អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិអ្នកស្រី រ៉ូណា ស្មីត (RhonaSmith) បានទទួលយកសំណើពលរដ្ឋមានទំនាស់ដីធ្លីជាមួយក្រុមហ៊ុនចិន យូញៀន ឌីវេឡុបមិន គ្រុប (Union Development Group Co.,Ltd) ហើយសន្យាថា នឹងជួយជំរុញទៅរដ្ឋមន្ត្រីក្រសួងដែនដីនៅថ្ងៃទី៧ ខែឧសភាដើម្បីស្វែងរកដំណោះស្រាយឆាប់ៗ ជូនពលរដ្ឋ។ ការសន្យានេះ បន្ទាប់ពីពលរដ្ឋមកពីស្រុកគិរីសាគរ ២៦នាក់នាំគ្នាតវ៉ាសុំកិច្ចអន្តរាគមន៍ពីអ្នកស្រីនៅរសៀលថ្ងៃទី៦ ខែឧសភា។
អ្នកមានទំនាស់ដីធ្លីរាំរ៉ៃជាមួយក្រុមហ៊ុនចិនឈ្មោះ យូញៀន ឌីវេឡុបមិន គ្រុប (Union Development Group Co.,Ltd) នៅស្រុកគីរីសាគរខេត្តកោះកុង នាំគ្នាតវ៉ានៅមុខការិយាល័យអង្គការសហប្រជាជាតិ ក្នុងរាជធានីភ្នំពេញនៅរសៀលថ្ងៃទី៦ ខែឧសភាដើម្បីស្នើសុំឱ្យអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) ដែលកំពុងបំពេញទស្សនកិច្ចនៅកម្ពុជាជួយជំរុញទៅរបបក្រុងភ្នំពេញឱ្យពន្លឿនដំណោះស្រាយដីធ្លីជូនពួកគាត់ឱ្យបានឆាប់ៗ។
តំណាងពលរដ្ឋ ២៦គ្រួសារ គឺលោកស្រី សាំង ពុយ រៀបរាប់ថា នៅពេលពលរដ្ឋនាំគ្នាតវ៉ានោះ គឺអ្នកស្រី រ៉ូណា ស្មីត បានចេញមកជួបពួកគាត់ និងទទួលយកសំណើរបស់ពលរដ្ឋ។អ្នកស្រី រ៉ូណា ស្មីត សន្យាថា នឹងយកករណីដីធ្លីនេះសួរនាំរដ្ឋមន្ត្រីក្រសួងដែនដីលោក ជា សុផារ៉ា៖ «ពួកខ្ញុំបានជួបអ្នកស្រី រ៉ូណា ស្មីត ហើយគាត់បានដឹងពីកង្វល់របស់យើង។ គាត់ថា ស្អែកនេះនឹងជួបជាមួយក្រសួងដែនដីឯកឧត្ដម ជា សុផារ៉ា ហើយគាត់នឹងយករឿងនេះទៅនិយាយ។ ពួកខ្ញុំមិនចង់ចាកចេញពីកន្លែងសព្វថ្ងៃនេះទេតែគេថា តំបន់នេះមិនអាចកាត់ឆ្វៀលបានទេ ដូច្នេះយើងសុំឱ្យរដ្ឋាភិបាលជួយដោះស្រាយផ្ដល់សំណងដែលសមស្របមិនមែន បង្ខំ ឬផ្ដល់សំណងជាកញ្ចប់នោះទេ»។
តំណាងពលរដ្ឋរូបនេះបញ្ជាក់ថា ពួកគាត់កាន់តែមានជីវភាពលំបាកខ្លាំងដោយសារតែគ្មានដំណោះតាមការសន្យារបស់ក្រសួងដែនដី។ ពលរដ្ឋអះអាងថា បានរស់នៅក្នុងភូមិឃុំជាទីកំណើតរបស់ខ្លួនជាង ៣០ឆ្នាំមកហើយ និងសុទ្ធតែមានប្លង់កម្មសិទ្ធិកាន់កាប់ដីធ្លីត្រឹមត្រូវ ប៉ុន្តែអាជ្ញាធរនៅតែចោទប្រកាន់ពលរដ្ឋថា រស់នៅខុសច្បាប់លើដីឧទ្យានជាតិបទុមសាគរទៅវិញក្រោយពីក្រុមហ៊ុនចិន យូញៀន បានជួលដីទំហំផ្ទៃដីចំនួន ៣ម៉ឺន ៦ពាន់ហិកតារពីរាជរដ្ឋាភិបាលនៅក្នុងឆ្នាំ២០០៨ ក្នុងភូមិសាស្ត្រឃុំចំនួន៥ នៃស្រុកពីរ គឺបុទុមសាគរ និងគិរីសាគរ ខេត្តកោះកុង ដើម្បីធ្វើជាតំបន់ទេសចរណ៍ និងពាណិជ្ជកម្ម។ គម្រោងនេះមានការសាងសង់ព្រះលានយន្តហោះ និងទីលានវាយកូនគោលដែលនឹងចំណាយប្រមាណប្រាំពាន់លានដុល្លារ។
