ពលករ​ខ្មែរ​នៅ​ម៉ាឡេស៊ី​ស្នើសុំ​រដ្ឋាភិបាល​ជួយ​ពន្លឿន​និង​ចេញថ្លៃ​សំបុត្រ​យន្តហោះ​ត្រឡប់​ទៅ​ខ្មែរ​វិញ

ពលករ​ខ្មែរ​ដែល​ជា​ប​នៅ​ឯ​ប្រទេស​ម៉ាឡេស៊ី ស្នើសុំ​ដល់​រដ្ឋាភិបាល​កម្ពុជា ជួយ​ពន្លឿន និង​ជួយ​ចេញថ្លៃ​សំបុត្រ​យន្តហោះ​ត្រឡប់​មក​កម្ពុជា​វិញ​។ ការ​ស្នើ​សុំ​នេះ ដោយសារ​ពួកគេ​មិន​ទាន់​ឃើញ​រដ្ឋាភិបាល​មាន​វិធានការ​ជាក់លាក់​នៅឡើយ បន្ទាប់​ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​អនុញ្ញាត​ឱ្យ​ពួកគេ​អាច​វិល ត្រឡប់​មក​កាន់​មាតុប្រទេស​វិញ។

ពលករ​ខ្មែរ​ធ្វើការ​នៅ​រោងចក្រ​ក្នុង​ខេត្ត​ចូហូ ប្រទេស​ម៉ាឡេស៊ី លោកស្រី សាវី សាឡាស់ សម្ដែង​ក្តី​រីករាយ​ដែល​រដ្ឋាភិបាល ប្រកាស​អនុញ្ញាត​ឱ្យ​ពលករ​ខ្មែរ​អាច​ត្រឡប់​ទៅ​កម្ពុជា​វិញ ប៉ុន្តែ​លោកស្រី មិន​ទាន់​បាន​ទទួល​ដំណឹង​ពី​ខាង​ស្ថាន​ទួត​កម្ពុជា ថា ពួកគាត់ ត្រូវ​ទៅ​ពិនិត្យ​សុខភាព​ថ្ងៃ​ណា និង​ត្រូវ​ជិះ​យន្តហោះ​ទៅ​កម្ពុជា​ថ្ងៃ​ណា​នោះ​ទេ។

ពលករ​រូប​​នេះ ស្នើសុំ​ឱ្យ​រដ្ឋាភិបាល ជួយ​សម្របសម្រួល​បញ្ជូន​ពួកគាត់​ត្រឡប់​ទៅ​កម្ពុជា​វិញ​ឱ្យ​បាន​ឆាប់ ព្រោះ​ថា ពលករ​ភាគច្រើន មិន​អាច​បន្ត​រស់នៅ​ប្រទេស​ម៉ាឡេស៊ី​ក្នុង​ស្ថានភាព​អត់​ការងារ​ធ្វើ​បាន​ទៀត​ឡើយ​។ លោកស្រី សាវី សាឡាស់ បន្ត​ថា ប្រសិនបើ​រដ្ឋាភិបាល អាច​ជួយ​ចេញថ្លៃ​សំបុត្រ​យន្តហោះ គឺ​កាន់តែ​ល្អ ព្រោះ​ថា លោកស្រី​និង​ពលករ​ដទៃ​ទៀត គ្មាន​លទ្ធភាព​ទិញ​សំបុត្រ យន្តហោះ​ខ្លួនឯង​នោះ​ទេ ដោយសារ​បាន​ចំណាយ​លុយ​សម្រាប់​ធ្វើ​ដំណើរ និង​ទិញ​សំបុត្រ​យន្តហោះ​ទៅ​ស្រុក​ខ្មែរ កាល​ពី​លើក​មុន​អស់​ពី​ខ្លួន​រួច​ទៅ​ហើយ ប៉ុន្តែ​ត្រូវ​បាន​រដ្ឋាភិបាល​ហាមឃាត់​មិន​ឱ្យ​ចូល​ស្រុក​ខ្មែរ​វិញ​។ ម្យ៉ាង​វិញ លោកស្រី​អះអាង​ថា ថៅកែ​ម៉ាឡេស៊ី​ភាគច្រើន ក៏​មិន​ទទួលខុស ត្រូវ​លើ​រឿង​ថ្លៃ​សំបុត្រ​យន្តហោះ​នេះ​ដែរ៖ «ពេល​អត់​មាន​ធ្វើការ អត់​មាន​លុយ​ចំណូល​ដែរ។ ចំពោះ​គេ​ផ្សេង​អត់​ដឹង​ទេ តែ​ចំពោះ​ខ្ញុំ​មានតែ​ឱ្យ​ផ្ទះ​នៅ​ស្រុក​ខ្មែរ​ផ្ញើ​លុយ​មក ដើម្បី​ទិញ​សំបុត្រ​យន្តហោះ​ខ្លួនឯង​។ អត់​ការងារ​ធ្វើ ហើយ​យើង​នៅទីនេះ​យូរ​ទៅ​កាន់តែ​លំបាក​ហើយ​មាន​អ្នកខ្លះ​លំបាក​ជាង​ខ្ញុំ​ទៀត»។

