ប្រជាពលរដ្ឋខ្មែរក្រោមរស់នៅប្រទេសអូស្ត្រាលី (Australia) នៅថ្ងៃទី១២ ខែមិថុនា ជួបជុំគ្នាធ្វើពិធីរម្លឹកខួបលើកទី៧៣ឆ្នាំ ដែលបារាំងបានកាត់ទឹកដីកម្ពុជាក្រោមទៅឲ្យវៀតណាម កាន់កាប់កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៩៤៩។ ពលរដ្ឋខ្មែរ លើកឡើងថា ការរម្លឹកខួបនេះ ដើម្បីឲ្យពលរដ្ឋខ្មែរចង់ចាំនូវប្រវត្តិសាស្ត្រដ៏ឈឺចាប់ និងបង្ហាញការដឹងគុណចំពោះបុព្វបុរសខ្មែរក្រោម ព្រមទាំងដាស់តឿនឲ្យពលរដ្ឋបន្តស្មារតីសាមគ្គីទាមទារឲ្យរដ្ឋាភិបាលវៀតណាម ផ្ដល់សិទ្ធិជាជនជាតិដើមភាគតិច ដល់ពលរដ្ឋខ្មែរកម្ពុជាក្រោម នៅឯដែនដីកម្ពុជាក្រោម។
បើទោះបីជាទឹកកម្ពុជាក្រោម ត្រូវបានប្រធានាធិបតីបារាំង លោក វាំងសង់ អូរីយូល (Vincent Auriol) ចុះហត្ថលេខាប្រគល់ឲ្យវៀតណាមគ្រប់គ្រង រយៈពេល៧៣ឆ្នាំហើយក្តី ក៏ប៉ុន្តែពលរដ្ឋខ្មែរក្រោមទូទាំងពិភពលោក នៅតែបង្ហាញការឈឺចាប់ និងតែងប្រារព្ធទិវាចងចាំ់ដ៏កក្រើកជារៀងរាល់ឆ្នាំក្នុងខែមិថុនា នៅតាមបណ្ដាប្រទេសមួយចំនួនដែលមានព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោមរស់នៅ ដូចជាប្រទេសអូស្ត្រាលីនេះជាដើម។
ប្រជាពលរដ្ឋខ្មែរក្រោមរស់នៅក្រុងម៉ែលប៊ន (Melbourn) រដ្ឋវិចតូរីយ៉ា(Victoria) ប្រមាណជិត៥០នាក់ នៅថ្ងៃទី១២ ខែមិថុនា បានឆ្លៀតពេលមមាញឹកពីការងារមកជួបជុំគ្នាប្រារព្ធខួបនៃការបាត់បង់ទឹកដីកម្ពុជាក្រោម នៅទីស្នាក់ការសមាគមខ្មែរ ស្ថិតក្នុងតំបន់ស្រ្ពីងវែល (Springvale)។

ពិធីចាប់ផ្តើមដោយការប្រគន់ចង្ហាន់ព្រះសង្ឃ ហើយបន្ទាប់មកអ្នកចូលរួមនាំគ្នាគោរពដល់វិញ្ញាណក្ខន្ធនិងច្រៀងចម្រៀងនឹករលឹកដល់វីរបុរសនិងវិរសមណៈដែលបានពលីជីវិតក្នុងបុព្វហេតុជាតិ សាសនា និងមាតុភូមិខ្មែរ៖ «នឹកអើយសែននឹកដល់ជនដែលឃ្លាន ព្រោះប្រយោជន៍ ជាតិ ពូជពង្សខេមរា ខំប្រឹងតស៊ូៗប្តូរជីវ៉ា ការពារនូវជាតិសាសនា ឲ្យបានស្ថិតស្ថេរ ស្ថាពរ»។
