អ្នក​សារព័ត៌មាន​សង្ឃឹម​តិចតួច​ថា រដ្ឋាភិបាល​ថ្មី​នឹង​ទទួល​យក​មតិ​កែលំអ​ពី​អ្នក​ជំនាញ​អ.ស.ប

ដោយ សេក បណ្ឌិត
2023.12.07
អ្នក​សារព័ត៌មាន​សង្ឃឹម​តិចតួច​ថា រដ្ឋាភិបាល​ថ្មី​នឹង​ទទួល​យក​មតិ​កែលំអ​ពី​អ្នក​ជំនាញ​អ.ស.ប អតីត​បុគ្គលិក​អាស៊ីសេរី លោក អ៊ូន ឈិន (ឆ្វេង) និង​លោក យាង សុធារិន្ទ ពេលត្រូវបានដោះលែងនៅក្រៅឃុំ កាលពីថ្ងៃទី២១ ខែ​សីហា ឆ្នាំ​២០១៨។
AFP

តំណាង​អ្នកសារព័ត៌មាន នឹង​ស្នើ​ឱ្យ​អ្នករាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា លោក វីទិត មុនតាប៊ន (Vitit Muntarbhorn) ជួយ​អន្តរាគមន៍ រដ្ឋាភិបាល​ឱ្យ កែលំអ​សេរីភាព​សារព័ត៌មាន​ស្របពេល លោក វីទិត មុនតាប៊ន ដែល​កំពុង​បំពេញ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា និង​បាន​ជួយ​មន្ត្រី​រដ្ឋាភិបាល​កំពូលៗ។

តំណាង​អ្នក​សារព័ត៌មាន​នឹង​លើកឡើង​ពី​បញ្ហា​ប្រឈម និង​ធ្លាក់ចុះ​សេរីភាព​សារព័ត៌មាន​នៅក្នុង​កិច្ចពិភាក្សា​ជាមួយ លោក វីទិត មុនតាប៊ន នៅ​ថ្ងៃទី៧ ធ្នូ នៅមុន​ពេល​ដែល​អ្នករាយការណ៍​ពិសេស​រូប​នេះ លើកយក​បញ្ហា​របស់​អ្នកសារព័ត៌មាន​ទៅកាន់​លោក ហ៊ុន ម៉ាណែត។

ដំណើរ​ទស្សនកិច្ច​រយៈ​ពេល ៥​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​៤ ដល់​ថ្ងៃ​ទី៨ ខែ​ធ្នូ របស់​អ្នករាយការណ៍​ពិសេស ដើម្បី​ជួប​ជាមួយ​រដ្ឋាភិបាល អ្នកការពារ​សិទ្ធិមនុស្ស អង្គការ​សង្គម​ស៊ីវិល ក្រុម​យុវជន តំណាង​ការងារ ជនជាតិភាគតិច អ្នកសារព័ត៌មាន និង​តំណាង​ប្រព័ន្ធ​ផ្សព្វផ្សាយ អ្នកជំនាញ អ្នកការទូត ទីភ្នាក់ងារ​អង្គការ​សហប្រជាជាតិ និង​ភាគី​ពាក់ព័ន្ធ​ផ្សេងទៀត។

អ្នករាយការណ៍​ព័ត៌មាន​សំឡេង​សហរដ្ឋអាមេរិក​(VOA) លោក ស៊ុន ណារិន លើកឡើង​ថា លោក​នឹង​លើក​ការ​រឹតត្បិត​របស់​រដ្ឋាភិបាល​ទៅលើ​អ្នកសារព័ត៌មាន​តាមរយៈ​អ្នករាយការណ៍​ពិសេស​នៃ​អង្គការ​សហប្រជាជាតិ រួមមាន​ការប្រើ​ហិង្សា គំរាមកំហែង និង​ការរើសអើង​មិន​ឱ្យ​អ្នកសារព័ត៌មាន​ចូល​ទៅ​យក​ព័ត៌មាន​ជាដើម​។ លោក ស៊ុន ណារិន ថា ​លោក​នឹង​ស្នើ​ឱ្យ​លោក វីទិត មុនតាប៊ន លើក​ឡើង​ទៅ​រដ្ឋាភិបាល​បើក​ស្ថាប័ន​សារព័ត៌មាន​ឯករាជ្យ​ដែល​រដ្ឋាភិបាល​បិទ​ឱ្យ​មាន​ដំណើរការ​ឡើងវិញ និង​ពន្លឿន​នូវ​ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ជាដើម។

លោក ស៊ុន ណារិន លើកឡើង​ថា លោក​មាន​ក្ដី​រំពឹង​តិចតួច​ថា រដ្ឋាភិបាល​នឹង​ទទួល​យក​ការ​លើកឡើង​របស់​លោក វីទិត មុនតាប៊ន ព្រោះថា​កន្លងមក​ទាំង​អង្គការ​ជាតិ និង​អន្តរជាតិ​បរាជ័យ​ក្នុង​ការ​ស្នើ​ឱ្យ​រដ្ឋាភិបាល​លើក​កម្ពស់​អ្នកសារព័ត៌មាន​ឡើងវិញ។

លោក ស៊ុន ណារិន៖ «តាមរយៈ​អ្នករាយការណ៍​ពិសេស​ក៏​អាច​លើកឡើង​បញ្ហា​ហ្នឹង​ដែរ ប៉ុន្តែ​ខ្ញុំ​គិតថា​វា​អាស្រ័យ​ទៅ​លើ​ថ្នាក់ដឹកនាំ មកដល់ពេលនេះ​យើង​មិនទាន់​អាច​សន្និដ្ឋាន​យ៉ាង​ម៉េច​ដែរ ព្រោះថា​ថ្នាក់​ដឹកនាំ​ទើបតែ​ឡើង​កាន់​អំណាច​ជាង​៣​ខែ អ៊ីចឹង​មិន​ទាន់​ដឹង​ថា តើ​មាន​ភាព​ធូរស្រាល​បែប​ម៉េច អ៊ីចឹង​យើង​រង់ចាំ​មើល​ទាំងអស់គ្នា»

