លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ហាក់ព្រួយបារម្ភខ្លាំងចំពោះការផ្សព្វផ្សាយព័ត៌មានឧក្រិដ្ឋកម្មជាពិសេសពាក់ព័ន្ធនឹងការជួញដូរមនុស្ស និងអំពើឆបោកចាប់ជំរិតមនុស្សនៅកម្ពុជា ប៉ុន្តែលោកមិនបានបង្ហាញឆន្ទៈក្នុងការបង្ក្រាបមេខ្លោងធំៗដែលនៅពីក្រោយឧក្រិដ្ឋកម្មទាំងនេះទេ។ មន្ត្រីសិទ្ធិមនុស្សរិះគន់ថា រដ្ឋាភិបាលបានត្រឹមតែបង្ហាញជំហរប្ដេជ្ញាចិត្ត ប៉ុន្តែការអនុវត្តក្នុងការទប់ស្កាត់អំពើជួញដូរមនុស្សនៅតែគ្មានប្រសិទ្ធភាព។
ក្នុងទិវាជាតិប្រឆាំងការជួញដូរមនុស្សសម្រាប់ឆ្នាំ២០២៤ ទាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក សុខា មិនបានបញ្ជាក់ជំហរ និងបង្ហាញពីការប្ដេជ្ញាចិត្តក្នុងការបង្ក្រាបឱ្យដល់ឫសគល់នៃមេខ្លោងធំៗ ពាក់ព័ន្ធនឹងអំពើជួញដូរមនុស្សនោះទេ។
ទោះជាយ៉ាងណា លោក ហ៊ុន ម៉ាណែត ទទួលស្គាល់ថា ការកើតឡើងនៃបទល្មើសជួញដូរមនុស្សក្នុងយុគសម័យកាន់តែទំនើបដែលកំពុងកើតមាននៅលើទឹកដីកម្ពុជា មិនត្រឹមតែប៉ះពាល់ដល់ជនរងគ្រោះប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យប៉ះពាល់ដល់មុខមាត់កម្ពុជាទាំងមូល។ លោក ហ៊ុន ម៉ាណែត ក៏បានប្រតិកម្មនឹងរបាយការណ៍អន្តរជាតិ ដែលទំនងចង់សំដៅដល់សហរដ្ឋអាមេរិក ដែលផ្ដល់ចំណាត់ថ្នាក់កម្ពុជា ៣ឆ្នាំចុងក្រោយ ជាប្រទេសមានអំពើជួញដូរមនុស្សធ្ងន់ធ្ងរ ដោយលោកចាត់ទុកថា មិនឆ្លុះបញ្ចាំងពីការពិត និងមិនយុត្តិធម៌។ លោកចាត់ទុកអំពើជួញដូរមនុស្សជាបញ្ហាសកល និងអះអាងថា កម្ពុជាក៏មិនបានព្រងើយកន្តើយក្នុងការបង្ក្រាប និងទប់ស្កាត់អំពើជួញដូរមនុស្ស ក្នុងទម្រង់កេងប្រវ័ញ្ចកម្លាំងពលកម្ម និងអាជីវកម្មផ្លូវភេទឡើយ។
លោក ហ៊ុន ម៉ាណែត៖«ក្នុងនាមរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមប្រកាសជាឧឡារិកថា រាជរដ្ឋាភិបាលនៅតែបន្តការប្ដេជ្ញាចិត្តខ្ពស់ប្រឆាំងដាច់ខាតរាល់ទម្រង់ នៃឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេស អំពើជួញដូរមនុស្ស និងលើកកម្ពស់ការបង្ការទប់ស្កាត់ និងការបង្ក្រាបរាល់កលល្បិចនៃក្រុមឧក្រិដ្ឋជន បន្តអនុវត្តរាល់បទដ្ឋាន ដែលជាប្រយោជន៍ការលើកកម្ពស់ការគោរពសិទ្ធិមនុស្ស»។
លោក ហ៊ុន ម៉ាណែត ប្រកាសបែបនេះនៅពេលចូលរួមក្នុងទិវាប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សលើកទី១៨ ក្រោមប្រធានបទ «កម្ពុជាប្រឆាំងដាច់ខាតអំពើជួញដូរមនុស្សគ្រប់ទម្រង់ និងគ្រប់មធ្យោបាយក្នុងយុគសម័យឌីជីថល» ប្រចាំឆ្នាំ២០២៤ នៅរាជធានីភ្នំពេញនៅថ្ងៃទី១២ ខែធ្នូ។ លោក ហ៊ុន ម៉ាណែត ក៏បានបញ្ជាដល់ក្រសួងស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរជំនាញទប់ស្កាត់ឱ្យមានប្រសិទ្ធភាពចំពោះការផ្សព្វផ្សាយព័ត៌មានដែលលោកអះអាងថា មិនឆ្លុះបញ្ចាំងពីការពិតមួយចំនួននាពេលកន្លងមកដែលមានជនរងគ្រោះ រងការធ្វើទារុណកម្ម ចាប់ជំរិត និងករណីទាសករឈាម ដើម្បីកុំឱ្យប៉ះពាល់មុខមាត់កម្ពុជា។
