មេធាវីការពារក្ដីឱ្យដើមបណ្ដឹង ចាប់ផ្ដើមចុះប្រមូលព័ត៌មានពីកូនក្ដី ក្នុងសំណុំរឿងដែលប្រជាពលរដ្ឋមានទំនាស់ដីធ្លីម្នាក់ស្លាប់ ក្នុងពេលសមត្ថកិច្ចឃុំខ្លួននៅខេត្តបន្ទាយមានជ័យ។ ការប្រមូលព័ត៌មាននេះ គឺសម្រាប់តតាំងក្ដីនៅតុលាការ ដើម្បីស្វែងរកយុត្តិធម៌ដល់ជនរងគ្រោះ។ សាក្សីនិងជាជនរងគ្រោះក្នុងសំណុំរឿងនេះ ទាមទារឱ្យតុលាការផ្ដន្ទាទោសទៅលើជនល្មើសតាមច្បាប់។
មេធាវី លោក សំ ទិត្យសីហា ប្រាប់អាស៊ីសេរីនៅរសៀលថ្ងៃ ទី១៤ មករាថា លោកនឹងទៅដល់ខេត្តបន្ទាយមានជ័យនៅរសៀលថ្ងៃដដែលនេះ។ លោកបន្តថា មួយថ្ងៃក្រោយពេលទៅដល់ខេត្តនេះ លោកនឹងចុះទៅជួបកូនក្ដី ដើម្បីប្រមូលព័ត៌មានទៅតតាំងក្ដីនៅក្នុងតុលាការ។ លោកបញ្ជាក់ថា លោកនឹងប្រឹងការពារក្ដី លើសំណុំរឿងនេះ ទៅតាមវិជ្ជាជីវៈដែលចេះដឹង ដើម្បីស្វែងរកយុត្តិធម៌ជូនដល់កូនក្ដីលោក៖ «ថ្ងៃនេះខ្ញុំទៅទី១ ដើម្បីជួបជាមួយកូនក្ដីដើម្បីឱ្យគាត់ពឹងពាក់មេធាវី ហើយទី២ យើងហ្នឹងដាក់ពាក្យនៅសាលាដំបូងខេត្ត ដែលគាត់បានពឹងពាក់ឱ្យធ្វើមេធាវី។ អ្វីដែលសំខាន់យើងហ្នឹងជួបជាមួយគាត់ ដើម្បីប្រមូលភស្តុតាង ឬក៏សាក្សី ដើម្បីជួយពួកគាត់ធ្វើជាសំណុំរឿងបន្តនីតិវិធីនៅតុលាការ » ។
សាក្សី និងជាដើមបណ្ដឹងម្នាក់ក្នុងចំណោមមនុស្ស ៣នាក់ បានប្ដឹងរកយុត្តិធម៌ទៅតុលាការលោក ហ៊ឹម គិរី ថ្លែងថា ពួកលោកទាំង ៣នាក់ ក៏ជាជនរងគ្រោះ ដែលមន្ត្រីកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យវាយដំធ្វើទារុណកម្មដែរ។ លោកបន្ថែមថា ពួកលោកនឹងប្រាប់រឿងរ៉ាវទៅមេធាវីទៅតាមការពិតជាក់ស្ដែងដែលសមត្ថកិច្ចវាយធ្វើបាបពួកគាត់ដោយមិនលាក់បាំងឡើយ។ លោកបញ្ជាក់ថា អាវុធហត្ថខេត្តនេះបានទាត់ធាក់មកលើរូបលោកជាច្រើនជើងធ្វើឱ្យគ្រាំគ្រាក្នុងខ្លួនមិនទាន់បានធូរស្បើយនៅឡើយទេ៖ «ក្នុងខ្លួនខ្ញុំក្អកមកចេះតែឈឺ ដូចវាងគ្រាំត្រង់ឆ្អឹងជំនីខាងឆ្វេង ដែលមន្ត្រីអាវុធហត្ថវាយខ្ញុំនៅទីបញ្ជាការអាវុធហត្ថខេត្ត។គេទាត់ខ្ញុំឡើងរមៀលដួលឡើងថ្លោះដៃ។តាមខ្ញុំគឺនឹងនិយាយជាការពិត ទោះបីមនុស្សមួយចំនួនហើយដែលគេបិទបាំងដូចជាប្រពន្ធសពគេមិនឱ្យនិយាយ តែខ្ញុំនិយាយឱ្យហើយព្រោះគេធ្វើបាបខ្ញុំ » ។
លោកបន្តថា លោក ទុយ ស្រស់ តំណាងពលរដ្ឋមានទំនាស់ដីធ្លីនៅភូមិជ្រៃ ឃុំចង្ហា ស្រុកអូរជ្រៅ បានស្លាប់នៅថ្ងៃទី១ មករា គឺក្រោយពេលមន្ត្រីកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យចាប់បញ្ជូនខ្លួន និងវាយដំនៅទីបញ្ជាការកងរាជអាវុធហត្ថខេត្ត ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩។
លោកបន្ថែមថា រហូតដល់ជនរងគ្រោះធ្លាក់ខ្លួនឈឺធ្ងន់ទើបបញ្ជូនបន្តទៅពន្ធនាគារខេត្ត និងបណ្ដាលឱ្យស្លាប់នៅថ្ងៃបន្ទាប់។ លោកថាពេលនោះ សមត្ថកិច្ចបានចាប់ខ្លួនប្រជាពលរដ្ឋចំនួន ៥នាក់យកទៅសាកសួរ ដោយសារតែពួកគាត់ តវ៉ារឿងទំនាស់ដីរបស់ពួកគាត់នៅស្រុកស្វាយចេក។
