យុវជន​ខ្មែរ​ក្រោម​បដិសេធ​បង់​ប្រាក់​ពិន័យ​ឱ្យ​វៀតណាម​រឿង​ប្រើប្រាស់​សិទ្ធិ​បញ្ចេញ​មតិ​តាម​បណ្ដាញ​សង្គម

ដោយ យន់ សាមៀន
2021-01-24
Share
យុវជន​ខ្មែរ​ក្រោម​បដិសេធ​បង់​ប្រាក់​ពិន័យ​ឱ្យ​វៀតណាម​រឿង​ប្រើប្រាស់​សិទ្ធិ​បញ្ចេញ​មតិ​តាម​បណ្ដាញ​សង្គម ប្រធាន​នាយកដ្ឋាន​ព័ត៌មាន​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ព្រះ​ភិក្ខុ ស៊ឺង យ៉ឹងរតនា។
Provided

យុវជន​ខ្មែរ​កម្ពុជា​ក្រោម​អះអាង​ថា អាជ្ញាធរ​វៀតណាម​បន្ត ​ធ្វើទុក្ខបុកម្នេញ​លោក តាមរយៈ​ការ​បន្ត​ទាមទារ​ប្រាក់​ពិន័យ​ជាច្រើន​រយ​ដុល្លារ ដោយសារតែ​ការប្រើប្រាស់​បណ្ដាញ​សង្គម ដើម្បី​បញ្ចេញមតិ និង​ផ្សព្វផ្សាយ​ពី​ប្រវត្តិសាស្ត្រ​ខ្មែរ​កម្ពុជា​ក្រោម​។ ការ​អះអាង​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ ក៏​រក​ឃើញ​ថា រដ្ឋាភិបាល​វៀតណាម កំពុង​បន្ត​ចាប់ខ្លួន​អ្នកទោស​មនសិការ​ហើយ​ស្ទើរ​ពាក់​កណ្តាល​នៃ​អ្នកទោស​មនសិការ​នេះ ត្រូវ​បាន​អាជ្ញាធរ​វៀតណាម​ចាប់ខ្លួន ដោយសារតែ​ពួកគេ​ប្រើប្រាស់​បណ្ដាញ​សង្គម​ដើម្បី​សំដែង​មតិ។

យុវជន​ខ្មែរ​កម្ពុជា​ក្រោម លោក តោ ហ្វាងចឿង ប្រាប់​អាស៊ីសេរី​កាល​ពី​ថ្ងៃ​អង្គារ ទី​១៩ មករា​ថា អាជ្ញាធរ​វៀតណាម បាន​បន្ត​បង្ខំ​ឱ្យ​លោក​សង​ប្រាក់​ពិន័យ បី​រយ​ដុល្លារ បើ​ទោះបី​ជា​លោក​បាន​អង្វរ​សុំ​ពន្យារពេល​បង់​ប្រាក់​ពិន័យ ដោយសារតែ​លោក​កំពុង​ជួបប្រទះ​បញ្ហា​ជីវភាព បណ្ដាល​មក​ពី​ការ​រាតត្បាត​ជំងឺ កូ​វីដ Covid-19​ក៏ដោយ។

កាល​ពី​ខែ​មិថុនា ឆ្នាំ​២០២០ អាជ្ញាធរ​វៀតណាម​បាន​ផាក​យុវជន​នេះ ដោយ​ចោទប្រកាន់​ករណី​ប្រើប្រាស់​បណ្ដាញ​សង្គម ចែកចាយ​ព័ត៌មាន​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ស្ដីពី​ការបាត់បង់​ទឹកដី​ខ្មែរ​ក្រោម ក្នុង​ខួប​បាត់បង់​ទឹកដី​លើក​ទី ៧១​ឆ្នាំ​។ ក្រោយ​ការចែក​ចាយ​ព័ត៌មាន​នេះ​ភ្លាម អាជ្ញាធរ​បាន​ផ្ញើ​លិខិត​កោះហៅ យុវជន តោ ហ្វាងចឿង ទៅ​ជួប​ដោយ​បញ្ចុះបញ្ចូល​លោក ឱ្យ​ធ្វើជា​ភ្នាក់ងារ​សម្ងាត់​វៀតណាម​ដើម្បី​តាមដាន​ខ្មែរ​ក្រោម​ណា ដែល​ហ៊ាន​រិះគន់​អាជ្ញាធរ​វៀតណាម ប៉ុន្តែ​លោក​បាន​បដិសេធ​ទើប​អាជ្ញាធរ​វៀតណាម​សម្រេច​ផាក​ពិន័យ។

