សកម្មជន​ដីធ្លី និង​សហជីព​រិះគន់​រដ្ឋាភិបាល​កម្ពុជា​រាយការណ៍​ទៅ​អ.ស.ប​ថា មិន​ឆ្លុះ​បញ្ចាំង​ពី​ការពិត

0:00 / 0:00

សកម្មជន​មាន​ជម្លោះដីធ្លី និង​សកម្មជន​សហជីព​រិះគន់​រដ្ឋាភិបាល​កម្ពុជា​ថា​ ការ​រាយការណ៍​ទៅ​អង្គការសហប្រជាជាតិ​ពាក់ព័ន្ធ​សិទ្ធិមនុស្ស​មិន​ឆ្លុះបញ្ចាំង​ពី​ការពិត​។ ពួកគេ​ស្នើ​សុំ​ឱ្យ​រដ្ឋាភិបាល​ធ្វើការ​ដោយ​យកចិត្តទុកដាក់ និង​បង្ហាញ​ពី​តម្លាភាព ដើម្បី​ទប់ស្កាត់​ការរំលោភ​សិទ្ធិមនុស្ស និង​កាត់បន្ថយ​អំពើពុករលួយ​ជា​ប្រព័ន្ធ​នៅក្នុង​ប្រទេស។

សកម្មជន​សហជីព និង​ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី មិន​ពេញចិត្ត​ចំពោះ​អ្នករាយការណ៍​កម្ពុជា​ថា គ្មាន​តម្លាភាព ក្រោយ​កម្ពុជា​បាន​ចូលរួម​សម័យប្រជុំ​លើក​ទី​៥២ របស់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ រយៈពេល​៦​សប្តាហ៍ ចាប់ពី​ថ្ងៃទី​២៧ ខែ​កុម្ភៈ ដល់​ថ្ងៃទី​៤ ខែ​មេសា នៅ​ទីក្រុង​ហ្សឺណែវ (Geneva) ប្រទេស ស្វីស (Switzerland) ដោយ​បាន​លើកឡើង​ពី​វឌ្ឍនភាព និង​សមិទ្ធផល​ដែល​កម្ពុជា​បាន​យកចិត្តទុកដាក់​អនុវត្តន៍​យ៉ាង​ខ្ជាប់ខ្ជួន ទាក់ទិន​នឹង​សិទ្ធិមនុស្ស ការ​លើក​កម្ពស់​សិទ្ធិ​ស្ត្រី និង​ផ្ដល់​ដី​ឱ្យ​ពលរដ្ឋ​ដើម្បី​ធ្វើស្រែ​ចម្ការ ព្រមទាំង​ការ​ផ្ដល់​សាច់ប្រាក់​ឧបត្ថម្ភ​ពលរដ្ឋ​ងាយ​រងគ្រោះ​ដោយសារ​ជំងឺ​រាលត្បាល​កូវីត​១៩ ថែម​ទៀត។ មន្ត្រី​សង្គម​ស៊ីវិល​យល់​ឃើញ​ថា ការណ៍​ដែល​កម្ពុជា​អួត​សរសើរ​ពី​សមិទ្ធផល​ទាំងនេះ​ហាក់​មិន​បាន​បង្ហាញ​ពី​ការ​រំលោភបំពាន​សិទ្ធិ​ធ្ងន់ធ្ងរ​នៅ​កម្ពុជា​ឡើយ ដែល​ផ្ទុយ​ពី​ស្ថានភាព​ពិត​ជាក់ស្ដែង។

ពលរដ្ឋ​រងគ្រោះ​ដីធ្លី​១៩៧ គ្រួសារ នៅ​ខេត្តកោះកុង លោកស្រី ដេត ហ៊ួរ ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​៧ មេសា ថា រដ្ឋាភិបាល​គួរតែ​ចុះ​មើល​ពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​ជាមុន​សិន ដើម្បី​បញ្ជាក់​ឱ្យ​ច្បាស់​ថា​នៅ​តាម​សហគមន៍​នីមួយៗ​មានការ​រំលោភ​យក​ដី​ធ្លី​ពលរដ្ឋ ឬ​មាន​ពលរដ្ឋ​រងគ្រោះ​ដោយសារ​ដី​សម្បទាន​សេដ្ឋកិច្ច ឬទេ ជាជាង​ធ្វើ​របាយការណ៍​ខុសពី​ស្ថានភាព​ពលរដ្ឋ។ លោកស្រី​បន្ត​ថា លោកស្រី​សោកស្ដាយ​ដែល​អាជ្ញាធរ​លើកឡើង​ពី​ការ​អនុវត្ត​សិទ្ធិ ប៉ុន្តែ​លោកស្រី​តែង​ត្រូវ​បាន កងកម្លាំង​សមត្ថកិច្ច​រុញច្រាន​រហូតដល់​មាន​របួស​នៅពេល​ចេញ​តវ៉ា​បញ្ហា​ដីធ្លី។

