អ្នក​សារព័ត៌មាន​ព្រួយបារម្ភ​ចំពោះ​សេចក្ដីព្រាងច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​មានការ​រឹតត្បិត

ដោយ ទីន ហ្សាការីយ៉ា
2016-09-23
Share
ជេម៉ី លី ប៉ា ងួនទៀង ២០១៦ ៨៥៥ មន្ត្រី​ជំនាញ​បច្ចេកទេស​ការងារ និង​ទំនាក់ទំនង នៃ​អង្គការ​យូណេស្កូ កញ្ញា ជេម៉ី លី (Jamie Lee) (ឆ្វេង) និង​នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឯករាជ្យ លោក ប៉ា ងួនទៀង (ស្ដាំ) ចូលរួម​ក្នុង​វេទិកា​ពិភាក្សា​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​លើ​សេចក្ដីព្រាងច្បាប់​ស្ដីពី សិទ្ធិ​ទទួល​បាន​ព័ត៌មាន នៅ​ថ្ងៃ​ទី​២២ ខែ​កញ្ញា ឆ្នាំ​២០១៦។ RFA/Cheu Sideth
RFA/Cheu Sideth

ប្រព័ន្ធ​ផ្សព្វផ្សាយ លើកឡើង​កម្ពុជា ត្រូវ​តែ​មាន ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន ដើម្បី​លើកកម្ពស់ អភិបាលកិច្ច និង​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។

ការ​លើក​ឡើង​នេះ នៅ​ស្រប​ពេល​ក្រសួង​ព័ត៌មាន និង ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ កំពុងតែ​ដំណើរ​ការ​ជជែក​ពិភាក្សា សេចក្ដីព្រាងច្បាប់​ស្ដីពី សិទ្ធិ​ទទួល​បាន​ព័ត៌មាន ដែល​មាន​៩ ជំពូក និង៣៦​មាត្រា។ ប៉ុន្តែ​សេចក្ដីព្រាងច្បាប់​នេះ គេ​រក​ឃើញ​ថា មានការ​រឹតត្បិត​សេរីភាព​សារព័ត៌មាន ហើយ​ក្រុម​អ្នក​សា​ព័ត៌មាន​ទាមទារ​ឲ្យ​កែប្រែ និង​ដកចេញ​មាត្រា​មួយ​ចំនួន។

សេចក្ដីព្រាងច្បាប់​ស្ដីពី សិទ្ធិ​ទទួល​បាន​ព័ត៌មាន មាន​ភាព​ចម្រូង​ចម្រាស់ នៅ​ក្នុង​ជំពូក​មួយ​ចំនួន ដែល​ក្រុម​អ្នកសារព័ត៌មាន​ជាតិ និង​អន្តជាតិ រក​ឃើញ​ថា សេចក្ដីព្រាងច្បាប់​នេះ បិទ​សិទ្ធិ​សេរីភាព​ប្រជាពលរដ្ឋ និង​អ្នកសារព័ត៌មាន​ទៅវិញ។

ការ​លើក​ឡើង​បែបនេះ នៅ​ក្នុង​វេទិកា​ពិភាក្សា​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​លើ​សេចក្ដីព្រាងច្បាប់​ស្ដីពី សិទ្ធិ​ទទួល​បាន​ព័ត៌មាន នៅ​ថ្ងៃ​ទី​២២​កញ្ញា ដែល​រៀបចំ​ដោយ​មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ ហៅ​កាត់​ថា CCIM និង​អង្គការ​យូណេស្កូ (UNESCO)

នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឯករាជ្យ លោក ប៉ា ងួនទៀង ដែល​ជា​សមាជិក​ក្រុមបច្ចេកទេស​ពិភាក្សា សេចក្ដីព្រាងច្បាប់​នេះ​មាន​ប្រសាសន៍​ថា សេចក្ដី​ព្រាង​ច្បាប់​នេះ មាន​ចំណុច​មិន​ច្បាស់លាស់​ជាច្រើន ដូចជា​ការ​ចែង​អំពី​ព័ត៌មាន​សម្ងាត់ មិនបាន​បញ្ជាក់​ឲ្យ​បាន​ច្បាស់​លាស់​ថា ព័ត៌មាន​ប្រភេទ​ណាខ្លះ​ដែល​ជា​ព័ត៌មាន​សម្ងាត់​មិន​អាច​ផ្សព្វផ្សាយ​បាន និង​ការកំណត់​ទោស​ទណ្ឌ​អ្នក​សារព័ត៌មាន និង​អ្នក​ស្នើ​សុំ​ព័ត៌មាន​ជាដើម៖ «កាលណា​ព័ត៌មាន​សម្ងាត់ ដែល​សាមីខ្លួន​មិន​ឲ្យ គេ​យក​លេស​ថា​ព័ត៌មាន​សម្ងាត់ ហើយ​ស្ថាប័ន​សាធារណៈ​នេះ ក្នុង​ការ​មិន​ផ្ដល់​ព័ត៌មាន»

