សង្គម​ស៊ីវិល​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ ដោយ​ស្នើ​ឱ្យ​រដ្ឋាភិបាល​បើក​លំហ​សិទ្ធិសេរីភាព

បុគ្គលិក​អង្គការ​សង្គម​ស៊ីវិល សកម្មជន​សិទ្ធិមនុស្ស សកម្មជន​បរិស្ថាន យុវជន និង​ប្រជា​សហគមន៍​មក​ពី​តាម​បណ្ដា​ខេត្ត​នានា សរុប​ជិត១ពាន់ ៥រយនាក់ (១.៥០០នាក់) បាន​ចូល​រួម​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​នៅ​ថ្ងៃ​ទី១០ ធ្នូ នេះ។ ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​សកម្មជន ស្នើ​សុំ​ឲ្យ រដ្ឋាភិបាល​ត្រូវ​បញ្ឈប់​ការ​គំរាម​កំហែង​ប្រជាពលរដ្ឋ​នៅ​ក្នុង​ការ​អនុវត្ត​សិទ្ធិ​នយោបាយ សង្គមកិច្ច សេដ្ឋកិច្ច និង​វប្បធម៌។

អង្គការ​សង្គម​ស៊ីវិល សមាគម និង​សហជីព សរុប​២៧ស្ថាប័ន រួមមាន​ដូចជា អង្គការ​សម្ព័ន្ធ​ភាព​ការពារ​សិទ្ធិមនុស្ស (CHRAC) មជ្ឈ​មណ្ឌល​សម្ព័ន្ធ​ភាព​ការងារ និង​សិទ្ធិ​មនុស្ស (CENTRAL) សមាគម​បណ្ដាញ​យុវជន​កម្ពុជា (CYN) និង​សមាគម​សម្ពន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ​ជាដើម បាន​រួម​គ្នា​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​ក្រោម​ប្រធានបទ "ការ​ធានា​សិទ្ធិ​នយោបាយ ដើម្បី​លើក​កម្ពស់​ការ​ចូលរួម​របស់​ពលរដ្ឋ ក្នុង​ការ​កំណត់​ជោគ​វាសនា​ប្រទេស​ជាតិ តាម​គោលការណ៍​ប្រជាធិបតេយ្យ សេរី​ពហុបក្ស និង​នីតិរដ្ឋ" នៅ​ទីលាន​ប្រជាធិបតេយ្យ​ក្នុង​ក្រុង​ភ្នំពេញ នា​ថ្ងៃ​ទី១០ ខែធ្នូ។

ចំណែក​ឯ​ខាង​ក្រៅ​រោង​កម្មវិធី កម្លាំង​សមត្ថកិច្ច និង​កម្លាំង​ប្រដាប់​អាវុធ​រាប់​រយ​នាក់ បាន​ដាក់​ពង្រាយ​ជុំវិញ​ទីលាន​ប្រជាធិបតេយ្យ។ ការ​ដាក់​កម្លាំង​ប្រដាប់​អាវុធ​ទាំង​នេះ មិនមែន​ដើម្បី​ការពារ​សុវត្ថិភាព​នោះ​ទេ ព្រោះ​ក្រុម​សមត្ថកិច្ច​ជា​ច្រើន​នាក់​បាន​យក​ទូរស័ព្ទ​មក​ថត គ្រប់​អ្នក​ដែល​មក​ចូលរួម​កម្មវិធី។ ទោះ​ជា​យ៉ាងណា​ក្រុម​សមត្ថកិច្ច​ដែល​ស្លៀក​ពាក់​ឯក​សណ្ឋាន​នគរបាល និង​អាវុធហត្ថ បាន​ចេញ​ទៅ​បាត់​អស់​មួយ​រំពេច​ក្រោយ​ពី​អគ្គ​រដ្ឋ​ទូត​អាមេរិក និង​អគ្គ​រដ្ឋ​ទូត​តំណាង​សហគមន៍​អឺរ៉ុប​បាន​ធ្វើ​ដំណើរ​មក​ដល់។

