វៀតណាម​រង​ការ​ថ្កោលទោស​បន្ទាប់​ពី​កាត់ទោស​ពលរដ្ឋ​ខ្មែរ​ក្រោម ៩​នាក់

ដោយ ទីន ហ្សាការីយ៉ា
2024.11.28
វៀតណាម​រង​ការ​ថ្កោលទោស​បន្ទាប់​ពី​កាត់ទោស​ពលរដ្ឋ​ខ្មែរ​ក្រោម ៩​នាក់ ព្រះសង្ឃ និង​សកម្មជន​ខ្មែរ​ក្រោម ដែល​កំពុង​ជាប់​ពន្ធនាគារ​ នៅ​កម្ពុជា​ក្រោម។
រូប៖ សហព័ន្ធខ្មែរក្រោម

អង្គការសិទ្ធិមនុស្ស​អន្តរជាតិ និង​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ថ្កោលទោស តុលាការ​វៀតណាម​ដែល​កាត់ទោស​ព្រះសង្ឃ​៥​អង្គ និង​សកម្មជន​សិទ្ធិមនុស្ស​៤​នាក់ កាលពី​ថ្ងៃទី​២៦​វិច្ឆិកា ឱ្យ​ម្នាក់​ទោស​ម្នាក់ៗ​ពី​២​ឆ្នាំ ដល់​៦​ឆ្នាំ​នោះ ថា ជា​ការ​ធ្វើទុក្ខបុកម្នេញ និង​រើសអើង​ជាតិ​សាសន៍។

ពួកគេ​ទាមទារ​ឱ្យ​រដ្ឋាភិបាល​វៀតណាម​ដោះលែង​វិញ​ជាបន្ទាន់ និង​ដោយ​ឥត​លក្ខខណ្ឌ។

សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក និង​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ អំពាវនាវ​ឱ្យ​សហគមន៍​អន្តរជាតិ ថ្កោលទោស​រដ្ឋាភិបាល​វៀតណាម ជា​សាធារណៈ ចំពោះ​ការ​ធ្វើទុក្ខបុកម្នេញ ព្រះសង្ឃ និង​សកម្មជន​ការពារ​សិទ្ធិមនុស្ស​ខ្មែរ​កម្ពុជា។

នាយក​អង្គការ​តស៊ូ​មតិ​សិទ្ធិមនុស្ស និង​ការងារ​ប្រចាំ​តំបន់​អាស៊ី (AHRLA) លោក ហ្វីល រ៉បឺតស៊ុន (Phil Robertson) បាន​ចេញ​សេចក្ដីថ្លែងការណ៍ នៅ​ថ្ងៃទី​២៧ វិច្ឆិកា ថា ជា​រឿង​ហួសចិត្ត​និង​មិនអាច​ទទួល​យក​បាន ដែល​តុលាការ​វៀតណាម​បាន​កាត់​ទោស​ព្រះសង្ឃ និង​សកម្មជន​ការពារ​សិទ្ធិមនុស្ស​ខ្មែរ​កម្ពុជា​ក្រោម កាលពី​ថ្ងៃទី​២៦​វិច្ឆិកា។

លោក​សង្កត់ធ្ងន់​ថា សកម្មភាព​ធ្វើ​ទុក្ខបុកម្នេញ​របស់​អាជ្ញាធរ​វៀតណាម​លើ​ខ្មែរ​កម្ពុជា​ក្រោម​នេះ ជា​ការ​បង្ហាញ​ឱ្យ​ឃើញ​កាន់តែ​ច្បាស់​ថា រដ្ឋាភិបាល​វៀតណាម​មិន​អត់ឱន​ឱ្យ​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម ចំពោះ​ការ​អនុវត្ត​សិទ្ធិ​ជំនឿ​សាសនា ភាសា វប្បធម៌ និង សិទ្ធិ​សេរីភាព​បញ្ចេញមតិ ដែល​អាជ្ញាធរ​វៀតណាម​បាន​គ្រប់គ្រង និង​បំបិទ​សិទ្ធិ​យ៉ាង​តឹងរ៉ឹង។

