សហភាព​សហជីព​អន្តរជាតិ​ទាមទារ​ឲ្យ​ដោះលែង កញ្ញា ឈឹម ស៊ីថរ

ដោយ ថា ថៃ
2022.12.01
Share on WhatsApp
Share on WhatsApp
សហភាព​សហជីព​អន្តរជាតិ​ទាមទារ​ឲ្យ​ដោះលែង កញ្ញា ឈឹម ស៊ីថរ កញ្ញា ឈឹម ស៊ីថរ ប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើ​លដ៍ (Naga World) លើកបដាកាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០២២ នៅពេលមានការគំរាមចាប់ខ្លួនលើកទី១។
រូប៖ ពលរដ្ឋផ្ដល់ឱ្យ

សហព័ន្ធ​សហជីព​ពាណិជ្ជកម្ម​អន្តរជាតិ ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា លុប​ចោល​ការចោទប្រកាន់​និង​ប្រគល់​សេរីភាព​ជូន​ប្រធាន​សហជីព​ក្រុមហ៊ុន​ណាហ្គា វើលដ៍ (Naga World ) កញ្ញា ឈឹម ស៊ីថរ ឡើងវិញ​។ អ្នកនាំពាក្យ​បក្ស​កាន់​អំណាច ថា ករណី​នេះ គឺជា​ការអនុវត្ត​ច្បាប់​ដោយ​តុលាការ មិន​ពាក់ព័ន្ធ​ជាមួយ​រដ្ឋាភិបាល​ឡើយ​។ ប៉ុន្តែ​មន្ត្រី​សមាគម​ផ្នែក​សិទ្ធិ​ការងារ លើកឡើង​ថា ស្ថាប័ន​សហជីព​អន្តរជាតិ​មួយ​នេះ មាន​ឥទ្ធិពល​នៅ​លើ​ឆាក​អន្តរជាតិ ដូច្នេះ​រដ្ឋាភិបាល​កម្ពុជា គួរតែ​ពិចារណា​ដោះលែង​កញ្ញា ឈឹម ស៊ីថរ ដើម្បី​បញ្ចៀស​ការ​ដាក់​សម្ពាធ​ផ្សេងៗ។

ការ​ទាមទារ​យុត្តិធម៌​និង​សេរីភាព​សម្រាប់​មេដឹកនាំ​សហជីព​ប្រចាំ​ក្រុមហ៊ុន​ណាហ្គាវើលដ៍ កំពុង​បន្ត​ផុសផុល​ជា​បន្តបន្ទាប់ ដោយមាន​ការ​ចូល​ពី​អង្គការ​សមាគម សហជីព​ក្នុងស្រុក និង​ប្រទេស​ប្រជាធិបតេយ្យ​ធំៗ ព្រមទាំង​ស្ថាប័ន​អន្តរជាតិ​ដែល​មាន​ឥទ្ធិពល​ផ្សេងទៀត។

សហព័ន្ធ​សហជីព​ពាណិជ្ជកម្ម​អន្តរជាតិ ហៅ​កាត់​ថា អាយ​.​ធី​.​យូ​.​ស៊ី ( ITUC ) ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ត្រូវ​ជួយ​អន្តរាគមន៍​ដើម្បី​ធានា​សុវត្ថិភាព​កញ្ញា ឈឹម ស៊ីថរ ហើយ​ទម្លាក់​ចោល​រាល់​ការចោទប្រកាន់​និង​ត្រូវ​ដោះលែង​គាត់​ជាបន្ទាន់​ដោយ​គ្មាន​លក្ខខណ្ឌ​។ សហព័ន្ធ​សហជីព​ពាណិជ្ជកម្ម​អន្តរជាតិ លើកឡើង​ក្នុង​សេចក្ដីថ្លែងការណ៍​ដែល​វិទ្យុ​អាស៊ីសេរី​ទើប​ទទួល​បាន​នៅ​ថ្ងៃទី​១ ធ្នូ ថា ស្ថាប័ន​របស់​ខ្លួន ព្រួយបារម្ភ​ជា​ខ្លាំង​ចំពោះ​ការ​ចាប់​ឃុំខ្លួន​កញ្ញា ឈឹម ស៊ីថរ កាលពី​ថ្ងៃទី​២៦ ខែ​វិច្ឆិកា បន្ទាប់ពី​នាង​វិល​ទៅ​កម្ពុជា​វិញ ក្រោយ​ចូលរួម​សមាជ​ពិភពលោក​ទី​៥ របស់​សហព័ន្ធ​សហជីព​ពាណិជ្ជកម្ម​អន្តរជាតិ ដែល​បាន​រៀបចំ​ធ្វើ​នៅ​ទីក្រុង​ម៉ែលប៊ន (Melbourne ) ប្រទេស​អូស្ត្រាលី (Australia)​។ សហជីព​អន្តរជាតិ​មួយ​នេះ បន្ត​ថា បច្ចុប្បន្ន​នេះ ស៊ីថរ កំពុង​ត្រូវ​បាន​អាជ្ញាធរ​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​ព្រៃ​សម​២ ដែល​ធ្វើ​ឲ្យ​មាន​ក្តី​ព្រួយបារម្ភ​ធំធេង​អំពី​លក្ខខណ្ឌ​នៃ​ការ​ឃុំខ្លួន​របស់​នាង និង​ព្រួយ​បារម្ភ​ថា រដ្ឋាភិបាល​កម្ពុជា កំពុង​សងសឹក​ប្រឆាំង​រូប​នាង​ដោយសារ​ភាពជា​តំណាង​នៃ​ការ​ការពារ​ផលប្រយោជន៍​កម្មករ​កម្ពុជា​នៅ​ឯ​ក្នុង​សមាជ​សហជីព​អន្តរជាតិ​កន្លងមក។

