ក្រុម​អ្នកសារព័ត៌មាន​ជំរុញ​ឲ្យ​ទម្លាក់​ចោល​បទ​ចោទ​លើ​អតីត​បុគ្គលិក​អាស៊ីសេរី

ដោយ ថន ថារ៉ូ
2018.12.07
យាង សុជាមេត្តា អ៊ួន ឈិន ៦២២ អតីត​បុគ្គលិក​វិទ្យុ​អាស៊ីសេរី​លោក យាង សុជាមេត្តា (ឆ្វេង) និង​លោក អ៊ួន ឈិន (ស្ដាំ)។
Photo: RFA

ក្រុម​អ្នកសារព័ត៌មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា ជំរុញ​ឲ្យ​របប​ក្រុងភ្នំពេញ ទម្លាក់​ចោល​បទ​ចោទ​លើ​អតីត​បុគ្គលិក​អាស៊ីសេរី ដើម្បី​ផ្ដល់​យុត្តិធម៌​ជូន​ពួកគាត់ និង​បង្ហាញ​ពី​ការ ចាប់ផ្ដើម​បើក​ចំហ​សេរីភាព​សារព័ត៌មាន។ ការ​លើកឡើង​នេះ បន្ទាប់ពី​របប​ក្រុង​មេ​ដឹក នាំ​របប​ក្រុងភ្នំពេញ ចង់​បើកទូលាយ​សេរីភាព​សារព័ត៌មាន និង​ផ្តល់​ឱកាស​ឲ្យ​ស្ថាប័ន​សារព័ត៌មាន ឯករាជ្យ​បើក​ការិយាល័យ​របស់​ខ្លួន​នៅ​កម្ពុជា​ឡើងវិញ។

ក្រុម​អ្នកកាសែត​មកពី​ស្ថាប័ន​ផ្សេងៗ​គ្នា ចាត់ទុកថា ការ​ដែល​របប​ក្រុងភ្នំពេញ គ្រាន់តែ​ចេញ​សេចក្ដី ថ្លែងការណ៍ ចង់​បន្ធូរបន្ថយ​ភាព​តានតឹង​ផ្នែក​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា តាមរយៈ​ការអនុញ្ញាត ឲ្យ​វិទ្យុ​អាស៊ីសេរី​(RFA) និង​វិទ្យុ​វីអូអេ (VOA) បើក​ការិយាល័យ​របស់​ខ្លួន​នៅ​កម្ពុជា​ឡើងវិញ​នោះ គឺ មិនទាន់​គ្រប់គ្រាន់​ទេ។ ពួកគេ ទាមទារ​ឲ្យ​របប​ទីក្រុង​ភ្នំពេញ ទម្លាក់​ចោល​បទ​ប្រកាន់​ផ្សេងៗ លើ​អ្នកសារព័ត៌មាន និង​កែប្រែ​ស្ថានការណ៍​ព័ត៌មាន​ឲ្យ​ដូច​កាលពីមុន​ការបោះឆ្នោត​ឃុំ​-​សង្កាត់​ឆ្នាំ​២០១៧។

