ភរិយារបស់សកម្មជន កែម ឡីនិយម លោក គង់ រ៉ៃយ៉ា អះអាងថា មន្ត្រីពន្ធនាគារបានភូតកុហកដោយមិនអនុញ្ញាតឲ្យស្វាមីរបស់លោកស្រី ជួបមិត្តភក្តិ និងគ្រួពេទ្យរបស់អង្គការ លីកាដូ ដែលចូលសួរសុខទុក្ខ កាលពីសប្តាហ៍មុននោះទេ។ មន្ត្រីសិទ្ធិមនុស្ស និងមេធាវីការពារក្តីថា ទង្វើមន្ត្រីពន្ធនាគារ គឺជាការរើសអើង និងជាការរំលោភសិទ្ធិរបស់ជនជាប់ឃុំ។
ភរិយាលោកគង់ រ៉ៃយ៉ា គឺលោកស្រី សុខ ស្រីនិច ប្រាប់អាស៊ីសេរីបន្ទាប់ពីចូលសួរសុខទុក្ខស្វាមី នៅព្រឹកថ្ងៃទី៩ ខែកញ្ញាថា លោក គង់ រ៉ៃយា សម្តែងការសោកស្តាយ ដែលមន្ត្រីពន្ធនាគារនិយាយភូតកុហកប្រាប់មិត្តភក្តិរបស់លោក និងគ្រួពេទ្យរបស់អង្គការ លីកាដូ ដែលបានចូលសួរសុខទុក្ខក្នុង ពន្ធនាគារថា លោកមិនចង់ជួបនរណាទាំងអស់ក្រៅពីប្រពន្ធកូនរបស់លោក។
លោកស្រី បន្តថា មន្ត្រីពន្ធនា មិនបានប្រាប់លោក គង់ រ៉ៃយ៉ា ថា មានមិត្តភក្តិ និងគ្រួពេទ្យអង្គការលី កាដូចូលសួរសុខទុក្ខឡើយ។ លោកស្រីរៀបរាប់ទៀតថា លោក គង់ រ៉ៃយ៉ា មានចិត្តត្រេកអរបំផុត ដែលមានមិត្តភក្តិចូលសួរសុខទុក្ខ ហើយថា លោកក៏ជាអ្នកស្នើសុំឲ្យខាងគ្រូពេទ្យអង្គការ លីកាដូ ជួយពិនិត្យឈាម ដូច្នេះគ្មានហេតុផលអ្វីដែលគាត់មិនចង់ជួបអ្នកទាំងនោះឡើយ៖ «មិនដឹងជាមូលហេតុអី ទើបយកឈ្មោះស្វាមីខ្ញុំថា មិនចង់ជួបអ្នកណាអ្នកណី។ ដូច្នេះកាលពីព្រឹកមិញប្តីខ្ញុំអំពាវនាវដល់សង្គមស៊ីវិល និងអ្នកសារព័ត៌មាន ជួយផ្សព្វផ្សាយថា កុំឲ្យមានការយកឈ្មោះរបស់គាត់ថា មិនចង់ជួបអ្នកណាទៀត។ គាត់មិនដឹងរឿងអីទេ ហើយជាធម្មតា គឺគាត់ចង់ឲ្យតែគេទៅជួប។ សូមឲ្យមន្ត្រីពន្ធនាគារជួយបកស្រាយករណីនេះផង»។
ការលើកឡើងនេះ បន្ទាប់ពីសប្តាហ៍មុន គឺមានមិត្តភក្តិមួយក្រុមរបស់លោក គង់ រ៉ៃយ៉ា បានចូលទៅសួរសុខទុក្ខលោក នៅក្នុងពន្ធនាគារ ប៉ុន្តែមន្ត្រីពន្ធនាគារ ប្រាប់ថា លោក គង់ រ៉ៃយ៉ា មិនចង់ ជួបនរណាទេក្រៅពីប្រពន្ធកូន។ លុះនៅថ្ងៃបន្ទាប់ទៀត ក្រុមគ្រូពេទ្យរបស់អង្គការ លីកាដូ បានចូល ទៅពិនិត្យជំងឺឲ្យអ្នកជាប់ឃុំ រួមទាំងលោក គង់ រ៉ៃយ៉ា ប៉ុន្តែមន្ត្រីពន្ធនាគារ ប្រាប់ថា លោក គង់ រ៉ៃយ៉ា មិនចង់ពិនិត្យជំងឺអ្វីទេ។
អាសីសេរី មិនអាចសុំការបំភ្លឺជុំរិញរឿងនេះពីអ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃលោក នុត សាវនា បានទេ ដោយទូរស័ព្ទចូលពុំមានអ្នកទទួល។ ទោះយ៉ាងណាក្តី កន្លងមក លោក នុត សាវនា ធ្លាប់ព្រមានថា កុំឲ្យយុវជន គង់ រ៉ៃយ៉ា កូរពេក ប្រយ័ត្នមន្ត្រីពន្ធនាគារកូរវិញ ឬទុកចោលលែងខ្វល់។ ការព្រមាននេះ បន្ទាប់ពីយុវជន គង់ រ៉ៃយ៉ា ធ្វើកូដកម្មបង្អត់អាហារ ដើម្បីស្នើសុំឲ្យពន្ធនាគារអនុញ្ញាតឲ្យលោកបានហាត់ប្រាណគ្រប់គ្រាន់ និងមានសិទ្ធិខ្ចីសៀវភៅទៅអានក្នុងបន្ទប់ ព្រមទាំងស្នើសុំកន្លែងគេង ដែលល្មមអាចធ្វើវិបស្សនាបាន។
