មេធាវីការពារក្ដីឱ្យសកម្មជនសិទ្ធិការងារលោក រ៉ាត់ រត្នមុនី គ្រោងដាក់លិខិតដាច់ដោយឡែកមួយទៀត ទៅតុលាការកំពូល ដើម្បីស្នើសុំឱ្យតុលាការជាន់ខ្ពស់មួយនេះ កំណត់ថ្ងៃសវនាការរឿងក្តីនេះឱ្យបានឆាប់។ សកម្មជនសិទ្ធិការងារលោក រ៉ាត់ រត្នមុនី បានជាប់ឃុំក្នុងពន្ធនាគារព្រៃសអស់រយៈពេលជាង ១ឆ្នាំមកហើយ គិតត្រឹមខែមករា ឆ្នាំ២០២០ នេះ។
មេធាវី សំ ទិត្យសីហា ឱ្យអាស៊ីសេរីដឹងថា តុលាការកំពូលមិនទាន់ឆ្លើយតប ឬជូនដំណឹងអំពីថ្ងៃជំនុំជម្រះរឿងក្តី សកម្មជនសិទ្ធិការងារ លោក រ៉ាត់ រត្នមុនី នៅឡើយទេ គិតត្រឹមថ្ងៃទី១៩ មករា បន្ទាប់ពីលោកបានប្ដឹងទាស់សាលដីកាសាលាឧទ្ធរណ៍ដែលបន្តផ្ដន្ទាទោសកូនក្តីរបស់លោក តាំងតែពីថ្ងៃទី១៦ ធ្នូ ឆ្នាំ២០១៩ រួចមក។ លោកបន្តថា ទោះបីជាមិនមានមាត្រាណាមួយតម្រូវឱ្យតុលាការកំណត់ពេលបើកសវនាការក្រោយទទួលបានបណ្ដឹងក្តី ក៏គោលការណ៍ច្បាប់ និងសិទ្ធិមនុស្សតម្រូវឱ្យការជំនុំជម្រះរឿងក្តីត្រូវធ្វើឡើងដោយឆាប់រហ័ស ដើម្បីជាប្រយោជន៍ដល់ជនជាប់ចោទ។ ម្យ៉ាងវិញទៀត លោកថា កូនក្តីរបស់លោកបានជាប់ឃុំជាងមួយឆ្នាំមកហើយ ស្របពេលសាលក្រមផ្ដន្ទាទោសមានរយៈពេល ២ឆ្នាំ ដូច្នេះតុលាការត្រូវតែពន្លឿនសំណុំរឿងនេះ៖ «ការធ្វើបណ្តឹងឧទ្ធរណ៍ ឬបណ្តឹងសារទុក្ខហ្នឹង គឺធ្វើយ៉ាងម៉េចឱ្យមានការថយទោសនៃការអនុវត្ត ហើយបើឧទាហរណ៍ថា រហូតដល់២ ឆ្នាំជាង ហើយដល់រកទៅឃើញថា គាត់អត់មានទោស ឬក៏ការអនុវត្តទោសគាត់នៅក្រោមហ្នឹង អ៊ីចឹងវាអាចធ្វើឱ្យទីមួយ ប៉ះពាល់សិទ្ធិ ទីពីរ គឺផលប្រយោជន៍របស់ជនជាប់ចោទហ្នឹងតែម្តង»។
សាលាដំបូងរាជធានីភ្នំពេញបានកាត់ទោសប្រធានសហព័ន្ធសហជីពកម្មករសំណង់កម្ពុជា លោក រ៉ាត់ រត្នមុនី ឱ្យជាប់ពន្ធនាគារ២ឆ្នាំ ពីបទ “ញុះញង់ឱ្យមានការរើសអើង” ដោយសារលោកបានជួយផលិតភាពយន្តឯកសារស្ដីពីការជួញដូរផ្លូវភេទនៅកម្ពុជាក្រោមចំណងជើងថា “ម្ដាយខ្ញុំ លក់ខ្ញុំ” ឱ្យសារព័ត៌មាន RT របស់រុស្ស៊ី។ ក្រៅពីត្រូវជាប់ពន្ធនាគារហើយនោះ តុលាការក៏តម្រូវឱ្យលោកបង់សំណងឱ្យដើមបណ្តឹងរដ្ឋប្បវេណីចំនួនជិត២ ម៉ឺនដុល្លារអាមេរិកបន្ថែមទៀត។ មេធាវីលោក រ៉ាត់ រត្នមុនី បានប្ដឹងទាស់សេចក្ដីសម្រេចរបស់តុលាការក្រុងភ្នំពេញនេះទៅសាលាឧទ្ធរណ៍ ក៏ប៉ុន្តែតុលាការជាន់ខ្ពស់មួយនេះបានតម្កល់សាលក្រមផ្ដន្ទាទោសនេះទុកជាបានការដដែល ទោះជាសវនាការធ្វើឡើងដោយគ្មានវត្តមានដើមបណ្ដឹង និងអ្នកពាក់ព័ន្ធយ៉ាងណាក្ដី។