តំណាង​ការិយាល័យ​ឧត្តម​ស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា អ្នក ស្រី វ៉ាន់ ហ៊ីលី (Wan-Hea Lee ) ធ្លាប់​ឲ្យ​ដឹង​ថា ច្បាប់​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​មាន​សារៈសំខាន់ ត្រូវតែ​ទាមទារ​ឲ្យ​មានការ​ការពារ​អ្នក​ផ្ដល់​ព័ត៌មាន​សម្ងាត់ ដូចជា ព័ត៌មាន​ដែល​ទាក់ទង​នឹង​សន្តិសុខ​ជាតិ​ជាដើម។ អ្នកស្រី​ថា កន្លងមក​អ្នក​ផ្ដល់​ព័ត៌មាន​សម្ងាត់ តែង​រង​ទារុណកម្ម និង​ធ្វើបាប ហេតុនេះ​ចាំបាច់ ត្រូវ​ពង្រឹង​ច្បាប់ ឬ ប្រព័ន្ធ​តុលាការ​ឲ្យ​ឯករាជ្យ ដើម្បី​ឲ្យ​អ្នករាយការណ៍​មាន​ជំនឿ​ចិត្ត​ហ៊ាន​ផ្ដល់​ព័ត៌មាន សម្ងាត់​ដោយ​មិន​ភ័យខ្លាច ដែល​ត្រូវ​បាន​ទទួលខុសត្រូវ​ដោយ​ច្បាប់។

ក្រួសង​ព័ត៌មាន និង​អង្គការ​យូណេស្កូ​បាន​ចុះ​អនុសារណៈ​យោគយល់ (MOU) ដើម្បី​អនុវត្ត គម្រោង លើកកម្ពស់​ការ​តាក់តែង​សេចក្ដីព្រាងច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​ព័ត៌មាន កាលពី​ឆ្នាំ​២០១៤ ក្រោម​ជំនួយ​ឧបត្ថម្ភ​ថវិកា​ជាង​១​លាន​ដុល្លារ​សហរដ្ឋអាមេរិក ពី​រដ្ឋាភិបាល​ស៊ុយអែត (Sweden) តាមរយៈ​អង្គការ​យូណេស្កូ។ មក​ទល់​ពេល​នេះ ក្រសួង​ព័ត៌មាន បាន​បង្កើត ក្រុមបច្ចេកទេស ដែល​មាន​តំណាង​ពី​អង្គការ​សង្គម​ស៊ីវិល អង្គការ​យូណេស្កូ ចូលរួម​ពិភាក្សា សេចក្ដី​ព្រាង​ច្បាប់​នេះ បាន​ចំនួន​១០​លើក​រួច​មក​ហើយ ដែល​កិច្ចពិភាក្សា​នេះ គេ​បាន​ពិនិត្យ មើល​បាន​ចំនួន​១៥​មាត្រា​ក្នុងចំណោម​៣៦​មាត្រា។

មន្ត្រី​ជំនាញ​បច្ចេកទេស​ការងារ និង​ទំនាក់ទំនង នៃ​អង្គការ​យូណេស្កូ កញ្ញា ជេម៉ី លី (Jamie Lee) មានប្រសាសន៍ថា នៅ​ក្នុង​ដំណើរ​ការ​ធ្វើ​សេចក្ដីព្រាងច្បាប់​នេះ មាន​សកម្មភាព​ធំៗ​ចំនួន​៤ ទី​១ ធ្វើ​វេទិកា​ជាមួយ​អង្គការ សង្គម​ស៊ីវិល ទី​២ ធ្វើ​វេទិកា​ក្នុង​សហគមន៍ ដើម្បី​ឲ្យ​ពលរដ្ឋ​យល់ដឹង និង​ការ​ប្រមូល​មតិយោបល់​ពី​ពលរដ្ឋ ទី​៣ ការ​បណ្ដុះបណ្ដាល អ្នក​រៀបចំ​ធ្វើ​សេចក្ដីព្រាងច្បាប់ ឲ្យ​ស្វែងយល់​ពី​ច្បាប់​ជាតិ និង​អន្តរជាតិ និង​ទី​៤ ប្រជុំ​ក្រុមការងារ​រយៈពេល​៣​ខែ​ម្ដង។