នាយិកា​ប្រតិបត្តិ នៃ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) លោកស្រី ឆន សុគន្ធា មាន​ប្រសាសន៍​ថា ការ​បំពេញ​ទស្សនកិច្ច​របស់​អ្នករាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា គឺ​មាន​សារសំខាន់​ដែល​លោក​អាច​ពាំនាំ​បញ្ហា​របស់​សកម្មជន​សិទ្ធិមនុស្ស សកម្មជន​ដីធ្លី សហជីព និង​អ្នកសារព័ត៌មាន​ជាដើម ដើម្បី​នាំ​យក​បញ្ហា​ទាំងនេះ​ជជែក​ជ​រដ្ឋាភិបាល ឬ​លើក​ឡើង​ក្នុង​កិច្ចប្រជុំ​របស់​អង្គការ​សហប្រជាជាតិ។

ទោះជា​យ៉ាងណា លោកស្រី ឆន សុគន្ធា ថា លោកស្រី​មិន​រំពឹង​ថា រដ្ឋាភិបាល​នឹង​ធ្វើ​ឱ្យ​របប​សារព័ត៌មាន​មាន​ភាព​ប្រសើរ​ឡើង​នោះ​ទេ ព្រោះថា​កន្លង​ទៅថ្មីៗ ​រដ្ឋាភិបាល​បន្ត​ធ្វើ​ទុក្ខបុកម្នេញ​ទៅលើ​វិស័យ​សារព័ត៌មាន​រួមមាន ការ​បញ្ជា​ឱ្យ​បិទ​ស្ថាប័ន​សារព័ត៌មាន​សំឡេង​ប្រជាធិបតេយ្យ (Voice of Democracy) ហើយ​ប៉ុន្មាន​ថ្ងៃមុន​ការ​បោះឆ្នោត រដ្ឋាភិបាល​បាន​បិទ​ខ្ទប់ មិន​ឱ្យ​ពលរដ្ឋ​ចូល​ទៅ​អាន​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី មូលដ្ឋាន​ទិន្នន័យ​សាធារណៈ​កំណត់ត្រា (Kamnotra) និង​កាសែត​ខេមបូឌា ដេលី (Cambodia Daily)

លោកស្រី ឆន សុគន្ធា៖ «ខ្ញុំ​មិន​រំពឹង​ថា នឹង​មាន​ការ​កែលំអ​ឱ្យ​លក្ខណៈ​ប្រសើរ​ជាង​មុន​ទេ ដោយសារ​ខ្ញុំ​មើល​ឃើញ​ថា ថ្មីៗ នេះ​ជាពិសេស​នៅ​ក្នុង​ឆ្នាំ​២០២៣ នេះ ប្រទេស​កម្ពុជា​មាន​បញ្ហា​ជាច្រើន​ដែល​ពាក់ព័ន្ធ​ធ្វើ​ឱ្យ​សេរីភាព​សារព័ត៌មាន​មាន​ការ​ធ្លាក់ចុះ​ដូចជា​ការ​បិទ​សារព័ត៌មាន​ឯករាជ្យ»

វិទ្យុ​អាស៊ីសេរី​មិនទាន់​អាច​សុំ​ការ​ឆ្លើយ​តប​រឿង​នេះ​ពី​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន លោក នេត្រ ភក្ត្រា និង អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន លោក ទេព អស្នារិទ្ធ ដើម្បី​សុំ​សួរ​អំពី​បញ្ហា​នេះ​បាន​នៅឡើយ​ទេ នៅ​ថ្ងៃទី​០៦ ខែធ្នូ។

ដំណើរ​ទស្សនកិច្ច​របស់​លោក វីទិត មុនតាប៊ន មក​កាន់​កម្ពុជា​នៅ​ពេល​នេះ គឺ​បន្ទាប់​ពី​លោក ហ៊ុន ម៉ាណែត បាន​ឡើង​ដឹកនាំ​រដ្ឋាភិបាល​ថ្មី បន្ត​ពី​ឪពុក​របស់​លោក គឺ​លោក ហ៊ុន សែន បាន​ជាង ១០០​ថ្ងៃ​ហើយ​។ ប៉ុន្តែ​មេដឹកនាំ​បក្ស​ប្រឆាំង ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ ពិនិត្យ​ឃើញ​ថា ជាង ១០០​ថ្ងៃ​មកនេះ លោក ហ៊ុន ម៉ាណែត មិន​ទាន់​បាន​ដោះស្រាយ​បញ្ហា​លទ្ធិប្រជាធិបតេយ្យ ការគោរព​សិទ្ធិមនុស្ស បញ្ហា​វិបត្តិ​សង្គម និង​បញ្ហា​សេដ្ឋកិច្ច​ឲ្យ​បាន​ល្អ​ប្រសើរ​នៅឡើយ​ទេ ពោល​គឺ​កាន់តែ​ធ្លាក់ចុះ​បន្ថែម​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
ពលរដ្ឋ​ខ្មែរ-អូស្ត្រាលី​ម្នាក់ ដែល​រិះគន់​រដ្ឋាភិបាល​កម្ពុជា រង​ការ​វាយដំ​ពី​ជន​មិន​ស្គាល់​មុខ​មួយ​ក្រុម ពេល​ទៅ​លេង​ស្រុកខ្មែរ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។