កាលពីថ្ងៃទី២៨ ខែធ្នូនោះ ប្រជាពលរដ្ឋជាង ១០០នាក់ បាននាំគ្នាតវ៉ានៅមុខសាលាខេត្តបន្ទាយមានជ័យ ទាមទារឱ្យអាជ្ញាធរខេត្ត ចេញទៅជួបពួកគាត់ពន្យល់អំពីមូលហេតុ ដែលមិនឱ្យពួកគាត់កាន់កាប់ដីទំនាស់ ប៉ុន្តែពេលនោះអាជ្ញាធរខេត្តមិនបានចេញជួបក្រុមអ្នកតវ៉ានោះឡើយ។ នៅថ្ងៃនោះក្រុមពលរដ្ឋក៏មិនព្រមត្រឡប់ទៅផ្ទះវិញដែរ គឺរង់ចាំក្បែររបងសាលាខេត្ត រហូតដល់ម៉ោង ២រសៀល ស្រាប់តែមន្ត្រីកងរាជអាវុធហត្ថខេត្តជាច្រើននាក់ទៅបង្ក្រាបក្រុមអ្នកតវ៉ាទាំងនោះ និងបានចាប់មនុស្ស ៥នាក់យកទៅឃុំខ្លួន។ អំឡុងពេលសមត្ថកិច្ចឃុំខ្លួននោះ មានពលរដ្ឋម្នាក់បានស្លាប់ ក្រោយពេលបញ្ជូនទៅពន្ធនាគារខេត្តបានមួយថ្ងៃ និង ៤នាក់ផ្សេងទៀត ត្រូវបានដោះលែងវិញនៅថ្ងៃទី៣ មករា។
អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសលោក អេង ហ៊ី ធ្លាប់ប្រាប់អាស៊ីសេរីថា មន្ត្រីអាវុធហត្ថមិនបានប្រើហិង្សាទៅលើជនរងគ្រោះដូចការចោទប្រកាន់ឡើយ។លោកបញ្ជាក់ថា អាជ្ញាធរខេត្តក៏បានចេញសេចក្ដីថ្លែងជុំវិញបញ្ហានេះរួចហើយដែរ។ ទោះជាយ៉ាងណាលោកថា លោកជំរុញឱ្យសាក្សី និងសាច់ញាតិជនរងគ្រោះប្ដឹងទៅតុលាការដើម្បីដោះស្រាយតាមច្បាប់។
ការស្លាប់របស់លោក ទុយ ស្រស់ កាលពីថ្ងៃទី១ មករា ត្រូវបានសាលាខេត្តបន្ទាយមានជ័យបានចេញសេចក្ដីថ្លែងការណ៍បញ្ជាក់ថា ជនរងគ្រោះស្លាប់ពេលបញ្ជូនទៅព្យាបាលមន្ទីរពេទ្យបង្អែកស្រុកមង្គលបូរី កាលពីថ្ងៃទី១ មករា។
ចំណែកឯប្រធានពន្ធនាគារខេត្តបន្ទាយមានជ័យចេញរបាយការណ៍ថា ជនរងគ្រោះបានស្លាប់តាមផ្លូវពេលបញ្ជូនទៅមន្ទីរពេទ្យក្នុងស្រុកមង្គលបូរី។
ប្រធានពន្ធនាគារខេត្តបន្ទាយមានជ័យលោក អ៊ុង ស៊ីផាន បញ្ជាក់នៅក្នុងរបាយការណ៍កាលពីថ្ងៃទី២ មករាថា មន្ត្រីជំនាញនៃស្នងការនគរបាលខេត្តនេះ បានធ្វើកោសល្យវិច័យទៅលើសាកសព ហើយរកឃើញថា ជនរងគ្រោះស្លាប់ ដោយសារខ្យល់គរ។ ក៏ប៉ុន្តែមន្ត្រីជំនាញមិនបានបញ្ជាក់អំពីស្នាមជាំភ្នែក និងរបួសរលាត់ដៃឡើយ។
មន្ត្រីអង្គការសង្គមស៊ីវិលបានប្រតិកម្មនឹងរបាយការណ៍នេះថា ជារបាយការណ៍មិនច្បាស់លាស់ និងមិនអាចយកជាការបានឡើយ។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្ស អាដហុក (Adhoc) លោក សឹង សែនករុណា ថ្លែងថា ភាពមិនច្បាស់លាស់ ដោយសាររបាយការណ៍របស់អាជ្ញាធរ ២ស្ថាប័ន បានរកឃើញពីការស្លាប់ខុសគ្នា។ លោកបញ្ជាក់ទៀតថា ការស្លាប់របស់ជនរងគ្រោះមានភាពមិនប្រក្រតី ដែលស្ថាប័នពាក់ព័ន្ធត្រូវបើកការស៊ើបអង្កេតជាបន្ទាន់ និងដើម្បីផ្ដល់យុត្តិធម៌ដល់ជនរងគ្រោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