សហព័ន្ធ​សហជីព​ពាណិជ្ជកម្ម​អន្តរជាតិ ពិនិត្យ​ឃើញ​ថា ការ​ចោទ​ប្រកាន់​ស្ត្រី​មេ​ដឹកនាំ សហជីព​ណាហ្គា វើលដ៍ តាំងពី​ដំបូង​ពាក់ព័ន្ធ​នឹង​ការអនុវត្ត​សិទ្ធិ​សហជីព រហូត​មក​ដល់​ការ​ចាប់ខ្លួន​ឡើងវិញ​ក្រោម​ហេតុផល​ថា នាង​បំពាន​បំរាម​តុលា​ការដែល​ហាម​ចេញ​ក្រៅ​ប្រទេស​នោះ គឺ​បង្ហាញ​ថា រដ្ឋាភិបាល​កម្ពុជា កំពុង​អនុវត្ត​ផ្ទុយ​ពី​កាតព្វកិច្ច​រដ្ឋធម្មនុញ្ញ ដែល​ត្រូវ​គោរព​គោលការណ៍​ជា​មូលដ្ឋាន​នៃ​សេរីភាព​បង្កើត​សមាគម និង​កាតព្វកិច្ច​របស់​ខ្លួន​នៅ​ក្រោម​អនុសញ្ញា​លេខ​៨៧​របស់​អង្គការ​អន្តរជាតិ​ខាង​ការងារ​(ILO) ស្ដីពី​សេរីភាព​នៃ​សមាគម និង​ការ​ការពារ​សិទ្ធិ​នៃ​ការបង្កើត​សមាគម ដែល​រដ្ឋាភិបាល​បាន​ផ្តល់​សច្ចាប័ន​កាលពី​ឆ្នាំ​១៩៩៩។

សហជីព​អន្តរជាតិ​មួយ​នេះ រួម​ជាមួយ​នឹង​សហជីព​អន្តរជាតិ​ខាង​ចំណីអាហារ ហៅ​កាត់​ថា អាយ​.​យូ​.អេហ្វ​(IUF) ក៏បាន​បញ្ជូន​ការវិវត្តន៍​នៃ​ករណី​កញ្ញា ឈឹម ស៊ីថរ នេះ​ទៅ​គណៈកម្មការ​សេរីភាព​នៃ​សមាគម​ដែរ ។ សហជីព​អន្តរជាតិ​ដដែល ក៏​រំលឹក ឡើងវិញ​ថា សហជីព និង ពលរដ្ឋ​គ្រប់រូប មាន​សិទ្ធិ​ចូលរួម​សកម្មភាព​សហជីព​នៅ​ក្រៅ​ប្រទេស ហើយ​ផ្អែក​តាម​សេចក្តី​ប្រកាស​ស្ដីពី​សិទ្ធិមនុស្ស​ជា​សកល ចែង​ថា មនុស្ស​គ្រប់រូប មាន​សិទ្ធិ​ចាកចេញ និង​វិលត្រឡប់​ចូល​ទៅ​ប្រទេស​ខ្លួន​វិញ​ដោយ​គ្មាន​ការ​រារាំង។

សហព័ន្ធ​សហជីព​ពាណិជ្ជកម្ម​អន្តរជាតិ គឺជា​ស្ថាប័ន​ដែល​មាន​ឥទ្ធិពល​នៅ​លើ​ឆាក​អន្តរជាតិ ដែល​មាន​សមាជិក​សហ​ជីព​ប្រមាណ ៣០០​ស្ថាប័ន​មកពី​ជាង​១២០​ប្រទេស​ទូទាំង​ពិភពលោក ហើយ​ជា​ស្ថាប័ន​ដែល​មាន​ដៃគូ​ជាមួយ​អង្គការ​អន្តរជាតិ​សំខាន់ៗ ជាច្រើន​ទៀត។