យុវជន តោ ហ្វាងចឿង ថា ទោះបី​លោក​បាន​សុំ​ពន្យារ​ពេល​សង​ប្រាក់​ពិន័យ ប៉ុន្តែ​លោក​នៅតែ​រក្សា​ជំហរ​ថា លោក​មិន​បាន​ប្រព្រឹត្ត​ល្មើសច្បាប់​វៀតណាម​ឡើយ ពីព្រោះ​លោក​គ្រាន់តែ​សំដែង​មតិ​តែប៉ុណ្ណោះ៖ «ករណី​ដែល​រដ្ឋាភិបាល​យួន​ដែល​បាន​រំលឹក​ខ្ញុំ​ពីរ​បី​លើក​ឱ្យ​ទៅ​បង់លុយ​ហ្នឹង​ដល់​ពេល​នេះ ខ្ញុំ​សូម​ផ្តាំ​ទៅ​រដ្ឋាភិបាល​វៀតណាម​ថា ខ្ញុំ​មិន​ព្រម​ឱ្យ​ផាក​ទេ ពីព្រោះ​ករណី​ខ្ញុំ​ហ្នឹង​មាន​អ្វី​ខុស​ទាំងអស់»

យុវជន តោ ហ្វាងចឿ​ង មិនមែន​ត្រូវ​អាជ្ញាធរ​ពិន័យ​មួយ​ករណី​នោះ​ទេ​។ កាលពីដើម​ខែ​កញ្ញា​នេះ វៀតណាម​ក៏បាន​ពិន័យ​លោក ប្រាំ​រយ​ដុល្លារ ដោយ​ចោទប្រកាន់​លោក​ថា លោក​បើក​លក់​ហ្គាស សម្រាប់​ចម្អិន​អាហារ​ដោយ​គ្មាន​ការអនុញ្ញាត​។ លោក តោ ហ្វាងចឿ​ង អះអាង​ថា ការ​ផាកពិន័យ​នេះ ជា​លេស​សងសឹក​នឹង​លោក​របស់​អាជ្ញាធរ​វៀតណាម ពីព្រោះ​លោក​មាន​ច្បាប់​អនុញ្ញាត​ឱ្យ​លក់ដូរ​ត្រឹមត្រូវ។

អាជ្ញាធរ​វៀតណាម​មិន​ត្រឹម​ផាក​តែ យុវជន តោ ហ្វាងចឿង​ម្នាក់​ប៉ុណ្ណោះ​ទេ។ វៀតណាម ក៏បាន​ផាក​យុវជន​ខ្មែរ​ក្រោម​ម្នាក់ទៀត ឈ្មោះ ថាច់ កឿង ចំនួន បី​រយ​ដុល្លារ ដោយសារតែ​លោក​ប្រើប្រាស់​បណ្ដាញ​សង្គម ដើម្បី​សំដែង​មតិ ប៉ុន្តែ​អាជ្ញាធរ​វៀតណាម​ចាត់​ទុក​ទង្វើ​ទាំងនោះ​ជា​ការ ល្មើសច្បាប់​សន្តិសុខ​អ៊ីនធឺណិត​វៀតណាម​ទៅវិញ​។ ទោះបីជា​យ៉ាង​ណា អាជ្ញាធរ​វៀតណាម​មិន​តាម​ផាក លោក ថាច់ កឿង ជា​បន្ត​បន្ទប់​ទៀត​ឡើយ​។ យុវជន តោ ហ្វាងចឿង​ថា មូលហេតុ​ដែល​អាជ្ញាធរ​វៀតណាម​បន្ត​តាម​ផាក​លោក​នោះ ដោយសារតែ​លោក មិន​ព្រម​ផ្អាក​បញ្ចេញមតិ​រឿង​ទឹកដី​ខ្មែរ​ក្រោម និង​សិទ្ធិ​ជនជាតិ​ដើម៖ «ឯ​ការ​បញ្ចេញមតិ​តាម​បណ្ដាញ​សង្គម ហ្វេសប៉ុក (Facebook) ហ្នឹង ប្អូន​នៅតែ​បញ្ចេញមតិ​។ នៅតែ​បង្ហោះ​ជា​ធម្មតា​ប្អូន​មិន​ខ្លាច​ទេ»

