ក្រសួងមហាផ្ទៃឱ្យដឹងតាមសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃទី២៨ វិច្ឆិកាថា ក្រុមការងាររដ្ឋាភិបាលនឹងជួបជាមួយតំណាងអង្គការសង្គមស៊ីវិលជាថ្មីម្ដងទៀតនៅថ្ងៃទី៣ ខែធ្នូ សប្ដាហ៍ក្រោយនេះ ដើម្បីពិភាក្សាលើសំណើសុំកែប្រែច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល។
មន្ត្រីជាន់ខ្ពស់អង្គការខុមហ្វ្រែល (Comfrel) និងជាតំណាងក្រុមអង្គការសង្គមស៊ីវិល ២០ស្ថាប័ន ដែលគាំទ្រកិច្ចពិភាក្សាកែប្រែច្បាប់នេះ គឺលោក កន សាវាង្ស ថ្លែងថា ក្រុមការងាររបស់លោកនឹងចូលរួមតាមការអញ្ជើញរបស់ក្រសួងមហាផ្ទៃ។ លោកថា ក្រុមអង្គការសង្គមស៊ីវិលរបស់លោក មានសំណើកែប្រែចំនួន ៩មាត្រា ប៉ុន្តែក្នុងជំនួបកាលពីលើកមុន ក្រុមអង្គការរបស់លោកលើកឡើងបានតែមួយមាត្រាប៉ុណ្ណោះ ដោយសារតែពេលវេលាខ្លី ហើយមានក្រុមអង្គការសង្គមស៊ីវិលផ្សេងទៀតចូលរួមដែរ។ លោកសង្ឃឹមថា ជំនួបលើកនេះ ក្រុមរបស់លោកអាចមានឱកាសបកស្រាយអំពីមាត្រា ៨ ផ្សេងទៀតជូនដល់ក្រសួងមហាផ្ទៃ៖ «អង្គការសង្គមស៊ីវិល គឺជាដៃគូសហការគ្នាជាមួយនឹងរដ្ឋាភិបាល។ ចំណុចទាំងនេះ យើងឃើញថា ការអនុវត្តកន្លងមកជាឧបសគ្គខ្លះៗសម្រាប់អង្គការសង្គមស៊ីវិល ហើយយើងគិតថា ប្រសិនបើមានការកែប្រែបានលឿន វាកាន់តែប្រសើរក្នុងការធ្វើសកម្មភាពរបស់សង្គមស៊ីវិលឱ្យបានសេរីភាពក្នុងការអនុវត្តសកម្មភាពផ្សេងៗហ្នឹង»។
កិច្ចប្រជុំរវាងក្រសួងមហាផ្ទៃ និងក្រុមអង្គការសង្គមស៊ីវិលលើសំណើសុំធ្វើវិសោធនកម្មច្បាប់អង្គការ-សមាគមនេះ ធ្វើឡើងក្រោយពេលមានការរិះគន់ និងការទទូចឲ្យមានការកែប្រែច្បាប់នេះពីសំណាក់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith)។ ទោះជាយ៉ាងណា ក្នុងជំនួបលើកទីមួយកាលពីដើមខែវិច្ឆិកាកន្លងទៅ ក្រុមអង្គការសង្គមស៊ីវិលបញ្ជាក់ថា មិនទាន់ដល់ចំណុចដែលពួកគេចង់បាននោះទេ ដោយសារការពិភាក្សាបានមាត្រាតិចតួចពេក។
ក្រុមអង្គការស៊ីវិលផ្នែកការតស៊ូមតិ ការបោះឆ្នោត និងប្រជាធិបតេយ្យចង់ឱ្យរដ្ឋាភិបាលកែប្រែមាត្រាចំនួន៩ ដែលពាក់ព័ន្ធនឹងលក្ខខណ្ឌបង្កើតអង្គការ-សមាគម ដំណើរការ និងការប្រព្រឹត្តិទៅរបស់អង្គការ-សមាគម ព្រមទាំងពាក់ព័ន្ធនឹងទំនាក់ទំនងជាមួយក្រសួងមហាផ្ទៃ។ ក្រុមសង្គមស៊ីវិលអះអាងថា ច្បាប់អង្គការ-សមាគម មានចរិតគាបសង្កត់លំហសេរីភាពរបស់សង្គមស៊ីវិលផ្ទុយនឹងរដ្ឋធម្មនុញ្ញ ហើយច្បាប់នេះ បានបើកដៃឲ្យរដ្ឋាភិបាលប្រើអំណាចដោយបំពាន ដើម្បីគំរាមកំហែង និងដាក់ទណ្ឌកម្មអ្នកធ្វើការដើម្បីលទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ និងសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
