មេធាវីការពារក្ដីឱ្យអតីតបុគ្គលិកអាស៊ីសេរី នៅថ្ងៃទី១២ កក្កដានេះ ដាក់លិខិតទៅតុលាការក្រុងភ្នំពេញ ដើម្បីស្នើសុំឱ្យតុលាការលើកពេលសវនាការសំណុំរឿងពាក់ព័ន្ធនឹងវីដេអូអាសអាភាសទៅថ្ងៃក្រោយវិញ។ សាលាដំបូងរាជធានីភ្នំពេញ គ្រោងបើកសវនាការសំណុំរឿងទាំងពីររបស់បុគ្គលិកអាស៊ីសេរី ក្នុងពេលពីរសប្ដាហ៍ខាងមុខទៀតនេះ។
មេធាវី សំ ចំរើន ថ្លែងប្រាប់អាស៊ីសេរីថា លោកមិនបានកំណត់ថ្ងៃសវនាការជាក់លាក់នៅក្នុងលិខិតស្នើសុំនោះឡើយ ដោយទុកសិទ្ធិនេះឱ្យចៅក្រមជំនុំជម្រះជាអ្នកសម្រេច។ ក៏ប៉ុន្តែ លោកថា ជាទម្លាប់នៃការអនុវត្ត តុលាការប្រើពេលយ៉ាងហោចណាស់មួយខែក្នុងការលើកពេលសវនាការបែបនេះ។ ទោះជាបែបនេះក្តី លោកបញ្ជាក់ថា កូនក្តីរបស់លោកមិនជំទាស់នឹងការរង់ចាំនេះឡើយ សំខាន់ឱ្យតែសវនាការនីមួយៗធ្វើឡើងដោយហ្មត់ចត់ និងមានការដេញដោលគ្រប់ជ្រុងជ្រោយ៖ «សវនាការពីរដោយឡែកពីគ្នា វាធ្វើឱ្យយើងមានពេលវេលាគ្រប់គ្រាន់សម្រាប់ភាគីដែលពាក់ព័ន្ធទាំងអស់ក្នុងការត្រៀមខ្លួនចូលរួមក្នុងសវនាការហ្នឹងឱ្យបានពេញលេញ និងល្អិតល្អន់ទាំងអស់គ្នា។ ការយករឿងក្តីពីរដាក់ក្នុងកាលបរិច្ឆេទថ្ងៃតែមួយបែបនេះ យើងយល់ថា វាដូចជាការមួយប្រញិបប្រញាប់ និងតក់ក្រហល់»។
ទាក់ទងនឹងសំណើសុំវត្ថុចាប់យក និងលិខិតឆ្លងដែនវិញ មេធាវីរូបនេះបញ្ជាក់ថា ចៅក្រមជំនុំជម្រះមិនប្រគល់ឱ្យកូនក្ដីរបស់លោកឡើយ ដោយរង់ចាំសម្រេចរួមគ្នាក្នុងសវនាការលើអង្គសេចក្ដីនៅពេលខាងមុខ។
ការជំនុំជម្រះសំណុំរឿងអតីតបុគ្គលិកអាស៊ីសេរី លោក អ៊ួន ឈិន និងលោក យាង សុធារិន នឹងប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី២៦ កក្កដា ខាងមុខនេះ។ តុលាការគ្រោងលើកយកសំណុំរឿងទាំងពីរ គឺរឿងធ្វើចារកម្ម និងរឿងវីដេអូអាសអាភាស ទៅជំនុំជម្រះក្នុងថ្ងៃតែមួយ ដែលបញ្ហានេះនាំឱ្យមានការបារម្ភថានឹងបាត់ប្រយោជន៍ជនជាប់ចោទ។
អតីតបុគ្គលិកអាស៊ីសេរីលោក យាង សុធារិន្ទ សម្ដែងការសោកស្ដាយដែលតុលាការមិនព្រមប្រគល់វត្ថុចាប់យក និងឯកសារផ្លូវការឱ្យរូបលោក និងលោក អ៊ួន ឈិន វិញ បើទោះបីជាតុលាការបានដឹងថា ពួកលោកត្រូវការរបស់ទាំងនោះជាចាំបាច់ក្ដី។ ជាពិសេសលោកថា ការមិនទទួលបានឯកសារសម្គាល់ខ្លួនផ្លូវការ ដូចជា លិខិតឆ្លងដែន ជាដើមនោះ ធ្វើឱ្យលោកបាត់សិទ្ធិដើរហើរដោយពេញលេញ។