អ្នកកាសែត​ល្បីឈ្មោះ​ម្នាក់ លោក ម៉ៃ ទិត្យថារ៉ា ដែល​កំពុង​បំពេញ ការងារ​នៅ​កាសែត​ខ្មែរ​ថាមស៍ (Khmer Times) និយាយ​ថា លោក​ស្វាគមន៍ ចំពោះ​សេចក្ដី​ថ្លែងការណ៍​របស់​របប​ក្រុងភ្នំពេញ​ដែល មានបំណង​បើកចំហ​សេរីភាព​សារព័ត៌មាន​ឡើងវិញ​។ ប៉ុន្តែ​អ្វី​ដែល​អ្នកសារព័ត៌មាន​ចង់​ឃើញ​បន្ថែម ទៀត​នោះ គឺ​ការ​ទម្លាក់​ចោល​បទ​ចោទ​លើ​អតីត​បុគ្គលិក​អាស៊ីសេរី​ពីរ​នាក់​គឺ​លោក អ៊ួន ឈិន និង លោក យាង សុធារិន្ទ ព្រោះ​ពួកគាត់​ទាំងពីរ បំពេញការងារ​ដោយ​វិជ្ជាជីវៈ​ល្អ ស្លូតត្រង់ និង​ដើម្បី​ជីវិត​ប៉ុណ្ណោះ៖ «បើសិនជា​លោកនាយក​រដ្ឋមន្ត្រី​គាត់​គិត​គួរ​ដល់​វិស័យ​សារព័ត៌មាន​ពិត យើង​ក៏​ស្នើសុំ​ឲ្យ​លោក​នាយករដ្ឋមន្ត្រី ពិចារណា​គិតគូរ​ដល់​អ្នកសារព័ត៌មាន​ពីរ​នាក់​ដែល​កំពុងតែ​ជាប់ចោទ​នៅ​ក្នុង​តុលាការ​នៅឡើយ សូម​ជួយ​អន្តរាគមន៍​ទៅ​តុលាការ ឲ្យ​ទម្លាក់​ចោល​បទ​ចោទ​លើ​ពួកគាត់ ឬក៏​ជំរុញ​ករណី​ទៅមុខ​ដូច​សំណុំរឿង​របស់​សហជីព​ដែល​កំពុង​ពន្លឿន​បញ្ចប់​នៅ​ខែ​១២​នេះ។

អ្នកកាសែត​ម្នាក់ទៀត​ម​ក​ពី​វិទ្យុ​ខ្មែរ​កម្ពុជា​ក្រោម កញ្ញា ថាន់ រស្មី លើកឡើង​ថា ការប្រកាស​ឲ្យ​ស្ថាប័ន​ព័ត៌មាន​អន្តរជាតិ​ដំណើរការ​នៅ​កម្ពុជា​វិញ គឺជា​ចំណុច​វិជ្ជមាន​មួយ ប៉ុន្តែ​កញ្ញា នៅតែ​សោកស្ដាយ ដែល​របប​ដឹកនាំ​សព្វថ្ងៃ មិនបាន​បញ្ជាក់​អំពី​ការ​ទម្លាក់​ចោល​រាល់​ការចោទប្រកាន់ លើ​អតីត​បុគ្គលិក​អាស៊ីសេរី​ពីរ​រូប គឺ​លោក អ៊ួន ឈិន និង​លោក យាង សុធារិន្ទ ដែល​កំពុង​ស្ថិត​ក្រោម​ការ​ដាក់​ឲ្យ​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ៖ «មុន​អំពាវនាវ​ឲ្យ​គេ​មក គួរតែ​ទម្លាក់​ចោល​បទ​ចោទ​ផ្សេងៗ​ហើយ​សារភាព​ថា ពួកគាត់​ពិតជា​មិនបាន ខុស​នូវ​អ្វី​ដែល​ច្បាប់​បាន​ចែង​មែន ហើយ​ទទួល​ស្គាល់​ថា​ការ​ចោទ​នោះ​គឺជា​រឿង​មួយ​ដែល​យល់​ច្រឡំ»

រីឯ​អ្នកការ​សែត​មកពី​វិទ្យុ​វីអូឌី (VOD) របស់​មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) លោក ពៅ មេត្តា មើល​ឃើញ​ថា មកដល់ពេលនេះ ស្ថានភាព​សារព័ត៌មាន​នៅតែ​មិនទាន់ វិល​ទៅ​រក​ភាព​ល្អ​ប្រសើរ​គួរ​អោយ​គត់សម្គាល់​នៅឡើយ​ទេ ទោះបីជា​របប​ក្រុងភ្នំពេញ ព្រម​ឲ្យ​អាស៊ី សេរី និង​វីអូអេ ដំណើរការ​នៅ​កម្ពុជា​ឡើងវិញ​ក្ដី។ ការ​លើកឡើង​នេះ ព្រោះ​នៅមុន​ការបោះឆ្នោត ជាតិ​ឆ្នាំ​២០១៨ របប​ក្រុងភ្នំពេញ ក៏បាន​បិទ​វិទ្យុ​ជាង ៣០​ស្ថានីយ៍​ទៀត មិន​ឲ្យ​ផ្សាយ​កម្មវិធី​ព័ត៌មាន របស់​វិទ្យុ​ឯករាជ្យ​នោះ​ទេ រួម​ទាំង​ធ្វើ​ទុក​បុក​ម្នេញ​និង​ការ​ចាប់ខ្លួន​អ្នកសារព័ត៌មាន​ឯករាជ្យ​ទាំង​គ្មាន ភស្តុ​តាំង​ច្បាស់លាស់។ លើស​ពី​នេះ អតីត​អ្នកកាសែត​វីអូឌី ក៏​ធ្លាប់​ត្រូវ​សន្តិសុខ​ក្រុងភ្នំពេញ​វាយ សន្លប់​នៅ​ក្បែ​ទីលាន​ប្រជាធិបតេយ្យ​ចាស់ ហើយ​គ្មាន​ការ​បកស្រាយ​និង​រក​អ្នកទទួលខុសត្រូវ​នោះ ទេ។