លោកស្រី ដេត ហ៊ួរ៖ «គាត់​រាយការណ៍​ដល់​អង្គការ​សហប្រជាជាតិ​មិន​ទាន់​គ្រប់គ្រាន់​ទេ ពិសេស​ជាងគេ​គឺ​ជនរងគ្រោះ​ស្ថិតនៅ​ខេត្ត​កោះកុង​យើង​នេះ​មិនទាន់​បាន​ដោះស្រាយ​ហើយ​ជា​ស្ថាពរ​ទេ​ហើយ​ខ្ញុំ​ទទួល​ស្គាល់​ថា ដោះស្រាយ​បាន​មួយ​ចំនួន ប៉ុន្តែ​មួយ​ចំនួន​ទៀត​មិន​ទាន់​បាន​ដោះស្រាយ​ពេញលេញ​ទេ»។

ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​ជា​ស្ថាប័ន​អន្តររដ្ឋាភិបាល​ក្នុង​ប្រព័ន្ធ​អង្គការ​សហប្រជាជាតិ​ដែល​មាន​តួនាទី​ដើម្បី​ពង្រឹង​លើកតម្កើង និង​ការពារ​សិទ្ធិមនុស្ស​ជុំវិញ​ពិភពលោក ដោះស្រាយ​ការរំលោភ​សិទ្ធិមនុស្ស និង​ផ្ដល់​អនុសាសន៍​ស្ដីពី​បញ្ហា​សិទ្ធិមនុស្ស​។ ក្រុមប្រឹក្សា​នេះ មាន​សមាជិក ៤៧​ប្រទេស​មកពី​ប្រទេស​ជា​សមាជិក​អង្គការ​សហប្រជាជាតិ​ហើយ​តែង​ជួប​ប្រជុំ​គ្នា​មួយឆ្នាំ​ម្ដង ដើម្បី​ជជែក​បញ្ហា​សិទ្ធិមនុស្ស​ពិភពលោក នៅ​ការិយាល័យ អង្គការ​សហប្រជាជាតិ​នៅ​ទីក្រុង​ហ្សឺណែវ (Geneva) ប្រទេស​ស្វីស (Switzerland)។

ស្រដៀង​គ្នា​នេះ​ដែរ​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ប្រមេរ ស្រុក​ត្បែងមានជ័យ លោក ងន ហ៊ីម ថ្លែង​ថា លោក​មិន​ដែល​ឃើញ​ពលរដ្ឋ​ជា​ជនជាតិ​ដើម​ភាគតិច​ទទួល​បាន​ដីធ្លី មាន​ប្លង់​កាន់កាប់ មានតែ​ពលរដ្ឋ​តវ៉ា​ទាមទារ​ដី​ដែល​ក្រុមហ៊ុន​ឯកជន​រំលោភ​មកវិញ។ លោក​បន្ត​ថា វា​ជា​រឿង​ដែល​គួរ​ឱ្យ​អស់សំណើច​នៅពេល​កម្ពុជា​អួតអាង​ពី​ស្នាដៃ​ខិតខំ​ប្រឹងប្រែង​ជួយ​បណ្ដុះបណ្ដាល​ជនជាតិភាគតិច​ឱ្យ​ចេះ​ពី​បច្ចេកទេស​ដាំ​ដុះ​ដំណាំ ទាំង​ដែល​ពួកគេ​គ្មាន​ដី​សម្រាប់​ធ្វើ​ស្រែចម្ការ។

ដូចគ្នា​នេះ​ដែរ​កូដករ​ណាហ្គាវើលដ៍ កញ្ញា ច័ន្ទ ស្រីរ័ត្ន លើកឡើង​ថា បើ​កម្ពុជា​ពិត​ជា​មាន​ការ​អនុវត្ត​សិទ្ធិ​សេរីភាព​បាន​ខ្ជាប់ខ្ជួន​មែន​ម្ល៉េះ​រឿង​វិវាទ​ការងារ​រវាង​ថៅកែ​ក្រុមហ៊ុន​ណាហ្គាវើលដ៍ និង​បុគ្គលិក​បាន​ដោះស្រាយ​រួចរាល់​ហើយ មិនមែន​អូស​បន្លាយ​ជាង​១​ឆ្នាំ​មក​នេះ​គ្មាន​ដំណោះស្រាយ​នោះ​ទេ ហើយ​ចំពោះ​ស្ត្រី​វិញ​កម្លាំង​សមត្ថកិច្ច និង​សន្តិសុខ​វាយ​ជាំ​ស្នាម​ពេញ​ខ្លួន។