នៅ​ក្នុង​វេទិកា​ពិភាក្សា ដែល​មាន​អ្នកសារព័ត៌មាន​ជាតិ​និង​អន្តរជាតិ​មកពី​ស្ថាប័ន​ផ្សេងៗ បាន​ជជែក ដេញដោល​ខ្លាំង ដោយ​អ្នកសារព័ត៌មាន​ព្រួយបារម្មណ៍ ពី​សេចក្ដីព្រាងច្បាប់ នេះ ថា​មានការ​រឹតត្បិត ដែល​អ្នកខ្លះ​ថា ក្នុង​មាត្រា​ខ្លះ​អាក្រក់ មាន​ភាព​មិន​ច្បាស់លាស់ បិទ​សេរីភាព ទាំង​អ្នកផ្ដល់​ព័ត៌មាន និង អ្នក​ស្នើសុំ​ព័ត៌មាន។

ក្រុម​អ្នក​សារព័ត៌មាន​ចូលរួម​ក្នុង​វេទិកា​ពិភាក្សា​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​លើ​សេចក្ដីព្រាងច្បាប់​ស្ដីពី សិទ្ធិ​ទទួល​បាន​ព័ត៌មាន នៅ​ថ្ងៃ​ទី​២២ ខែ​កញ្ញា ឆ្នាំ​២០១៦។
ក្រុម​អ្នក​សារព័ត៌មាន​ចូលរួម​ក្នុង​វេទិកា​ពិភាក្សា​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​លើ​សេចក្ដីព្រាងច្បាប់​ស្ដីពី សិទ្ធិ​ទទួល​បាន​ព័ត៌មាន នៅ​ថ្ងៃ​ទី​២២ ខែ​កញ្ញា ឆ្នាំ​២០១៦។
RFA

ក្រៅ​ពី​នេះ​ទៀត ជំពូក​មួយ​ចំនួន អ្នក​ពិភាក្សា​ដេញដោល​ខ្លាំង នៅ​ក្នុង​ជំពូក​៣ ស្ដីពី នីតិវិធី​ស្នើសុំ​និង​ផ្ដល់​ព័ត៌មាន មាត្រា​១៥ នៃ​ច្បាប់​នេះ គឺ អ្នក​ស្នើ​សុំ​មាន​ចេតនា​ឆាឆៅ​រំខាន​ដល់​ប្រតិបត្តិការ​របស់​ស្ថាប័ន​សាធារណៈ ចំណុច​បដិសេធ​ដល់​អ្នក​ស្នើសុំ​ព័ត៌មាន​ដដែលៗ ក្នុង​រយៈពេល​ក្រោម​៤​ខែ និង​ការ​ជជែក​ដេញដោល​គ្នា​ទៅលើ​ចំណុច បុគ្គល​ប្រព្រឹត្ត​អំពើ​ឆាឆៅ​រំខាន ដែល​ផ្ដល់​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី​១​សប្ដាហ៍​ទៅ​១​ខែ និង​ពិន័យ​ជា​ប្រាក់​ពី​១​ម៉ឺន​រៀល ទៅ​១​សែន​រៀល។ ក្រុម​ការងារ​ពិភាក្សា​យល់ថា ការ​ចែង​នេះ គឺជា​ការ​ដាក់​កំហិត និង​ប៉ះពាល់​ដល់​ផលប្រយោជន៍​សាធារណជន និង​អ្នក​ស្នើសុំ ឬ​អ្នកសារព័ត៌មាន។