លោក ពៅ មេត្តា បន្ត​ថា ល្មម​ដល់ពេល​ទម្លាក់​ចោល​បទ​ចោទ​លើ​អតីត​បុគ្គលិក​អាស៊ីសេរី និង​អ្នក សារព័ត៌មាន​ផ្សេង​ទៀតហើយ ព្រោះ​តុលាការ មិនបាន​រក​ឃើញ​ភស្តុ​តាំង​ចោទប្រកាន់​ពួកគាត់ ច្បាស់លាស់​នោះ​ទេ។ លោក​បារម្ភ​ថា ការ​រក្សា​បទ​ចោទ​លើ​អ្នកការ​សែត​បែបនេះ គឺ​ធ្វើ​ឲ្យ​ប៉ះពាល់ យ៉ាង​ខ្លាំង​លើ​សេរីភាព​សារព័ត៌មាន ហើយ​រដ្ឋាភិបាល​បាត់បង់​ព័ត៌មាន​ពិត និង​នៅ​តែ​មាន​កេរ្តិ៍ ឈ្មោះ កាន់តែ​អាក្រក់​ដដែល៖ «ខ្ញុំ​គាំទ្រ​ពេញទំហឹង​ឲ្យ​ទម្លាក់​ចោល​បទ​ចោទ​ទាំងអស់ ព្រោះថា ភស្តុ​តាំង​កន្លងមក អត់​បង្ហាញ​ថា ពួកគាត់​បាន​ប្រព្រឹត្ត​អ្វី​ខុស​ទេ ដូចជា​អ្នកសារព័ត៌មាន​អាស៊ីសេរី និង​អ្នកសារព័ត៌មាន​ផ្សេងទៀត​ដែល​បំពេញ​នូវ​វិជ្ជាជីវៈ​របស់​ខ្លួន និង​មាន​ជំហរ រិះគន់​រដ្ឋាភិបាល​។ ដូចជា​អតីត​អ្នកកាសែត ឌឹ ខេមបូឌា ដេលី អី គួរតែ​ទម្លាក់​ចោល​បទ​ចោទ»

អ្នកកាសែត​ម្នាក់ទៀត កញ្ញា កាន់ វិច្ឆិកា និយាយ​ថា បើ​សិន​សិន​ជា​របប​ក្រុងភ្នំពេញ ពិត​ជា​មាន​ឆន្ទៈ បន្ធូរបន្ថយ​ភាព​តានតឹង​ផ្នែក​សារព័ត៌មាន​មែន​នោះ មិន​គួរ​រក្សា​បទ​ចោទ និង​ចេះតែ​អូស​បន្លាយ​ពេល វេលា ហើយ​រិះរក​បទល្មើស ឬ​ភស្តុតាង​មិន​សមរម្យ​ផ្សេងៗ​ដើម្បី​ដាក់​បន្ទុក​លើ​អតីត​បុគ្គលិក​អាស៊ី សេរី​បន្ថែម​ទៀត​នោះ​ទេ​។ កញ្ញា ចង់​ឃើញ​របប​ក្រុងភ្នំពេញ ធានា​ឲ្យ​អ្នកសារព័ត៌មាន​ជាតិ និង​អន្តរ ជាតិ អាច​វិល​ទៅ​បំពេញការងារ​របស់​ខ្លួន​ឡើងវិញ ដោយ​សេរី និង​គ្មាន​ការភ័យខ្លាច​ទៀត៖ «បើ​អោយ​អាស៊ីសេរី​ដំណើរការ​វិញ គួរតែ​ទម្លាក់​ចោល​បទ​ចោទ​ដែល​ចោទ​ថា​ពួកគាត់​ទាំងពីរ បញ្ជូន​ព័ត៌មាន​ទៅ​អាស៊ីសេរី​អី​ជាដើម​នោះ គឺ​តែ​ត្រូវ​បាន​ទម្លាក់​ចោល»