នៅ​ក្នុង​កម្មវិធី​នេះ ក៏​មាន​វត្តមាន តំណាង​ឯក​អគ្គ​រដ្ឋ​ទូត​ប្រទេស​បារាំង (France) និង​តំណាង​ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ មក​ចូល​រួម​ផង​ដែរ។ នៅ​ក្នុង​ចំណោម​អ្នក​ចូលរួម​សរុប​ជិត១ពាន់៥រយនាក់ (១.៥០០នាក់) មាន​មនុស្ស​ពីរ​ក្រុម​ស្លៀក​សំលៀក​បំពាក់​ដូច​ទៅ​នឹង​អ្នក​ជាប់​ឃុំ​ដែរ។ ក្នុង​នោះ​ក្រុម​កូដករ​ណាហ្គាវើលដ៏ (Naga World) ជិត​មួយ​រយ​នាក់ បាន​ស្លៀក​ពាក់​ខោអាវ​ពណ៌​ស្លា​ទុំ​ដែល​ជា​ខោអាវ​អ្នក​ជាប់​ឃុំ ដើម្បី​ទាមទារ​ឲ្យ​តុលាការ​ដោះ​លែង​កញ្ញា ឈឹម ស៊ីថរ ចំណែក​ក្រុម​យុវជន​ខ្មែរ​ថាវរៈ​៥នាក់ បាន​ស្លៀក​ពាក់​ដូច​គ្នា​នេះ ដើម្បី​ទាមទារ​ឱ្យ​តុលាការ​ដោះលែង​កញ្ញា សេង ធារី។

ឯក​អគ្គ​រដ្ឋ​ទូត​អាមេរិក លោក ផាទ្រីក មើហ្វី (Patrick Murphy) បាន​ថ្លែង​ថា សេចក្ដី​ថ្លែង​ការ​ស្ដី​ពី​សិទ្ធិ​មនុស្ស​ជា​សាកល មាន​សារៈសំខាន់​សម្រាប់​មនុស្ស​ជាតិ​គ្រប់​រូប ព្រោះ​វា​បាន​ចែង​ថា​មនុស្ស​គ្រប់​រូប មាន​សិទ្ធិ​រស់​នៅ​ដោយ​សេចក្ដី​ថ្លៃ​ថ្នូរ និង​មាន​សិទ្ធិ​សេរីភាព​ស្មើ​គ្នា។ លោក​បន្ថែម​ថា ដើម្បី​ជំរុញ​ឱ្យ​បាន​សម្រេច​តាម​សេចក្ដី​ថ្លែង​ការណ៍​ជាសាកល​ស្ដីពី​សិទ្ធិមនុស្ស គឺ​ចាំបាច់​តម្រូវ​ឱ្យ​មាន​ការ​ធ្វើ​ការ​រួម​គ្នា​ជា​សាកល ហើយ​លោក​បាន​សរសើរ​ដល់​អ្នក​ដែល​មាន​វត្តមាន​ក្នុង​កម្មវិធី ព្រោះ​ពួកគេ​ទាំង​នេះ​បាន​ធ្វើការ​យ៉ាង​សកម្ម​ក្នុង​ការ​ចូលរួម​លើក​កម្ពស់​សិទ្ធិមនុស្ស​កន្លង​មក៖ «.........»

ចាប់​តាំង​ពី​សហរដ្ឋអាមេរិក​ចាប់​ជា​រូបរាង​អស់​រយៈពេល​ជាង​២៥០​ឆ្នាំ​កន្លង​មក សហរដ្ឋអាមេរិក បាន​ប្រឹង​ប្រែង​ធ្វើ​ការ ក្នុង​ការ​ជំរុញ​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង​នូវ​សេរីភាព និង​ប្រជាធិបតេយ្យ​របស់​ខ្លួន សហរដ្ឋអាមេរិក​មិនមែន​ជា​ប្រទេស​ល្អ​ឥត​ខ្ចោះ​ចំពោះ​ការ​គោរព​សិទ្ធិមនុស្ស និង​សេរីភាព​ប៉ុន្តែ យើង​ខំ​ព្យាយាម​ធ្វើ​យ៉ាងណា​ឲ្យ​មាន​សហជីព​មួយ​កាន់​តែ​ល្អ​ប្រសើរ និង​ពង្រីក​វិសាលភាព​នៃ​ការ​គោរព​សិទ្ធិមនុស្ស។