របាយការណ៍​អង្គការ​លើកលែងទោស​អន្តរជាតិ (Amnesty Internatinonal) ផ្សាយ​កាលពី​ខែធ្នូ​កន្លងទៅ​ឱ្យ​ដឹង​ថា អាជ្ញាធរ​វៀតណាម​កំពុង​ចាប់​ផ្តើម​បង្ក្រាប លើ​ការប្រើប្រាស់​បណ្ដាញ​សង្គម ដូចជា ហ្វេសប៊ុក (Facebook) និង យូធូប (Youtube)។ បច្ចុប្បន្ន​អ្នកទោស​មនសិការ​វៀតណាម​ចំនួន ១៧០​នាក់ កំពុង​ជាប់​ពន្ធនាគារ​នៅ​វៀតណាម។ នេះ​ជា​ចំនួន​ច្រើន​បំផុត ដែល​កត់ត្រា​ដោយ​អង្គការ​សិទ្ធិមនុស្ស ហើយ​ភាគច្រើន​នៃ​អ្នក​ជាប់​ពន្ធនាគារ​ដោយសារតែ សកម្មភាព​អហិង្សា​តាម​បណ្ដាញ​សង្គម។

ពាក់ព័ន្ធ​នឹង​ការ​ធ្វើទុក្ខបុកម្នេញ យុវជន​ខ្មែរ​ក្រោម​នេះ ប្រធាន​នាយកដ្ឋាន​ព័ត៌មាន​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ព្រះ​ភិក្ខុ ស៊ឺង យ៉ឹងរតនា មាន​ថេរ​ដីកា​ថា វៀតណាម​នៅតែ​បន្ត​ចិញ្ចឹម​ចិត្ត​ធ្វើបាប​ពលរដ្ឋ​ខ្មែរ​ក្រោម ដោយ​មិន​ឱ្យ​ប្រើប្រាស់​បណ្ដាញ​សង្គម​ដើម្បី​ផ្សព្វផ្សាយ​ពី​ការពិត​នៃ​ប្រវត្តិសាស្ត្រ​ខ្មែរ​ក្រោម៖ «អាជ្ញាធរ​វៀតណាម​ហ្នឹង​គឺ​ចេញ​លិខិត កោះហៅ​យុវជន និង​ពលរដ្ឋ​ខ្មែរ​ក្រោម ផាក​ពិន័យ​ជា​ថវិកា​ក្តី ហើយ​ចោទប្រកាន់​យុវជន​ខ្មែរ​ក្រោម​ថា ប្រើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ផ្សព្វផ្សាយ រឿងរ៉ាវ​ទឹកដី​កម្ពុជា​ជា​រឿង​ខុសច្បាប់​ឬក៏​ចាប់​ពលរដ្ឋ​ខ្មែរ​ក្រោម មាន​បញ្ហា​ដីធ្លី​កន្លងមក វា​ជា​យុទ្ធសាស្ត្រ​អាជ្ញាធរ​វៀតណាម​ដើម្បី​បង្ក្រាប បំបិទ​សិទ្ធិ​សេរីភាព និង​បំបាក់​ស្មារតី​ចំពោះ​ពលរដ្ឋ​ខ្មែរ​ក្រោម និង​យុវជន»

