ជនភៀសខ្លួនខ្មែរក្រោម បោះឆ្នោតរើសប្រធានគណ:កម្មការថ្មី នៅប្រទេសថៃ
2022.12.25

ជនភៀសខ្លួនខ្មែរក្រោមនៅប្រទេសថៃ ជាងមួយរយនាក់បានប្រមូលផ្ដុំគ្នានៅជាយក្រុងបាងកក ដើម្បីបោះឆ្នោតជ្រើសរើសប្រធានគណៈកម្មការថ្មី សម្រាប់អាណត្តិទី៨ នៅរសៀលថ្ងៃទី២៥ ខែធ្នូ ដើម្បីដឹកនាំសមាគមជនភៀសខ្លួនខ្មែរក្រោម។ សមាគមនេះ តែងតែជួយសម្រួលដល់ខ្មែរក្រោម ដែលភៀសខ្លួនមកថៃ ឲ្យមានទីជម្រក មានការងារធ្វើ ជួយគ្នាក្នុងគ្រាទុក្ខលំបាក ដូចជាចែករំលែកស្បៀងអាហារគ្នា រួមគ្នាធ្វើបុណ្យប្រពៃណីផ្សេងៗ និងបើកថ្នាក់បង្រៀនអក្សរខ្មែរ ដល់កូនខ្មែរជាដើម។
ប្រធានសមាគមជនភៀសខ្លួនខ្មែរក្រោមប្រចាំប្រទេសថៃ លោក ឡឹម កែវសំណាង ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី២៥ ខែធ្នូ ថា លោកជាប់ឆ្នោតលើកនេះ ជាលើកទីពីរ ដែលសមាជិកជឿទុកចិត្តលើលោក ដើម្បីដឹកនាំសមាគមឲ្យមានការសាមគ្គីគ្នា និងជួយទុក្ខធុរៈគ្នាទៅវិញទៅមក ដូចជា សមាជិកឈឺនាំទៅពេទ្យ ជួយថវិកានិងស្បៀងអាហារអ្នកភៀសខ្លួនមកថៃថ្មីជាដើម។ លោកបន្តថា លោកនឹងដឹកនាំសមាគមឲ្យរីកចម្រើនទៅមុខ ជាពិសេសផ្ដោតលើការរៀនអក្សរខ្មែរ របស់កុមារខ្មែរនៅប្រទេសថៃ៖
«ហើយក្នុងក្រុមយើង គ្នាយើងប៉ុណ្ណេះយើងជួយគ្នាទេ ក្នុងការបម្រើក្នុងសហគមន៍ ក្នុងសមាគមក្រុមជនភៀសខ្លួននេះ គឺយើងអត់មានកម្រៃ មានប្រាក់ខែទេ។ ក៏ប៉ុន្តែគឺយើងជួយសង្គម ឃើញសង្គមពិបាករត់គេចខ្លួនពីអាណានិគមវៀតណាមមកហើយ មកដល់ប្រទេសថៃហើយ គឺយើងគ្មានឱកាសឲ្យកូនយើងចូលរៀនសាលាបានទេ បើទៅរៀន! ទៅរៀនសាលាថៃ ប៉ុន្តែជាភាសាថៃ។ ប៉ុន្តែកុំភ្លេចថាដើមកំណើតយើងថាជានរណា មកពីណា គឺយើងជាខ្មែរ ខ្មែរកម្ពុជាក្រោម បើយើងរៀនអក្សរសាស្ត្រខ្មែរឲ្យកូនយើងមិនបានធ្វើការងារធំដុំក៏ដោយ យ៉ាងណាក៏យើងអាចឲ្យកូនយើងអានអក្សរសាស្ត្ររបស់ជាតិយើងបានដែរ»។
សមាគមជនភៀសខ្លួនខ្មែរក្រោមនៅប្រទេសថៃនេះ បើកដំណើរការតាំងពីឆ្នាំ២០១៥ ក្នុងគោលបំណង ប្រមូលជនភៀសខ្លួនឲ្យបាននៅជាក្រុមក្នុងប្រទេសថៃ ដើម្បីជួយគ្នាគ្រាមានអាសន្ន ដូចជា ជូនសមាជិកមកថ្មី ប្ដឹងទៅអង្គការសហប្រជាជាតិនៅបាងកក ពីការរំលោភសិទ្ធិពួកគាត់ ពីសំណាក់វៀតណាម ឲ្យអង្គការសហប្រជាជាតិទទួលពួកគាត់ជាជនភៀសខ្លួនពេញសិទ្ធិ ជាដើម។ សមាគមនេះតែងតែបោះឆ្នោតរាល់២ឆ្នាំម្ដង ហើយបេក្ខជនម្នាក់ឈរឈ្មោះបោះឆ្នោតបានតែពីរអាណត្តិ។
របាយការណ៍របស់សមាគមជនភៀសខ្លួនខ្មែរក្រោម ឲ្យដឹងថា ពលរដ្ឋខ្មែរក្រោមដែលកំពុងភៀសខ្លួនក្នុងប្រទេសថៃ ជាងពីររយនាក់ ដែលបានរត់គេចពីការធ្វើទុក្ខបុកម្នេញពីសំណាក់អាជ្ញាធរវៀតណាម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។