ក្រុមសហជីព កម្មករ សមាគម និងអង្គការផ្នែកសិទ្ធិការងារ នៅថ្ងៃទី១ ឧសភា នេះ បាននាំគ្នាប្រារព្ធទិវាពលកម្មអន្តរជាតិនៅទីតាំងដោយឡែកពីគ្នា ក្រោមការរឹតបន្តឹងសន្តិសុខពីសំណាក់អាជ្ញាធរនៃរបបក្រុងភ្នំពេញ។ អាជ្ញាធរបានប្រើប្រាស់កម្លាំងជាច្រើនដើម្បីឃ្លាំមើលសកម្មភាពរបស់ក្រុមអ្នកប្រារព្ធពិធី ដើម្បីកុំឱ្យមានការដង្ហែក្បួនណាមួយចេញពីទីតាំងដែលខ្លួនបានកំណត់។ មន្ត្រីសិទ្ធិមនុស្សវាយតម្លៃថា នេះជាការរឹតត្បិតយ៉ាងខ្លាំងលើសិទ្ធិសេរីភាពរបស់ក្រុមសហជីព និងកម្មករ។
ប្រធានសហភាពការងារកម្ពុជា (CLC) លោក អាត់ ធន់ អះអាងថា ក្រុមអាជ្ញាធររាជធានីភ្នំពេញ បានចេញមករារាំងក្រុមការងាររបស់លោកមិនឱ្យមានការរៀបចំលើកបដា និងដាក់គ្រឿងបំពងសំឡេងនៅតាមរ៉ឺម៉កនោះទេ ខណៈកម្មករចាប់ផ្ដើមកម្មវិធីនៅម៉ោង ៧ព្រឹក ដោយសារអាជ្ញាធរបារម្ភខ្លាចពួកលោកមានការដង្ហែក្បួនចេញពីទីតាំងដែលបានកំណត់ ក៏ប៉ុន្តែក្រោយពេលមានការពន្យល់ និងសម្របសម្រួល ទើបក្រុមអាជ្ញាធរអនុញ្ញាតឱ្យពួកលោកដំណើរការកម្មវិធីដូចការគ្រោងទុកវិញ។
លោកថា តំណាងសហជីព និងកម្មករក្នុងវិស័យនានា ដែលចូលរួមក្នុងកម្មវិធី បានលើកឡើងពីក្តីកង្វល់ បញ្ហាប្រឈម និងសំណូមពររបស់ខ្លួនទៅកាន់សមាជិកសភាដែលទៅទទួលយកញត្តិរបស់ពួកគាត់ដល់ទីតាំងប្រារព្ធពិធី នៅសួនច្បារខាងមុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ខាងកើតវត្តភ្នំ។ សំណូមពរសំខាន់ៗរបស់ក្រុមសហជីព និងកម្មករនោះ មានដូចជា ស្នើឱ្យរដ្ឋាភិបាលកំណត់ប្រាក់ឈ្នួលអប្បបរមាដល់វិស័យដទៃទៀត រួមមានវិស័យសំណង់ ដឹកជញ្ជូន ទេសចរណ៍ និងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ស្នើឱ្យរដ្ឋាភិបាលពិនិត្យឡើងវិញចំពោះក្រុមហ៊ុន និងសហគ្រាសដែលបានរត់ចោលកម្មករដោយមិនបានគិតគូរលុយឱ្យកម្មករ ស្នើឱ្យមានការទម្លាក់ចោលបណ្ដឹងប្រឆាំងនឹងថ្នាក់ដឹកនាំសហជីព ព្រមទាំងស្នើឱ្យរដ្ឋាភិបាលជួយការពារកម្មករចំណាកស្រុក និងការជួយរកទីផ្សារកសិកម្មសម្រាប់កសិករជាដើម។ ជាពិសេសទៅទៀត ក្រុមសហជីព និងកម្មករបានស្នើឱ្យរដ្ឋាភិបាលពិនិត្យឡើងវិញចំពោះការអនុវត្តច្បាប់ស្ដីពីសហជីព ដែលបានប៉ះពាល់ដល់សិទ្ធិរបស់សហជីពក្នុងការការពារផលប្រយោជន៍របស់កម្មករ៖«យើងសូមលើកទឹកចិត្តដល់កម្មករនិយោជិកឱ្យបន្តចូលរួមជាមួយសហជីព