ក្រៅពី​បញ្ហា​សំដែង​មតិ​នៅ​តាម​បណ្តាញ​សង្គម​ខ្មែរ​ក្រោម ក៏​ជួប​បញ្ហា​ផ្សេង​ទៀត​ដែរ​។ របាយការណ៍ សមាគម​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍​រក​ឃើញ​ថា វប្បធម៌​ខុសគ្នា​រវាង​ខ្មែរ​ក្រោម និង​វៀតណាម បង្ក​ឱ្យ​មាន​សម្ពាធ​ទៅលើ​ខ្មែរ​ក្រោម ដើម្បី​រក្សា​អត្តសញ្ញាណ​ជា​ខ្មែរ ហើយ​ពេលខ្លះ​ខ្មែរ​ក្រោម​ត្រូវ​បាន​គេ​បង្ខំ​ឱ្យ​សម្របសម្រួល​ទៅតាម​វប្បធម៌​វៀតណាម​។ វៀតណាម​ក៏​បាន​ប្រើប្រាស់​អំពើ​ហិង្សា​បង្ក្រាប​ទៅលើ​ពលរដ្ឋ​ខ្មែរ​ក្រោម ដែល​ហ៊ាន​តវ៉ា​បញ្ហា​ការ​រំលោភបំពាន​ដីធ្លី និង​ទាមទារ​សិទ្ធិ​សេរីភាព។ របាយការណ៍​ដដែល​បន្ត​ថា វៀតណាម​ក៏​ជ្រៀត​ជ្រែក​ចូល​កិច្ចការ សាសនា​របស់​ពលរដ្ឋ និង​ព្រះសង្ឃ​ខ្មែរ​ក្រោម ហើយ​ព្រះសង្ឃ​ខ្មែរ​ក្រោម ក៏​រង​ការចោទប្រកាន់​ផ្សេងៗ និង​ប្រឈម ការ​ឃុំ​ឃាំង​ក្នុង​វត្ត​ជាដើម​។ កាល​ពី​ពេល​ថ្មីៗ​នេះ តុលាការ​វៀតណាម កាត់ទោស កសិករ​ខ្មែរ​ក្រោម ៤​នាក់ ឱ្យ​ជាប់ពន្ធនាគារ ពី ៦​ខែ ទៅ ២​ឆ្នាំ​កន្លះ​ថែមទៀត​។ វៀតណាម​ចោទ​កសិករ​ខ្មែរ​ក្រោម​ទាំងនោះ​ថា ប្រឆាំង​អាជ្ញាធរ​សាធារណៈ ពេល​សមត្ថកិច្ច​វៀតណាម​ចុះទៅ​រំលោភ​យក​ដី​ពួកគេ​។ បច្ចុប្បន្ន​ពលរដ្ឋ​ខ្មែរ​ក្រោម​ទាំងនោះ កំពុង​ស្វែងរក​មេធាវី ដើម្បី​ប្ដឹង​ឧទ្ធរណ៍។

ប្រធាន​នាយកដ្ឋាន​ព័ត៌មាន​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ព្រះ​ភិក្ខុ ស៊ឺង យ៉ឹងរតនា ស្នើ​ឱ្យ​រដ្ឋាភិបាល​វៀតណាម​ទម្លាក់​ការចោទប្រកាន់​ទាំងឡាយ ប្រឆាំង​នឹង​ពលរដ្ឋ​ខ្មែរ​ក្រោម​ហើយ​ត្រូវ​ងាក​ទៅ​រក​គោរព​ការ​ប្តេជ្ញា​ចិត្ត​របស់​ខ្លួន​នៅ​ចំពោះ​មុខ​សហគមន៍​អន្តរជាតិ ក្នុង​ការ​គោរព​សិទ្ធិមនុស្ស និង​សិទ្ធិ​ជនជាតិ​ដើម ដោយសារតែ​វៀតណាម​បាន​ចុះហត្ថលេខា​លើ​កតិកាសញ្ញា​អន្តរជាតិ​ស្តីពី​សិទ្ធិមនុស្ស៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល