បង្ហាញ​របស់​លោក។ ប៉ុន្តែ​ក្នុង​ពេល​ជាមួយ​គ្នា លោក​គ្មាន​សេចក្ដី​ក្លាហាន​គ្រប់គ្រាន់​ ក្នុង​ការ​បើក​លំហ​សេរីភាព​សារព័ត៌មាន​ឯករាជ្យ​នោះ​ឡើយ។ ដោយឡែក​អ្នកសារព័ត៌មាន​ក្នុង​ស្រុក​វិញ ពួកគេ​មួយ​ចំនួន​បាន​បោះបង់​ចោល​មនសិការ​វិជ្ជាជីវៈ ហើយ​ក្លាយ​ខ្លួន​ជា​ឃោសនិក​របស់​គណបក្ស​កាន់អំណាច។ អ្នក​ខ្លះ​ទៀត​នាំ​គ្នា​លុតក្រាប និង​ដាក់​ខ្លួន​បម្រើ​ក្រុម​គ្រួសារ​លោក ហ៊ុន សែន ពីព្រោះ​តែ​ពួកគេ​ទទួល​បាន​លុយកាក់ ឬ​បុណ្យ​ស័ក្ដិ​ លាភ​សក្ការៈ​ពី​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ៕