លោកនាយករដ្ឋមន្ត្រីហ៊ុន សែន នៅថ្ងៃទី១៤ មករា បានបញ្ជាឱ្យលោក សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសតាមចាប់ខ្លួនអ្នកដែលពាក់ព័ន្ធក្នុងសំណុំរឿងតុលាការ ករណី ទារុណកម្មបណ្ដាលឱ្យពលរដ្ឋមានជម្លោះដីធ្លីម្នាក់ស្លាប់នៅក្នុងខេត្តបន្ទាយមានជ័យ។
លោក ហ៊ុន សែនបានបញ្ជាក់នៅក្នុងពេលជួបជុំជាមួយអ្នកសារព័ត៌មាននៅកោះ ពេជ្រ លោកបានបញ្ជាក់ថា អំពើទារុណកម្មនេះមិនអាចអត់អោនអោយបានទេ ហើយលោកសៅ សុខា ត្រូវតែចាប់អ្នកដែលពាក់ព័ន្ធនឹងអំពើទារុណកម្មនេះអោយបាន។
លោក សៅ សុខា បញ្ជាក់ថា គណៈកម្មការចំពោះកិច្ចកំពុងធ្វើការស្រាវជ្រាវករណីនេះ កាលពីថ្ងៃទី១៣ មករា។ លោកថា លោកកំពុងរង់ចាំលទ្ធផលនៃការស្រាវជ្រាវ។
លោក ទុយ ស្រស់ តំណាងពលរដ្ឋមានទំនាស់ដីធ្លីនៅភូមិជ្រៃ ឃុំចង្ហា ស្រុកអូរជ្រៅ បានស្លាប់នៅថ្ងៃទី១ មករា គឺក្រោយពេលមន្ត្រីកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យចាប់ខ្លួន និងបញ្ជូនទៅដាក់ឃុំនៅទីបញ្ជាការកងរាជអាវុធហត្ថខេត្ត ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ និងបញ្ជូនបន្តទៅពន្ធនាគារខេត្ត។ កាលនោះ សមត្ថកិច្ចបានចាប់ខ្លួនប្រជាពលរដ្ឋចំនួន ៥នាក់យកទៅសាកសួរ ដោយសារតែពួកគាត់ តវ៉ារឿងទំនាស់ដីរបស់ពួកគាត់នៅស្រុកស្វាយចេក។ សង្គមស៊ីវិល បានជួយផ្នែកច្បាប់ដល់អ្នកសាក្សី ចំនួនពីរនាក់ ដែលបានដាក់ពាក្យបណ្ដឹងនៅតុលាការខេត្តបន្ទាយមានជ័យ ចោទប្រកាន់មន្ត្រីអាវុធហត្ថថា នៅធ្វើទារុណកម្មជនរងគ្រោះរហូតដល់ស្លាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។