កាលពី​ថ្ងៃ​ទី​៣ ខែ​ធ្នូ របប​ក្រុងភ្នំពេញ បង្ហាញ​ជំហរ​ទន់ភ្លន់ ឆ្ពោះ​ទៅ​រក​ការ​បន្ធូរបន្ថយ​ភាព​តានតឹង ផ្នែក​សេរីភាព​សារព័ត៌មាននៅ​កម្ពុជា ស្រប​ពេល​ដែល​របប​នេះ កំពុង​រង​ការគាបសង្កត់​ផ្នែក​សេដ្ឋកិច្ច និង​នយោបាយ​ពី​សហគមន៍​អន្តរជាតិ។

ក្រសួងការបរទេស​កម្ពុជា បាន​សេចក្ដី​ថ្លែងការណ៍​ថា វិទ្យុ​អាស៊ីសេរី និង​វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក ដែល​បាន​បិទ​ការិយាល័យ​តំណាង​របស់​ខ្លួន​នៅ​កម្ពុជា​អស់​រយៈពេល​ជាង​មួយ​ឆ្នាំ​មក​ហើយ​នេះ អាច​មាន​សេរីភាព​បើក​ការិយាល័យ​ខ្លួន នៅ​កម្ពុជា​ឡើងវិញ​បាន។ ​បន្ថែម​លើ​ស្ថាប័ន​វិទ្យុ​ទាំងពីរ​នេះ របប​លោក ហ៊ុន សែន អះអាងថា នឹង​អនុញ្ញាត​ឲ្យ​សារព័ត៌មាន​ជា​ភាសា​អង់គ្លេស និង ខ្មែរ ឌឹ ខេមបូឌា ដេលី (The Cambodia Daily) អាច​ចាប់​ផ្តើម​ប្រតិបត្តិការ​របស់​ខ្លួន​ឡើងវិញ​បាន​ដែរ ប៉ុន្តែ ក្នុង​លក្ខខណ្ឌ ដែល​ដោះស្រាយ​បំណុល​ពន្ធដារ រួចរាល់​សិន​ប៉ុណ្ណោះ។

អាស៊ីសេរី ទាមទារ​ឲ្យ​ទម្លាក់​បទ​ចោទ​លើ​អតីត​បុគ្គលិក​មុន​ដំណើរការ​នៅ​កម្ពុជា​វិញ។ ចំណែក ម្ចាស់​កាសែត ឌឹ ខេមបូឌា ដេលី ប្រកាស​មិន​វិល​ទៅ​បើក​កាសែត​នៅ​ស្រុក​ខ្មែរ​វិញ​ទេ ព្រោះ​ខ្លាច​ការ​ធ្វើទុក្ខបុកម្នេញ​ដដែលៗ និង​អំពើពុករលួយ។

អាស៊ីសេរី បាន​ព្យាយាម​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន​លោក អ៊ុក គឹម សេង ជាច្រើនលើក​តែ លោក​មិន​ទទួល​ទូរស័ព្ទ។

អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ថ្លែង​ថា ការ​បើក​ចំហ​សេរីភាព​សារព័ត៌មាន គឺជា រឿង​ផ្សេង​ដាច់ដោយឡែក​ពី​រឿង​នីតិវិធី​តុលាការ ដូច្នេះ​មិន​អាច​ទម្លាក់​ចោល​បទ​ចោទ​ដូច​ការ​ទាមទារ របស់​ក្រុម​អ្នកសារព័ត៌មាន​ឡើយ៖ «អ៊ីចឹង​ករណី​អាស៊ីសេរី​ទាំងពីរ​នាក់​នេះ ក៏​មិន​ខុស​ពី​សំណុំរឿង​របស់​សហជីព​ដែរ គឺ​អាច​ថា នឹង​បន្ត​ពន្លឿន​នីតិវិធី​ទៅ​មុខ​ទៀត ដើម្បី​សម្រេច​សេចក្ដី​ចុងក្រោយ​ថា មាន​ពិរុទ្ធ​ឬក៏​អត់​ក៏ប៉ុន្តែ​គ្រាន់តែ​ថា ការសម្រេច​យ៉ាងណា​នោះ ការ​ទម្លាក់​ចោល​ឬ មិន​ទម្លាក់​នោះ វា​គឺជា​សមត្ថកិច្ច​របស់​តុលាការ។ ហើយ​មែនទែន​ទៅ ករណី​នេះ មិនមែន​ពាក់ព័ន្ធ​ជាមួយ​ការ​បើក​ចំហ​សេរីភាព​សារព័ត៌មាន ដែល​រដ្ឋាភិបាល​បាន​ធ្វើ​ថ្មីៗ​នេះ​ទេ​។ ករណី​នេះ​ជា​ករណី​តុលាការ​ដែល​ជា​ការ​ដំណើរការ​តាម​ផ្លូវ​ច្បាប់​តាម​ធម្មតា»

អតីត​អ្នកយកព័ត៌មាន​អាស៊ីសេរី ទាំង​ពីរ​រូប ត្រូវ​បាន តុលាការ​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន កាលពី​ថ្ងៃ​ទី​២១ ខែ​សីហា ឆ្នាំ​២០១៨ ក្រោយ អ្នក​ទាំងពីរ​បាន​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ព្រៃ​ស អស់​រយៈពេល ២៨០​ថ្ងៃ ឬ​ជាង​៩​ខែ ដោយ​មិនទាន់​ទទួល​បាន​ការ​ជំនុំជម្រះ​នៅឡើយ។ ដោះលែង បណ្ដោះអាសន្ន​នេះ គឺ​មានន័យថា​បទ​ចោទ​ប្រឆាំង​ពួកគាត់ ទាំង​ប៉ុន្មាន គឺ​នៅ​ដដែល​។ ពេលនេះ អ្នក​ទាំងពីរ ត្រូវ​បាន​តុលាការ ដាក់​ឲ្យ​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ តាម​ផ្លូវ​តុលាការ ដែល​មានន័យថា ពួកគាត់​នៅតែ​រង​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​ជាច្រើន រួម​ទាំង​ការ​មិន​អនុញ្ញាត ឲ្យ​ផ្លាស់​លំនៅឋាន​ដោយ​គ្មាន​ការអនុញ្ញាត ពី​ចៅក្រម​ស៊ើបសួរ មិន​ត្រូវ​ចេញទៅ​ក្រៅ​ប្រទេស ត្រូវ​បង្ហាញខ្លួន​នៅ​សប្ដាហ៍​ទី​១ ជា​រៀងរាល់​ខែ នៅ​ប៉ុស្ដិ៍​នគរបាល​ស្ទឹងមានជ័យ​ជាដើម។ ក្នុង​ករណី​អ្នក​ទាំងពីរ មិនបាន​អនុវត្ត​តាម​ការ​បង្គាប់​នេះ ពួកគាត់​អាច​នឹង​ត្រូវ​ចាប់ខ្លួន​ឡើងវិញ។

ទោះយ៉ាងណា​ក្តី ក្នុង​រយៈពេល​ឃុំខ្លួន​និង​ការចោទប្រកាន់​យ៉ាង​យូរ​នេះ តុលាការ​គ្មាន​បង្ហាញ​ភស្តុតាង ដើម្បី​ដាក់​បន្ទុក​លើ​អ្នក​ទាំងពីរ​នោះ​ទេ គ្រាន់តែ តុលាការ​ចោទប្រកាន់​ពី​បទ​លួច​ផលិត​ព័ត៌មាន​បញ្ជូន​ឲ្យ​រដ្ឋ​បរទេស តាម​មាត្រា ៤៤៥ នៃ​ក្រមព្រហ្មទណ្ឌ។