បទចម្រៀងនេះ បានដាស់អារម្មណ៍ប្រជាពលរដ្ឋ ជាពិសេសខ្មែរក្រោមឲ្យនឹកឡើងវិញនូវប្រវត្តិសាស្ត្រដ៏ឈឺចាប់ និងបានធ្វើឲ្យពលរដ្ឋខ្មែរមួយចំនួនរំជើបរំជួលអួលដើមកនិងស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន។ អ្នកចូលរួមដែលជាខ្មែរក្រោម សុទ្ធតែចេះច្រៀងចម្រៀងមួយនេះ។ថ្វីដ្បិតតែការប្រារព្ធខួបនេះ ក្រោមអាកាសធាតុត្រជាក់បន្តិចក្តី អ្នកចូលរួមភាគច្រើននៅតែពាក់សម្លៀកបំពាក់បែបប្រពៃណីខ្មែរក្រោមដែរ។ពិធីនេះ តំណាងសហព័ន្ធខ្មែរកម្ពុជាក្រោមជាច្រើនរូប ក៏បានធ្វើបទបង្ហាញអំពីប្រវត្តិសាស្ត្រទឹកដីកម្ពុជាក្រោម ឬច្បាប់ដែលបារាំង កាត់ទឹកដីកម្ពុជាក្រោមដល់អ្នកចូលរួមផងដែរ។
ប្រធានសាខាសហព័ន្ធខ្មែរកម្ពុជាក្រោមប្រចាំរដ្ឋវិចតូរីយ៉ា លោក យ័ញ បូណាត ថ្លែងថា ការធ្វើពិធីរម្លឹកខួបនេះ ដើម្បីឲ្យកូនខ្មែរជំនាន់ក្រោយចងចាំនូវប្រវត្តិសាស្ត្រនៃការបាត់បង់ទឹកដីកម្ពុជា និងបង្ហាញការដឹងគុណចំពោះបុព្វបុរសខ្មែរកម្ពុជាក្រោម ដែលបានលះបង់ជីវិតក្នុងការរើបម្រាសដើម្បីសិទ្ធិសេរីភាពក្នុងការរស់នៅ ។ លោក បន្តថា ពិធីនេះក៏ជាការដាស់សតិស្មារតីឲ្យពលរដ្ឋខ្មែរក្រោមទាំងអស់ បន្តតស៊ូទាមទារសិទ្ធិស្វ័យសម្រេចលើជោគវាសនារបស់ខ្លួនដោយខ្លួនឯងទាំងសេដ្ឋកិច្ច នយោបាយ សាសនា ភាសា និងទំនៀមទម្លាប់ ប្រពៃណីវប្បធម៌ជាដើម៖ «ផ្តាំផ្ញើដល់យុវជនខ្មែរក្រោមយើងទាំងអស់ថា បន្តដំណើរតស៊ូរបស់យើងទៅមុខទៀត រហូតដល់យើងបានជោគជ័យ គឺសិទ្ធិស្វ័យសម្រេចជោគវាសនាដោយខ្លួនឯងដូចច្បាប់ដែលចែងក្នុងអង្គការសហប្រជាជាតិដែលមាត្រាមួយថា ជនជាតិដើម មានសិទ្ធិសម្រេចវាសនាដោយខ្លួនឯង»។
កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៩៤៩ បារាំងបានកាត់ទឹកដីខ្មែរកម្ពុជាក្រោមដែលមានទំហំ ៦ម៉ឺន៧ពាន់៧រយ (៦៧.