ជុំវិញ​ការ​ប្រារព្ធ​ពិធី​នេះ សកម្មជន​ចលនា​មាតា​ធម្មជាតិ​សរុប​៨នាក់ ក៏​បាន​ដើរ​ក្បួន​មក​ចូលរួម​ក្នុង​កម្មវិធី​នេះ​ដែរ ដោយ​ពួកគេ​បាន​ស្លៀក​ខោ​ខ្មៅ យក​សំឡី​ញ៉ុក​ត្រ​ចៀក ពាក់​វ៉ែនតា​ខ្មៅ និង​យក​ស្គុត​ខ្មៅ​បិទមាត់ ដើរ​ចាប់​ពី​ចំណុច​ស្ថានីយ​ទូរទស្សន៍ ស៊ី.ធី. អិន (CTN) មក​ចូលរួម​កម្មវិធី​ដែរ។

យុវជន​ចលនា​មាតា​ធម្មជាតិ កញ្ញា ភួន កែវរស្មី ប្រាប់​វិទ្យុអាស៊ីសេរី​ថា ការ​ដើរ​ក្បួន​របស់​ក្រុម​យុវជន​នេះ គឺ​ចង់​បង្ហាញ​ថា ប្រជាពលរដ្ឋ​មិន​អាច​រស់នៅ​ប្រកប​ដោយ​ក្ដី​សុខ​ពិតប្រាកដ​ក្នុង​សន្តិភាព​អវិជ្ជមាន​នោះ​ឡើយ ប្រសិន​បើ​ជា​ពួកគេ​នៅ​តែ​បិទ​ភ្នែក បិទ​ត្រចៀក មិន​ជួយ​គ្នា​ដោះ​ស្រាយ​បញ្ហា​សង្គម។ កញ្ញា ភួន កែវរស្មី យល់​ឃើញ​ថា ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​នៅ​តែ​មាន​ការ​រំលោភ​បំពាន ហើយ​គ្មាន​ដំណោះ​ស្រាយ គឺ​ដោយសារ​ប្រព័ន្ធ​តុលាការ​ធ្វើការ​ដោយ​មិន​មាន​ភាព​ឯករាជ្យ៖ «...............»។

ការ​ដែល​គេ​រឹតត្បិត​ពួក​យើង​តាម​ផ្លូវ​តុលាការ គឺ​គេ​មិន​បាន​ទម្លាក់​ចោល​បទចោទ​មក​លើ​ពួក​យើង​ទេ បទ​ចោទ​នៅ​តែ​បន្ត ហើយ​អា​ហ្នឹង​ហើយ​ជា​ការ​គំរាម​កំហែង​ដែល​យើង​អត់​អាច​ប្រកែក​បាន​ទេ ថា​តុលាការ​ស្រុក​ខ្មែរ​កំពុង​ធ្វើ​ការ​គំរាម​កំហែង​មក​លើ​យើង​រាល់​ថ្ងៃ។

គណៈកម្មាធិការ​រៀបចំ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​នៅ​ឆ្នាំ​នេះ ក៏​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ​ដែល​មាន ៨ចំណុច ដើម្បី​ស្នើ​ឱ្យ​រដ្ឋាភិបាល​លើក​កម្ពស់​ការ​គោរព​សិទ្ធិមនុស្ស​ឡើង​វិញ​ផង​ដែរ។ នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​នោះ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ស្នើ​សុំ​ឱ្យ​រដ្ឋាភិបាល​លុប​ចោល​មាត្រា​ថ្មី​ៗ​នៃ​ច្បាប់​ស្ដី​ពី​គណបក្ស​នយោបាយ និង​ច្បាប់​បោះឆ្នោត ដែល​ត្រូវ​បាន​ធ្វើ​វិសោធនកម្ម​ក្រោយ​ឆ្នាំ​២០១៧។ នៅ​ចំណុច​ទី៤ នៃ​សេចក្ដី​ថ្លែងការណ៍​បាន​សរសេរ​ថា ដើម្បី​ធានា​ភាព​ឯករាជ្យ​ក្នុង​ការ​បំពេញ​ការងារ រដ្ឋាភិបាល​មិន​ត្រូវ​ឱ្យ កម្លាំង​ប្រដាប់​អាវុធ មន្ត្រី​ស៊ីវិល មន្ត្រី​តុលាការ ចូល​ជា​សមាជិក គណបក្ស​នយោបាយ​ណា​មួយ​ឡើយ។

ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​ទាំង​នេះ អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​របស់​រដ្ឋាភិបាល លោក កត្តា អ៊ន អះអាង​ថា ការ​អនុញ្ញាត​ឱ្យ​មន្ត្រី​ជាន់​ខ្ពស់​តុលាការ ឬ​សមាជិក​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត​គឺជា​សកម្មជន​របស់​គណបក្ស​នយោបាយ​ណា​មួយ គឺ​ជា​ការ​លើក​កម្ពស់​សិទ្ធិ​នយោបាយ​ទៅ​វិញ​ទេ ព្រោះ​មន្ត្រី​ទាំងនោះ​ក៏​មាន​សិទ្ធិ​ធ្វើ​នយោបាយ​ដែរ។ លោក​បន្ថែម​ថា ការ​គោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​មិន​បាន​ដើរ​ថយក្រោយ​ដូច​ក្រុម​អង្គការ​សង្គម​ស៊ីវិល​លើក​ឡើង​ឡើយ៖ «.........»។

ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ​សិទ្ធិ​ពលរដ្ឋ បង​ប្អូន​ប្រជាពលរដ្ឋ​យើង ទាំង​មន្ត្រី​រាជការ ទាំង​កង​កម្លាំង​ប្រដាប់​អាវុធ ទាំង​ព្រះសង្ឃ​ក៏​គាត់​នៅ​តែ​ចង់​បាន​សិទ្ធិ​នយោបាយ​ដែរ ដូច្នេះ​មន្ត្រី​តុលាការ ក៏​ជា​មន្ត្រី​រាជការ​មួយ​រូប មន្ត្រី​តុលាការ​ក៏​គាត់​ទាមទារ​ចង់​បាន​សិទ្ធិ​នយោបាយ​ដែរ ចុះ​បើ​យើង​បិទ​សិទ្ធិ​នយោបាយ​របស់​គាត់ អា​ហ្នឹង​ជា​ការ​រំលោភ​សិទ្ធិមនុស្ស​ដែរ​ឬទេ?។

ផ្ទុយ​ពី​ការ​លើក​ឡើង​នេះ នាយក​ប្រតិបត្តិ​អង្គការ​សម្ព័ន្ធ​ភាព​ការពារ​សិទ្ធិមនុស្ស​កម្ពុជា លោក រស់ សុដ្ឋា គាំទ្រ​ចំពោះ​ការ​លើក​ឡើង​ថា មូលហេតុ​សំខាន់​ដែល​បណ្ដាល​ឱ្យ​ការ​រំលោភ​សិទ្ធិមនុស្ស​នៅ​កម្ពុជា នៅ​តែ​មិន​មាន​ដំណោះ​ស្រាយ គឺ​បណ្ដាល​មក​ពី​ប្រព័ន្ធ​តុលាការ​ធ្វើការ​ដោយ​មិន​ឯករាជ្យ។ ជាមួយ​គ្នា​នេះ លោក រស់ សុដ្ឋា យល់​ឃើញ​ថា នៅ​ពេល​ដែល​ចៅក្រម​គឺជា​សមាជិក​ជាន់​ខ្ពស់​របស់​គណបក្ស​នយោបាយ​ណា​មួយ ហើយ​កាត់​ក្ដី​លើ​សមាជិក​គណបក្ស​នយោបាយ​ដែល​មាន​និន្នាការណ៍​ផ្ទុយ​ពី​ខ្លួន ចង់ ឬ​មិន​ចង់ ចៅ​ក្រម​រូប​នោះ​ប្រាកដ​ជា​សម្រេច​សេចក្ដី​លំអៀង​ទៅ​ខាង​គណបក្ស​នយោបាយ​របស់​ខ្លួន​ហើយ៖