ថ្វីបើបែបនេះក្ដី បទល្មើសជួញដូរមនុស្ស និងឆបោកតាមអនឡាញនៅកម្ពុជា នៅតែបន្តកើតមានឡើង និងហាក់កាន់តែមានស្ថានភាពធ្ងន់ធ្ងរ ដោយសារតែក្រុមជនល្មើសកាន់តែពង្រីកបណ្ដាញ និងប្រើមធ្យោបាយកាន់តែទំនើប ដើម្បីប្រតិបត្តិការក្នុងឧស្សាហកម្មឆបោកតាមអនឡាញ និងអំពើជួញដូរមនុស្សនៅកម្ពុជា។ ជាក់ស្ដែង កាលពីថ្ងៃទី២ ខែធ្នូ គេហទំព័រអគ្គស្នងការដ្ឋាននគរបាលជាតិ ឱ្យដឹងថា កម្លាំងជំនាញរឹបអូសបានកាំភ្លើងខ្លីចំនួន ៣ដើម និងបានឃាត់ខ្លួនជនសង្ស័យជនជាតិចិន និងខ្មែរចំនួន ២នាក់ ពាក់ព័ន្ធករណីចាប់ជំរិត និងបង្ខាំងជនជាតិចិនដូចគ្នា ដើម្បីជំរិតទារប្រាក់។
ក្នុងរយៈពេល ៦ខែ ដើមឆ្នាំ២០២៤ សមត្ថកិច្ចបង្ក្រាបបានអំពើជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទ១០៤ករណី និងឃាត់ខ្លួនជនសង្ស័យចំនួន ១៣៤នាក់។ ជាមួយគ្នានេះ សមត្ថកិច្ចបានជួយសង្គ្រោះជនរងគ្រោះ ២៩០នាក់។ ក្នុងចំណោមជនរងគ្រោះទាំងនោះ មានមនុស្ស ១៣៤នាក់ រងការជួញដូរមនុស្ស និងកេងប្រវ័ញ្ចផ្លូវភេទគឺជាអនីតិជនអាយុក្រោម ១៨ឆ្នាំ។
ជុំវិញរឿងនេះ មន្ត្រីសិទ្ធិមនុស្ស និងអ្នកឃ្លាំមើលលើកឡើងថា រដ្ឋាភិបាលគួរតែបង្ហាញឆន្ទៈក្នុងការស៊ើបអង្កេត ស្វែងរកមេខ្លោងធំៗ ដែលពាក់ព័ន្ធនឹងអំពើជួញដូរមនុស្ស ជាជាងត្រឹមតែបង្ហាញក្ដីបារម្ភចំពោះព័ត៌មានស្ដីពីឧក្រិដ្ឋកម្មជួញដូរមនុស្សនៅកម្ពុជា។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ (LICADHO) លោក អំ សំអាត លើកឡើងថា អំពើជួញដូរមនុស្ស និងការឆបោកតាមអនឡាញនៅតែជាបញ្ហាដ៏គួរឱ្យព្រួយបារម្ភ និងកំពុងគំរាមកំហែងធ្ងន់ធ្ងរដល់សន្តិសុខ និងសេដ្ឋកិច្ចកម្ពុជា។ លោកជំរុញដល់រដ្ឋាភិបាលបង្កើនការបង្ក្រាប និងទប់ស្កាត់បទល្មើសជួញដូរមនុស្សគ្រប់ទម្រង់ឱ្យបានខ្លាំងក្លាតាមរយៈការបង្កើនកិច្ចសហប្រតិបត្តិការជាមួយបណ្ដាប្រទេសក្នុងតំបន់។
លោក អំ សំអាត៖«ការឆបោកតាមប្រព័ន្ធអនឡាញក៏វាកាន់តែបង្កើនភាពស្មុគស្មាញ និងជាបន្ទុកធ្ងន់ធ្ងរសម្រាប់កម្ពុជាថែមទៀត។ កន្លងមក យើងឃើញមានសារព័ត៌មានអន្តរជាតិ បណ្ដាប្រទេសផ្សេងៗ គេបានលើកឡើងអំពីការឆបោកតាមប្រព័ន្ធអនឡាញប៉ះពាល់ដល់ពលរដ្ឋគេ រងគ្រោះដោយសារតែប្រព័ន្ធអនឡាញនៅកម្ពុជា ដែលលទ្ធផលទាំងអស់ហ្នឹង វាមិនល្អសម្រាប់មុខមាត់កម្ពុជាទេ ដែលវាប៉ះពាល់វិស័យទេសចរណ៍អន្តរជាតិ វិស័យវិនិយោគ និងសន្តិសុខសង្គមជាដើម»។
រយៈពេល ៣ឆ្នាំចុងក្រោយនេះកម្ពុជាបន្តជាប់ក្នុងចំណាត់ថ្នាក់លេខ៣ ដែលមានន័យថា ស្ថានភាពនៃអំពើជួញដូរមនុស្សនៅកម្ពុជានៅតែមានស្ថានភាពអាក្រក់ ក្នុងរបាយការណ៍ប្រចាំឆ្នាំស្ដីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សរបស់ក្រសួងការបរទេសអាមេរិក។ អាមេរិករកឃើញថា អំពើពុករលួយ កង្វះនៃការអនុវត្តច្បាប់ និងការឃុបឃិតរវាងមន្ត្រីក្នុងជួររដ្ឋាភិបាលកម្ពុជាមួយចំនួនជាមួយក្រុមជនល្មើស គឺជាហេតុធ្វើឱ្យអំពើជួញដូរមនុស្សនៅតែកើតមាន និងរីករាលដាលក្នុងសង្គមកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