ឆ្លើយតប​ករណី​នេះ អ្នកនាំពាក្យ​គណបក្ស​កាន់អំណាច លោក សុខ ឥសាន ថ្លែង​ការពារ​ចំណាត់ការ​របស់​តុលាការ​ថា រឿង​នេះ​ជា​ការ​អនុវត្ត​ច្បាប់ ហើយ​គ្មាន​ប្រទេស ឬ​ស្ថាប័ន​ណាមួយ ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល ឲ្យ​លូកដៃ​ជ្រៀតជ្រែក​កិច្ចការ​តុលាការ​បាន​ឡើយ។

លោក សុខ ឥសាន៖ «ដូច​ខ្ញុំ​ជម្រាប​អ៊ីចឹង​ថា វា​អត់​មាន​ពាក់ព័ន្ធ​ជាមួយ​រដ្ឋាភិបាល​ទេ ដូច្នេះហើយ​វា​គ្មាន​ហេតុផល​អី​ដែល​ត្រូវ​បរទេស​មួយចំនួន​ប្រើ​ឥទ្ធិពល គាប់​សង្កត់​លើ​រាជរដ្ឋាភិបាល​កម្ពុជា​ទេ ព្រោះ​រឿង​នេះ​ជា​រឿង​សាមីជន ប្រព្រឹត្ត​ល្មើសច្បាប់ ល្មើស​ដីកា​របស់​តុលាការ ដូច្នេះ​ជា​រឿង​តុលាការ​ជាមួយ​សាមីជន​មិនមែន​រឿង​របស់​រដ្ឋាភិបាល​ជាមួយ​សាមីជន​ទេ»

ទោះជា​យ៉ាងណា មន្ត្រី​សង្គម​ស៊ីវិល ចាត់​ទុកថា គ្រប់​ករណី​ទាំងអស់​គឺ​មន្ត្រី​រដ្ឋាភិបាល និង​អ្នកនាំពាក្យ​បក្ស​កាន់អំណាច តែង​បកស្រាយ​ថា​ជា​រឿង​អនុវត្ត​ច្បាប់​ដដែលៗ ប៉ុន្តែ​ជាក់ស្តែង​កន្លងមក រដ្ឋាភិបាល បាន​បង្ហាញ​ឥត​លាក់លៀម​ពី​ការប្រើប្រាស់​ប្រព័ន្ធ​តុលាការ ដើម្បី​បំបិទ​សំឡេង​រិះគន់។

ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ លោក វន់ ពៅ ថ្លែង​ថា ការ​ទាមទារ​របស់​សហព័ន្ធ​សហជីព​ពាណិជ្ជកម្ម​អន្តរជាតិ គឺ​បង្ហាញ​ពី​ភាព​សាមគ្គី​រវាង​សហជីព​កម្ពុជា និង​សហជីព​ពិភពលោក ព្រមទាំង​បង្ហាញ​ថា ការ​ចាប់​ខ្លួន​កញ្ញា ឈឹម ស៊ីថរ គឺជា​រឿង​មិន​ត្រឹមត្រូវ និង​ជា​រឿង​រំលោភ​លើ​សេរីភាព​សហជីព ជាពិសេស​អនុសញ្ញា​របស់​អង្គការ​ILO លេខ​៨៧ និង​៩៨​ស្ដីពី​សេរីភាព សហជីព សិទ្ធិ​ចរចា និង​សិទ្ធិ​ធ្វើ​កូដកម្ម​ដោយ​សន្តិវិធី។ លោក​យល់​ថា រដ្ឋាភិបាល គួរតែ​ពិចារណា​ជួយ​អន្តរាគមន៍​ទៅតាម​សំណើ​សហជីព​អន្តរជាតិ និង​ក្រុម​ប្រទេស​ប្រជាធិបតេយ្យ។

លោក វន់ ពៅ៖ «បើ​យើង​ធ្វើ​អ៊ីចឹង​មុខមាត់​យើង​នៅ​លើ​ឆាក​អន្តរជាតិ​វា​អាប់ឱន ដោយសារ​យើង​មិន​អនុវត្ត​ទៅតាម​គោលការណ៍​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស។ ទី​១​យើង​បារម្ភ។ ទី​២​យើង​បារម្ភ​ផងដែរ ការ​អនុគ្រោះ​ពន្ធ​GSP ក្តី ការ​អនុគ្រោះ​ពន្ធ​EBA​ក្តី បើសិន​ស្ថានភាព​នៅតែ​បែបនេះ​ទៀត​យើង​ព្រួយបារម្ភ ខ្លាច​អាមេរិក​ព្យួរ​ការ​អនុគ្រោះ​ពន្ធ​ទាំងស្រុង​ទៅ ថា​តើ​អ្នកណា​ជា​អ្នករងគ្រោះ​គឺ​ប្រជាពលរដ្ឋ​ខ្មែរ។ ចំណុច​ទី​២​នេះ​គឺ​យើង​ព្រួយបារម្ភ មែនទែន​ទាក់ទង​នឹង​សេដ្ឋកិច្ច​ពលរដ្ឋ និង​សេដ្ឋកិច្ចជាតិ​។ ចំណុច​ទី​៣ យើង​បារម្ភ​ពី​ការអនុវត្ត​សិទ្ធិ​និង​លទ្ធិប្រជាធិបតេយ្យ​ជាពិសេស​សិទ្ធិ​របស់​កម្ម​ករ​ក្នុង​ការ​បំពេញ​កាតព្វកិច្ច​ជា​សហជីព ការពារ​ប្រយោជន៍​កម្មករ»

