"លោក ហ៊ុន សែន ជា​អ្នក​នៅ​ពីក្រោយ​នៃ​ការ​ដាក់​មន្ត្រី​អឺរ៉ុប ៦​នាក់ ក្នុង​បញ្ជី​ខ្មៅ​មិន​ផ្ដល់​ទិដ្ឋាការ"

មេដឹកនាំ​របប​ក្រុងភ្នំពេញ លោក ហ៊ុន សែន គឺជា​អ្នក​នៅ​ពីក្រោយ​ការ​បញ្ជា​ដាក់ឈ្មោះ​តំណាងរាស្ត្រ និង​មន្ត្រី​អឺរ៉ុប ៦​នាក់ ចូល​ក្នុង​បញ្ជី​ខ្មៅ​មិន​ផ្ដល់​ទិដ្ឋាការ ដើម្បី​កុំ​ឱ្យ​ពួកគេ​អាច​អម​ដំណើរ​លោក សម រង្ស៊ី ធ្វើ​មាតុភូមិនិវត្តន៍​មក​កម្ពុជា​វិញ។ នេះ​បើ​យោង​តាម​ប្រសាសន៍​របស់​លោក ហ៊ុន សែន ខ្លួនឯង ក្នុង​ពេល​ជួប​ជាមួយ​ក្រុម​អ្នកគាំទ្រ​លោក នៅ​ឯ​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស កាលពី​ថ្ងៃ​ទី៤ ខែ​កក្កដា កន្លង​ទៅ។

សម្ដី​លោក ហ៊ុន សែន៖ «ហើយ​ឥឡូវ​ស្អី មាន​អ្នកណា តំណាងរាស្ត្រ ៦​នាក់ អម​ដំណើរ​អាណា​ចូល​ស្រុក​ ... ខ្ញុំ​បញ្ជាក់​រឿង​នេះ​បន្តិច ពលរដ្ឋ​កម្ពុជា​ចង់​ទៅ​ប្រទេស ជា​សិទ្ធិ​របស់​ពលរដ្ឋ​កម្ពុជា គ្មាន​អ្នកណា​ហាមឃាត់​ទេ​។ សូម​អញ្ជើញ​ទៅ​ពេលណា​ក៏បាន​។ ចំពោះ​ជនបរទេស ធម្មតា អ្នកឯង​ត្រូវ​សុំ​វីសា ( ទិដ្ឋាការ ) ។ បើ​ខ្ញុំ​មិន​ឱ្យ​អ្នកឯង​ចូល​មើល​ ? សាកល​មើល​ ? ឥឡូវ​សូម​អញ្ជើញ តំណាងរាស្ត្រ​មក​ប៉ុន្មាន ជូន​ទៅ ខ្ញុំ​អត់​ធ្វើ​អី​តំណាងរាស្ត្រ តែ​សុំ​វៃ​វីសា​ឱ្យ​ហើយ ចាំ​ចូល​។ បញ្ជូន​ឈ្មោះ​មក គឺ​ស្រួល​ឱ្យ​យើង​ទេ​។ ទូត​នានា​នៅ​តាម​ប្រទេស​នានា គេ​វៃ​ឈ្មោះ​តំណាងរាស្ត្រ​នេះ នៅ​ប្រទេស​នេះ ស្រួល​ហើយ ឃើញ​ឈ្មោះ​ហ្នឹង កុំ​ឱ្យ​វី​សា»។

ក៏ប៉ុន្តែ ក្រោយ​អាស៊ីសេរី​ផ្សព្វផ្សាយ​ព័ត៌មាន​ពី​បញ្ជា​មិន​ឱ្យ​ផ្ដល់​ទិដ្ឋាការ​ដល់​មន្ត្រី​ជាន់ខ្ពស់​អឺរ៉ុប​នេះ ដោយ​ផ្អែក​តាម​ប្រភព​ពី​មន្ត្រី​ការទូត​ខ្មែរ​ម្នាក់ នៅ​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ចក្រភព​អង់គ្លេស ដោយមាន​លិខិត​បញ្ជា​របស់​លោក ប្រាក់ សុខុន ចុះ​ថ្ងៃ​ទី​១៥ កក្កដា អម​ដោយ​បញ្ជី​ឈ្មោះ​តំណាងរាស្ត្រ និង​មន្ត្រី​អឺរ៉ុប​ទាំង​៦​រូប ដោយមាន​រូបថត ថ្ងៃខែ​ឆ្នាំ​កំណើត​ផង​នោះ អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា លោក កេត សោផាន់ តាមរយៈ​ការផ្សាយ​របស់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ កាលពី​ថ្ងៃ​ទី​១៩ កក្កដា បាន​ហៅ​ព័ត៌មាន​របស់​អាស៊ីសេរី​នេះ​ថា ជា​ព័ត៌មាន «​ក្លែងក្លាយ​»​ទាំងស្រុង​។ ទន្ទឹម​នឹង​នេះ លោក កេត សោផាន់ អះអាង​ទៀត​ថា ក្រសួងការបរទេស​ពុំ​បាន​ចេញ​បញ្ជា​ឱ្យ​មន្ត្រី​ទូត​របស់​ខ្លួន​នៅ​លើ​ពិភពលោក បដិសេធ​ផ្ដល់​ទិដ្ឋាការ​ដល់​សមាជិកសភា​អឺរ៉ុប​ទាំង​នោះ​ទេ។

មន្ត្រី​ការទូត​របស់​លោក ហ៊ុន សែន ទំនងជា​ព្យាយាម​ទប់​ស្ថានការណ៍​កុំ​ឱ្យ​មានការ​ថ្កោលទោស​ពី​សហគមន៍​អន្តរជាតិ ជាពិសេស​តំណាងរាស្ត្រ​អឺរ៉ុប​តែម្ដង ជុំវិញ​បញ្ជា​របស់​មេដឹកនាំ​រប​ប​ក្រុងភ្នំពេញ​ឱ្យ​បិទ​ទិដ្ឋាការ​ចំពោះ​តំណាងរាស្ត្រ និង​មន្ត្រី​អឺរ៉ុប​ទាំង​៦​រូប​នោះ​។ ភ្លាមៗ​ក្រោយពី​មានការ​បញ្ជា​នេះ តំណាងរាស្ត្រ​របស់​អឺរ៉ុប បាន​លើក​ឡើង​ជា​បន្តបន្ទាប់​ថា ទង្វើ​ដ៏​អកុសល​របស់​របប​លោក ហ៊ុន សែន នេះ នឹង​រឹតតែ​ពង្រឹង​ឱ្យ​មាន​នូវ​ការ​អំពាវនាវ​កាន់តែ​ខ្លាំង​ឡើង​ថែមទៀត ឱ្យ​មាន​ចំណាត់ការ​ប្រឆាំង​នឹង​របប​របស់​លោក ហ៊ុន សែន តែម្ដង ដោយសារតែ​របប​នេះ កាន់តែ​ងាក​ចេញ​ឆ្ងាយ​ទាំងស្រុង​ពី​គន្លង​នៃ​គោលការណ៍​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស និង​ការ​គោរព​សិទ្ធិមនុស្ស៕