ទោះជាយ៉ាងណា លោកអះអាងថា លោកកំពុងរង់ចាំថ្ងៃសវនាការមកដល់ ដើម្បីលាងជម្រះខ្លួនពីបទចោទប្រកាន់ដ៏អយុត្តិធម៌នេះ៖ «ការដែលយើងលើកថា សុំឱ្យពន្យារករណីអាសអាភាសទៅថ្ងៃក្រោយទៀតហ្នឹង មិនមែនមានន័យថា យើងគេចខ្វិលមិនចង់ឱ្យជំនុំជម្រះរឿងហ្នឹងទេ ប៉ុន្តែគ្រាន់តែថាយើងចង់ទុកពេលវេលាដកឃ្លាបន្តិច ដើម្បីឱ្យមានពេលវេលាគ្រប់គ្រាន់ក្នុងការសួរដេញដោល និងតទល់គ្នានៅក្នុងតុលាការ។ យើងខ្ញុំទាំងពីរនាក់បានត្រៀមខ្លួនរួចរាល់អស់ហើយក្នុងការទៅតទល់ និងសួរដេញដោលដើម្បីរកភាពត្រឹមត្រូវសម្រាប់យើងទាំងពីរនាក់ហ្នឹង»។
អាស៊ីសេរីបានព្យាយាមទាក់ទងសុំការបំភ្លឺរឿងនេះជាច្រើនដងតាមទូរស័ព្ទពីចៅក្រមជំនុំជម្រះតុលាការក្រុងភ្នំពេញ លោក អ៊ឹម វណ្ណៈ ក៏ប៉ុន្តែលោកមិនលើកទូរស័ព្ទ។
លោក យាង សុធារិន្ទ និងលោក អ៊ួន ឈិន ត្រូវបានអាជ្ញាធររបបក្រុងភ្នំពេញចាប់ខ្លួន កាលពីពាក់កណ្ដាលខែវិច្ឆិកា ឆ្នាំ២០១៧ កន្លងទៅ ពាក់ព័ន្ធនឹងការបង្កើតស្ទូឌីយោថតចម្រៀងដោយគ្មានការអនុញ្ញាត។ ក៏ប៉ុន្តែក្រោយមក អាជ្ញាធរបែរជាចោទអ្នកទាំង២ ពីបទ "ផ្តល់ឱ្យរដ្ឋបរទេសនូវព័ត៌មានជាអាទិ៍ដែលនាំឱ្យអន្តរាយដល់ការការពារជាតិ” ទៅវិញ។ បទចោទនេះមានកម្រិតទោសអតិបរមារយៈពេល ១៥ ឆ្នាំ ក្នុងពន្ធនាគារ។
បន្ទាប់ពីរកមិនឃើញភស្តុតាងដាក់បន្ទុកត្រឹមត្រូវ អាជ្ញាធររបប ហ៊ុន សែន បានបន្ថែមបទចោទមួយទៀតលើអ្នកទាំងពីរ គឺការផលិតវីដេអូអាសអាភាស ដែលជាបទល្មើសមជ្ឈិម មានកម្រិតទោសអតិបរមា រយៈពេល ១ឆ្នាំ ក្នុងពន្ធនាគារ។
មន្ត្រីសិទ្ធិមនុស្សជាតិ និងអន្តរជាតិ ពិនិត្យឃើញថា អតីតបុគ្គលិកអាស៊ីសេរីទាំងពីររូបត្រូវបានចោទប្រកាន់ និងជាប់ឃុំជាង ៩ខែ ដោយអយុត្តិធម៌ ដែលជាផ្នែកមួយនៃវាយបង្ក្រាបឥតត្រាប្រណីរបស់លោក ហ៊ុន សែន ទៅលើស្ថាប័នព័ត៌មានឯករាជ្យ។ មន្ត្រីសិទ្ធិមនុស្សទាំងនោះ អំពាវនាវឱ្យតុលាការក្រុងភ្នំពេញទម្លាក់ចោលសំណុំរឿងបែបប្រឌិតនេះ។ ពួកគេក៏ទាមទារឱ្យរបប ហ៊ុន សែន បញ្ឈប់ការធ្វើទុក្ខបុកម្នេញលើស្ថាប័នព័ត៌មានឯករាជ្យតទៅទៀត ដោយជំនួសមកវិញនូវការបើកចំហសិទ្ធិសេរីភាពផ្នែកសារព័ត៌មាន និងសេរីភាពបញ្ចេញមតិ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