កញ្ញា ឈឹម ស៊ីថរ ត្រូវបាន​អាជ្ញាធរ​ចាប់ខ្លួន​ជា​លើក​ទី​២ កាល​ពី​ព្រឹក​ថ្ងៃទី​២៦ ខែ​វិច្ឆិកា នៅ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​។ អាជ្ញាធរ ក៏បាន​រំលោភ​លើ​សិទ្ធិ​របស់​នាង​ក្នុង​ការ​ទទួល​បាន​មេធាវី ឬ​តំណាង​ផ្នែក​ច្បាប់​រយៈពេល​៤៨ ម៉ោង​ដែរ ដោយសារ​អាជ្ញាធរ និង​តុលាការ បាន​បញ្ជូន​នាង​ទៅ​ឃុំខ្លួន​ភ្លាមៗ ក្រោយ​ពេល​ចាប់ខ្លួន​នៅ​ព្រលាន​យន្តហោះ​តែ​រយៈពេល​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ។

ចាប់ពី​តាំងពី​ពាក់កណ្តាល​ខែធ្នូ ឆ្នាំ​២០២១​មក កញ្ញា ឈឹម ស៊ីថរ បាន​ដឹកនាំ​ការ​ធ្វើ​កូដកម្ម​អហិង្សា​ដើម្បី​ប្រឆាំង​នឹង​ការបញ្ឈប់​បុគ្គលិក​ជាង​១​ពាន់​៣​រយ​(.៣០០)​នាក់ និង​ការ​រំលាយ​សហជីព​ដោយ​អ្នកគ្រប់គ្រង​ក្រុមហ៊ុន​កាស៊ីណូ និង​សណ្ឋាគារ​ណាហ្គាវើលដ៍។ បន្ទាប់​មក ស៊ីថរ ត្រូវ​បាន​ចាប់ខ្លួន​លើក​ទី​១ នៅ​ថ្ងៃទី​៣ ខែ​មករា ឆ្នាំ​២០២២ រួម​ជា​ជាមួយនឹង​ថ្នាក់ដឹកនាំ និង​សកម្មជន​សហជីព​១៣​នាក់​ផ្សេងទៀត​ពី​បទ​ញុះញង់ និង​ល្មើសច្បាប់​កូ​វីដ-១៩​។ ពួកគាត់ ត្រូវ​បាន​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​វិញ នៅ​ថ្ងៃទី​១៤ ខែ​មីនា​។ ចំណែក​បុគ្គលិក​ណាហ្គា​វើលដ៍​ផ្សេងទៀត នៅតែ​បន្ត​ធ្វើ​កូដកម្ម​នៅ​ខាងក្រៅ​ក្រុមហ៊ុន ហើយ​តែង​ទទួលរង​ការ​វាយដំ ការ​បៀតបៀន ការ​គំរាមកំហែង និង​ការ​ដាក់​ទោស​ទណ្ឌ​ផ្សេងៗ​ដោយ​អាជ្ញាធរ។

ចំពោះ​ការ​ចាប់​ឃុំខ្លួន​កញ្ញា ឈឹម ស៊ីថរ ជា​លើក​ទី​២​នេះ ក្រសួង​បរទេស​សហរដ្ឋអាមេរិក និង​ស្ថានទូត​ប្រទេស​អូស្ត្រាលី ក៏​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ដោះលែង​រូប​នាង និង​សហជីព​កម្មករ ដែល​កំពុង​ជាប់ឃុំ​ទាំងអស់​ដោយសារ​ប្រើ​សិទ្ធិ​សេរីភាព​បង្កើត​សមាគម​និង​ការ​ជួប​ប្រជុំ​ដោយ​សន្តិវិធី ហើយ​លុបចោល​រាល់​ការចោទប្រកាន់​លើ​ពួកគេ និង​ឈាន​ទៅ​ដោះស្រាយ​វិវាទ​ការងារ​ប្រកបដោយ​ការ​ស្ថាបនា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។