មហាសន្និបាត​លើក​ទី​១១​របស់​សហព័ន្ធ​ខ្មែរ​​ក្រោម​បោះឆ្នោត​រើស​សមាជិក​គណៈកម្មការ និង​នាយក​ប្រតិបត្តិ​ថ្មី​

0:00 / 0:00

សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​បាន​បញ្ចប់​ថ្ងៃទី​ពីរ នៃ​មហាសន្និបាត​លើក​ទី​១១ ដែល​មាន​រយៈពេល​បី​ថ្ងៃ ចាប់ពី​ថ្ងៃទី​៦ ដល់​ថ្ងៃទី​៨ ខែឧសភា​។ តំណាង​ពលរដ្ឋ​ខ្មែរក្រោម និង​អង្គការ​ប្រទេស​និង​ពលរដ្ឋ​គ្មាន​តំណាង (UNPO) និង​វាគ្មិន​ប្រមាណ ១០០​នាក់ បាន​ជជែក​អំពើ​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ក្រោម និង​យុទ្ធសាស្ត្រ​ដើម្បី​ស្វែងរក​សិទ្ធិ​ស្វ័យ​សម្រេច​ដោយ​ខ្លួន​ទៅ​ថ្ងៃ​អនាគត​។ មហាសន្និបាត​លើក​ទី​១១​នេះ ក៏បាន​បោះឆ្នោត​ជ្រើសរើស​សមាជិក​គណៈកម្មការ និង​នាយក​ប្រតិបត្តិ​សហព័ន្ធ​ថ្មី​ដែរ។

Kkf 11th world convention-05.jpg
(រាប់ពីឆ្វេងទី៣បន្ទាប់ពីព្រះសង្ឃ) លោក ប្រាក់ សេរីវុឌ្ឍ ប្រធានសហព័ន្ធខ្មែរ​កម្ពុជាក្រោម ដែល​ទើបជាប់ឆ្នោតសម្រាប់​រយៈពេល៤ឆ្នាំ​ទៀត។ (រូប៖ RFA)

ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដែល​ទើប​ជាប់ឆ្នោត​សម្រាប់​រយៈពេល​៤​ឆ្នាំ​ទៀត គឺ​លោក ប្រាក់ សេរីវុឌ្ឍ សំណូមពរ​ឲ្យ​ខ្មែរ​ទាំងអស់​រួមគ្នា​តស៊ូ​ដើម្បី​បុព្វហេតុ​ខ្មែរ​កម្ពុជា​ក្រោម។

លោក ប្រាក់ សេរីវុឌ្ឍ ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា សហព័ន្ធ​នឹង​បង្កើត​យុទ្ធសាស្ត្រ​ថ្មី សម្រាប់​ពង្រឹង​សមត្ថភាព និង​ការងារ​របស់​សហព័ន្ធ​ខ្មែរក្រោម។ លោក ប្រាក់ សេរីវុឌ្ឍ បន្ត​ថា សហព័ន្ធ​ក៏​នឹង​ធ្វើ​សកម្មភាព​ការ​ទូត​នឹង​ប្រទេស​ដែល​សម្រេច​ជោគជ័យ​ក្នុង​ការ​ទាមទារ​សិទ្ធិ​ស្វ័យ​សម្រេច ដោយ​ខ្លួន​ឯង ដើម្បី​យក​បទពិសោធន៍​ពី​ប្រទេស​ទាំងនោះ ក្នុង​ទាមទារ​សិទ្ធិ​ស្វ័យ​សម្រេច​ដោយ​ខ្លួនឯង​សម្រាប់​ពលរដ្ឋ​ខ្មែរក្រោម៖ «ការ​យល់ដឹង​របស់​បង​ប្អូន​កម្ពុជា​ក្រោម​យើង​កាន់តែ​ច្រើនឡើង ហ៊ាន​ងើបឡើង​តស៊ូ​ដោយ​សន្តិវិធី​ហ្នឹង​ជា​រឿង​ទីមួយ និង​រឿង​ទី​ពីរ​ជា​ស្ថាន​ការ​អន្តរជាតិ​វា​មាន​ឥទ្ធិពល បាន​ផលប្រយោជន៍​ដល់​យើង​ដែរ ទាក់ទង​តំបន់​ភូមិភាគ​យើង​ហ្នឹង»។

