ក្រុមគ្រួសារ និងមេធាវី ស្នើសុំឱ្យតុលាការកំពូលពិចារណាដោះលែងលោក រ៉ាត់ រត្នមុនី ឱ្យបាននៅក្រៅឃុំបណ្ដោះអាសន្ន បន្ទាប់ពីតុលាការកំពូលទើបតែទទួលបានបណ្ដឹងសុំនៅក្រៅឃុំរបស់សកម្មជនសិទ្ធិការងាររូបនេះ។ ភរិយារបស់លោក រ៉ាត់ រត្នមុនី នៅថ្ងៃទី១៣ មីនា នេះ បានទៅតវ៉ានៅមុខស្ថានទូតរុស្ស៊ីជាលើកទី ៩ ដើម្បីសុំឱ្យខាងរដ្ឋាភិបាលជួយអន្តរាគមន៍ឱ្យមានការដោះលែងស្វាមីមកវិញ។
មេធាវីការពារក្ដីឱ្យលោក រ៉ាត់ រត្នមុនី លោក សំ ទិត្យសីហា ប្រាប់អាស៊ីសេរីថា មន្ត្រីតុលាការកំពូលបានប្រាប់លោកថា ខាងតុលាការបានទទួលបណ្ដឹងសុំនៅក្រៅឃុំរបស់កូនក្ដីលោករួចហើយ ហើយបណ្ដឹងនោះនឹងត្រូវបញ្ជូនទៅប្រធានតុលាការកំពូល ដើម្បីចាត់ចែងឱ្យមានចៅក្រមកាន់សំណុំរឿងនេះ។ លោករំពឹងថា តុលាការកំពូលនឹងពន្លឿនសំណុំរឿងមុនអង្គសេចក្ដីនេះ និងអនុញ្ញាតឱ្យកូនក្ដីរបស់លោកបាននៅក្រៅឃុំ ដើម្បីជួបជុំគ្រួសារ៖ «ការសុំនៅក្រៅឃុំ ជាការចាំបាច់ដើម្បីឱ្យគាត់ទទួលបានសិទ្ធិសេរីភាពដែលមានចែងនៅក្នុងច្បាប់។ ខ្ញុំចង់ឱ្យដំណើរការនីតិវិធីឱ្យលឿន ដើម្បីឱ្យគាត់ដែលជាជនជាប់ចោទនៅក្នុងពន្ធនាគារទទួលបានផលប្រយោជន៍។ ប្រសិនបើគាត់មិនត្រូវបានគេអនុញ្ញាត ( ឱ្យនៅក្រៅឃុំ ) ទេ យើងត្រូវធ្វើនីតិវិធីបន្តទៅទៀត ដូចជាពន្លឿននីតិវិធីសុំឱ្យតុលាការបញ្ជូនទៅជំនុំជម្រះឱ្យលឿនអ៊ីចឹង»។
មេធាវីរូបនេះបញ្ជាក់ថា លោកក៏គ្រោងដាក់លិខិតដាច់ដោយឡែកមួយទៀតទៅតុលាការក្រុងភ្នំពេញផងដែរ ដើម្បីសុំឱ្យចៅក្រមស៊ើបសួរពន្លឿននីតិវិធីលើអង្គសេចក្ដី ព្រោះកូនក្ដីរបស់លោកបានជាប់ឃុំក្នុងពន្ធនាគារអស់រយៈពេលជាច្រើនខែមកហើយ។
ប្រធានសហព័ន្ធសហជីពកម្មករសំណង់កម្ពុជា លោក រ៉ាត់ រត្នមុនី កំពុងជាប់ឃុំក្នុងពន្ធនាគារព្រៃស ដោយរងការចោទប្រកាន់ពីបទ “ញុះញង់ឱ្យមានការរើសអើង” ដែលប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់ ៣ ឆ្នាំ ប្រសិនបើតុលាការសម្រេចឱ្យលោកមានទោសមែននោះ។
អាជ្ញាធររបបក្រុងភ្នំពេញបានចោទសកម្មជនសិទ្ធិការងាររូបនេះ ថាបានឱ្យលុយប្រភព ដើម្បីនិយាយប្រឌិតសាច់រឿងក្នុងភាពយន្តឯកសារជួញដូរផ្លូវភេទ ដែលមានចំណងជើងថា “ម្ដាយខ្ញុំ លក់ខ្ញុំ” ដែលលោកបានជួយផលិតឱ្យសារព័ត៌មាន RT (Russia Today) របស់រុស្ស៊ី។
ទោះជាយ៉ាងណា ក្រៅពីការចោទប្រកាន់នេះ អាជ្ញាធររបបក្រុងភ្នំពេញមិនបានបង្ហាញភស្តុតាងដែលបង្ហាញពីពិរុទ្ធភាពរបស់លោកនោះទេ ខណៈតួអង្គម្នាក់ក្នុងភាពយន្តឯកសារធ្លាប់បានអះអាងថា នាងមិនដែលបានទទួលលុយកាក់ពីលោក រ៉ាត់ រត្នមុនី ដើម្បីនិយាយកុហកនោះឡើយ។
នៅថ្ងៃទី១៣ មីនា ដែលជាថ្ងៃលោកបានជាប់ឃុំអស់រយៈពេល ៣ ខែនេះ ភរិយា និងកូនប្រុសតូចរបស់លោកបាននាំគ្នាទៅអង្គុយលើកបដា សុំអន្តរាគមន៍ពីស្ថានទូតរុស្ស៊ីជាលើកទី៩។ ក៏ប៉ុន្តែជាថ្មីម្តងទៀត គ្មានមន្ត្រីទូតរុស្ស៊ីណាម្នាក់ចេញមកជួបពួកគេឡើយ។
ភរិយារបស់លោក គឺអ្នកស្រី ឡុង គីមហ៊ាង ឱ្យដឹងថា អ្នកដែលចូលរួមជួយតវ៉ាជាមួយអ្នកស្រី មានចំនួនកាន់តែតិចៗទៅ ដោយសារពួកគេរងការគំរាមកំហែងពីអាជ្ញាធរ និងខ្លះទៀតត្រូវតុលាការកោះហៅទៅបំភ្លឺលើសំណុំរឿងចាស់ នៅចំថ្ងៃនៃការតវ៉ានេះ។ អ្នកស្រីអះអាងថា ទោះជាសល់តែពីរនាក់កូន ក៏អ្នកស្រីនៅតែមកតវ៉ាសុំអន្តរាគមន៍នៅមុខទូតរុស្ស៊ីនេះដែរ ព្រោះអ្នកស្រីយល់ថា រដ្ឋាភិបាលក្រុងម៉ូស្គូ (Moscow) ត្រូវមានចំណែកទទួលខុសត្រូវរឿងនេះ៖ «ការមិនអន្តរាគមន៍ពីរដ្ឋាភិបាលរុស្ស៊ីបង្ហាញថា រដ្ឋាភិបាលរុស្ស៊ីខ្លួនឯងបានបណ្ដោយឱ្យរដ្ឋាភិបាលកម្ពុជាបំផ្លាញសែតអន្តរជាតិរបស់ខ្លួនមួយ គឺកាសែត RT ហ្នឹង ពីព្រោះនឹងលែងមានបុគ្គល ឬក្រុមណាហ៊ានធ្វើការជាមួយកាសែត នៅពេលដែលអ្នកបកប្រែរបស់កាសែតរុស្ស៊ីមួយប្រចាំកម្ពុជា ត្រូវបានរដ្ឋាភិបាលកម្ពុជាចាប់ដាក់គុក និងចោទប្រកាន់ ដោយសារតែបានជួយផលិតភាពយន្តឯកសារស្ដីពីការជួញដូរផ្លូវភេទឱ្យរុស្ស៊ីហ្នឹង»។
ចំណាត់ការរបស់អាជ្ញាធររបបក្រុងភ្នំពេញលើលោក រ៉ាត់ រត្នមុនី បានរងនូវការរិះគន់យ៉ាងខ្លាំងពីក្រុមអ្នកការពារសិទ្ធមនុស្សជាតិ និងអន្តរជាតិ។ អ្នកការពារសិទ្ធិមនុស្សយល់ថា សកម្មជនរូបនេះមិនបានប្រព្រឹត្តកំហុសអ្វីឡើយ ព្រោះលោកត្រឹមជាអ្នកបកប្រែឱ្យសារព័ត៌មានរុស្សីប៉ុណ្ណោះ។ ពួកគេថា អ្វីដែលរបបលោក ហ៊ុន សែន ត្រូវធ្វើនោះ គឺប្រឹងប្រែងលុបបំបាត់បទល្មើសជួញដូរផ្លូវភេទទៅវិញទេ។
ប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន បានអះអាងប្រាប់អាស៊ីសេរីកាលពីយប់ថ្ងៃទី១២ មីនា ថា លោកនឹងស្នើសុំឱ្យសមាជិកសភា និងមន្ត្រីរដ្ឋាភិបាលអាមេរិក ជួយអន្តរាគមន៍ករណីនេះ ព្រោះលោកយល់ថា សហការីរបស់លោករូបនេះត្រូវបានចាប់ឃុំខ្លួន និងចោទប្រកាន់ដោយអយុត្តិធម៌។
ទោះជាយ៉ាងណា មន្ត្រីនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ធ្លាប់បានបញ្ជាក់ហើយថា សំណុំរឿងនេះកំពុងស្ថិតក្នុងដៃតុលាការ ដូច្នេះគ្មានភាគីណាមួយអាចដាច់សម្ពាធ ឬអន្តរាគមន៍ឱ្យមានការដោះលែងលោក រ៉ាត់ រត្នមុនី ឡើយ។ លោកអះអាងថា ប្រសិនបើតុលាការរកមិនឃើញពីពិរុទ្ធភាពអ្វីទេនោះ តុលាការនឹងដោះលែងសកម្មជនសិទ្ធិការងាររូបនេះវិញជាក់ជាមិនខាន៕
