ពលរដ្ឋ​ខ្មែរក្រោម​នឹង​ធ្វើ​មហា​បាតុកម្ម​ទូទាំង​ពិភពលោក​ទាមទារ​ឲ្យ​វៀតណាម​ដោះលែង​សកម្មជន​ខ្មែរ​ក្រោម

សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​នឹង​ធ្វើ​មហា​បាតុកម្ម​ជុំវិញ​ពិភពលោក​ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ប្រទេស​វៀតណាម ដោះលែង​សកម្មជន​សិទ្ធិមនុស្ស​ខ្មែរក្រោម​ចំនួន ៤​នាក់ ដែល​កំពុង​ជាប់​ពន្ធនាគារ។ មហា​បាតុកម្ម​នេះ នឹង​ធ្វើ​ឡើងជា​បន្តបន្ទាប់​នៅ​តាម​ប្រទេស​ប្រជាធិបតេយ្យ​នានា ដូចជា​សហរដ្ឋអាមេរិក សហគមន៍​អឺរ៉ុប​ជាដើម។

ការ​រៀបចំ​ធ្វើ​មហា​បាតុកម្ម​នេះ ក្រោយពី​អាជ្ញាធរ​វៀតណាម បាន​ឃាត់ខ្លួន​សកម្មជន​សិទ្ធិមនុស្ស​ខ្មែរក្រោម ចំនួន​៤​នាក់ កាល​ពី​ថ្ងៃទី​៣១ កក្កដា ក្រោម​បទ​ចោទ កេង​ចំណេញ​លើ​សិទ្ធិ​សេរីភាព និង​លទ្ធិ​ប្រជាធិបតេយ្យ បំពាន​លើ​ផលប្រយោជន៍​របស់​រដ្ឋ និង​សិទ្ធិ​សេរីភាព​ស្របច្បាប់ នៃ​អង្គការ​ចាត់តាំង និង​បុគ្គល​របស់​ប្រទេស​វៀតណាម។

អនុប្រធាន​ទី​២ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​នៅ​ប្រទេស​អ៊ីតាលី (Italy) លោក ត្រាន សារ៉ុង (Tran Xarong) ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃទី​១២ សីហា ថា លោក​សោកស្ដាយ និង​មិន​អាច​ទទួល​យក​បាន​នោះ​ទេ ចំពោះ​អាជ្ញាធរ​កុម្មុយនីស្ត​វៀតណាម ដែល​បាន​ឃាត់ខ្លួន​សកម្មជន​ខ្មែរក្រោម​ចំនួន​៤​នាក់ ក្រោយពី​ពួកគេ​ផ្សព្វផ្សាយ​អំពី​សិទ្ធិ​ជនជាតិ​ដើម ។ លោក​បញ្ជាក់​ថា គោលបំណង​នៃ​មហា​បាតុកម្ម​នេះ គឺ​ដើម្បី​បង្ហាញ​ឲ្យ​សាធារណជន​បានឃើញ​អំពី​អ្វី ដែល​អាជ្ញាធរ​កុម្មុយនីស្ត​វៀតណាម បាន​ធ្វើ​មក​លើ​សកម្មជន​សិទ្ធិមនុស្ស​ខ្មែរក្រោម និង​ទាមទារ​ឲ្យ​អាជ្ញាធរ​វៀតណាម​ដោះលែង​សកម្មជន​ខ្មែរក្រោម​ទាំង​៤​នាក់​ឲ្យ​មាន​សេរីភាព​ឡើងវិញ។

លោក ត្រាន សារ៉ុង៖ «យួន​គួរតែ​អនុវត្ត​តាមច្បាប់​របស់​យួន​ក្នុង​មាត្រា ២៤២ និង ២៤៣ ក៏បាន​និយាយ​ពី​រឿង​សិទ្ធិ​សេរីភាព​ក្នុង​ការ​បង្កើត​អង្គការ​សមាគម បង្កើត​អ្វី​ផ្សេងៗ សព្វបែប​យ៉ាង​ដោយ​ឯករាជ្យ​ដោយ​មិន​មាន​ការ​ត្រួតត្រា ការ​ត្រួត​ពិនិត្យ​ពី​យួន​របស់​រដ្ឋាភិបាល​យួន យួន​គួរតែ​គោរព​កន្លែង​ហ្នឹង​ដែរ​តើ»។

លោក ត្រាន សារ៉ុង អះអាង​ថា បាតុកម្ម​នេះ​នឹង​ធ្វើឡើង​ដូច​ភ្លៀងរលឹម គឺ​ធ្វើជា​បន្តបន្ទាប់​នៅ​ជុំវិញ​ពិភពលោក ដើម្បី​បង្ហាញ​ឲ្យ​អន្តរជាតិ​ឃើញ​ពី​ការជិះជាន់​សិទ្ធិ​សេរីភាព​ជនជាតិ​ដើម។

