យុវជនខ្មែរក្រោមដែលបានបង្ហោះវីដេអូតាមបណ្ដាញសង្គមហ្វេសប៊ុក ដោយចោទថា អាជ្ញាធរវៀតណាម ចែកអង្ករក្លែងក្លាយដល់ពលរដ្ឋខ្មែរក្រោមនោះ ត្រូវបានអាជ្ញាធរមូលដ្ឋានវៀតណាមកោះហៅទៅសួរនាំជាបន្តបន្ទាប់។ យុវជន ថាច់ កឿង ឱ្យដឹងថា នៅពេលលោកចូលបំភ្លឺនោះអាជ្ញាធរវៀតណាមបង្ខំលោកឱ្យចុះហត្ថលេខាទទួលស្គាល់ថា អង្ករក្លែងក្លាយដែលអាជ្ញាធរវៀតណាមចែកឱ្យពលរដ្ឋខ្មែរក្រោមនោះជាអង្ករពិត។
យុវជន ថាច់ កឿង រស់នៅ ខេត្តព្រះត្រពាំង ដែលវៀតណាមបានប្ដូរឈ្មោះមកជាខេត្តត្រាវិញ (Tra Vinh) នៅតែអះអាងថា អង្ករចំនួន ១០គីឡូដែលអាជ្ញាធរវៀតណាមចែកជូនគ្រួសារលោកគឺជាអង្ករក្លែងក្លាយឬជាអង្ករប្លាស្ទិក។ ការអះអាងបែបនេះនៅពេលលោកគ្រោងនឹងទៅបំភ្លឺតាមការកោះហៅរបស់អាជ្ញាធរខេត្តព្រះត្រពាំង ផ្នែកព័ត៌មាន និងទូរគមនាគមន៍នៅថ្ងៃទី២ ខែមិថុនាខាងមុខ។
យុវជន ថាច់ កឿង ព្រួយបារម្ភថា នៅថ្ងៃដែលទៅបំភ្លឺនោះនឹងត្រូវអាជ្ញាធរវៀតណាមធ្វើបាបឬបង្ខំឲ្យលោកនិយាយខុសពីការពិត ព្រោះកាលពីថ្ងៃទី២៩ ខែឧសភាកន្លងទៅ ពេលទៅបំភ្លឺតាមការកោះហៅរបស់អាជ្ញាធរ ស្រុកផ្នោដាច់ នៃខេត្តព្រះត្រពាំង អាជ្ញាធរបានបង្ខំលោកម្ដងហើយ ដោយឱ្យលោកទទួលស្គាល់ថា អង្ករដែលលោកធ្វើការពិសោធន៍ហើយរកឃើញថាជាអង្ករក្លែងក្លាយនោះ គឺជាអង្ករពិតនិងទទួលស្គាល់ថា វីដេអូដែលលោកបង្ហោះនោះបង្កឱ្យប៉ះពាល់ដល់សេចក្ដីថ្លៃថ្នូរនៃបុគ្គល និងស្ថាប័នរដ្ឋអំណាចវៀតណាម។ លោកថា បើលោកមិនព្រមធ្វើតាមការចង់បានរបស់អាជ្ញាធរវៀតណាមទេ គឺគេមិនព្រមឲ្យលោកវិលទៅផ្ទះវិញទេនិងព្រមានថាលោកនឹងរងការប្ដឹងថែមទៀតផង៖ «
យុវជនដដែលបន្តថា អាជ្ញាធរវៀតណាមបានចែកអង្កឲ្យអ្នកភូមិខ្មែរក្រោម និងគ្រួសារលោកដោយក្នុងមួយគ្រួសារចំនួន ១០គីឡូ កាលពីអំឡុងខែឧសភា ហើយនៅពេលលោកឮអ្នកភូមិនិយាយថា អង្ករនោះជាអង្ករក្លែងក្លាយ លោកក៏បានយកអង្ករនោះទៅលីង។ ជាលទ្ធផល គឺអង្ករនោះពេលក្ដៅគឺមិនឈ្ងុយនោះទេប៉ុន្តែភាយក្លិនឈ្ងៀម និងឡើងពណ៌ខ្មៅទើបលោកសន្និដ្ឋានថា អង្ករនោះជាអង្ករក្លែងក្លាយឬជាអង្ករប្លាស្ទិក៖ «
អគ្គលេខាធិការសមាគមខ្មែរក្រោមដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ លោក សឺន ជុំជួន និយាយថា រាល់ការបញ្ចេញមតិរបស់ពលរដ្ឋខ្មែរក្រោមតែងតែរងការព្រមាន ឬធ្វើទុក្ខបុកម្នេញពីអាជ្ញាធរវៀតណាម ដែលផ្ទុយទៅនឹងគោលការណ៍សិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ។ លោកថា ខាងសមាគមលោកនឹងតាមដានករណីនេះ៖ «
ពលរដ្ឋខ្មែរក្រោមលោក ថាច់ កឿង គឺជាយុវជនដែលតំណាងឲ្យពលរដ្ឋខ្មែរក្រោមក្នុងការទាមទារសិទ្ធិ។ កាលពីឆ្នាំ២០១៨ និងឆ្នាំ២០១៩ យុវជនរូបនេះបានដាក់ញត្តិទៅរដ្ឋសភា និងរដ្ឋាភិបាលវៀតណាមស្នើឱ្យខ្មែរក្រោមអាចឈប់សម្រាកពេលបុណ្យជាតិសំខាន់ៗដូចជា បុណ្យចូលឆ្នាំថ្មី និងបុណ្យសែនដូនតាជាដើម ហើយលទ្ធផលមានរោងចក្រខ្លះក្នុងប្រទេសនេះបានអនុញ្ញាតឲ្យពលរដ្ឋខ្មែរក្រោមអាចឈប់សម្រាកពេលមានពិធីបុណ្យប្រពៃណីទាំងនេះ។
យុវជន ថាច់ កឿង នៅតែរក្សាជំហរទៅបំភ្លឺតាមការកោះហៅរបស់អាជ្ញាធរខេត្តព្រះត្រពាំង នៅថ្ងៃទី២ ខែមិថុនា។ លោកថា បើតាមខ្លឹមសារលិខិតដែលអាជ្ញាធរវៀតណាមកោះហៅនេះ លោកអាចប្រឈមនឹងការពិន័យជាប្រាក់ប្រមាណ ២លានដុង ឬប្រហែលមួយរយដុល្លារ (១០០ដុល្លារ)៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។