Kkf 11th world convention-01.jpg
សហព័ន្ធខ្មែរ​កម្ពុជា​ក្រោមបានបញ្ចប់ថ្ងៃទីពីរ នៃមហាសន្និបាតលើកទី១១ ដែលមាន​រយៈពេលបីថ្ងៃ ចាប់​ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២២ នៅក្នុងទីក្រុង ហ្វីឡាដែលហ្វៀ​ (Philadelphia) រដ្ឋ (Pennsylvania)​ នៃសហរដ្ឋអាមេរិក។ (រូប៖ RFA)

លោក ប្រាក់ សេរីវុឌ្ឍ អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរក្រោម​ទូទាំង​ពិភពលោក ចូលរួម​ចលនា​របស់​សហព័ន្ធ​ដើម្បី​សម្រេច​យុទ្ធសាស្ត្រ​សហព័ន្ធ​ទៅ​ថ្ងៃ​អនាគត៖ «ខ្ញុំ​សូម​អំពាវនាវ​ឲ្យ​បងប្អូន​នៅ​ព្រះរាជាណាចក្រ​កម្ពុជា បងប្អូន​ភៀសខ្លួន​នៅ​ខាងក្រៅ​ក្តី សូម​មេត្តា​ជួយ​គាំទ្រ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ផង​។ វា​ជា​អង្គការ​ដែល​អន្តរជាតិ​ទទួលស្គាល់ ហើយ​វា​ជា​តំណាង​ឲ្យ​មតិ​ខ្មែរក្រោម​នៅ​លើ​ទឹកដី​សណ្ដ​ទន្លេ​មេគង្គ»។

Kkf 11th world convention.jpg
មហាសន្និបាត​លើក​ទី​១១ នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ចាប់ពី​ថ្ងៃទី​៦ ដល់​ថ្ងៃទី​៨ ខែ​ឧសភា ឆ្នាំ​២០២២ នៅ​ទីក្រុង​ហ្វីឡាដែលហ្វៀ (Philadelphia) សហរដ្ឋអាមេរិក​។ (រូប៖ RFA)

សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក ជា​អង្គការ​ធ្វើ​ចលនា​តស៊ូ​មតិ​ដោយ​អហិង្សា​លើ​ឆាក​អន្តរជាតិ ដើម្បី​តស៊ូ​ទាមទារ​ឱ្យ​រដ្ឋាភិបាល​វៀតណាម គោរព​សិទ្ធិមនុស្ស សិទ្ធិ​រស់នៅ​ដោយ​សុវត្ថិភាព សិទ្ធិ​រក្សា​សាសនា វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី និង​សិទ្ធិ​សម្រេច​វាសនា​ខ្លួន ដោយ​ខ្លួនឯង របស់​ខ្មែរ​ក្រោម ដែល​ជា​ជនជាតិ​ដើម​នៅ​លើ​ដែនដី​កម្ពុជា​ក្រោម​។ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ត្រូវ​បាន​មហាសន្និបាត​លើក​ទី​៥ នៃ​ខ្មែរ​កម្ពុជា​ក្រោម​ពិភពលោក បង្កើត​ឡើង​កាលពី​ថ្ងៃទី​៤ ខែសីហា ឆ្នាំ​១៩៩៦៕

Kkf 11th world convention-02.jpg
មហាសន្និបាត​លើក​ទី​១១ នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ចាប់ពី​ថ្ងៃទី​៦ ដល់​ថ្ងៃទី​៨ ខែ​ឧសភា ឆ្នាំ​២០២២ នៅ​ទីក្រុង​ហ្វីឡាដែលហ្វៀ (Philadelphia) សហរដ្ឋអាមេរិក​។ (រូប៖ RFA)

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។