អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ​ថា មាន​ការ​គំរាមកំហែង​ក្នុង​ដំណើរការ​បោះឆ្នោត​ព្រឹទ្ធសភា​នៅ​កម្ពុជា

0:00 / 0:00

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ​រក​ឃើញ​ថា ដោយសារ​តែ​មាន​ការ​គំរាម​កំហែង និង​ការ​សូកប៉ាន់​អង្គ​បោះឆ្នោត​របស់​គណបក្ស​ប្រឆាំង ដូច្នេះ​ការ​បោះឆ្នោត​ព្រឹទ្ធសភា​នៅ​កម្ពុជា​កាល​ពី​ពេល​កន្លង​ទៅ មិន​មាន​ភាព​ត្រឹមត្រូវ និង​យុត្តិធម៌​នោះ​ឡើយ។ មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រឆាំង​យល់​ឃើញ​ថា ការ​រក​ឃើញ​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ​នេះ គឺជា​ការ​ឆ្លុះ​បញ្ចាំង​ការពិត ដើម្បី​ដាស់តឿន​អ្នក​កាន់​អំណាច​កុំ​ឱ្យ​បន្ត​ធ្វើ​នយោបាយ​បែប​ទុច្ចរិត​តទៅ​ទៀត។

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ​រក​ឃើញ​ថា ការ​បោះឆ្នោត​ព្រឹទ្ធសភា​កាល​ពី​ខែកុម្ភៈ ជា​ការ​បោះឆ្នោត​មិន​ត្រឹមត្រូវ និង​យុត្តិធម៌​នោះ​ទេ។

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ​លើក​ឡើង​នៅ​ក្នុង​របាយការណ៍ ចេញ​កាល​ពី​ថ្ងៃទី៣ ខែមេសា ថា ដោយសារ​តែ​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់​របស់​គណបក្ស​ប្រឆាំង បាន​រង​ការ​គំរាម​កំហែង​តាម​រយៈ​ប្រព័ន្ធ​តុលាការ ការ​ដក​តួនាទី​ និង​ការ​ទិញ​ទឹក​ចិត្ត​តាម​រយៈ​ការ​ផ្ដល់​តួនាទី និង​ថវិកា​ផង​នោះ ដូច្នេះ​ក្រុម​ម្ចាស់​ជំនួយ គួរ​តែ​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ស៊ើប​អង្កេត​ឱ្យ​មាន​តម្លាភាព និង​ហ្មត់ចត់ ចំពោះ​ការ​ធ្វើ​ទុក្ខបុកម្នេញ​ទៅ​លើ សមាជិក​ក្រុម​ប្រឹក្សា និង​សកម្មជន​បក្ស​ប្រឆាំង ពាក់ព័ន្ធ​នឹង​ការ​បោះឆ្នោត​ថ្ងៃ​ទី២៥ ខែកុម្ភៈ កន្លង​ទៅ។

របាយការណ៍​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ ដែល​បាន​សម្ភាសន៍​ផ្ទាល់ និង​តាម​ទូរស័ព្ទ​ជាមួយ​អង្គ​បោះឆ្នោត​គណបក្ស​ប្រឆាំង​ចំនួន​ ៤នាក់ និង​មន្ត្រី​គណបក្ស​ប្រឆាំង​ចំនួន​ ២នាក់​ផ្សេង​ទៀត បង្ហាញ​ថា ពួកគេ​ត្រូវ​បាន​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​គំរាម​កំហែង និង​លួងលោម​មិន​ឱ្យ​ទៅ​បោះឆ្នោត​ជ្រើសរើស​សមាជិក​ព្រឹទ្ធសភា ឬ​ទៅ​បោះឆ្នោត​ដែរ ប៉ុន្តែ​បោះឆ្នោត​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា ជា​ថ្នូរ​នឹង​ការ​ផ្ដល់​ថវិកា​ប្រមាណ​ ៣ពាន់ដុល្លារអាមេរិក ម៉ូតូ និង​តួនាទី​ផ្សេងៗ ​នៅ​ក្នុង​រដ្ឋាភិបាល។ របាយការណ៍​របស់​អង្គការ​ដដែល​បាន​សង្កត់​ធ្ងន់​ថា គណបក្ស​កាន់​អំណាច​បាន​សន្យា​ថា​ នឹង​ការពារ​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់ ដែល​បោះឆ្នោត​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា កុំ​ឱ្យ​បាត់បង់​តួនាទី​ជា​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់ តាម​រយៈ​ក្រសួង​មហាផ្ទៃ​ផង​ដែរ។