តុលាការ​វៀតណាម កាល​ពី​ថ្ងៃទី​២៦ ខែ​វិច្ឆិកា បាន​កាត់ទោស​ព្រះសង្ឃ ៥​អង្គ និង​សកម្មជន​ខ្មែរក្រោម ៤​នាក់ ឱ្យ​ជាប់​ពន្ធនាគារ​ចាប់​ពី ២​ឆ្នាំ ដល់ ៦​ឆ្នាំ ដោយ​ចោទប្រកាន់​ពី​បទ «​កេង​ចំណេញ​លើ​សិទ្ធិ​សេរីភាព និង​លទ្ធិប្រជាធិបតេយ្យ​» និង​បទ «​ការ​ចាប់ខ្លួន​ឃាត់ខ្លួន ឬ​ឃុំខ្លួន​មនុស្ស​ដោយ​ខុសច្បាប់​» តាម​ក្រមព្រហ្មទណ្ឌ​វៀតណាម។

ព្រះសង្ឃ ៥​អង្គ និង​សកម្មជន​ខ្មែរក្រោម ៤​នាក់​ទៀត ដែល​ត្រូវ​បាន​តុលាការ​វៀតណាម​នៅ​ខេត្ត​លង់​ហោរ ឬ​វៀតណាម​ហៅថា ខេត្ត​វិញឡុង (Vinh Long) កាត់ទោស​នេះ រួមមាន​ព្រះចៅ​អធិការ​វត្ត​ទ្រនំ​សេក ព្រះតេជព្រះគុណ ថាច់ ចន្ទ​តារា ជាប់ទោស ៦​ឆ្នាំ និង ព្រះតេជព្រះគុណ យឿង ខាយ ៥​ឆ្នាំ ៩​ខែ និង​មនុស្ស​មួយ​ចំនួន​ទៀត។

កាលពី​ខែ​ឧសភា កន្លង​ទៅ តុលាការ​វៀតណាម​បាន​កាត់ទោស​សកម្មជន​សិទ្ធិមនុស្ស​ខ្មែរ​កម្ពុជា​ក្រោម​ពីរ​នាក់​ផ្សេងទៀត គឺ​លោក ថាច់ កឿង និង​លោក តោ ហ្វាងចឿ​ង ឱ្យ​ជាប់​ពន្ធនាគារ ពី ៣ ដល់ ៤​ឆ្នាំ​ដែរ។

នៅ​ទន្ទឹម​នឹង​តុលាការ​វៀតណាម​កាត់ទោស ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​នេះ ស្របពេល​ព្រះមហាក្សត្រ ព្រះករុណា សម្ដេចព្រះ នរោត្តម សីហមុនី យាង​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ​នៅ​ប្រទេស​វៀតណាម រយៈពេល​ពីរ​ថ្ងៃ ចាប់ពី​ថ្ងៃទី​២៨ និង​ថ្ងៃទី​២៩ ខែវិច្ឆិកា​នេះ។

នាយក​គណៈកម្មការ​ព័ត៌មាន​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា ព្រះតេជព្រះគុណ សឹង យ៉ឹងរតនា ស្នើ​ថ្វាយ​ព្រះមហាក្សត្រ​មហាក្សត្រ​ឱ្យ​ជួយ​ព្រះសង្ឃ​និង​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ទាំងអស់​ដែល​អាជ្ញាធរ​វៀតណាម​ចាប់ខ្លួន​។ ព្រះអង្គ​ថា ព្រះមហាក្សត្រ គួរតែ​ស្នើ​ទៅ​រដ្ឋាភិបាល​វៀតណាមដើម្បី​សុំ​ឱ្យ​អាជ្ញាធរ​វៀតណាម​ដោះលែង​មនុស្ស​ទាំង​អស់នោះ​វិញ​ព្រះតេជព្រះគុណ សឹង យ៉ឹងរតនា៖ «ព្រះមហាក្សត្រ​យាង​ទៅ​ប្រទេស​វៀតណាម ត្រូវតែ​គិត​គួរ​ពី​កូនចៅ​របស់​ព្រះអង្គ​។ ហើយ​តួនាទី​នេះ រដ្ឋាភិបាល​កម្ពុជា​ក៏​ត្រូវ​ធ្វើ​ដូចគ្នា​ដែរ ត្រូវ​ជួយ​ខ្មែរ​កម្ពុជា ដែល​តុលាការ​វៀតណាម​កាត់ទោស​ទាំង​អយុត្តិធម៌»