ចំណែក​និស្សិត​ខ្មែរ​រៀន​នៅ​ប្រទេស​ម៉ាឡេស៊ី​ម្នាក់ គឺ​លោក ស្លេះ សាព្រី មាន​ប្រសាសន៍​ថា លោក​ក៏​មិនទាន់​ឃើញ​ខាង​ស្ថានទូត ចាត់វិធានការ​ជាក់លាក់​បែប​ណា​នៅឡើយ​ដែរ ដើម្បី​ជួយ​សម្របសម្រួល​ឱ្យ​ពលរដ្ឋ​ខ្មែរ​ដែល​មាន​បំណង​ចាក​ចេញពី​ម៉ាឡេស៊ី​ទៅ​កម្ពុជា​វិញ៖ «យោបល់​របស់ខ្ញុំ​គួរតែ​ធ្វើ​ដូច​ប្រទេស​គេ គឺ​ប្រទេស​គេ​យក​បញ្ជូន​កប៉ាល់​ហោះ​មក​យក​ប្រជាជន​គេ​អ៊ីចឹង​ហា ព្រោះ​អី​ព្រោះថា បងប្អូន​យើង​ដែល​ទៅ​ថ្ងៃមុន​នោះ គឺ សំបុត្រ​យន្តហោះ​គាត់​ចោល​ហើយ​មិន​អាច​ប្រើប្រាស់​បាន​ទៀត​ទេ។ មួយទៀត រឿង​ទៅ​ពិនិត្យ​ទៅ​អី​នោះ ខាង​ស្ថានទូត ចាត់ចែង​ទៅ ធ្វើ​ម៉េច​អី​ម៉េច​ទាក់ទង​ប្រជាជន​ទៅ ហើយ​បើ​ឱ្យ​គាត់​ទាក់ទង​ខ្លួនឯង​មិន​ដឹង​ថា រត់ការ​ទៅ​ខាង​ណា​មក​ខាង​ណា​អី​ទេ គឺ​ពិបាក​ណាស់»។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​តាម​ហ្វេ​ស​ប៊ុ​ក​កាលពី​ថ្ងៃ​ទី​២៧ ខែ​មេសា អនុញ្ញាត​ឱ្យ​ពលករ​ជាង​ពីរ​រយ​នាក់​( ២០០​នាក់​) ដែល​ក្នុង​នោះ​ក៏​មាន​អ្នកទោស​ចំនួន ៧៣​នាក់​ផង​ដែរ អាច​វិល​ត្រឡប់​មក​កាន់​មាតុប្រទេស​វិញ​បាន​ហើយ​។ ទោះជា​យ៉ាងណា លោក​ស្នើ​សុំ​ឱ្យ​ប្រជាពលរដ្ឋ​នៅ ម៉ាឡេស៊ី​ទាំងនោះ ទុក​ពេល​វេលា​ឱ្យ​ខាង​អាជ្ញាធរ​ម៉ាឡេស៊ី ធ្វើតេស្ត​សុខភាព​រក​ជំងឺ​កូវីដ-១៩ ជាមុន សិន ហើយ​ក្នុង​ករណី​គ្មាន​ជំងឺ​កូវីដ-១៩ គឺ​ពួកគេ អាច​វិល​ត្រឡប់​មក​កម្ពុជា​ក្នុង​ពេល​ឆាប់ៗ​នេះ ប៉ុន្តែ បើ​មាន​ជំងឺ​កូវីដ គឺ​ត្រូវ​នៅ​សម្រាក​ព្យាបាល​នៅ​ទីនោះ​រហូត​ជាសះស្បើយ​។ លោក ហ៊ុន សែន បញ្ជាក់​ថា ចំពោះ​អ្នកណា​ដែល​នឹង​មកដល់​កម្ពុជា​វិញ គឺ​ត្រូវ​ធ្វើ​ចត្តាឡីស័ក ឬ​នៅ​ដាច់ដោយឡែក នៅ​កន្លែង​ដែល​រដ្ឋ​រៀបចំ​ចំនួន​១៤​ថ្ងៃ និង​នៅ​តាម​ផ្ទះ​រៀងៗ​ខ្លួន​១៤​ថ្ងៃ ដូច្នេះ​សរុប​២៨​ថ្ងៃ ដើម្បី​តាម ដាន​សុខភាព​បន្ត​ទៀត។