មេធាវីការពារក្តីឲ្យយុវជន គង់ រ៉ៃយ៉ា គឺលោក សំ សុគង់ ថ្លែងថា លោកមិនទាន់បានដឹងរឿងនេះនៅឡើយទេ ប៉ុន្តែប្រសិនបើករណីនេះ ជាការពិត គឺជារំលោភលើសិទ្ធិកូនក្តីរបស់លោក។ លោកបញ្ជាក់ថា កូនក្តីរបស់លោក គ្រាន់តែជាជនសង្ស័យ ដែលត្រូវបានតុលាការឃុំខ្លួនបណ្តោះអាសន្នប៉ុណ្ណោះ ដូច្នេះ តាមគោលការណ៍ច្បាប់ គឺកូនក្តីរបស់លោក នៅមានសិទ្ធិជួបជាមួយគ្រួសារសាច់ញាតិ និងមិត្តភិក្តទាំងអស់ ដែលបានស្នើសុំចូលសួរសុខទុក្ខ៖ «គាត់មានសិទ្ធិជួបជាមួយគ្រួសារ សាច់ញាតិ និងអ្នកដទៃទៀតដែលចង់ចូលជួបសួរទុក្ខគាត់ក្នុងពន្ធនាគារ គ្រាន់តែការស្នើសុំជួបសួរសុខទុក្ខនេះ គឺត្រូវមានបែបបទមួយចំនួនរបស់ពន្ធនាគារ»។
សមត្ថកិច្ចរបបក្រុងភ្នំពេញបានចាប់ខ្លួនលោក គង់ រ៉ៃយ៉ា អាយុ ២៨ឆ្នាំ កាលពីថ្ងៃទី៩ ខែកក្កដា ដោយចោទប្រកាន់ពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍តាមមាត្រា៤៩៤ និង ៤៩៥ នៃក្រមព្រហ្មទណ្ឌ។ ការចោទប្រកាន់នេះ ដោយសារតែលោក ផ្សព្វផ្សាយលក់អាវយឺតមានរូប និងទស្សនៈបណ្ឌិត កែម ឡី នៅលើបណ្ដាញសង្គមហ្វេសប៊ុក (Facebook) សម្រាប់ខួបបីឆ្នាំនៃអំពើឃាតកម្មលើបណ្ឌិត កែ ឡី ដែលត្រូវបានឃាតករបាញ់សម្លាប់កណ្តាលទីក្រុងភ្នំពេញ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។
នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការ លីកាដូ (LICADHO) លោក អំ សំអាត មានប្រសាសន៍ថា ជនជាប់ឃុំទាំងអស់ គឺបាត់បង់តែសិទ្ធិដើរហើរមួយប៉ុណ្ណោះ ដូច្នេះប្រសិនបើ ពន្ធនាគារហាមឃាត់សិទ្ធិដទៃទៀតរបស់អ្នកជាប់ឃុំ គឺជាការរំលោភច្បាប់៖ «បើយើងនិយាយជាទូទៅ ទណ្ឌិតក៏ដោយ ពិរុទ្ធជនក៏ដោយ គឺតាមផ្លូវច្បាប់ស្តីពីការគ្រប់គ្រងពន្ធនាគារ និងបទដ្ឋានច្បាប់ផ្សេងៗ រួមទាំងបទដ្ឋានអន្តរជាតិជាដើម គាត់នៅតែមានសិទ្ធិជួបគ្រួសារ និងមិត្តភក្តិរបស់គាត់។ នេះគឺជាសិទ្ធិរបស់គាត់ ដែលមិនអាចដកហូតបានទេ ហើយសិទ្ធិទទួលបានសេវាសុខភាព ប្រសិនបើគាត់ឈឺស្កាត់អី គឺត្រូវតែទទួលបាន ពីព្រោះសិទ្ធិទាំងអស់នេះមិនត្រូវបានដកហូតនោះទេ»។
អង្គការសហប្រជាជាតិ សហរដ្ឋអាមេរិក និងអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិផ្សេងទៀត បានចេញសេចក្ដីថ្លែងការណ៍ថ្កោលទោសជាបន្តបន្ទាប់ថាចំណាត់ការរបស់អាជ្ញាធររបបនេះថា មានគោលដៅធ្វើទុក្ខបុកម្នេញអ្នកដែលហ៊ានបញ្ចេញមតិ និងការជួបប្រជុំគ្នាដោយសន្តិវិធី។ ពួកគេអំពាវនាវដល់របបក្រុងភ្នំពេញដោះលែងយុវជន គង់ រ៉ៃយ៉ា និងបញ្ឈប់ការរឹតត្បិតសិទ្ធិសេរីភាពប្រជាពលរដ្ឋដូច្នេះតទៅទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។