ព្រះតេជព្រះគុណ​បន្ថែម​ថា តុលាការ​វៀតណាម​កាត់​ទោស​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរ​កម្ពុជា ទាំង​គ្មាន​មេធាវី​ការពារ​ក្ដី​នេះ ជា​រឿង​អយុត្តិធម៌​និង​មិនអាច​ទទួល​យក​បាន។

​ព្រះតេជព្រះគុណ សឹង យ៉ឹងរតនា៖ «មើល​នៅក្នុង​រូបភាព​នោះ គឺ​គំរាមកំហែង​ធ្ងន់ធ្ងរ​ណាស់ នៅក្នុង​តុលាការ​នោះ មាន​ប៉ូលិស​ជាច្រើន​យាមកាម​យ៉ាង​តឹងរ៉ឹង​។ ហើយ​ខ្មែរក្រោម​ទាំងអស់​នោះ​មិនបាន​ធ្វើ​អ្វី​ខុស ឬ​ធ្វើ​អំពើ​ភេរវកម្ម​អ្វី​ទេ។ ការ​កាត់ទោស​នេះ ជា​ការ​ធ្វើទុក្ខបុកម្នេញ​យ៉ាងធ្ងន់ធ្ងរ»

តុលាការ​វៀតណាម​បាន​កាត់​ទោស​ព្រះសង្ឃ និង​សកម្មជន​ការពារ​សិទ្ធិមនុស្ស​ខ្មែរ​កម្ពុជា​ក្រោម​នេះ នៅ​ក្រោយ​ពេល​ភរិយា​របស់​លោក ហ៊ុន សែន គឺ​អ្នកស្រី ប៊ុន រ៉ានី បាន​ធ្វើ​ពិធីបុណ្យ​កឋិនទាន​ដង្ហែ​ទៅ​វត្ត​មួយ ក្នុង​ទឹកដី​ខ្មែរ​កម្ពុជា​ក្រោម ក្រោម​ការ​គ្រប់គ្រង​របស់​អាជ្ញាធរ​វៀតណាម​។ រីឯ លោក ហ៊ុន សែន នា​ឱកាស​ជួប​មេដឹកនាំ​វៀតណាម​កាល​ពី​ពេល​ថ្មីៗ​នេះ ក៏បាន​ផ្ដែផ្ដាំ​ឱ្យ​អាជ្ញាធរ​វៀតណាម យកចិត្តទុកដាក់​ពល​រដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​ដែរ​។ ផ្ទុយទៅវិញ អាជ្ញាធរ​វៀតណាម មិន​ស្ដាប់​ការ​ផ្ដែផ្ដាំ​របស់​លោក ហ៊ុន សែន​ឡើយ។ ខុសពី​រដ្ឋាភិបាល​កម្ពុជា ដែល​អតីត​នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន បាន​ចែក​ដី​ឱ្យ​ពលរដ្ឋ​វៀតណាម​នៅ​ខែត្រ​កំពង់ឆ្នាំង ក្រោយពី​មេដឹកនាំ​វៀតណាម បាន​ប្រាប់​លោក ហ៊ុន សែន​ឱ្យ​យកចិត្តទុកដាក់​លើ​ពលរដ្ឋ​វៀតណាម​នោះ។

សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ជំរុញ​ទៅ​អង្គការសហប្រជាជាតិ ដក​ប្រទេស​វៀតណាម ចេញពី​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​នៃ​អង្គការសហប្រជាជាតិ​។ សហគមន៍​អន្តរជាតិ​ទាំងអស់​ត្រូវ​ដាក់​ប្រទេស​វៀតណាម ទៅ​ក្នុង​បញ្ជី​របស់​ប្រទេស​ដែល​រំលោភសិទ្ធិ​មនុស្ស​គួរ​ឱ្យ​ព្រួយបារម្ភ និង​ទាមទារ​ឱ្យ​រដ្ឋាភិបាល​វៀតណាម​ដោះលែង ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​ទាំងអស់​ឱ្យ​មាន​សេរីភាព​វិញ​ដោយ​ឥត​លក្ខខណ្ឌ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
សភា​អឺរ៉ុប ជំរុញ​ឱ្យ​​សើរើ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នៅសល់៨០% និង​ដាក់​ទណ្ឌកម្ម​ជាក់លាក់​លើ​រដ្ឋាភិបាល​កម្ពុជា
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។