​កញ្ញា ច័ន្ទ ស្រីរ័ត្ន៖ «ដូច​ជាក់ស្ដែង​ពួក​ខ្ញុំ​ត្រូវ​បាន​អាជ្ញាធរ​វ៉ៃ​ដល់​កូដករ​ម្នាក់​គាត់​រលូត​កូន វ៉ៃ​ដល់​ថ្នាក់​បែក​មុខ​បែក​មាត់​ចង់​និយាយ​ថា នៅតែ លាប​ពណ៌ លើកកម្ពស់​សិទ្ធិ​ស្ត្រី​បែប​ម៉េច បើ​ពួក​ខ្ញុំ​រង​ភាព​អយុត្តធម៌​បែប​ហ្នឹង​ដូចជា​ថ្ងៃ​៨ មីនា ពួក​ខ្ញុំ​បាន​ទៅ​ទីលាន​ប្រជាធិបតេយ្យ​ដូច​ថា ការ​លើកឡើង​របស់​រាជ​រដ្ឋាភិបាល​ដូចជា​អត់​មានការ​លើកកម្ពស់​ស្ត្រី មានតែ​ការ​និយាយ​ជាក់ស្ដែង​ប៉ុន្តែ​ការ​អនុវត្ត​មក​លើ​ពួក​ខ្ញុំ​ដូច​អត់​មាន​ទេ»។

ប្រតិកម្ម​នេះ​ធ្វើឡើង​បន្ទាប់ពី​តំណាង​រដ្ឋាភិបាល​កម្ពុជា​បាន​រួម​សម័យប្រជុំ​លើក​ទី​៥២ របស់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ រយៈពេល​៦​សប្តាហ៍ ចាប់ពី​ថ្ងៃទី​២៧ ខែកុម្ភៈ ដល់​ថ្ងៃទី​៤ ខែមេសា នៅ​ទីក្រុង​ហ្សឺណែវ ប្រទេស ស្វីស បង្ហាញ​ពី​វឌ្ឍនភាព និង​សមិទ្ធផល​ដែល​កម្ពុជា​បាន​យកចិត្តទុកដាក់​អនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន​ពាក់ព័ន្ធ​នឹង​សិទ្ធិមនុស្ស ។ ក្នុង​កិច្ចប្រជុំ​តំណាង​រដ្ឋាភិបាល​កម្ពុជា​បាន​លើកឡើង​ថា កម្ពុជា​បាន​ចាក់​វ៉ាក់សាំង​កូវីដ​-១៩ ជូន​ប្រជាពលរដ្ឋ ដោយ​ឥតគិតថ្លៃ និង​គ្មាន​ការរើសអើង រួម​ទាំង​អ្នកទោស និង​ជនបរទេស សម្រេច​បាន​ជាង ៩៥​ភាគរយ នៃ​ចំនួន​ប្រជាជន​សរុប មិន​ត្រឹមតែ​ប៉ុណ្ណោះ​កម្ពុជា​បាន​ឧបត្ថម្ភ​សាច់ប្រាក់ ដល់​ជន​ងាយ​គ្រោះ និង​ពលរដ្ឋ​ក្រីក្រ​អំឡុង​ពេល​ជំងឺ​រីក​រាលដាល​កូវីដ​១៩ ដោយ​មាន​ចំនួន​ទឹកប្រាក់​សរុប ជិត​១​ពាន់​លាន​ដុល្លារ (៩៦០) ផ្ដល់​ដល់​ប្រជាពលរដ្ឋ​ជិត ២​លាន ៣​សែន នាក់។