ភរិយារបស់លោក រ៉ាត់ រត្នមុនី អ្នកស្រី ឡុង គីមហ៊ាង នៅតែអះអាងថា ស្វាមីអ្នកស្រីមិនបានប្រព្រឹត្តកំហុសដូចការចោទប្រកាន់នេះទេ ហើយអ្នកស្រីបានទទូចឱ្យតុលាការកោះហៅភាគីសារព័ត៌មានរុស្ស៊ីមកចូលរួមក្នុងអង្គសវនាការផងដែរ។ អ្នកស្រីរំពឹងថា តុលាការកំពូលនឹងផ្ដល់យុត្តិធម៌ដល់ស្វាមីរបស់អ្នកស្រី ដោយទម្លាក់ចោលបទចោទប្រកាន់ និងដោះលែងគាត់ឱ្យមានសេរីភាពវិញ។ អ្នកស្រីបន្ថែមថា ការបន្តចោទប្រកាន់ និងឃុំខ្លួនស្វាមីរបស់អ្នកស្រីបែបនេះ មានន័យស្មើនឹងការជាន់ឈ្លីប្រព័ន្ធយុត្តិធម៌ដូច្នេះដែរ៖ «ខ្ញុំក៏កំពុងតែឆ្ងល់ មិនដឹងថាតើតុលាការកំពូលហ្នឹងគាត់នៅរង់ចាំអ្វី ឬក៏គាត់មានបញ្ហាអ្វី ហើយខ្ញុំសូមអំពាវនាវឱ្យតុលាការកំពូលពន្លឿននីតិវិធី ចាត់ការលើសំណុំរឿងរបស់ប្តីខ្ញុំ ហើយសូមដោះលែងប្តីខ្ញុំឱ្យមានសេរីភាព»។
អាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យតុលាការកំពូលលោក អ៊ុក គឹមសិទ្ធិ ដើម្បីសាកសួរអំពីសវនាការរឿងក្តីនេះបានឡើយ នៅថ្ងៃទី១៩ មករា ដោយលោកមិនលើកទូរស័ព្ទ។
ក្រុមអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ បានថ្កោលទោសចំណាត់ការរបស់អាជ្ញាធរកម្ពុជាលើលោក រ៉ាត់ រត្នមុនី ព្រោះពួកគេពិនិត្យឃើញថា សកម្មជនសិទ្ធិការងាររូបនេះមិនបានប្រព្រឹត្តកំហុសអ្វីឡើយ ហើយលោកក៏មិនទទួលបានសវនាការប្រកបដោយយុត្តិធម៌នោះដែរ។ ក្រុមសង្គមស៊ីវិលចាត់ទុកករណីនេះថា ជាការគំរាមកំហែងដល់សេរីភាពសារព័ត៌មាន និងការងាររាយការណ៍ព័ត៌មានពិតជូនសាធារណជន។ ពួកគេបានទទូចឱ្យតុលាការទម្លាក់ចោលបទចោទប្រកាន់ប្រឆាំងនឹងលោក រ៉ាត់ រត្នមុនី និងអ្នកសារព័ត៌មានមួយចំនួនទៀត ដែលជាប់ចោទក្នុងយុទ្ធនាការបង្ក្រាប និងគាបសង្កត់លើសិទ្ធិបញ្ចេញមតិ និងសេរីភាពសារព័ត៌មាននៅកម្ពុជា ប្រព្រឹត្តដោយអាជ្ញាធររដ្ឋាភិបាលលោក ហ៊ុន សែន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
