ប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោម ប្ដេជ្ញាទាមទារសិទ្ធិស្វ័យវាសនាដោយខ្លួនជូនដល់ខ្មែរក្រោម
2022.05.17

លោក ប្រាក់ សេរីវុឌ្ឍ ស្ម័គ្រចិត្តចូលបម្រើការងារក្នុងសហព័ន្ធខ្មែរកម្ពុជាក្រោមចាប់តាំងពីឆ្នាំ១៩៩៦មក។ កាលពីថ្ងៃទី៨ ខែឧសភា កន្លងទៅ លោក ប្រាក់ សេរីវុឌ្ឍ ត្រូវបានគណៈកម្មការនាយកសហព័ន្ធ បោះឆ្នោតជ្រើសរើសធ្វើនាយកប្រតិបត្តិសម្រាប់ ៤ឆ្នាំបន្តទៀត។ តើលោក ប្រាក់ សេរីវុឌ្ឍ មានប្រវត្តិ និងទស្សនៈវិស័យអ្វីខ្លះសម្រាប់ដឹកនាំសហព័ន្ធក្នុងរយៈពេល ៤ឆ្នាំបន្តទៅទៀតនេះ?
លោក ប្រាក់ សេរីវុឌ្ឍ នឹងបន្តយុទ្ធនាការនៅលើឆាកអន្តរជាតិដើម្បីស្វែងរកសិទ្ធិស្វ័យសម្រេចដោយខ្លួនឯងនៅថ្ងៃអនាគតជូនដល់ពលរដ្ឋខ្មែរក្រោមដែលរស់នៅលើដែនដីកំណើត៖ «យើងធ្វើការបង្ហាត់ណែនាំជាពិសេសបងប្អូនខ្មែរកម្ពុជាក្រោមពីសិទ្ធិរបស់យើងជាជនជាតិដើមដែលអង្គការសហប្រជាជាតិបានប្រកាសទទួលស្គាល់ ហើយនឹងបន្តទាមទារឲ្យរដ្ឋាភិបាលវៀតណាមទទួលស្គាល់ថា បងប្អូនខ្មែរក្រោមជាជនជាតិដើម»។

ក្រៅពីការទាមទារសិទ្ធិស្វ័យសម្រេចដោយខ្លួនឯង លោកក៏នឹងពង្រឹងនិងពង្រីកទំនាក់ទំនង និងបណ្ដាញពលរដ្ឋខ្មែរក្រោមនៅកម្ពុជាក្រោម និងនៅតាមប្រទេសនានា នៅជុំវិញពិភពលោក ដើម្បីប្រមូលធនធានមនុស្សនិងថវិកា។ សហព័ន្ធនឹងបន្តធ្វើការងារ នឹងប្រទេសម្ចាស់ជំនួយ ដែលមានឥទ្ធិពលលើវៀតណាម និងអង្គការសហប្រជាជាតិ ដើម្បីដាក់សម្ពាធលើរដ្ឋាភិបាលកុម្មុយនីស្តវៀតណាម កុំឲ្យរំលោភសិទ្ធិសេរីភាពជនជាតិដើម។
លោក ប្រាក់ សេរីវុឌ្ឍ ដែលមានវ័យ ៦២ឆ្នាំបានចូលបំរើការងារនៅសហព័ន្ធខ្មែរកម្ពុជាក្រោម ចាប់តាំងពីឆ្នាំ១៩៩៦ ដោយគ្មានប្រាក់កម្រៃ ដោយសារតែការឈឺចាប់ពីការរំលោភសិទ្ធិ សាសនា និងវប្បធម៌ ខ្មែរកម្ពុជាក្រោមពីសំណាក់រដ្ឋាភិបាលកុម្មុយនិស្តវៀតណាម។ លោក ប្រាក់ សេរីវុឌ្ឍ ប្រសូតកាលពីឆ្នាំ១៩៦០។ ឪពុកម្ដាយរបស់លោកជាខ្មែរកម្ពុជាក្រោម ប៉ុន្តែលោកកើតនៅភ្នំពេញ។ លោក រួចផុតពីការកាប់សម្លាប់ក្នុងរបបខ្មែរក្រហម ហើយរត់មករស់នៅជំរំជនភៀសខ្លួន ខៅអ៊ីដាង (Khao-I-Dang) ក្នុងទឹកដីថៃ ហើយបន្តដំណើរមករស់នៅអាមេរិក កាលពីឆ្នាំ១៩៨០។