អ្នកនាំពាក្យ​ក្រសួង​ការបរទេស លោក កុយ គួង ប្រាប់​អាស៊ីសេរី​ថា ខាង​តំណាង​ស្ថានទូត​កម្ពុជា បាន​ទាក់ទង​ទៅ​ខាង​អាជ្ញាធរ​ម៉ាឡេស៊ី​រួចហើយ ដើម្បី​ឱ្យ​ជួយ​ពិនិត្យ​សុខភាព​ជូន​ពលករ​ខ្មែរ​ដោយ មិន​គិត​ថ្លៃ ។ លោក​បញ្ជាក់​ថា ចំពោះ​ថ្លៃ​សំបុត្រ​យន្តហោះ​នោះ គឺ​រដ្ឋាភិបាល​មិន​ទទួលខុសត្រូវ ឡើយ ព្រោះ​លោក​មិន​ជឿ​ថា ក្រុម​និស្សិត និង​ពលករ​ខ្មែរ គ្មាន​លទ្ធភាព​ទិញ​សំបុត្រ​យន្ត​ដោយ​ខ្លួនឯង​នោះ​ទេ៖ «ទី​២ រឿង​សោហ៊ុយ​ធ្វើដំណើរ​នេះ​ភាគច្រើន​ខាង​ថៅកែ​និង​ពលករ​ខ្លួនឯង គាត់​អាច​ដោះស្រាយ​បាន។ ឧទាហរណ៍​ថា ពលករ​ខាង​នេសាទ​អ៊ីចឹង ខាង​ថៅកែ​ខាង​ម្ចាស់ ទូក​នេសាទ គឺ​ខ្ញុំ​ទទួល​បាន​ព័ត៌មាន​ពី​ខាង​ស្ថានទូត​ថា គាត់​អាច​ដោះស្រាយ​សោហ៊ុយសោដា​ជូន​គាត់​បាន​ក្នុង​ការ​ធ្វើដំណើរ​មក​ប្រទេស​យើង​វិញ»។

