វិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា បានសម្ពោធឱ្យដំណើរការជាផ្លូវការហើយ នៅថ្ងៃទី៤ មិថុនា ក្រោយពីបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ។
វិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា (CID) គឺជាអង្គការមិនមែនរដ្ឋាភិបាល មិនរកប្រាក់ចំណេញ និងមិនប្រកាន់និន្នាការនយោបាយ ដែលធ្វើការដើម្បីគាំទ្រ និងពង្រឹងលទ្ធិប្រជាធិបតេយ្យ ជាគោលការណ៍គ្រឹះចាំបាច់សម្រាប់អភិវឌ្ឍន៍សង្គម សេដ្ឋកិច្ចនិងនយោបាយនៅប្រទេសកម្ពុជា។
តំណាងក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា លោក បណ្ឌិត មាស នី មានប្រសាសន៍នៅក្នុងពិធីប្រកាសឱ្យដំណើរការវិទ្យាស្ថាននេះថា គោលបំណងធំរបស់វិទ្យាស្ថាននេះ " ដើម្បីស្ដារប្រជាធិបតេយ្យ ផ្សះផ្សា និងបង្រួបបង្រួមជាតិ" ។ លោកបណ្ឌិត មាស នី បានលើកពីប្រវត្តិសាស្ត្រកម្ពុជាថា កម្ពុជាបានទទួលយករបបដឹកនាំតាមបែបប្រជាធិបតេយ្យបីដំណាក់កាលកន្លងមក តែនៅដំណាក់កាលនីមួយៗ ប៉ុន្តែមេដឹកនាំមិនបានអនុវត្តតាមប្រព័ន្ធប្រជាធិបតេយ្យច្បាស់លាស់នៅឡើយ។ លោកថា មេដឹកនាំកម្ពុជាកន្លងមកបានឡើងកាន់អំណាចមិនមែនបានមកពីការបោះឆ្នោតដ៏ត្រឹមត្រូវតាមគន្លងប្រជាធិបតេយ្យឡើយ ការឡើងកាន់អំណាចតាមរយៈការដណ្ដើមអំណាចគ្នាប្រើកម្លាំងប្រដាប់អាវុធ៖ ៖ «រចនាសម្ព័ន្ធនយោបាយនៅកម្ពុជា ពិសេសរដ្ឋាភិបាលក្នុងជំនាន់នីមួយៗ ហាក់ដូចជាមើលមិនឃើញច្បាស់ថា តើទស្សនៈសំខាន់នៃប្រជាធិបតេយ្យចង់ដឹកនាំប្រទេសទៅកន្លែងណា ? ដូច្នេះហាក់ដូចជាដំណើរការនេះ ស្ថិតនៅក្រោមឥទ្ធិពលកុម្មុយនិស្តបន្តិចទៅ ខ្មែរក្រហមបន្លិចទៅ ហើយក៏អាចលាយឡំរបបយោធានិយមខ្លះទៀត យកមកប្រើក្នុងរចនាសម្ព័ន្ធនយោបាយ ដូច្នេះរចនាសម្ព័ន្ធនយោបាយបែបនេះ ពន្លកនៃប្រជាធិបតេយ្យហាក់មានការលំបាកក្នុងការលូតលាស់»។
នាយកប្រតិបត្តិវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា លោក បណ្ឌិត ប៉ា ច័ន្ទរឿន បានលើកពីចក្ខុវិស័យបីសំខាន់សម្រាប់រយៈពេលបីឆ្នាំទៅមុខ ដែលវិទ្យាស្ថាននេះត្រូវធ្វើគឺ ទី១ ការសិក្សាស្រាវជ្រាវ និងប្រឹក្សាយោបល់ រួមមាន ការសិក្សានិងអប់រំអំពី វប្បធម៌នយោបាយថ្មី ការសិក្សាពីប្រវត្តិគណបក្សនយោបាយនីមួយៗ និងការសិក្សាពីដំណើរការប្រជាធិបតេយ្យចុងក្រោយនៅកម្ពុជា។ ទី២ ការអប់រំនយោបាយ គឺការបណ្ដុះបណ្ដាលយុវជនពីជំនាញនយោបាយ ជំនាញនៃការគិត និងភាពជាអ្នកដឹកនាំវ័យក្មេង និងទី៣ ការផ្សព្វផ្សាយ ដូចជាការបោះពុម្ពផ្សាយអំពីប្រជាធិបតេយ្យ ការបើកវេទិកាសាធារណៈក្រោយពីជំងឺកូវីដ-១៩បានបញ្ចប់ និងការចូលរួមពីប្រជាពលរដ្ឋជាដើម។
វិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា បានបង្កើតឡើងដោយក្រុមបញ្ញវន្តមួយក្រុម នៅថ្ងៃទី២៣ តុលាឆ្នាំ២០១៩ បានចុះបញ្ជីស្របច្បាប់ជាអង្គការមិនមែនរដ្ឋាភិបាលនៅក្រសួងមហាផ្ទៃ និងបានទទួលស្គាល់ជាផ្លូវការនៅខែមករាឆ្នាំ២០២០៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