និងចូលរួមជាមួយសកម្មភាពមួយចំនួនទៀតដែលបង្ហាញទៅដល់ក្រុមហ៊ុន សហគ្រាស គ្រឹះស្ថាន និងអាជ្ញាធរដើម្បីឱ្យដោះស្រាយបញ្ហារបស់ខ្លួនតាមរយៈការចរចា ឬតវ៉ាដោយសន្តិវិធី។ យើងក៏ស្នើឱ្យក្រុមហ៊ុន សហគ្រាស គ្រឹះស្ថានបញ្ឈប់ការកេងប្រវ័ញ្ច និងធ្វើទុក្ខបុកម្នេញផ្សេងៗ ដែលពាក់ព័ន្ធនឹងសិទ្ធិកម្មករ ព្រោះកម្មករជាអ្នកផលិត និងជំរុញឱ្យក្រុមហ៊ុនមានបានដែរ។ ប្រសិនបើធ្វើបាបគាត់ ហើយយកមានបានតែឯងនោះ វាមិនថ្លៃថ្នូរជាអ្នកវិនិយោគត្រឹមត្រូវទេ ហើយរដ្ឋាភិបាលក៏ត្រូវធានាថា សិទ្ធិរបស់កម្មករ ឬក៏លក្ខខណ្ឌការងារដែលច្បាប់បានកំណត់ត្រូវអនុវត្តឱ្យបានពេញលេញ ហើយត្រូវលុបបំបាត់ឱ្យអស់ចំពោះមន្ត្រីមួយចំនួនដែលគាត់ទៅកាងក្រុមហ៊ុន ឬទៅទីប្រឹក្សាក្រុមហ៊ុន រាយការណ៍តែរឿងអវិជ្ជមានធ្វើបាបក្រុមហ៊ុន»។
លោក អាត់ ធន់ បញ្ជាក់ថា សមាជិកសភាដែលមកទទួលញត្តិ បានសន្យាថា នឹងពិនិត្យមើលសំណើរបស់ក្រុមសហជីព និងកម្មកររួចផ្ញើទៅប្រធានរដ្ឋសភា លោក ហេង សំរិន ដើម្បីប្រជុំពិភាក្សា និងបញ្ជូនបន្តទៅរដ្ឋាភិបាលដើម្បីរកដំណោះស្រាយ។ លោករំពឹងថា សំណើចំនួន ១៩ ចំណុចរបស់ក្រុមសហជីព និងកម្មករនេះ នឹងត្រូវបានរដ្ឋសភា និងរដ្ឋាភិបាលយកទៅពិចារណា និងដោះស្រាយជូនសហជីព និងកម្មករ៖«ខ្ញុំមានជំនឿថា អ្វីដែលយើងដាក់ទៅ ទោះបីជាមិនមានការឆ្លើយតប ឬនិយាយថានឹងធ្វើតាមសំណើរបស់យើងក៏ដោយ ប៉ុន្តែជាទូទៅយើងឃើញថា យើងបានផលមួយចំនួនដែរ គ្រាន់តែថា ផលកន្លងទៅមានភាពយឺតយ៉ាវ។ យើងចង់ឱ្យផលបានច្រើនជាងនេះ ហើយត្រូវឆ្លើយតបចំពោះចំណុចសំខាន់ៗដែលយើងចង់បាន ដូចជា ធ្វើវិសោធនកម្មច្បាប់ស្ដីពីសហជីព ដើម្បីធានាសិទ្ធិសហជីព និងតំណាងរបស់សហជីព ការកំណត់ប្រាក់ឈ្នួលអប្បបរមា រៀបចំប្រព័ន្ធសន្តិសុខសង្គមឱ្យមានសំឡេងកម្មករនៅទីនោះ និងដកពាក្យបណ្ដឹង ឬទម្លាក់ចោលការចោទប្រកាន់លើសហជីពជាដើម»។
ស្របពេលសហភាពការងារកម្ពុជាប្រារព្ធទិវាពលកម្មអន្តរជាតិនេះ ខាងអង្គការ សមាគមដែលការពារសិទ្ធិកម្មករមួយក្រុមទៀត ក៏ប្រារព្ធទិវានេះដូចគ្នា។ អង្គការសមាគមទាំងនោះ មានដូចជា មជ្ឈមណ្ឌលសម្ពន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL) សម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) បណ្តាញយុវជនកម្ពុជា (CYN) និងអង្គការមួយចំនួនទៀត។ ក្រុមអង្គការ សមាគម និងសហជីពទាំងនេះ បែងចែកកម្មវិធីជាពីរ គឺពេលព្រឹកយកញត្តិទៅដាក់នៅស្ថាប័នជាតិសំខាន់ៗ និងពេលរសៀលមានការជួបប្រជុំជាមួយក្រុមកម្មករដើម្បីរំលឹកពីទិវាពលកម្មអន្តរជាតិ ១ ឧសភានេះ។
ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) លោក វ៉ន ពៅ អះអាងថា ពួកលោកបាននាំគ្នាយកញត្តិដែលជាសំណូមពររបស់ក្រុមកម្មករ និងអ្នកធ្វើការក្នុងវិស័យមួយចំនួន ទៅដាក់នៅក្រសួងការងារ និងរដ្ឋសភា។ លោកបន្តថា ការដាក់ញត្តិនៅក្រសួងការងារមិនមានបញ្ហាអ្វីនោះទេ ប៉ុន្តែនៅរដ្ឋសភាវិញ ពួកលោកត្រូវបានរារាំងដោយក្រុមសមត្ថកិច្ចដែលយាមកាមនៅមុខរដ្ឋសភា ប៉ុន្តែក្រោយពេលសម្របសម្រួល សមត្ថកិច្ចក៏បានអនុញ្ញាតឱ្យពួកលោកចូលទៅដាក់ញត្តិនៅរដ្ឋសភា។ លោកបញ្ជាក់ថា សំណើរបស់ក្រុមពួកលោកមានចំនួន ១៨ចំណុច ដែលចំណុចសំខាន់ៗរួមមាន ការស្នើឱ្យរដ្ឋសភាពិចារណាក្នុងការធ្វើវិសោធនកម្មច្បាប់ស្ដីពីសហជីព ការស្នើឱ្យរដ្ឋាភិបាលកំណត់ប្រាក់ឈ្នួលគោលអប្បបរមា ការស្នើឱ្យរដ្ឋាភិបាលលើកលែងការចោទប្រកាន់លើក្រុមសហជីពកាលពីពេលកន្លងទៅជាដើម។ លោកអំពាវនាវដល់របបក្រុងភ្នំពេញឱ្យយកចិត្តទុកដាក់ចំពោះសំណើរបស់ក្រុមសហជីព និងឆ្លើយតបជាវិជ្ជមានចំពោះសំណើទាំងនោះ៖ «ទិវា ១ ឧសភាជារៀងរាល់ឆ្នាំ យើងមានពិធីហែក្បួនជាលក្ខណៈទ្រង់ទ្រាយធំ ដែលមានកម្មករចូលរួមរាប់ពាន់រាប់ម៉ឺននាក់ឯណោះ ដូច្នេះយើងមិនចង់ឃើញទិដ្ឋភាពថ្ងៃទី ១ ឧសភា ដែលមន្ទីររដ្ឋសភាត្រូវបានឡោមព័ទ្ធដោយអាជ្ញាធរមានសមត្ថកិច្ចបំពាក់អាវុធគ្រប់ដៃនោះទេ។ យើងចង់ឱ្យរដ្ឋាភិបាល និងអ្នកពាក់ព័ន្ធទាំងអស់បង្កលក្ខណៈទូលាយ ដើម្បីផ្តល់សិទ្ធិសេរីភាពឱ្យបានគ្រប់គ្រាន់ដល់យើង ដើម្បីសម្ដែងមតិសម្រាប់ទិវា ១ ឧសភា និងកម្មវិធីផ្សេងទៀតរបស់ប្រជាពលរដ្ឋ ដើម្បីសម្ដែងមតិបង្ហាញពីឆន្ទៈ ដែលជាសេចក្ដីត្រូវការរបស់ពួកគាត់ជូនរដ្ឋាភិបាល និងរដ្ឋសភាជាតិ»។