ទាក់ទង​និង​ទោស​បញ្ញត្តិ​នេះ ទាំង សមាជិក​គណៈកម្មការ​នាយក​ក្លឹប​អ្នកកាសែត​កម្ពុជា លោក ឆាយ សុផល និង​ជា​មន្ត្រី​កម្មវិធី​នៃ​អង្គការ​យូណេស្កូ ទាំង លោក ប៉ា ងួនទៀង ឯកភាព​នៅ​ក្នុង​កិច្ច​ពិភាក្សា ដកចេញ​មាត្រា​ដែល​ចែង​ពី​ទោស​នេះ​វិញ។ លោក ប៉ា ងួនទៀង សង្ងត់​ធ្ងន់​ថា បើសិនជា ការកំណត់​ទោស​ដូច្នេះ នឹង​ប៉ះពាល់​ដល់​សិទ្ធិ​សេរីភាព​សារព័ត៌មាន៖ «កាលណា​ដាក់​អញ្ចឹង​ទៅ ធ្វើ​ឲ្យ​មនុស្ស​ភ័យ ធម្មតា​អាជ្ញាធរ​រដ្ឋ​ត្រូវ​បើក​ចិត្ត​ឲ្យ​ទូលំទូលាយ​ក្នុង​ការ​ដាក់ទោស​នោះ ធម្មតា​យើង​លើកទឹកចិត្ត​មនុស្ស​ឲ្យ​ស្នើសុំ​ព័ត៌មាន​និង​ផ្សព្វផ្សាយ បើកាលណា​មានទោស យើង​ផ្ដោត​លើ​ការអប់រំ​វិញ»

នៅ​ក្នុង​សិក្ខាសាលា​កាលពីដើម​ខែ​កញ្ញា នេះ អនុរដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន និង​ជា​អ្នកនាំពាក្យ​នៃ​ក្រុមការងារ​បច្ចេកទេស​តាក់តែង​សេចក្ដីព្រាងច្បាប់ លោក អ៊ុក គឹមសេង មាន​ប្រសាសន៍​ថា ការ​ឈាន​ទៅ​សម្រេច​សេចក្ដីព្រាងច្បាប់​សិទ្ធិ​ទទួល​ព័ត៌មាន គឺជា​ជំហាន​ដ៏​តានតឹង មិន​អាច​ឈាន​ទៅ​សម្រេច​ភ្លាមៗ​បានទេ ។ លោក​បញ្ជាក់​ថា ចំណុច​ខ្លះ​ក្រុមបច្ចេកទេស​នឹង​ពិនិត្យ​ពិភាក្សា​បន្ត​ទៀត​ឲ្យ​បាន​ល្អិតល្អន់៖ «វា​មាន​ច្បាប់​ពាក់ព័ន្ធ​ច្រើន ទោះបី​យើង​ធ្វើ​ទៅ​លឿន​មិនបាន​ចូលរួម​ជជែក​ល្អិតល្អន់​ក៏​មិនល្អ​ដែរ ព្រោះ​អី​ច្បាប់​នេះ​នៅ​ពេល​ចេញ​ទៅ យើង​ចង់​ស៊ី​សង្វាក់​និង​ច្បាប់​ផ្សេង ដូច​អង្គភាព​ប្រឆាំង​អំពើពុករលួយ​កំពុង​ធ្វើ​ច្បាប់​ការពារ​សាក្សី។ល។»

មាត្រា​១១​វិញ ក្នុង​ជំពូក​ទី​៣​ដដែល ចែង​ពី​ការ​ស្នើ​សុំ​ព័ត៌មាន ត្រូវ​ធ្វើ​ឡើងជា​លាយលក្ខណ៍​អក្សរ ដោយ​បញ្ជាក់​លំអិត​ឲ្យ​ច្បាស់លាស់​អំពី​ព័ត៌មាន​ដែល​ត្រូវ​ស្នើសុំ​ទៅ​ស្ថាប័ន​សាធារណៈ​នោះ​គឺ ត្រូវ​បំពេញ​បែបបទ​ស្នើសុំ​ព័ត៌មាន ដូចជា ឈ្មោះ ភេទ អាយុ សញ្ជាតិ មុខរបរ និង​អាសយដ្ឋាន។ល។ មាត្រា​នេះ អ្នកចូលរួម​ពិភាក្សា​លើក​ឡើង​ថា ជា​មាត្រា​រឹតត្បិត ព្រោះ​អ្នកសារព័ត៌មាន ឬ​ការ​ស្នើសុំ​ព័ត៌មាន​ទៅ​ស្ថាប័ន​សាធារណៈ មិន​ត្រូវ​ធ្វើ​បែប​នេះ​ទេ ព្រោះថា អ្នកសារព័ត៌មាន​អាច​ស្នើសុំ​ព័ត៌មាន បន្ទាន់​តាមរយៈ​ទូរស័ព្ទ សារ​អេឡិចត្រូនិក (Email) ឬ​លិខិត។ រី​មាត្រា​មួយ​ចំនួន​នៅ​ក្នុង​ជំពូក​ដទៃ​ទៀត ក៏​អ្នកសារព័ត៌មាន​ទាមទារ​ឲ្យ​ក្រសួង​ព័ត៌មាន​និង​ក្រុម​បច្ចេកទេស ចំណុច​ខ្លះ​ទាមទារ​ឲ្យ​សរសេរ​ឡើងវិញ។