ប៉ុន្តែ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក ស ខេង ទទួលស្គាល់​ថា អាស៊ីសេរី​មិន​ខុសច្បាប់​នោះ​ទេ ហើយ អាស៊ីសេរី​បិទ​ការិយាល័យ​ខ្លួនឯង ភ័យខ្លាច​ខ្លួនឯង ដូច្នេះ​បើក​ដំណើរការ​ឡើងវិញ​បាន។

ជាមួយ​គ្នា​នេះ លោក ជិន ម៉ាលីន ក៏​អះអាង​ថា អាស៊ីសេរី​មិន​ខុសច្បាប់​នោះ​ទេ ហើយ​ការ​ចាប់ខ្លួន និង​ចោទប្រកាន់​អតីត​បុគ្គលិក​អាស៊ីសេរី​ទាំង​ពីរ​រូប ក៏​មិន​ពាក់ព័ន្ធ​ជាមួយ​អាស៊ីសេរី​ដែរ គឺ​ពួកគាត់ ទាំង​បាន​ប្រព្រឹត្ត​បទល្មើស​ច្បាប់ព្រហ្មទណ្ឌ​មួយ​ចំនួន ដូចជា​ការ​លួច​បញ្ជូន​ព័ត៌មាន​សម្ងាត់​ទៅ​ឲ្យ​រដ្ឋ​បរទេស ដែល​អាច​ធ្វើ​ឲ្យ​អន្តរាយ​ដល់​ជាតិ។ ប៉ុន្តែ​លោក​មិន​បង្ហាញ​ថា ពួកគាត់​បញ្ជូន​តាមរយៈ​ណា បញ្ជូន​ព័ត៌មាន​អ្វី ហើយ​បញ្ជូន​ទៅ​ប្រទេស​ណា​នោះ​ទេ៖ «ការអនុវត្ត​ច្បាប់​ទៅលើ​បុគ្គល​ទាំងពីរ​នេះ មិនមែន​ដោយសារ​គាត់​ទាំងពីរ​ជា​អតីត​បុគ្គលិក​អាស៊ីសេរី ឬក៏​ដោយសារតែ​ការអនុវត្ត​នូវ​សិទ្ធិ​សេរីភាព​សារព័ត៌មាន​នោះ​ទេ។ ការអនុវត្ត​ច្បាប់​នេះ​ដោយសារ​អ្នក​ទាំងពីរ ត្រូវ​បាន​រក​ឃើញ​ថា ប្រព្រឹត្ត​អំពើ​មួយ​ចំនួន​ដែល​បញ្ញត្តិ​ថា​ជា​បទល្មើស​នៅ​ក្នុង​ក្រម​ព្រហ្មទណ្ឌ»