អ្នកនាំពាក្យសមាគមអាដហុក (ADHOC) លោក សឹង សែនករុណា ដែលបានឃ្លាំមើលដំណើរការប្រារព្ធទិវាពលកម្មអន្តរជាតិរបស់ក្រុមសហជីពនោះ ថ្លែងថា សមត្ថកិច្ចបានបង្ហាញសាច់ដុំរបស់ខ្លួនយ៉ាងសម្បើម តាមរយៈការដាក់ពង្រាយកងកម្លាំង និងក្រុមសន្តិសុខជាច្រើន នៅក្បែរកន្លែងប្រារព្ធពិធី។ លោកសង្កេតឃើញថា ការរឹតបន្តឹងបែបនេះបានបង្កការភ័យខ្លាចដល់ក្រុមសហជីព និងកម្មករ ហើយក៏បានប៉ះពាល់ដល់សេរីភាពនៃការបញ្ចេញមតិ និងការលើកឡើងពីកង្វល់របស់ពួកគាត់ទាក់ទងនឹងបញ្ហាការងារនេះផងដែរ
៖ «ដំណើរការនេះនៅតែមិនទាន់បើកទូលាយដល់សហជីព និងកម្មករបានចូលរួមពេញលេញទាំងផ្លូវកាយ និងផ្លូវសតិអារម្មណ៍របស់គាត់ឱ្យធូរស្រាលនៅឡើយទេ។ ហើយការចង់ដង្ហែញត្តិដើម្បីសម្ដែងមតិឱ្យសាធារណជនផ្សេងៗបានដឹងអំពីកម្លាំងរបស់ពួកគាត់ ក៏មិនបានធ្វើទៅតាមបំណងគាត់ដែរ ប៉ុន្តែផ្ទុយទៅវិញ បែរជាមានការរឹតត្បិតដាក់កំហិតទៅតាមអ្វីដែលអាជ្ញាធរចង់បានទៅវិញ»។
អាជ្ញាធរក្រុងភ្នំពេញ បកស្រាយថា ការមិនអនុញ្ញាតឱ្យក្រុមសហជីពដើរដង្ហែក្បួននេះ គឺដើម្បីរក្សាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ជាពិសេស ដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍ ក៏ប៉ុន្តែ មេធាវីជាន់ខ្ពស់ផ្នែកការពារសិទ្ធិស្ត្រី នៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) អ្នកស្រី អារុណា កាហ្សយ៉ាប (Aruna Kashyap) អះអាងថា នេះជាការរឹតត្បិតយ៉ាងខ្លាំងទៅលើសេរីភាពនៃការជួបប្រជុំរបស់កម្មករនិយោជិក ពីសំណាក់របបលោក ហ៊ុន សែន ហើយនេះក៏ស្ដែងឲ្យឃើញពីបញ្ហាប្រឈម ដែលត្រូវការការកែទម្រង់ប្រព័ន្ធគ្រប់គ្រងនៃរបបមួយនេះផងដែរ។
ស្របពេលដែលក្រុមអង្គការ សមាគម សហជីព និងកម្មករប្រារព្ធទិវាពលកម្មអន្តរជាតិ ក្រោមការរឹតបន្តឹងសិទ្ធិសេរីភាពនេះ មេដឹកនាំរបបក្រុងភ្នំពេញ លោក ហ៊ុន សែន ឯណោះវិញ បានចុះទៅជួបកម្មករ-កម្មការនី នៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ។ លោក ហ៊ុន សែន បានទទួលទានអាហាររួមគ្នា និងរាំលេងកម្សាន្តជាមួយក្រុមកម្មករនៅទីនោះ ហើយលោកក៏បានឆ្លៀតឃោសនារកសំឡេងឆ្នោតផងដែរ គឺអំពាវនាវឱ្យក្រុមកម្មករបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជារបស់លោកតទៅទៀត ដោយលើកហេតុផលថា ដើម្បីការពារសន្តិភាព ក៏ប៉ុន្តែពាក្យ "ការពារសន្តិភាព” ក្នុងន័យនេះ ត្រូវបានអ្នកវិភាគនយោបាយ និងអ្នកឃ្លាំមើលសង្គម វាយតម្លៃថា ជាការ “ការពារអំណាចរបស់លោក ហ៊ុន សែន និងក្រុមគ្រួសារ” ទៅវិញទេ៕
