សមាគមខ្មែរកម្ពុជាក្រោមស្នើអូស្ត្រាលីឱ្យធ្វើអន្តរាគមន៍ទៅវៀតណាមឱ្យគោរពសិទ្ធិពលរដ្ឋ
2024.08.07
សមាគមខ្មែរកម្ពុជាក្រោមជំរុញឲ្យរដ្ឋាភិបាលអូស្ត្រាលីអន្តរាគមន៍ទៅរដ្ឋាភិបាលវៀតណាមឲ្យគោរពសិទ្ធិពលរដ្ឋ ក្នុងនោះក៏មាន ជនជាតិដើមខ្មែរកម្ពុជាក្រោម ដែលត្រូវបានវៀតណាមកំពុងធ្វើទុក្ខបុកម្នេញឥតស្រាកស្រាន្តសព្វថ្ងៃនេះ។ ក្ដីរំពឹងធ្វើឡើងក្រោយពេលអង្គការសិទ្ធិមនុស្សអន្តរជាតិបានអន្តរាគមន៍ទៅអូស្ត្រាលីឲ្យដាក់គំនាបឲ្យវៀតណាមគោរពសិទ្ធិមនុស្ស ក្នុងកិច្ចប្រជុំសន្ទនាប្រចាំឆ្នាំស្ដីពីសិទ្ធិមនុស្សរវាងអូស្ត្រាលី និងវៀតណាម។
សហព័ន្ធខ្មែរកម្ពុជាក្រោមសង្ឃឹមថា សហគមន៍អន្តរជាតិ ជាពិសេស អូស្ត្រាលីនឹងដាក់គំនាបវៀតណាមឱ្យគោរពសិទ្ធិមនុស្សមុននឹងអនុញ្ញាតឲ្យធ្វើពាណិជ្ជកម្មនឹងប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យមួយនេះ។ ប្រធាននាយកដ្ឋានព័ត៌មានសហព័ន្ធខ្មែរកម្ពុជាក្រោម ព្រះភិក្ខុ សឺង យ៉ឹងរតនា រំពឹងថា អូស្ត្រាលីដែលជាប្រទេសសេរីនឹងមិនចាប់ដៃធ្វើពាណិជ្ជកម្ម និងបង្កើតទំនាក់ទំនងអន្តរជាតិជាមួយប្រទេសដែលរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរនោះទេ។
ព្រះភិក្ខុ សឺង យ៉ឹងរតនា៖ «រដ្ឋាភិបាលអូស្ត្រាលី នឹងមានវិធានការណ៍ ដើម្បីដាក់គំនាបទៅរដ្ឋាភិបាលវៀតណាមត្រូវតែគោរពសិទ្ធិមនុស្សខ្មែរកម្ពុជាក្រោមមុននឹងធ្វើពាណិជ្ជកម្មនឹងរដ្ឋាភិបាលអូស្ត្រាលី»។
កាលពីសប្ដាហ៍មុនអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) ដាក់សំណើជាផ្លូវការទៅរដ្ឋាភិបាលអូស្ត្រាលីជំរុញវៀតណាមដោះស្រាយស្ថានភាពរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ដោយទាមទារឲ្យវៀតណាមបង្ហាញគោលដៅឲ្យច្បាស់លាស់ ដើម្បីស្ដារសិទ្ធិសេរីភាព។អង្គការ (Human Rights Watch) ថា អូស្ត្រាលីគួរតែប្ដូរជំហរពីការរង់ចាំមើលវៀតណាមឲ្យគោរពសិទ្ធិមនុស្ស មកបង្ខំឲ្យវៀតណាមធ្វើកំណែទម្រង់ ជាប្រព័ន្ធដោយមានការកំណត់កម្រិតស្តង់ដារមួយពិតប្រាកដ។