ឆ្លើយ​តប​បញ្ហា​នេះ អតីត​បុគ្គលិក​អាស៊ីសេរី លោក យាង សុធា​រិន្ទ បាន​និយាយ​ទាំង​ឈឺចាប់​ថា ការ ចាប់ខ្លួន និង​ចោទ​ថា ពួកគាត់​បញ្ជូន​ព័ត៌មាន​ឲ្យ​រដ្ឋ​បរទេស​នោះ គឺ​គេ​ផ្ដោត​សំខាន់​ពាក់ព័ន្ធ​ជាមួយ វិទ្យុ​អាស៊ីសេរី គ្មាន​ស្ថាប័ន​ណា​ផ្សេង​នោះ​ទេ។ ម្យ៉ាងទៀត អាជ្ញាធរ និង​តុលាការ តែងតែ​ចោទ​ថា​ពួកគាត់​ថា ដោយសារ​ពួកគាត់ នៅតែ​លួចលាក់​ធ្វើ​ការ​អោយ​អាស៊ីសេរី ក្រោយ​ពេល​បិទ​ការិយាល័យ​នៅ​ភ្នំពេញ។ លោក យាង សុធារិន្ទ បន្ត​ថា​អ្វី​ដែល​ចោទ​មក​លើ​ពួកគាត់​គ្រាន់តែ​លេស​ប៉ុណ្ណោះ ។ លោក​ស្នើសុំ​ឲ្យ​ទម្លាក់​ចោល​ការចោទប្រកាន់​នានា លើ​អ្នកសារព័ត៌មាន​ទាំងអស់ ដើម្បី​កាន់តែ​បង្ហាញ​ឲ្យ​អន្តរជាតិ​មើល​ឃើញ​ថា កម្ពុជា​ពិតជា​ចាប់ផ្ដើម​បើក​មាន​សេរីភាព​សារព័ត៌មាន​ឡើងវិញ៖ «គួរតែ​បង្ហាញ​ភស្តុតាង​អោយ​ខ្ញុំ​បាន​ឃើញ​ផង ហើយ​កុំ​ចេះតែ​និយាយ​ដោយ​គ្មាន​ភស្តុតាង​ហើយ​ចេះ​តែ​ទម្លាក់​កំហុស​អោយ​យើងខ្ញុំ​ទាំងពីរ ថា ខ្ញុំ​ថា ធ្វើ​ចារកម្មៗ ហើយ​ទីបំផុត​រក​ប្រទេស​ដែល​ចោទ​ថា ខ្ញុំ​ចារកម្ម​អោយ​មិន​ទាំង​បាន​ផង។ ហើយ​ចេះតែ បន្ត​រក្សា​បទ​ចោទ​មក​លើ​យើងខ្ញុំ ធ្វើបាប​ទាំង​ផ្លូវចិត្ត​ផ្លូវកាយ​មក​លើ​ក្រុម​គ្រួសារ​យើងខ្ញុំ។ យើងខ្ញុំ​មានការ​ឈឺចាប់​ណាស់​នៅ​ពេលដែល​លើកឡើង អ៊ីចឹង​អី។ ខ្ញុំ​ចង់​ជំរុញ​ទៅ​តុលាការ ឥឡូវនេះ​ការស៊ើបអង្កេត​នេះ វា​វែងឆ្ងាយ​ហើយ តើ​នៅតែ​បន្ត​ទុក​អោយ​ពួក​ខ្ញុំ​រស់នៅ​ដោយ​គ្មាន​សេរីភាព អ៊ីចឹង​ឬ​? សូម្បីតែ​ខ្ញុំ​ចង់​ទៅ​ស្រុក​កំណើត​ជួប​ឪពុក​ជួប​ម្ដាយ​ក៏​មិន​បាន​ដែរ។ វា​ជា​អំពើ​អយុត្តិធម៌​ខ្លាំង​សម្រាប់​យើងខ្ញុំ។ ខ្ញុំ​មិន​អាច​រក​ការងារ​ធ្វើ​បាន ចិញ្ចឹម​គ្រួសារ​មិនបាន មាន​ទុក្ខ​រៀងរាល់ថ្ងៃ ហើយ​រវល់​តែ​ទៅ​បង្ហាញមុខ​សមត្ថកិច្ច​ជា​រៀងរាល់​ខែ។ អ៊ីចឹង​វា​ពិបាក​សម្រាប់​ជីវិត​យើង​ខ្ញុំ ព្រោះ​ខ្ញុំ មិនមែន​តែ​ខ្លួន​មួយ​ទេ គឺ​មាន​កូន មាន​ប្រពន្ធ និង​មានគ្រួសារ»

ក្រុម​អ្នកសារព័ត៌មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា លើកឡើង​ថា ពួកគេ គ្រោង​នឹង​ដាក់​ញត្តិ​ជូន​លោក ហ៊ុន សែន ក្នុង​ឱកាស​ដែល​លោក ហ៊ុន សែន ជួប​ជាមួយ​អ្នកសារព័ត៌មាន​ក្នុងស្រុក​លើក​ទី​៣ នៅ​ថ្ងៃ​ទី​១១ ខែ​មករា ឆ្នាំ​២០១៩ នៅ​កោះ​ពេជ្រ ដើម្បី​ស្នើ​ឲ្យ​លោក​ជួយ​ជំរុញ​ទៅ​តុលាការ​ដោះលែង និង​ទម្លាក់ ចោលការ​ចោទប្រកាន់​លើ​អ្នកសារព័ត៌មាន​ទាំងអស់ ជាពិសេស​អតីត​បុគ្គលិក​អាស៊ីសេរី​ដែរ។

អ្នក​សារព័ត៌មាន លើកឡើង​ថា នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ អ្នកសារព័ត៌មាន​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ផ្ដល់​ព័ត៌មាន​ពិត​ជូន​ដល់​សាធារណជន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។