៧០០) គីឡូម៉ែត្រក្រឡាគឺធំជាងមួយភាគបីនៃទឹកដីកម្ពុជាសព្វថ្ងៃ ទៅប្រគល់អោយវៀតណាមគ្រប់គ្រងទាំងខុសច្បាប់ដោយមិនបានសួរមតិពលរដ្ឋខ្មែរក្រោមម្ចាស់ស្រុក។ បន្ទាប់ពីទទួលបានសិទ្ធិកាន់កាប់ ទឹកដីខ្មែរហើយ វៀតណាមបានផ្លាស់ប្តូរគ្រប់យ៉ាងដែលជាខ្មែរ ទៅជាវៀតណាមទាំងអស់ ក្នុងនោះមានដូចជាការប្តូរឈ្មោះខេត្ត ស្រុក ឃុំ ភូមិខ្មែរឱ្យទៅជាឈ្មោះវៀតណាម និងផ្លាស់ប្តូរនាមត្រកូលខ្មែរ ឱ្យទៅជាវៀតណាមជាដើម។ ទោះជាយ៉ាណា ជនជាតិខ្មែរក្រោម បានតស៊ូ និងធ្វើពលីកម្មគ្រប់បែបយ៉ាងដើម្បីបុព្វហេតុការពារទឹកដី វប្បធម៌ និងជំនឿសាសនារបស់ខ្លួន នៅដែនដីកម្ពុជាក្រោម បើទោះបីជាមានការគាបសង្កត់ពីសំណាក់អាជ្ញាធរវៀតណាមបែបណាក្តី។ អ្នកតស៊ូខ្លះត្រូវបានគេសម្លាប់ ខ្លះត្រូវរងអំពើទារុណកម្ម និងត្រូវជាប់ឃុំឃាំងដូចសត្វធាតុ។ ពួកគាត់ខ្លះត្រូវបានគេស្គាល់តៗ គ្នា និងជាប់ឈ្មោះក្នុងប្រវត្តិសាស្ត្រ ក៏ប៉ុន្តែខ្លះទៀត មិនត្រូវបានគេចងចាំប៉ុន្មានឡើយ។ វីរជនខ្មែរក្រោមដែលលេចធ្លោជាងគេបំផុតមកទល់ពេលនេះ គឺឧកញ៉ា សឺន គុយ ដែលជាចៅហ្វាយខេត្តព្រះត្រពាំង។ លោកសុខចិត្តប្រគល់ខ្លួនឱ្យអាជ្ញាធរយួនអណ្ណាម ចាប់យកទៅប្រហារជីវិតដោយកាត់ក ជាថ្នូរនឹងការរក្សាប្រពៃណី ទំនៀម ទម្លាប់ និងពុទ្ធសាសនាខ្មែរក្រោម។
អគ្គលេខាធិការសហព័ន្ធខ្មែរកម្ពុជាក្រោម ព្រះតេជព្រះគុណទៀ ថេន មានថេរដីកាថា ករណីបារាំង កាត់ទឹកដីកម្ពុជាក្រោមឲ្យស្តេចយួនបាវ ដាយរបស់វៀតណាម បន្តធ្វើអាណានិគម រហូតមកទល់សព្វថ្ងៃនេះ គឺជារឿងអយុត្តិធម៌ដ៏អាក្រក់បំផុត ដែលដូនតាខ្មែរក្រោមគ្រប់ជំនាន់ កើតទុក្ខមិនសុខចិត្ត ហើយបបួលគ្នាក្រោកឈរតស៊ូទាមទារសិទ្ធិជាម្ចាស់ទឹកដីត្រឡប់មកវិញ។ ព្រះអង្គ មានសុទិដ្ឋិនិយមថា រឿងរ៉ាវកម្ពុជាក្រោម នឹងមានដំណោះស្រាយជាវិជ្ជមាន ព្រោះសហគមន៍អន្តរជាតិ បានស្គាល់ និងដឹងពីបញ្ហារបស់ខ្មែរកម្ពុជាក្រោមថាជារឿងពិត៖ «បើយើងយល់អំពីសិទ្ធិបញ្ចេញមតិ សិទ្ធិធ្វើនយោបាយ អំពីសិទ្ធិស្របច្បាប់នៃជនជាតិដើម សិទ្ធិមនុស្សទូទៅ តាមច្បាប់អន្តរជាតិ ច្បាប់ការងារអីជាដើម ហើយយើងបញ្ចេញមតិឡើង ធ្វើម៉េចឲ្យសំឡេងរបស់យើងឲ្យអន្តរជាតិ បានលឺសូនោះគឺជាប្រការសំខាន់ជាលក្ខណៈអហិង្សា។ យើងរកអង្គការ មិនមែនរដ្ឋាភិបាល នៅក្រៅប្រទេស យើងព្យាយាមចងមិត្តឲ្យគេជួយស្រែកឲ្យគេជួយ ផ្សព្វផ្សាយឲ្យលឺទូទាំងសកលលោក។ជាពិសេសរដ្ឋដែលរកស៊ីជាមួយវៀតណាម និងរដ្ឋដែលផ្តល់ជំនួយទៅវៀតណាមឲ្យគេលឺសូថា រដ្ឋវៀតណាម នៅបន្តគាបសង្កត់ ពលរដ្ឋជាជនជាតិដើម»។
