មេធាវីការពារក្តីឱ្យអតីតអ្នកយកព័ត៌មានអាស៊ីសេរី លោក សំ ចំរើន ឱ្យដឹងថា លោកនឹងជជែកជាមួយកូនក្តីបន្ថែម ជុំវិញការប្តឹងទាស់សាលដីកាសាលាឧទ្ធរណ៍ទៅតុលាការកំពូលបន្តទៀតទាក់ទងនឹងការស៊ើបអង្កេតបន្ថែមលើសំណុំរឿងចារកម្ម។ លោកបញ្ជាក់ថា លោកបានប្ដឹងទាស់ករណីកាន់កាប់ និងផលិតរូបភាពអាសអាភាសទៅតុលាការកំពូលរួចហើយ កាលពីពេលថ្មីៗនេះ។ លោកនៅតែអះអាងថា ការស៊ើបអង្កេតបន្ថែមដោយមិនកំណត់ពេលវេលាជាក់លាក់ ប៉ះពាល់ជាខ្លាំងដល់សិទ្ធិសេរីភាពរបស់កូនក្តីរបស់លោក។
កាលពីពេលថ្មីៗនេះ សាលាឧទ្ធរណ៍បានច្រានចោលបណ្ដឹងសារទុក្ខរបស់អតីតអ្នកយកព័ត៌មានអាស៊ីសេរីលោក អ៊ួន ឈិន និងលោក យាង សុធារិន្ទ ដែលស្នើសុំឱ្យតុលាការជាន់ខ្ពស់មួយនេះបដិសេធការស៊ើបអង្កេតបន្ថែមរបស់តុលាការក្រុងភ្នំពេញទាក់ទងនឹងបទចោទចារកម្ម និងការផលិតវីដេអូអាសអាភាស។
អតីតអ្នកយកព័ត៌មានអាស៊ីសេរីទាំងពីររូបខកចិត្ត ចំពោះការសម្រេចរបស់សាលាឧទ្ធរណ៍ ព្រោះពួកគេបានលើកឡើងនូវទឡ្ហីករណ៍ជាច្រើន ដែលបង្ហាញថា សំណុំរឿងនេះគ្មានអ្វីត្រូវស៊ើបអង្កេតបន្តទៀតនោះទេ។ អ្នកទាំងពីរនៅតែយល់ថា តុលាការមានចេតនាធ្វើបាបពួកគេ ទើបបានជាបន្តរឿងក្តីនេះដោយគ្មានភស្តុតាងគ្រប់គ្រាន់។
ជាមួយគ្នានេះ អង្គការសិទ្ធិមនុស្សលីកាដូ (LICADHO) ពិនិត្យឃើញថា ការសម្រេចរបស់សាលាឧទ្ធរណ៍នេះ ធ្វើឱ្យលោក អ៊ួន ឈិន និងលោក យាង សុធារិន នៅតែមិនទទួលបានសេរីភាពពេញលេញក្នុងដំណើរការតស៊ូតាមផ្លូវច្បាប់ដោយគ្មានការកំណត់ពេលវេលាក្នុងសំណុំរឿងដែលមានចរិតនយោបាយនេះ៕