លើស​ពី​នេះ​រដ្ឋាភិបាល​បាន​អះអាង​ថា ដី​សង្គមកិច្ច និង​ដី​សម្បទាន​សេដ្ឋកិច្ច​សរុប ជាង​១​លាន​ហិកតារ (១.១០៧.០០០) ហិកតារ​សម្រាប់​សង់​លំនៅឋាន និង​បែងចែក​ទៅ​ឱ្យ​គ្រួសារ​ដែល​គ្មាន​ដី និង​គ្រួសារ​ក្រីក្រ​ជាង ជាង​៥​ម៉ឺន (៥.៥០០០) ដើម្បី​បង្កើត​សហករណ៍​កសិកម្ម និង​ផ្ដល់​ជំនួយ​បច្ចេកទេស និង​ហិរញ្ញវត្ថុ រួម​ទាំង​ជនជាតិ​ដើម​ភាគតិច ព្រមទាំង​លើកកម្ពស់​សន្តិសុខ​ស្បៀង និង​ស្ថានភាព​អាហារូបត្ថម្ភ​។ ក្រៅ​ពី​នេះ​កម្ពុជា​យកចិត្តទុកដាក់ លើកកម្ពស់​សិទ្ធិអំណាច​របស់​ស្ត្រី កាត់បន្ថយ​វិសមភាព​យេនឌ័រ និង​បើ​ឱកាស​ឱ្យ​អង្គការ ជិត​៦​ពាន់ (៦.០០០) បាន​ចុះបញ្ជី ដើម្បី​រួមចំណែក​លើកកម្ពស់​ប្រព័ន្ធ​យុត្តិធម៌ សិទ្ធិមនុស្ស និង​សេរីភាព​សារព័ត៌មាន​។ បន្ថែម​ពី​នេះ​កម្ពុជា​បាន​សង្កត់ធ្ងន់​ថា អ្នក​នយោបាយ ឬ​ស្ថាប័ន​ដែល​តាំងខ្លួន​ថា​ឯករាជ្យ មិនមែន​ជា​អាជ្ញាប័ណ្ណ​ដើម្បី​បំពាន​ច្បាប់​ដោយ​មិន​ត្រូវ​ផ្ដន្ទាទោស​នោះ​ឡើយ ហើយ​ការ​ចាត់​ទុក​ការអនុវត្ត​ច្បាប់ ថា ជា​ការ​រឹតត្បិត​សេរីភាព​នៃ​ក្រុម​មួយចំនួន គឺជា​ការ​បន្ទាប​តម្លៃ​នីតិរដ្ឋ និង​ការអនុវត្ត​ស្មើភាព​គ្នា​ចំពោះ​ប្រជាពលរដ្ឋ​គ្រប់រូប។

បើ​ទោះជា​តំណាង​មន្ត្រី​រដ្ឋាភិបាល​ខំ​ការពារ​ដើម្បី​បិទបាំង​អំពើអាក្រក់​របស់​មេដឹកនាំ​ខ្លួន​បែបនេះ​ក្ដី ប៉ុន្តែ​មន្ត្រី​សង្គម​ស៊ីវិល​ធ្វើ​ការងារ​ផ្នែក​ការពារ​សិទ្ធិមនុស្ស​នៅតែ​សង្កេត​ឃើញ​ថា ការអនុវត្ត​សិទ្ធិ​សេរីភាព​ពលរដ្ឋ សិទ្ធិ​អង្គការ​សង្គម​ស៊ីវិល និង​សិទ្ធិ​នយោបាយ​នៅតែ​មានការ​រឹតត្បិត​ដដែល។

ជុំវិញ​រឿង​នេះ​ដែរ​ប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្ស អាដហុក (ADHOC) លោក នី សុខា មាន​ប្រសាសន៍ថា លោក​គាំទ្រ​ចំពោះ​ចំណាត់ការ​អាជ្ញាធរ​ពាក់​ព័ន្ធ​ការ​ចាក់​វ៉ាក់សាំង​កូវីត​១៩ និង​ប្រាក់​ឧបត្ថម្ភ​មួយចំនួន​សម្រាប់​ប្រជាពលរដ្ឋ​ក្រីក្រ ប៉ុន្តែ​អំឡុង​ពេល​កូវីដ​អាជ្ញាធរ​ក៏បាន​ចេញ​ច្បាប់​មួយចំនួន​ប៉ះពាល់​ដល់​ការអនុវត្ត​សិទ្ធិ​សេរីភាព​ផង​ដែរ​។ ម្យ៉ាង​លោក​ថា បញ្ហា​អយុត្តិធម៌​សង្គម​ដូចជា​រឿង​វិវាទ​ដីធ្លី បញ្ហា​រំលោភ​សិទ្ធិមនុស្ស បញ្ហា​ធនធានធម្មជាតិ និង​បញ្ហា​មួយ​ចំនួន​ទៀត រដ្ឋាភិបាល​ហាក់​មិនបាន​យកចិត្តទុកដាក់​ដោះស្រាយ​នោះ​ទេ។