«........................»។

វា​មិនមែន​គ្រាន់​តែ​ជា​ទំនាស់​ផល​ប្រយោជន៍​ទេ វា​ពាក់ព័ន្ធ​នឹង​គុណភាព​សេវាកម្ម ហើយ​ពាក់ព័ន្ធ​នឹង​ប៉ះពាល់​ដល់​សិទ្ធិ​សេរីភាព​មន្ត្រី​រាជការ​ស៊ីវិល​ទៅ​ទៀត ដែល​ពេល​ខ្លះ​គឺ​ថា គាត់​ចង់​មាន​សេរីភាព​នៃ​ការ​ជ្រើស​រើស​ទាំង​ការ​ជឿ និង​ការ​ចូល បើ​សិន​ជា​មាន​ថ្នាក់​ដឹកនាំ​ដែល​មាន​ទំនោរ​ទៅ​និន្នាការ​មួយ ហើយ​បើ​សិន​ជា បុគ្គលិក​មួយ​មាន​និន្នាការ​នយោបាយ​ផ្សេង ជឿជាក់​លើ​គណបក្ស​ផ្សេង​ដែល​ធ្វើ​ឲ្យ​មន្ត្រី​រាជការ​ខ្លះ​នឹង​គឺ​ថា ធ្វើការ​ដោយ​មិន​បាន​ស្រួល អាច​ថា​ប៉ះពាល់​ដល់​អាជីព វិជ្ជាជីវៈ តួនាទី​គាត់​ថែម​ទៀត​នោះ។

នៅ​ពេល​រសៀល​ថ្ងៃ​ទី​១០ ធ្នូ​ដដែល​នេះ គណៈកម្មការ​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស ក៏​បាន​ធ្វើការ​ផ្ដល់​ពាន​រង្វាន់​ដល់​អ្នក​ការពារ​សិទ្ធិមនុស្ស​ឆ្នើម​ប្រចាំ​ឆ្នាំ២០២២ ទៅ​ដល់​បុគ្គល និង​ស្ថាប័ន​សរុប​ចំនួន​១២ពាន​រង្វាន់ នៅ​ការិយាល័យ​អង្គការ ខុមហ្វ្រេល (Comfrel)ដែរ។ អ្នក​ទទួល​បាន​ពាន​រង្វាន់​ទាំង​នោះ​រួម​មាន អ្នក​ជំនាញ​ខាង​កសិកម្ម លោក នី ណាក់ សហគមន៍​ការពារ​ដី​ធ្លី និង​អ្នក​ធ្វើ​ការ​ក្នុង​វិស័យ​ព័ត៌មាន​ជា​ដើម។ ជាមួយគ្នា​នេះ កញ្ញា សេង ធារី តំណាង​សហជីព​ណាហ្គាវើលដ៏ (Naga World) កញ្ញា ឈឹម ស៊ីថរ និង​លោក ធែល ធីលែន ដែល​កំពុង​តែ​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ក៏​ទទួល​បាន​ពាន​រង្វាន់​នេះ​ដែរ ដោយ​មាន​សាច់​ញាតិ​មក​ទទួល​ពាន​រង្វាន់​ជំនួស​ពួកគេ​ទាំង​នោះ។

ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​ត្រូវ​បាន​ធ្វើ​ឡើង​ជា​រៀង​រាល់​ឆ្នាំ ទូទាំង​សកល​លោក ចាប់​តាំង​ពី​ឆ្នាំ​១៩៤៨មក ដើម្បី​ផ្សព្វផ្សាយ និង​លើក​កម្ពស់​ការ​គោរព​សិទ្ធិមនុស្ស តាម​រយៈ​ការ​ជំរុញ​ឱ្យ​ពលរដ្ឋ​យល់​ដឹង និង​ទាមទារ​សិទ្ធិ​របស់​ខ្លួន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។