អាជ្ញាធរ​វៀតណាម បាន​ចាប់​ឃុំខ្លួន និង​គំរាមកំហែង​សកម្មជន​សិទ្ធិមនុស្ស​ខ្មែរក្រោម​ចំនួន ៩​នាក់ កាលពី​ថ្ងៃទី​៣១ ខែកក្កដា ក្រោម​ការ​ចោទប្រកាន់​ពី​បទ «​កេង​ចំណេញ​លើ​សិទ្ធិ​សេរីភាព និង​លទ្ធិប្រជាធិបតេយ្យ បំពាន​លើ​ផលប្រយោជន៍​របស់​រដ្ឋ និង​សិទ្ធិ​សេរីភាព​ស្របច្បាប់ នៃ​អង្គការ​ចាត់តាំង និង​បុគ្គល» តាម​មាត្រា​៣៣១ នៃ​ក្រមព្រហ្មទណ្ឌ​របស់​ប្រទេស​វៀតណាម។ ទោះ​យ៉ាងនេះ​ក៏ដោយ​ក្រោយ​ការ​ឃាត់ខ្លួន និង​សួរនាំ អាជ្ញាធរ​បាន​ដោះលែង​ពួកគេ​ឱ្យ​មាន​សេរីភាព​វិញ ប៉ុន្តែ​នៅ​បន្ត​ឃុំខ្លួន​សកម្មជន​សិទ្ធិមនុស្ស​ខ្មែរក្រោម​ចំនួន​៤​នាក់ រួមមាន​លោក យ័ញ ម៉ិញក្វាង រស់នៅ​ខេត្ត​ឃ្លាំង លោក ថាច់ កឿង និង​លោក តោ ហ្វាងចឿង រស់នៅ​ខេត្ត​ព្រះត្រពាំង។ ដោយឡែក អាជ្ញាធរ​វៀតណាម​បាន​ឃុំខ្លួន សកម្មជន​សិទ្ធិមនុស្ស​ខ្មែរក្រោម​ជា​ស្ត្រី​ម្នាក់ទៀត គឺ​លោកស្រី ឌិន ធីហ្វិន រស់នៅ​ខេត្ត​ឃ្លាំង កាលពី​ថ្ងៃទី​៣ ខែ​សីហា ក្រោម​បទ​ចោទ «​មិន​អនុវត្ត​តាម​សាលក្រម​របស់​តុលាការ​» ដែល​ពាក់ព័ន្ធ​នឹង​បញ្ហា​ដីធ្លី។

ការ​ឃាត់ខ្លួន​សកម្មជន​សិទ្ធិមនុស្ស​ខ្មែរក្រោម​នេះ ត្រូវ​បាន​អគ្គលេខាធិការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ដើម្បី​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍ បណ្ឌិត សឺន ជុំជួន យល់​ឃើញ​ថា ជា​ការ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ។

កាល​ពី​ថ្ងៃទី​១០ សីហា កន្លង​ទៅ សមាគម​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍ គ្រោង​ធ្វើ​ពិធី​ហែ​ញត្តិ​នៅ​ថ្ងៃទី​១៦ ខែ​សីហា ដែល​មាន​អ្នកចូលរួម ១៥​អង្គ​/​នាក់ ទៅ​កាន់​ស្ថានទូត​ចំនួន​១០​កន្លែង​ក្នុង​រាជធានី​ភ្នំពេញ ក្នុង​គោលបំណង​ស្នើ​ឱ្យ​បណ្ដា​ស្ថានទូត​នាំមុខ​ខាង​លទ្ធិប្រជាធិបតេយ្យ​ទាំងនោះ អន្តរាគមន៍​ឱ្យ​រដ្ឋាភិបាល​វៀតណាម​ដោះលែង​សកម្មជន​សិទ្ធិមនុស្ស​ខ្មែរ​ក្រោម។ ក៏ប៉ុន្តែ​នៅ​ថ្ងៃទី​១០ ខែ​សីហា រដ្ឋបាល​សាលារាជធានី​ភ្នំពេញ មិន​អនុញ្ញាត​ឲ្យ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍ ធ្វើ​ពិធី​ហែ​ញត្តិ​នេះ​នោះ​ទេ។ ផ្ទុយទៅវិញ រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ​បាន​លើកឡើង​ថា សកម្មភាព​នេះ ផ្ទុយ​ទៅ​នឹង​ធម្មនុញ្ញ​អាស៊ាន និង​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា។

សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នឹង​ធ្វើ​មហា​បាតុកម្ម​ទាមទារ​ឲ្យ​អាជ្ញាធរ​របប​កុម្មុយនីស្ត​វៀតណាម​ដោះលែង​សកម្មជន​សិទ្ធិមនុស្ស​ខ្មែរក្រោម​នៅ​ទីតាំង​មួយចំនួន​ដូចជា​នៅមុខ​ស្ថានទូត​វៀតណាម​នៅ​រដ្ឋ​វ៉ាស៊ីនតោន​(Washington DC) សហរដ្ឋអាមេរិក​នៅ​ថ្ងៃទី​២១ សីហា ស្ថានទូត​វៀតណាម​ប្រទេស​កាណាដា (Canada)​នៅ​ថ្ងៃទី​២៥ សីហា និង​ស្ថានទូត​វៀតណាម​ប្រចាំ​ប្រទេស​ហុល្លង់ (Netherlands) នៅ​ថ្ងៃទី​២ កញ្ញា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។