នៅព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩នេះ ប្រជាពលរដ្ឋសហគមន៍រងគ្រោះដីធ្លី នៅក្នុងខេត្តស្វាយរៀង ដែលមានចំនួន ៥សហគមន៍ បានរួមគ្នាប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ធ្នូ ខួបលើកទី៧១ ដើម្បីចូលរួមលើកកម្ពស់សិទ្ធិមនុស្សក្នុងមូលដ្ឋាន។
នៅក្នុងពិធីរំលឹកខួបទិវាសិទ្ធិមនុស្សអន្តរជាតិនោះដែរ ប្រជាពលរដ្ឋបណ្ដាញសហគមន៍រងគ្រោះដីធ្លី មានការទាមទារឱ្យតុលាការដោះលែង លោក សែម សាង តំណាងសហគមន៍ភូមិស្រែប្រាំង ឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ដែលអាជ្ញាធរភូមិឃុំ ស្រុកបានទម្លាក់កំហុស និងបានចាប់ខ្លួនគាត់ដោយអយុត្តិធម៌ កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩។ ក្រុមប្រជាពលរដ្ឋសហគមន៍រងគ្រោះដីធ្លីទាំងនេះ អំពាវនាវ និងសំណូមពរដល់តុលាការឱ្យស៊ើបអង្កេត និងវិនិច្ឆ័យរឿងក្ដីនេះឱ្យបានម៉ត់ចត់ឡើងវិញ។
ដោយឡែកនៅខេត្តកោះកុងវិញ ប្រជាពលរដ្ឋ ៦៨នាក់ ដែលមានបញ្ហាដីធ្លី នៅសហគមន៍ស្រុកគីរីសាគរ ក៏បាននាំគ្នាខួបនៃទិវាសិទ្ធិមនុស្សដែរ។ ពួកគាត់លើកគ្នាទៅរំលឹកទិវានេះ នៅខាងមុខសាលាខេត្ត ដើម្បីដាក់ញត្តិទាមទារឱ្យអាជ្ញាធរខេត្តកោះកុង ពន្លឿនការដោះស្រាយបញ្ហាទំនាស់ដីធ្លីរបស់ពួកគាត់ ជាមួយក្រុមហ៊ុនចិនមួយ ឈ្មោះ ញូញៀន ឌិវីឡុបមិន ហៅកាត់ថា (UDC) ដែលបានអូសបន្លាយជាច្រើនឆ្នាំមកហើយ។
ទន្ទឹមគ្នានឹងការរំលឹកនេះ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា នៅឯរាជធានីភ្នំពេញ នៅថ្ងៃទី៩ ខែធ្នូដដែល ក៏រៀបចំកម្មវិធីក្រោមប្រធានបទ សំឡេងខ្ញុំសិទ្ធិខ្ញុំ ដើម្បីបង្ហាញពិព័រណ៍រូបថតសកម្មជននៃគម្រោងសំឡេង ដើម្បីសមភាពយេនឌ័រ និងផ្សព្វផ្សាយរបាយការណ៍ស្រាវជ្រាវរបស់គម្រោងនិន្នាការភេទ និងអត្តសញ្ញាណយេនឌ័រស្ដីពីសិទ្ធិក្នុងការមិនរើសអើងដោយផ្អែកលើមូលដ្ឋាននិន្នាការភេទ និងអត្តសញ្ញាណយេនឌ័រ ការបង្ហាញទំនោរយេនឌ័រ លក្ខណៈភេទ នៅកន្លែងការងារកម្ពុជា៕
(វេទិការំលឹកខួបនៃទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ធ្នូ លើកទី៧១ នៅមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) រាជធានីភ្នំពេញ នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩។ រូប៖ Provided photo)
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