សំណើរបស់អង្គការសិទ្ធិមនុស្សនេះធ្វើក្នុងពេល នៃកិច្ចប្រជុំសន្ទនាលើកទី១៩ អូស្ត្រាលី និងវៀតណាម កាលពីថ្ងៃទី២៨ កក្កដា ប៉ុន្តែប្រទេសទាំងពីរមិនទាន់បានបង្ហាញលទ្ធផលនៃកិច្ចប្រជុំនេះនៅឡើយទេ។មិនមែនតែអូស្ត្រាលី ដែលតែងតែជួបនឹងវៀតណាមប្រចាំឆ្នាំ ដើម្បីជំរុញឲ្យវៀតណាមគោរពសិទ្ធិមនុស្សដើម្បីប្ដូរយកការធ្វើពាណិជ្ជកម្ម និងប្រទេសលោកសេរី ក្នុងមានសហរដ្ឋអាមេរិក និងសហគមន៍អឺរ៉ុបក៏មានជំនួបស្រដៀងគ្នានេះដែរ ប៉ុន្តែវៀតណាមហាក់គ្មានឆន្ទៈដោះស្រាយបញ្ហារំលោភសិទ្ធិមនុស្ស។
បច្ចុប្បន្នពលរដ្ឋវៀតណាមប្រមាណជាង ១៦០នាក់ កំពុងជាប់ពន្ធនាគារដោយសារតែការរិះគន់រដ្ឋាភិបាល។ ចំណែកសកម្មជនបរិស្ថានកំពុងឋិតជាមុខសញ្ញានៃការធ្វើទុក្ខបុកម្នេញរបស់រដ្ឋាភិបាលវៀតណាម ហើយសេរីភាពសារព័ត៌មាន ក៏កំពុងធ្លាក់ចុះដែរ។ វៀតណាមមិនត្រឹមតែរំលោភសិទ្ធិពលរដ្ឋវៀតណាមនោះទេ រដ្ឋាភិបាលកុម្មុយនិស្តមួយនេះ ក៏បានរំលោភសិទ្ធិជនជាតិដើមខ្មែរក្រោមផងដែរ។ ព្រះសង្ឃខ្មែរក្រោម ៥អង្គ និងសកម្មជនខ្មែរក្រោម ៨នាក់ ត្រូវបានវៀតណាមចាប់ដាក់ពន្ធនាគារ ដោយសារតែការចែកចាយឯកសាររបស់អង្គការសហប្រជាជាតិស្ដីពីជនជាតិដើម និងការទាមទារចង់បានសិទ្ធិស្វ័យសម្រេច។
វិទ្យុអាស៊ីសេរីមិនទាន់អាចទាក់ទងស្ថានទូតអូស្ត្រាលីនៅវៀតណាម និងក្រសួងការបរទេសវៀតណាម ដើម្បីឆ្លើយតបសំណើអង្គការសិទ្ធិមនុស្ស (Human Rights Watch) បាននៅឡើយទេ។ ទោះបីជាយ៉ាងណាក្ដី តំណាងរដ្ឋាភិបាលវៀតណាម តែងតែប្រាប់ស្ថាប័នអន្តរជាតិថា វៀតណាមបានគោរពសិទ្ធិមនុស្សនិងសិទ្ធិជនជាតិភាគតិច។
ជុំវិញរឿងនេះ ព្រះភិក្ខុ សឺង យ៉ឹងរតនា មានថេរដីកាថា នៅពេលកិច្ចសន្ទនាអាមេរិក និងវៀតណាម ដែលគ្រោងនឹងជួបគ្នា នៅចុងឆ្នាំ២០២៤ នេះ សហព័ន្ធខ្មែរកម្ពុជាក្រោមនឹងដាក់សំណើទៅរដ្ឋាភិបាលអាមេរិកឲ្យគាបសង្កត់វៀតណាមឲ្យគោរពសិទ្ធិខ្មែរក្រោម ដែលជាជនជាតិដើម។
ព្រះភិក្ខុ សឺង យ៉ឹងរតនា៖ «រដ្ឋាភិបាលសហរដ្ឋអាមេរិកក្ដីតែងតែលើកយកបញ្ហាសិទ្ធិមនុស្ស ប៉ុន្តែ រដ្ឋាភិបាលវៀតណាមតែងតែកុហកសហរដ្ឋអាមេរិក»។
ព្រះភិក្ខុ សឺង យ៉ឹងរតនា ប្ដេជ្ញាថា សហព័ន្ធខ្មែរកម្ពុជាក្រោមនឹងបន្តធ្វើយុទ្ធនាការអន្តរជាតិ ដើម្បីទាមទារឲ្យវៀតណាមគោរពសិទ្ធិខ្មែរក្រោម និងដោះលែងព្រះសង្ឃ និងសកម្មជនខ្មែរក្រោម ដែលត្រូវបានវៀតណាមកាត់ទោសដាក់ពន្ធនាគារជាច្រើនឆ្នាំទាំងអយុត្តិធម៌៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។