មកដល់អាមេរិក លោក ប្រាក់ សេរីវុឌ្ឍ បានបន្តការសិក្សារហូតដល់បានបរិញ្ញាបត្រផ្នែកវិទ្យាសាស្ត្រនយោបាយ ពីសកលវិទ្យាល័យ (California State University)។ លោកធ្លាប់បំរើ ការងារជាជំនួយការ អតីតតំណាងរាស្ត្រអាមេរិក នៅរដ្ឋ (California) ជាមន្ត្រីជួយដល់ពលរដ្ឋខ្មែរអាមេរិក ដែលជួបប្រទះបញ្ហា អន្តោប្រវេសន៍។ លោកបានជួយពលរដ្ឋខ្មែរ ដែលធ្លាប់ប្រព្រឹត្តកំហុស ឲ្យពួកគេកែប្រែខ្លួនក្លាយជាមនុស្សល្អ ចេញពីពន្ធនាគារ មនុស្សមានវិបត្តិផ្លូវចិត្ត និងសុំជំនួយផ្តល់ជូនជនពិការ និងមនុស្សចាស់ជរាជាដើម។
លោក ប្រាក់ សេរីវុឌ្ឍ លើកឡើង ក្នុងអាណត្តិ ៤ឆ្នាំកន្លងទៅចាប់ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២២ លោកសម្រេចកិច្ចការងារជាច្រើនដើម្បីលើកកំពស់សិទ្ធិជនជាតិដើមនៅកម្ពុជាក្រោម ទើបលោកទទួលបានការបោះឆ្នោតទុកចិត្តបំរើការងារបួនឆ្នាំទៀត៖ «ក្នុងរយៈពេល ៤ឆ្នាំនេះ វៀតណាមកាន់តែគាបសង្កត់បងប្អូនខ្មែរក្រោម កាន់តែច្រើនឡើងប៉ុន្តែការតស៊ូមតិទៅអន្តរជាតិ ទាមទារគេឲ្យមានសំពាធទៅលើរដ្ឋាភិបាលវៀតណាមក៏មានសន្ទុះខ្លាំងដែរ។ ដូច្នោះហើយវៀតណាមមិនហ៊ានដាក់ទោស ដូចកាលសម័យយើងមានសហព័ន្ធនោះទេ។ នេះដោយសារតែ សំពាធរបស់ម្ចាស់ជំនួយផ្តល់ទៅវៀតណាម ទាំងរដ្ឋាភិបាលអូស្ត្រាលី សហគមន៍អឺរ៉ុប និងសហរដ្ឋអាមេរិក កន្លែងនេះហើយជាទម្ងន់យ៉ាងខ្លាំង មិនឲ្យវៀតណាមធ្វើអ្វីស្រេចតែចិត្ត»។
មន្រ្តីសហព័ន្ធខ្មែរក្រោមដែលធ្វើការជាមួយលោក ប្រាក់ សេរីវុឌ្ឍ ជាច្រើននាក់ បានកោតសរសើរ ការលះបង់របស់លោកដើម្បីបុព្វហេតុខ្មែរក្រោម។ ព្រះភិក្ខុ សឺង យ៉ឹងរតនា ប្រធាននាយកដ្ឋានព័ត៌មាន សហព័ន្ធខ្មែរកម្ពុជាក្រោមមានថេរដីកាថា លោក ប្រាក់ សេរីវុឌ្ឍ បានបូជារយៈជាច្រើនឆ្នាំក្នុងឆាកជីវិតរបស់លោក ដើម្បីបំរើផលប្រយោជន៍ និងការពារខ្មែរក្រោម៖ «គណៈកម្មការនាយករបស់សហព័ន្ធខ្មែរកម្ពុជាក្រោម បានបោះឆ្នោតជ្រើសរើសលោក ប្រាក់ សេរីវុឌ្ឍ ជាប្រធានប្រតិបត្តិសម្រាប់អាណត្តិទីពីនេះ គឺទី១លោកមានសមត្ថភាព និងឯកទេសខាងផ្នែកនយោបាយ និងការលះបង់ស្ម័គ្រចិត្តបំរើស្ទើរអស់មួយជីវិតដើម្បីបុព្ធហេតុសិទ្ធិសម្រេចវាសនាដោយខ្លួនឯង»។