សមាជិកក្រុមការងារដោះស្រាយវិវាទដីធ្លីនៃគណៈកម្មការទី៨ នៃក្រសួងដែនដីលោក អេ ប៊ុនធឿន ប្រាប់អាស៊ីសេរីថា មន្ត្រីជំនាញកំពុងដោះស្រាយករណីវិវាទដីធ្លីជាបន្តបន្ទាប់។ លោកមិនឆ្លើយតបអ្វីនោះទេចំពោះការស្វែងរកកិច្ចអន្តរាគមន៍ពីអ្នកស្រី រ៉ូណា ស្មីត នោះ៖ «ខ្ញុំកំពុងធ្វើការកំណត់ប្រភេទអត្តសញ្ញាណរបស់ពួកគាត់ឱ្យច្បាស់ពិនិត្យឯកសារកាន់កាប់អីរបស់គាត់ឱ្យច្បាស់លាស់សិនទើបអាចឆ្លើយថា ម៉េចបាន។យើងចង់ដោះស្រាយឱ្យគាត់ឆាប់ៗ ដែរ មិនចង់អូសបន្លាយទេ ព្រោះវាខាតពេលពួកគាត់ » ។
លោក អេប៊ុន ធឿន បញ្ជាក់ថាក្រសួងដែនដីទទួលបានបណ្ដឹងពីប្រជាពលរដ្ឋចំនួន ១១៦គ្រួសារដែលសុទ្ធតែមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនចិន យូរញៀន។
រីឯមន្ត្រីសិទ្ធិមនុស្ស លីកាដូ ប្រចាំខេត្តកោះកុងលោក ហួ អ៊ីន លើកឡើងថា ការស្វែងរកកិច្ចអន្តរាគមន៍អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិនេះព្រោះតែពលរដ្ឋមានទំនាស់ដីធ្លីអស់សង្ឃឹមចំពោះអាជ្ញាធរ ដែលគ្មានឆន្ទៈដោះស្រាយបញ្ចប់ទំនាស់ដីធ្លីនោះទេទុកបណ្ដោយឱ្យពលរដ្ឋរងគ្រោះ និងទ្រាំលំបាកគ្រប់បែបយ៉ាងជាង ១០ឆ្នាំមកហើយ។ លោកយល់ថា ពលរដ្ឋគួរតែទទួលបានដំណោះស្រាយតាមរយៈការកាត់ឆ្វៀលដី ដើម្បីអភិវឌ្ឍនៅនឹងកន្លែងតាមការស្នើសុំព្រោះ ពលរដ្ឋសុទ្ធតែមានឯកសារកាន់កាប់ដីស្របច្បាប់៖ «ដីមួយចំនួនគឺមានលិខិតចេញដោយក្រសួងដែនដីទៀត ឬហៅថាប័ណ្ណកម្មសិទ្ធិ ឬប្លង់រឹង។ មួយចំនួនទៀតមានការទទួលស្គាល់ត្រឹមអាជ្ញាធរភូមិនិងឃុំ ហើយគ្រួសារមួយចំនួនតូចទៀត ក៏មានការទិញលក់ដែរ ប៉ុន្តែការទិញលក់នោះមានការទទួលស្គាល់ពីអាជ្ញាធរត្រឹមត្រូវដែរ និងទិញនៅមុនការអភិវឌ្ឍរបស់ក្រុមហ៊ុនទៀត។ ដូច្នេះគួរតែដោះស្រាយជូនពួកគាត់មិនអាចអូសបន្លាយជាង ១០ឆ្នាំនោះទេ។ រដ្ឋាភិបាល ក៏បានចេញសេចក្ដីសម្រេចមួយដែរលេខ៣៣២ ដែលចែងថា រយៈពេល ៣ឆ្នាំ បើក្រុមការងារអន្តរក្រសួងសម្របសម្រួលដោះស្រាយមិនចេញទេ គឺត្រូវកាត់ឆ្វៀលដីជូនប្រជាពលរដ្ឋ»។
លោកស្រី សាំង ពុយ រៀបរាប់ថា ជីវភាពប្រជាពលរដ្ឋកាន់តែស្រុតចុះដុនដាបទៅៗ ពីមួយឆ្នាំទៅមួយឆ្នាំ ព្រោះគ្មានដីបង្កបង្កើនផលគ្មានមុខរបរដូចមុនហើយជំពាក់បំណុលធនាគារកាន់តែច្រើនៗ ឡើង។ លោកស្រី សាំង ពុយ លើកឡើងថា ក្រសួងដែនដី ត្រូវតែជួយពន្លឿនដំណោះស្រាយបញ្ចប់វិវាទដីធ្លីឱ្យពួកគាត់ឆាប់ៗ ប្រសិនបើបើមិនចង់ឃើញពួកគាត់ដើរតវ៉ាបន្តទៀតនោះទេ។
តាមគម្រោងនៅថ្ងៃទី៧ ខែឧសភា អ្នកស្រី រ៉ូណា ស្មីត នឹងជួបជាមួយរដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក ម៉ម ប៊ុនហេង នៅម៉ោង ៨កន្លះព្រឹក បន្ទាប់មកជួបជាមួយរដ្ឋមន្ត្រីក្រសួងផែនការលោក ឆាយ ថន និងអគ្គនាយកនៃវិទ្យាស្ថានជាតិស្ថិតិលោកស្រី ហង់ លីណា នៅម៉ោង ១០កន្លះព្រឹកជួបជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសលោក ប្រាក់ សុខុន នៅម៉ោង ៣រសៀល។ ចំណែកនៅម៉ោង ៤រសៀល គឺអ្នកស្រី រ៉ូណា ស្មីត នឹងជួបជាមួយរដ្ឋមន្ត្រីក្រសួងរៀបចំដែនលោក ជា សុផារ៉ា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។