អ្នកគ្រប់គ្រង​កម្មវិធី​ការងារ​នៃ​មជ្ឈមណ្ឌល​សម្ពន្ធភាព​ការងារ​និង​សិទ្ធិមនុស្ស​ហៅ​កាត់​ថា សង់ ត្រា​ល់ (CENTRAL) លោក ឃុន ថារ៉ូ មាន​ប្រសាសន៍​ថា ក្នុង​ពេល​វេលា​ដ៏​លំបាក​នេះ រដ្ឋាភិបាល ត្រូវ​មាន​កាតព្វកិច្ច​គាំពារ និង​ជួយ​សម្របសម្រួល​ដូចជា​ផ្តល់​នូវ​ថវិកា និង​ម្ហូបអាហារ ដើម្បី​ធ្វើ​យ៉ាងណា​ធានា​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ នៅ​ក្រៅ​ប្រទេស​បាន​វិល​ត្រឡប់​មក​កម្ពុជា​ដោយ​សុវត្ថិភាព​។ លោក សង្កេតឃើញថា កន្លងមក រដ្ឋាភិបាល ទទួលបាន​ជំនួយ​ជា​កញ្ចប់​ថវិកា​ពី​សប្បុរសជន​និង​បណ្ដា​ប្រទេស​ធំៗ​លើ​ពិភពលោក ជាច្រើន ដើម្បី​ដោះស្រាយ​ជំងឺ​កូ​វីដ​-១៩ ដូច្នេះ​រដ្ឋាភិបាល គួរតែ​បញ្ចេញ​កញ្ចប់​ថវិកា​ទាំងនោះ ដើម្បី​ជួយ​ដល់​ពលរដ្ឋ​ដែល​ងាយ​រងគ្រោះ​ឱ្យ​មាន​តម្លាភាព និង​ប្រសិទ្ធភាព៖ «ក្រសួង​សុខាភិបាល ក៏បាន​ប្រកាស​ដែរ​ថា រដ្ឋាភិបាល ត្រៀម​កញ្ចប់​ថវិកា​ចំនួន​៣០​លាន​ដុល្លារ សម្រាប់​ត្រៀម​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូ​វីដ ដូច្នេះ​ទឹក ប្រាក់​នេះ​ច្រើន​ណាស់ តើ​យើង​យក​ទៅ​ណា គួរតែ​យក​ទៅ​ជួយ​ប្រជាពលរដ្ឋ​ដែល​កំពុង​មាន​បញ្ហា​ប្រឈម​ទាំង​ផ្នែក​សេដ្ឋកិច្ច ហើយ​អ្នក​ដែល​អាទិភាព​គឺ​ពលករ​ដែល​ជាប់​គាំង​នៅ​ម៉ាឡេស៊ី និង​នៅ​ថៃ​ជាដើម ។​រដ្ឋ​ត្រូវតែ​ប្រើប្រាស់​ថវិកា​ទាំងអស់​នេះ​ដោយ​តម្លាភាព ប្រសិទ្ធភាព​ហើយ​​នឹង​សេចក្តី​ត្រូវការ​ដែល​ចាំបាច់​ហើយ​យើង​មើល​ឃើញ​ថា វា​ជា​តម្រូវ​ការ​មិន​អាច​ខ្វះ​ខាត់​បាន»។

តួលេខ​ផ្លូវការ​របស់​ក្រសួង​ការងារ​បង្ហាញ​ថា ពលករ​ខ្មែរ​ដែល​កំពុង​ធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ី​មាន​ជាង ៣ ម៉ឺន​នាក់ ក្នុង​ឆ្នាំ​២០១៩ ប៉ុន្តែ​តាម​ការ​ប៉ាន់ស្មាន​ក្រៅផ្លូវការ​របស់​អង្គការ សង់​ត្រាល់ (CENTRAL) ចំនួន​ពលករ​ខ្មែរ ដែល​កំពុង​ធ្វើការ​នៅ​ប្រទេស​ម៉ាឡេស៊ី មាន​មិន​ក្រោម​១០​ម៉ឺន នាក់​នោះ​ទេ ដោយ​រាប់ទាំង​ពលករ​ស្របច្បាប់ និង​មិន​ស្របច្បាប់​។ ពួកគេ​ភាគច្រើន​ធ្វើការ​ងារ​តាម រោងចក្រ ធ្វើការ​ងារ​តាម​ផ្ទះ និង​ខ្លះ​ទៀត​ធ្វើការ​នៅ​លើ​ទូក​នេសាទ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។