សហព័ន្ធខ្មែរកម្ពុជាក្រោម មានមូលដ្ឋាននៅសហរដ្ឋអាមេរិក ជាអង្គការធ្វើចលនាតស៊ូមតិដោយអហិង្សាលើឆាកអន្តរជាតិ ដើម្បីតស៊ូទាមទារឱ្យរដ្ឋាភិបាលវៀតណាម គោរពសិទ្ធិមនុស្ស សិទ្ធិរស់នៅដោយសុវត្ថិភាព សិទ្ធិរក្សាសាសនា វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី និងសិទ្ធិសម្រេចវាសនាខ្លួន ដោយខ្លួនឯង របស់ខ្មែរក្រោម ដែលជាជនជាតិដើមនៅលើដែនដីកម្ពុជាក្រោម។ សហព័ន្ធខ្មែរកម្ពុជាក្រោម ត្រូវបានមហាសន្និបាតលើកទី៥ នៃខ្មែរកម្ពុជាក្រោម ពិភពលោកបង្កើតឡើងកាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ១៩៩៦។
លោក ប្រាក់ សេរីវុឌ្ឍ ប្តេជ្ញាចិត្តថា ទោះបីជាលក្ខន្តិកៈសហព័ន្ធអនុញ្ញាតឲ្យលោកធ្វើជានាយកប្រតិបត្តិរយៈ ៨ឆ្នាំក៏ដោយ ប៉ុន្តែក្រោយលោកបញ្ចប់អាណត្តិលោក នៅតែបន្តជួយកិច្ចការងារសហព័ន្ធដដែល៖ «សុំបន្តធ្វើជាទីប្រឹក្សារបស់សហព័ន្ធខ្មែរកម្ពុជាក្រោមទៅតាមលទ្ធភាព ប៉ុន្តែអ្នកខ្លះគាត់ចង់សំរាក អត់ឃាត់ទេ ប៉ុន្តែបើបានយើងត្រូវការពិសោធន៍ដែលធ្លាប់មានហ្នឹងជួយដើម្បីឲ្យអ្នកក្រោយ ជាពិសេសយុវជនយើង ជាទំពាំងស្នងឫស្សីបានរៀនសូត្រពីយើង»។

អាណានិគមនិយមបារាំង បានកាត់ទឹកដីខ្មែរកម្ពុជាក្រោម ឱ្យស្ថិតក្រោមអាណានិគមវៀតណាមគ្រប់គ្រងបន្តទាំងខុសច្បាប់ កាលថ្ងៃទី៤ មិថុនា ឆ្នាំ១៩៤៩។ មន្ត្រីនៃអង្គការខ្មែរកម្ពុជាក្រោមលើកឡើងថា ចាប់ពីពេលនោះមក អាជ្ញាធរអាណានិគមវៀតណាម បានប្រើគ្រប់មធ្យោបាយដើម្បីរំលាយពូជសាសន៍ និងព្រះពុទ្ធសាសនាខ្មែរ។ មូលហេតុនេះហើយទើបជំរុញឲ្យខ្មែរកម្ពុជាក្រោម ចាប់ផ្ដើមតស៊ូពលីជីវិត ដើម្បីការពារអត្តសញ្ញាណជាតិ សិល្បៈ វប្បធម៌ អក្សរសាស្ត្រ ព្រះពុទ្ធសាសនា ទំនៀមទម្លាប់ ប្រពៃណីជាតិជាដើម។ ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ ជាខួប ៧៣ឆ្នាំ នៃការបាត់បង់ទឹកដីខ្មែរកម្ពុជាក្រោម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។