លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សន្យានឹងជួយការពារអ្នកសារព័ត៌មាន តាមរយៈការផ្ដល់មេធាវីជួយការពារក្ដីនៅតុលាការ ចំពោះអ្នកសារព័ត៌មានដែលហ៊ានផ្សាយព័ត៌មានពិត អំពីបញ្ហានៅកម្ពុជា។ លោកក៏សន្យានឹងជំរុញឱ្យមានច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មាននៅអាណត្តិទី៧។
លោក ហ៊ុន សែន៖ «ខ្ញុំនឹងផ្ដល់បន្តទៅទៀតនូវមេធាវី ការពារក្ដីជូនអ្នកសារព័ត៌មាន ដែលហ៊ានបញ្ចេញនូវការពិត។ ខ្ញុំទទួលយកការការពារក្ដីក្នុងអង្គហេតុ និងអង្គច្បាប់សមស្រប តែខ្ញុំមិនទទួលរឿងក្ដីណាដែលអ្នកសារព័ត៌មានទៅបំផ្លាញគេ ហើយមកស្នើឱ្យខ្ញុំបញ្ជូន(មេធាវី)ទៅចូលរួម គឺអត់ទេ»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងបែបនេះ នៅក្នុងពិធីសំណេះសំណាលជាមួយអ្នកសារព័ត៌មានដោយផ្ទាល់លើកទី៥ នៅរាជធានីភ្នំពេញនៅថ្ងៃនេះ។ ពិធីនេះមានអ្នកសារព័ត៌មានប្រមាណ ៥ពាន់នាក់ចូលរួម។
លោក ហ៊ុន សែន ក៏បានជំរុញឱ្យអាជ្ញាធរថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ កុំចាត់ទុកអ្នកសារព័ត៌មានជាសត្រូវផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