តំណាងសហព័ន្ធខ្មែរកម្ពុជាក្រោម សង្កេតឃើញថា បច្ចុប្បន្ននេះ ចលនារបស់ពលរដ្ឋខ្មែរ ជាពិសេសយុវជនជំនាន់ក្រោយ កាន់តែផុសផុលជាងមុនក្នុងការទាមទារសិទ្ធិស្វ័យសម្រេចរបស់ខ្លួន។លើសពីនេះ បញ្ហាខ្មែរក្រោមសព្វថ្ងៃនេះ លែងជាបញ្ហារបស់ខ្មែរក្រោម ម្នាក់ឯងទៀតហើយ ប៉ុន្តែវាបានក្លាយជាបញ្ហាសម្រាប់ខ្មែរទូទៅ។
ប្រធានគណបក្សសង្គ្រោះជាតិ ប្រចាំរដ្ឋវិចតូរីយ៉ា លោក អ៊ិន ហេមរា ដែលចូលរួមពិធីនេះ មានមតិថា ក្នុងនាមជាពលរដ្ឋមានដើមកំណើតខ្មែរមួយរូប លោក ឈឺឆ្អាលចំពោះបញ្ហាខ្មែរក្រោមដែលរងការរំលោភបំពានសិទ្ធិជាមូលដ្ឋានពីសំណាក់រដ្ឋាភិបាលវៀតណាម។ លោក ចូលរួមគាំទ្រចំពោះចលនាតស៊ូទាមទារសិទ្ធិរបស់ពលរដ្ឋខ្មែរក្រោម ដែលមានចែងក្នុងច្បាប់អន្តរជាតិនិងមានតម្លៃជាសកល៖ «យើងមានឈាមជ័រជាខ្មែរ មានដើមកំណើតជាខ្មែរ យើងចង់ឃើញខ្មែរយើងរួបរួមគ្នា។អ្វីដែលគាត់ឈឺចាប់យើងក៏ឈឺចាប់។ សម្រាប់ខ្ញុំ ចូលរួមពេលនេះគឺចូលរួមជាកម្លាំងចិត្ត និងចង់ឃើញគាត់ធ្វើការតស៊ូដើម្បីឲ្យមានសេរីភាព និងអាចរក្សាទំនៀមទម្លាប់របស់ខ្លួន»។
ពិធីនេះ ក៏មានការចូលរួមពីតំណាងរាស្ត្រអូស្ត្រាលីដើមកំណើតខ្មែរ លោក តាក់ ម៉េង ហ៊ាង និងប្រធានសមាគមខ្មែររដ្ឋវិចតូរីយ៉ា លោក ជា យូហ៊ន ព្រមទាំងមានការសម្តែងព្រះធម៌ទេសនាពីព្រះតេជព្រះគុណ សាន សុជា ផងដែរ។
ព្រះតេជព្រះគុណ សាន សុជា មានថេរដីកាកោតសរសើរចំពោះពលរដ្ឋខ្មែរក្រោមដែលមករស់នៅក្នុងប្រទេសជឿនលឿន ប៉ុន្តែនៅតែរក្សាចិត្តគំនិតនឹកដល់មាតុភូមិកំណើតរបស់ខ្លួន។ព្រះអង្គ បន្តថា ដើម្បីឲ្យសហគមន៍អន្តរជាតិ យកចិត្តទុកដាក់ចំពោះបញ្ហាខ្មែរ លុះត្រាតែពលរដ្ឋខ្មែរ រួមកម្លាំងសាមគ្គីគ្នា និងលើកបង្ហាញបញ្ហាទាំងនោះឲ្យបានផុសផុល៖ «អាត្មាមានព្រះធម្មកឋាអំពីតម្លៃនៃការសាមគ្គីនៅក្នុងសង្គម។នៅពេលដែលយើងលើកអំពីទឹកដីប្រទេសជាតិ មាតុភូមិ វាជារឿងធំមួយ ប៉ុន្តែរឿងទាំងអស់នោះ វាត្រូវផ្តើមចេញពីរឿងតូចៗទៅ ពីរឿងយើងម្នាក់ៗទៅ ដូចជាការសាបព្រោះបណ្តុះនូវគំនិត ស្រលាញ់ជាតិ ស្រលាញ់ប្រទេស ស្រលាញ់ជនជាតិ ស្រលាញ់ភាសា ស្រលាញ់វប្បធម៌ជាដើមនេះ វាត្រូវបណ្តុះគំនិតពីតូចៗទៅពីយើងម្នាក់ៗទៅ»។
ក្នុងទិវារម្លឹកខួប៧៣ឆ្នាំ ប្រធានប្រតិបត្តិនៃសហព័ន្ធខ្មែរកម្ពុជាក្រោម លោក ប្រាក់ សេរីវុឌ្ឍ ក៏បានផ្ញើសារលិខិតដល់ពលរដ្ឋខ្មែរក្រោមថា ការតស៊ូរបស់ខ្មែរក្រោម នៅត្រូវការពេលវេលាវែងឆ្ងាយទៀត ដើម្បីឲ្យសម្រេចគោលដៅ ដូច្នេះសហព័ន្ធ បានដាក់ចេញនូវផែនការមេមួយចំនួន។ ផែនការទាំងនោះ ដូចជាការបណ្តុះបណ្តាលធនធានមនុស្ស ការងារអប់រំផ្សព្វផ្សាយ ការបើកសិក្ខាសាលា ការស្វែងរកអាហាររូបករណ៍សម្រាប់ និស្សិត បំផុសឲ្យមានកម្មវិធីសិក្សាអំពីកិច្ចការទំនាក់ទំនងសាធារណៈ និងពង្រីកប្រព័ន្ធផ្សព្វផ្សាយសម្លេងកម្ពុជាក្រោមឲ្យកាន់តែមទូលំទូលាយ ព្រមទាំងលើក ទឹកចិត្តឲ្យមាតាបិតាខ្មែរក្រោមពន្យល់ណែនាំកូនចៅឲ្យចូលរួមក្នុងនាយកដ្ឋានយុវជនរបស់សហព័ន្ធខ្មែរកម្ពុជាក្រោម ដែលជាចលនាមួយដ៏សំខាន់នៃផែនការ«ទំពាំងស្នងឫស្សី។
សហព័ន្ធខ្មែរកម្ពុជាឲ្យដឹងថា ដែនដីកម្ពុជាក្រោមខេត្តសរុបចំនួន ២១ខេត្ត មានវត្តព្រះពុទ្ធសាសនាជិត៥រយ (៤៦១) វត្ត មានព្រះសង្ឃជាង១ម៉ឺន២ពាន់ (១២.០០០) អង្គ និងមានប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោម រស់នៅជាង៨លាននាក់។ ពលរដ្ឋខ្មែរកម្ពុជាក្រោម អះអាងថា អាជ្ញាធរប្រទេសវៀតណាមថា បានព្យាយាមបំបាត់ពូជសាសន៍ខ្មែរកម្ពុជាក្រោម ដូចជាបំបាត់វប្បធម៌ ការអប់រំ និងការរស់តាមប្រពៃណីទំនៀមទម្លាប់របស់ខ្មែរកម្ពុជាក្រោម ការបង្ក្រាបដោយហិង្សាផ្សេងៗចំពោះចលនារបស់ខ្មែរកម្ពុជាក្រោម ដែលហ៊ានចេញមុខងើបឡើងតវ៉ា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។