អង្គការសម្ព័ន្ធភាពពិភពលោកដើម្បីការចូលរួមរបស់ពលរដ្ឋ ហៅកាត់ថា ស៊ីវីឃឹស (CIVICUS)អំពាវនាវយ៉ាងទទូចដល់អាជ្ញាធរកម្ពុជា ឱ្យទម្លាក់ចោលបទចោទ និងដោះលែងលោក រ៉ុង ឈុន ជាបន្ទាន់ និងឥតលក្ខខណ្ឌ។ អង្គការអន្តរជាតិមួយនេះពិនិត្យឃើញថា រយៈពេលមួយឆ្នាំនៃការចាប់ខ្លួនអ្នកការពារសិទ្ធិមនុស្សរូបនេះ រដ្ឋាភិបាលលោក ហ៊ុន សែន បានបន្តធ្វើទុក្ខបុកម្នេញ និងគាបសង្កត់គ្រប់បែបយ៉ាងលើក្រុមសកម្មជន។ ម្យ៉ាងវិញទៀត ការបន្តឃុំខ្លួនលោក រ៉ុង ឈុន អំឡុងពេលការរាតត្បាតជំងឺកូវីដ-១៩ នេះ គឺជាការដាក់ជីវិតរបស់គាត់ឱ្យស្ថិតក្នុងហានិភ័យ។
មន្ត្រីផ្នែកតស៊ូមតិនៃអង្គការស៊ីវីឃឹសអ្នកស្រី លីសា ម៉ាជូមដា (Lisa Majumdar) មានប្រសាសន៍ក្នុងសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី២៩ ខែកក្កដាថា ការថ្លែងដើម្បីការពារផលប្រយោជន៍ពលរដ្ឋមូលដ្ឋានមិនមែនជាបទល្មើសនោះឡើយ។ អ្នកស្រីបន្តថា ការធ្វើទុក្ខបុកម្នេញលើលោក រ៉ុង ឈុន បង្ហាញយ៉ាងច្បាស់ថា របបលោក ហ៊ុន សែន ប្រើប្រាស់ប្រព័ន្ធតុលាការជាអាវុធដើម្បីបង្ក្រាប និងបំបិទរាល់ទម្រង់នៃទស្សនៈផ្ទុយ។ អ្នកស្រីចាត់ទុកករណីលោក រ៉ុង ឈុន នេះថា ជាសំណុំរឿងនយោបាយ និងទាមទារឱ្យអាជ្ញាធរកម្ពុជាទម្លាក់ចោលបទចោទប្រកាន់នេះ។
ឆ្លើយតបរឿងនេះ សមាជិក និងជាអ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សរបស់រដ្ឋាភិបាលលោក កត្តា អ៊ន មានប្រសាសន៍ថា សំណុំរឿងលោក រ៉ុង ឈុន កំពុងស្ថិតក្នុងដៃតុលាការ ដូច្នេះលោកថា គ្មានភាគីណាមួយអាចលូកដៃជ្រៀតជ្រែកបានឡើយ។ លោកបន្ថែមថា ក្រុមអង្គការអន្តរជាតិគួរតែជួយរកភស្តុតាងដើម្បីដោះបន្ទុកលោក រ៉ុង ឈុន តាមផ្លូវតុលាការវិញ៖ « ប្រសិនបើអង្គការ ឬក៏សមាគមណាមួយនោះដែលមានភស្តុតាង ដែលមានសក្ខីកម្មជាអំណះអំណាងអ្វី គួរតែបញ្ជូនទៅមេធាវីរបស់លោក រ៉ុង ឈុន ដើម្បីធ្វើការតតាំងនៅក្នុងប្រព័ន្ធតុលាការឱ្យបានត្រឹមត្រូវ។ នោះជាការល្អជាងការអំពាវនាវមករដ្ឋាភិបាល ដែលពុំមានតួនាទីភារកិច្ចអ្វីអាចទៅបញ្ជាតុលាការឱ្យធ្វើតាមខ្លួនបាននោះទេ»។
ផ្ទុយពីការបកស្រាយនេះ ក្រុមការងារផ្នែកអង្កេតរបស់អង្គការស៊ីវីឃឹសបានស្រាវជ្រាវ និងរកឃើញថា ច្បាប់នៅកម្ពុជាត្រូវបានគេប្រើប្រាស់ខុសជាប្រចាំដើម្បីរឹតត្បិតសេរីភាពពលរដ្ឋ គាបសង្កត់ និងធ្វើឱ្យសង្គមស៊ីវិលចុះខ្សោយ ព្រមទាំងដាក់ទោសទណ្ឌទៅលើការអនុវត្តសិទ្ធិសេរីភាពបញ្ចេញមតិរបស់ពលរដ្ឋ។ ជាមួយគ្នានេះ អ្នកការពារសិទ្ធិមនុស្ស សកម្មជនសង្គមស៊ីវិល និងអ្នកសារព័ត៌មាន គឺជាក្រុមមនុស្សដែលតែងរងការយាយីតាមផ្លូវតុលាការ និងចំណាត់ការផ្លូវច្បាប់នានា។
ទាក់ទងនឹងការស្នើឱ្យមានការដោះលែងលោក រ៉ុង ឈុន នេះ អង្គការសង្គមស៊ីវិលក្នុងស្រុកគាំទ្រសេចក្តីអំពាវនាវនេះ ព្រោះវាស្របទៅនឹងជំហររបស់ពួកគេដែរ។ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ (CITA) អ្នកស្រី អ៊ុក ឆាយ៉ាវី មានប្រសាសន៍ថា លោក រ៉ុង ឈុន មិនបានប្រព្រឹត្តបទល្មើសដូចការចោទប្រកាន់របស់អាជ្ញាធរនោះឡើយ។ អ្នកស្រីបន្តថា សកម្មភាពរបស់លោកនាពេលកន្លងទៅ គឺដើម្បីការពារប្រយោជន៍ពលរដ្ឋ និងជាការអនុវត្តសិទ្ធិសេរីភាពស្របទៅតាមច្បាប់៖ « ខ្ញុំសាទរនូវអ្វីដែលគេកំពុងតែអំពាវនាវនេះ ព្រោះលោក រ៉ុង ឈុន គ្រាន់តែជាមនុស្សម្នាក់ដែលឈឺឆ្អាលបូរណភាពទឹកដី ចង្អុលបង្ហាញឱ្យរដ្ឋាភិបាលហ្នឹងចុះទៅពិនិត្យមើលពីបញ្ហាអ្វីដែលពលរដ្ឋកំពុងតែជួបប្រទះ។ គាត់មិនមែនជាមនុស្សម្នាក់ដែលនាំឱ្យសង្គមវឹកវរនោះទេ » ។
គិតមកដល់ពេលនេះ ប្រធានសហភាពសហជីពកម្ពុជា និងជាអ្នកឃ្លាំមើលបញ្ហាព្រំដែនលោក រ៉ុង ឈុន បានជាប់ឃុំប្រមាណមួយឆ្នាំមកហើយ។ អាជ្ញាធរបានចាប់ខ្លួនលោកកាលពីយប់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ បន្ទាប់ពីលោកបានរិះគន់រឿងដីធ្លីនៅតំបន់ព្រំដែនកម្ពុជា-វៀតណាម ក្នុងខេត្តត្បូងឃ្មុំ ដែលពលរដ្ឋខ្មែរអះអាងថា ទាហានវៀតណាមបានចូលមករំលោភយកដីទាំងនោះពីពួកគាត់។
តុលាការក្រុងភ្នំពេញបានចោទប្រកាន់លោកពីបទ «ញុះញង់ឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ហើយបានជំនុំជម្រះសំណុំរឿងនេះបីលើករួចមកហើយ។ តុលាការគ្រោងជម្រះរឿងក្តីនេះបន្តទៀតនៅថ្ងៃទី៣០ ខែកក្កដានេះ។
ការចាប់ខ្លួនលោក រ៉ុង ឈុន ដាក់ពន្ធនាគារដោយសារការបញ្ចេញមតិ បានធ្វើឱ្យក្រុមសកម្មជន យុវជន និងសមាជិកអង្គការសង្គមស៊ីវិលមួយចំនួនផ្ទុះការតវ៉ា។ អាជ្ញាធរក៏បានចាប់ខ្លួនពួកគេជាង ១០ នាក់ដាក់ពន្ធនាគារថែមទៀត ដោយចោទពីបទញុះញង់ ដូចលោក រ៉ុង ឈុន ដែរ។
ក្រុមអង្គការស៊ីវិលជាតិ និងអន្តរជាតិ រួមទាំងទីភ្នាក់ងារអង្គការសហប្រជាជាតិផង បាននាំគ្នាថ្កោលទោសករណីទាំងនេះ និងបានទាមទារឱ្យរបបលោក ហ៊ុន សែន ដោះលែងអ្នកជាប់ឃុំទាំងនោះឱ្យមានសេរីភាពវិញ ក្រោមហេតុផលថា ការបញ្ចេញមតិ និងការតវ៉ាដោយសន្តិវិធីមិនមែនជាបទល្មើសនោះឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។