ប្រធាន​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ប្រចាំ​នៅ​តំបន់​អាស៊ី អ្នកស្រី អេឡែន ភាសិន (Elaine Pearson) លើក​ឡើង​ថា ការ​ចោទ​ប្រកាន់​ពី​សំណាក់​តុលាការ​ទៅ​លើ​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ និង​មន្ត្រី​គណបក្ស​ប្រឆាំង បាន​ធ្វើ​ឱ្យ​មាន​ក្ដី​បារម្ភ​ជា​ខ្លាំង​ចំពោះ​ភាព​ត្រឹម​ត្រូវ និង​ស្មើ​ភាព​គ្នា​នៅ​ក្នុង​ដំណើរការ​បោះឆ្នោត​ព្រឹទ្ធសភា។ អ្មកស្រី​បន្ត​ថា រដ្ឋាភិបាល​ដែល​ជា​ម្ចាស់​ជំនួយ​គួរ​តែ​ដាក់​សម្ពាធ​ទៅ​លើ​រដ្ឋាភិបាល​កម្ពុជា​ឱ្យ​ទទួល​ស្គាល់​ការ​គំរាម​កំហែង​ដែល​កើត​មាន​ឡើង​ទាំង​នេះ និង​មិន​ត្រូវ​ទទួល​យក​លទ្ធិប្រជាធិបតេយ្យ​បែប​ក្លែងក្លាយ ដែល​នៅ​សល់​តែ​បន្តិច​បន្តួច​នោះ​ឡើយ។

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន និង​ប្រធាន​អង្គភាព​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល លោក ប៉ែន បូណា ដើម្បី​សុំ​ការ​បកស្រាយ​ជុំវិញ​រឿង​នេះ​បាន​ឡើយ​នៅ​ថ្ងៃ​ទី៤ ខែមេសា។

ជុំវិញ​រឿង​នេះ អតីត​តំណាង​រាស្រ្ដ គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ំ សំអាន មាន​ប្រសាសន៍​ថា ការ​រក​ឃើញ​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ​នេះ គឺជា​ការ​ឆ្លុះ​បញ្ចាំង​ការពិត​អំពី​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា។ លោក​បន្ត​ថា ដោយសារ​តែ​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​គណបក្ស​ប្រឆាំង​រង​ការ​គំរាម​កំហែង និង​ទិញ​ទឹក​ចិត្ត​ពី​គណបក្ស​កាន់​អំណាច ដូច្នេះ​តំណែង​ប្រធាន​ព្រឹទ្ធសភា​របស់​លោក ហ៊ុន សែន ដែល​បោះឆ្នោត​ដោយ​សមាជិក​ព្រឹទ្ធសភា​នោះ ក៏​មិន​មាន​តម្លៃ​នោះ​ដែរ។

លោក អ៊ំ សំអាន៖«សារ​នេះ​គឺជា​ការ​ដាស់​តឿន​ទៅ​ដល់​អ្នក​គាំទ្រ​ហ្នឹង​ឱ្យ​យល់​ថា លោក ហ៊ុន សែន ហ្នឹង​កាន់​អំណាច​ផ្ដាច់ការ​កន្លង​មក​នេះ រហូត​ការពារ​អំណាច​ទៅ​ដល់​កូន​ហ្នឹង​គឺ តាម​រយៈ​ការ​បំភិត​បំភ័យ គំរាម​កំហែង​ទៅ​ដល់​អ្នក​បោះឆ្នោត ហើយ​គាត់​ធ្វើ​នេះ​គ្រាន់​តែ​ដើម្បី​ជា​ផល​ប្រយោជន៍ បក្ខពួក និង​គ្រួសារ​ត្រកូល​ហ៊ុន​តែ​ប៉ុណ្ណោះ​ឯង មិន​មែន​ដើម្បី​ប្រទេស​ជាតិ ដើម្បី​ស្រុក​ទេស​នោះ​ទេ ដូច្នេះ​ឱ្យ​អ្នក​គាំទ្រ​គណបក្ស​ប្រជាជន​ហ្នឹង ភ្ញាក់​រឭក ហើយ​ចូលរួម​ជាមួយ​អ្នក​ប្រជាធិបតេយ្យ​ដើម្បី​ធ្វើ​ម៉េច​បញ្ចប់​ការ​កាន់​អំណាច​ផ្ដាច់​ការ​តពូជ»។

លទ្ធផល​នៃ​ការ​បោះឆ្នោត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធសភា កាល​ពី​ថ្ងៃ​ទី២៥ ខែកុម្ភៈ បង្ហាញ​ថា គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន ៥៥កៅអី ចំណែក​ឯ​គណបក្ស​ឆន្ទៈ​ខ្មែរ​ទទួល​បាន​៣កៅអី។ លទ្ធផល​នៃ​ការ​បោះឆ្នោត​នេះ​បង្ហាញ​ថា អង្គ​បោះឆ្នោត​របស់​គណបក្ស​ប្រឆាំង​នៅ​មណ្ឌល​កំពង់ចាម និង​ខេត្តកណ្ដាល​ប្រមាណ​២៥ភាគរយ បាន​បោះឆ្នោត​គាំទ្រ​គណបក្ស​កាន់​អំណាច។ កន្លង​មក បើ​ទោះបីជា​គណបក្ស​ភ្លើង​ទៀន បាន​ស្នើ​សុំ​ផ្លាស់​ប្ដូរ​សមាសភាព​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​មួយ​ចំនួន​ក្ដី ប៉ុន្តែ​ក្រសួង​មហាផ្ទៃ​មិន​បាន​អន្តរាគមន៍​ផ្លាស់​ប្ដូរ​ទៅ​តាម​ការ​ស្នើ​សុំ​របស់​គណបក្ស​ប្រឆាំង​នេះ ឱ្យ​បាន​ទាន់​ពេលវេលា​តាម​នីតិ​វិធី​របស់​ក្រសួង​មហាផ្ទៃ​នោះ​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។