ពលរដ្ឋខ្មែរក្រោម រស់នៅតាមបណ្ដាខេត្តនានា ជិត ២០០នាក់ ស្នើអាជ្ញាធរខេត្តសៀមរាបឱ្យជួយដោះស្រាយ បញ្ហាសិទ្ធិសេរីភាពរបស់ខ្មែរកម្ពុជាក្រោម ដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា ។ ការស្នើនេះធ្វើឡើង នៅក្នុងទិវាសិទ្ធិមនុស្ស ១០ធ្នូ ដែលពលរដ្ឋខ្មែរកម្ពុជាក្រោម បានរៀបចំឡើង នៅខេត្តសៀមរាប នៅព្រឹកថ្ងៃទី៨ ធ្នូ។
អគ្គលេខាធិការសមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ លោក សឺន ជុំជួន ប្រាប់ថា ពលរដ្ឋខ្មែរកម្ពុជាក្រោមបាន ដាក់ញត្តិចំនួន ៦សន្លឹកជូនអាជ្ញាធរនៅខេត្តសៀមរាប ឱ្យជួយដោះស្រាយបញ្ហា ដែលខ្មែរកម្ពុជាក្រោមដែលកំពុងរស់នៅក្នុងខេត្តសៀមរាប។ លោកថា បញ្ហាប្រឈម ដែលពួកគេកំពុងជួបប្រទះមានដូចជា មានដូចជា ការរឹតត្បិតសេរីភាពបញ្ចេញមតិ សិទ្ធិជួបប្រជុំ ការឃ្លាំមើល និងតាមដានពីសំណាក់អាជ្ញាធរ បញ្ហាជម្លោះដីធ្លី និងការមិនទទួលបានឯកសារគតិយុត្តិស្របច្បាប់ជាដើម។
តំណាងអាជ្ញាធរខេត្តសៀមរាប ដែលបានមកចូលរួមទិវាសិទ្ធិមនុស្ស ១០ធ្នូ បានទទួលញត្តិ និងសន្យាថា នឹងយកបញ្ហារបស់ខ្មែរក្រោម ដាក់ជូន ទៅថ្នាក់លើបន្ត។
ខ្មែរកម្ពុជាក្រោមម្នាក់ មកពីខេត្តកំពង់ឆ្នាំង លោក ទត គឹមស្រូយ ដែលបានចូលរួម ទិវាសិទ្ធិមនុស្ស ១០ធ្នូ របស់សមាគមខ្មែរកម្ពុជាក្រោម រំពឹងថា សំណើរបស់ពលរដ្ឋខ្មែរ ក្រោម នឹងត្រូវរដ្ឋាភិបាលយកចិត្តទុកដាក់ ហើយកែលម្អស្ថានភាពសិទ្ធិខ្មែរក្រោមឲ្យល្អជាងពេលបច្ចុប្បន្ន។
សមាគមខ្មែរកម្ពុជាក្រោម ឱ្យដឹងថា ពលរដ្ឋខ្មែរក្រោមដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា ភាគច្រើន គឺនៅខេត្តសៀមរាប ខេត្តកំពង់ឆ្នាំង ខេត្តតាកែវ កោះកុង និងរាជធានីភ្នំពេញ។ខ្មែរក្រោមខ្លះបានរស់នៅលាយឡំជាមួយ សហគមន៍វៀតណាមនៅកម្ពុជា ឯខ្លះទៀត លាយឡំ ជាមួយពលរដ្ឋខ្មែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។