លោក នី សុខា៖ «ការ​លើកឡើង​ដែល​មិន​បាន​ឆ្លុះបញ្ចាំង​ទិដ្ឋភាព​ជាក់ស្ដែង​ខ្ញុំ​គិត​ថា ផ្ទុយ​វិញ​ស្ថានភាព​ដែល​យើង​មិនអាច​កែប្រែ​បាន​ស្ថានភាព​ហ្នឹង​នៅតែ​ដដែល​ពីព្រោះ​យើង​អត់​ទទួល​ស្គាល់​អ្វី​ដែល​ជា​ការពិត​របស់​អង្គការ​សហប្រជាជាតិ​មាន​ជំនាញ​លើ​សិទ្ធិមនុស្ស​ហ្នឹង​ហើយ​មិន​បាន​ទទួលស្គាល់​អ្វី​ដែល​គេ​បាន​លើកឡើង​ហើយ​នៅតែ​ពោល​អះអាង​ដដែល អ៊ីចឹង​ខ្ញុំ​គិតថា​ស្ថានភាព​ដដែល​មិន​អាច​ស្ដារ​ឡើង​វិញ​បាន​នៅ​ស្ថានភាព​សិទ្ធិមនុស្ស»។

គិត​មក​ទល់​ពេល​នេះ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ​មិន​ទាន់​ចេញ​របាយការណ៍​សម័យ​ប្រជុំ​លើក​ទី​៥២ នៅឡើយ​ទេ ក៏ប៉ុន្តែ​កាលពី​សម័យប្រជុំ​លើក​ទី​៤៨ ថ្ងៃទី​១៣ ខែកញ្ញា ដល់​ថ្ងៃទី​០៨ ខែតុលា ឆ្នាំ​២០២១ អ្នករាយការណ៍​ពិសេស​ផ្នែក​សិទ្ធិមនុស្ស នៃ អ.ស.ប ប្រចាំ​កម្ពុជា លោក វិទិត មុនតាប៊ន (Vitit Muntarbhorn) បាន​លើកឡើង​ពី​ទិដ្ឋភាព​សំខាន់ៗ​មួយចំនួន​នៃ​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា រួមមាន​ផល​ប៉ះពាល់​នៃ​វិបត្តិ​ជំងឺ​កូវីដ១៩ បញ្ហា​ធ្លាក់ចុះ​នៃ​លំហ​ប្រជាធិបតេយ្យ សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ ព្រមទាំង​បញ្ហា​មួយ​ចំនួន​ទៀត​ទាក់ទង​នឹង​សិទ្ធិ​សេដ្ឋកិច្ច សង្គម និង​វប្បធម៌ បញ្ហា​ដីធ្លី និង​បរិស្ថាន សង្គម​ស៊ីវិល កិច្ច​ពិគ្រោះ​យោបល់ និង​កិច្ច​សហប្រតិបត្តិការ​ជាដើម ដែល​ទាំងនេះ​សុទ្ធតែ​ឆ្លុះបញ្ចាំង​ពី​ការរំលោភ​សិទ្ធិមនុស្ស​កម្ពុជា។

ទោះបីជា​យ៉ាងណា​រដ្ឋាភិបាល​ដឹកនាំ​ដោយ លោក ហ៊ុន សែន នៅតែ​បន្ត​ធ្វើទុក្ខបុកម្នេញ​លើ​សកម្មជន​សហជីព កញ្ញា ឈឹម ស៊ីថរ សកម្មជន​សិទ្ធិមនុស្ស កញ្ញា សេង ធារី អ្នកសារព័ត៌មាន សកម្មជន​ដីធ្លី ព្រមទាំង សកម្មជន នយោបាយ​បក្ស​ប្រឆាំង​ទាំងប្រុស​និង​ស្រី ជាង​៧០​នាក់ កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយសារតែ​ការអនុវត្ត​សិទ្ធិ​សេរីភាព​របស់​ពួកគេ។

មន្ត្រី​សង្គម​ស៊ីវិល សកម្មជន​សហជីព និង​ពលរដ្ឋ​មាន​ជម្លោះដីធ្លី​ទទូច​ឱ្យ​រដ្ឋាភិបាល បញ្ឈប់​ការ​គំរាមកំហែង​សកម្មជន​ភាគច្រើន​ជា​ស្ត្រី និង​អនុវត្តន៍​ច្បាប់​ឱ្យ​បាន​ត្រឹមត្រូវ​ដើម្បី​ស្ដារ​មុខមាត់​កម្ពុជា​ឡើងវិញ​។ ពួកគេ​ចង់​ឃើញ​ការ​អនុវត្ត​ច្បាប់​នៅ​កម្ពុជា​ប្រកប​ដោយ​តម្លាភាព និង​យុត្តិធម៌៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។