សមាជិក​គណៈកម្មការ​នាយក​ក្លឹប​អ្នកកាសែត​កម្ពុជា លោក ឆាយ សុផល និង​ជា​មន្ត្រី​កម្មវិធី​នៃ អង្គការ​យូណេស្កូ មាន​ប្រសាសន៍​ថា ក្រុម​បច្ចេកទេស​នឹង​កែប្រែ​ចំណុច​ដែល​រឹតត្បិត​សិទ្ធិ​សេរីភាព សារព័ត៌មាន​នេះ​ឡើងវិញ។ លោក​បញ្ជាក់​ថា សេចក្ដីព្រាងច្បាប់​នេះ មិនមែន​តែ​មាន​ប្រយោជន៍​ចំពោះ អ្នកសារព័ត៌មាន​ប៉ុណ្ណោះ​ទេ គឺ​មាន​ប្រយោជន៍​សម្រាប់​ប្រជាពលរដ្ឋ​ដែរ៖ «ព្រោះ​ច្បាប់​នេះ​យើង​និយាយ​ទូទៅ​អញ្ចឹង ប្រជាពលរដ្ឋ​គាត់​សុំ​ព័ត៌មាន​ពី​អាជ្ញាធរ​ដែនដី ពិសេស​ឃុំ​សង្កាត់​អាជ្ញាធរ​គាត់​មិន​ឲ្យ​ទេ ឧទាហរណ៍​មន្ទីរ​ពាណិជ្ជកម្ម​ក្នុង​ខែត្រ គាត់​ចង់បាន​តួលេខ​ពី​ការ​អភិវឌ្ឍ​នោះ គេ​មិន​ផ្ដល់​ជូន​ទេ គេ​សំអាង​គ្មាន​ច្បាប់​ហ្នឹង (ច្បាប់​សិទ្ធិ​ទទួល​បាន​ព័ត៌មាន)»

សេចក្ដីព្រាងច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​នេះ គេ​គ្រោង​នឹង​បញ្ចប់​នៅមុន​បោះឆ្នោត​ជាតិ​នីតិកាល​ទី​៦ ឆ្នាំ​២០១៨។ ក្រុម​អ្នកសារព័ត៌មាន​សំដែង​ការ​ព្រួយ​បារម្ភ​ចំពោះ​សេចក្ដីព្រាងច្បាប់​នេះ និង​ទាមទារ​កែប្រែ និង​ដកចេញ​ចំណុច​មួយ​ចំនួន បើ​ពុំ​នោះ​ទេ ច្បាប់​នឹង​ដើរ​ផ្ទុយ​ពី មាត្រា​១៩ នៃ​សេចក្ដីប្រកាស​ជា​សាកល​ស្ដីពី​សិទ្ធិមនុស្ស ដែល​ចែងថា មនុស្ស​គ្រប់រូប មាន​សិទ្ធិ​សេរីភាព​ក្នុង​ការ​មាន​មតិ និង​សម្ដែង​មតិ។ សិទ្ធិ​នេះ​រាប់បញ្ចូល​ទាំង​សេរីភាព​ក្នុង​ការ​ប្រកាន់​មតិ ដោយ​គ្មាន​ការ ជ្រៀតជ្រែក និង​សេរីភាព​ក្នុង​ការ​ស្វែងរក ការ​ទទួល​និង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន និង​គំនិត​នានា​ដោយ គ្មាន​ព្រំដែន ទោះ​តាមរយៈ​មធ្យោបាយ​សំដែង​មតិ​ណាមួយ​ក៏ដោយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល