មេធាវី​ស្នើសុំ​​ចៅក្រម​ខេត្ត​រតនគិរី​ទម្លាក់​ចោល​ការ​ត្រួត​ពិនិត្យ​តាម​ផ្លូវ​តុលាការ​លើ​មន្ត្រី​អាដហុក​

0:00 / 0:00

មេធាវី​ការពារក្តី​ឱ្យ​មន្ត្រី​ជាន់ខ្ពស់​សមាគម​អាដហុក (ADHOC) ស្នើ​សុំ​ឱ្យ​ចៅក្រម​ស៊ើបសួរ​​តុលាការ​ខេត្ត​រតនគិរី​ទម្លាក់​ចោល​​ការ​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ​លើ​កូន​ក្តី ដោយសារ​នីតិវិធី​នេះ​ប៉ះពាល់​ដល់​អារម្មណ៍ និង​ការងារ​របស់​កូន​ក្តី។ មន្ត្រី​ជាន់ខ្ពស់​សមាគម​អាដហុក លោក ប៉ែន ប៊ុណ្ណារ៍ កំពុង​ជាប់​បណ្ដឹង​នៅ​តុលាការ​ខេត្ត​រតនគិរី​ពាក់ព័ន្ធ​នឹង​ករណី​ញុះញង់ ដែល​ប្ដឹង​ដោយ​អាជ្ញាធរ​ខេត្ត​​រតនគិរី។

លោក​មេធាវី សំ ទិត្យ​សីហា ប្រាប់​​អាស៊ី​សេរី​នៅ​​ថ្ងៃ​ទី៥ ធ្នូ​ថា កូន​ក្តី​របស់​លោក គឺ​លោក ប៉ែន ប៊ុណ្ណារ៍ និង​ប្រជាពលរដ្ឋ ២នាក់​ទៀត បាន​ទៅ​បង្ហាញ​ខ្លួន​​នៅ​សាលាដំបូង​ខេត្ត​រតនគិរី​រួច​ហើយ កាល​ពី​សប្ដាហ៍​មុន បន្ទាប់​ពី​ចៅក្រម​ស៊ើបសួរ​បាន​សម្រេច​ដាក់​ពួក​​គាត់​ឱ្យ​ស្ថិត​ក្រោម​នីតិវិធី​ត្រួត​ពិនិត្យ។ លោក​បញ្ជាក់​ថា នៅ​សប្ដាហ៍​ក្រោយ លោក​​នឹង​ដាក់​លិខិត​ស្នើ​សុំ​ឱ្យ​ចៅក្រម​លុប​ចោល​ការ​ដាក់​កូន​ក្តី​របស់​លោក​ក្រោម​ការ​ត្រួតពិនិត្យ​ ដោយ​សារ​តែ​នីតិវិធី​នេះ​ប៉ះពាល់​ដល់​សកម្មភាព​ការងារ​របស់​កូន​ក្តី​លោក៖ «»

កាល​ពី​ខែ​តុលា​កន្លងទៅ ចៅក្រម​ស៊ើបសួរ​តុលាការ​ខេត្ត​រតនគិរី​ លោក សេង ស៊ឹមសូរិយា ​បាន​ដាក់​មន្ត្រី​ជាន់ខ្ពស់​សមាគម​អាដហុក លោក ប៉ែន ប៊ុណ្ណារ៍ និង​ប្រជាពលរដ្ឋ ២នាក់​ទៀត ឱ្យ​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​ពី​បទ “ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជា​អាទិ៍” ។ ដើម​បណ្ដឹង​នៃ​សំណុំ​រឿង​នេះ គឺជា​ក្រុម​អាជ្ញាធរ​ និង​មន្ត្រី​ជំនាញ​មួយ​ចំនួន ដែល​ត្រូវ​ប្រជាពលរដ្ឋ និង​មន្ត្រី​អាដហុក លោក ប៉ែន បុណ្ណារ៍ ប្តឹង​បរិហារ​ពី​ករណី​មិន​ទប់​ស្កាត់​បទ​ល្មើស​កាប់​រាន​​ដី​ព្រៃ​ជាង ៨០០ហិកតារ ក្នុង​ដែន​ជម្រក​សត្វព្រៃ​លំផាត់ ខេត្ត​​រតនគិរី។

ដើម្បី​ជួយ​ដោះ​បន្ទុក​កូន​ក្តី​នៅ​ដំណាក់​កាល​ចៅក្រម​ស៊ើបសួរ មេធាវី សំ ទិត្យសីហា បាន​ដាក់​លិខិត​ដាច់​ដោយឡែក​មួយ​ទៀត​​ទៅ​តុលាការ​ខេត្ត​រតនគិរី​ ដោយ​​ស្នើ​សុំ​បំពេញ​​កិច្ច​ដេញដោល​ចំពោះ​មុខ​ជាមួយ​ភាគី​ដើម​បណ្ដឹង។ ក៏​ប៉ុន្តែ​ជិត​មួយ​ខែ​មក​នេះ លោក​​មិន​ទទួល​បាន​ការ​ឆ្លើយ​​តប​ពី​តុលាការ​នៅ​ឡើយ​ទេ។

អាស៊ី​សេរី​​មិន​អាច​ទាក់ទង​ចៅក្រម​ស៊ើបសួរ​តុលាការ​ខេត្ត​រតនគិរី លោក សេង ស៊ឹមសូរិយា ដើម្បី​​សាកសួរ​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី៥ ធ្នូ។

មន្ត្រី​កម្មវិធី​​ពង្រឹង​សិទ្ធិ​អំណាច​សហគមន៍​មូលដ្ឋាន​នៃ​សមាគម​អាដហុក (ADHOC) លោក ប៉ែន ប៊ុណ្ណារ៍ ថ្លែង​ថា លោក​មិន​ខ្លាច​នឹង​ទៅ​​បង្ហាញ​ខ្លួន​ចំពោះ​មុខ​តុលាការ និង​​​ចូល​​រួម​គ្រប់​ដំណាក់​កាល​នៃ​រឿង​ក្តី​នេះ​ឡើយ ដោយ​សារ​លោក​ជា​មនុស្ស​ស្អាត​ស្អំ។ លោក​រំពឹង​ថា ចៅក្រម​ស៊ើបសួរ​នឹង​ទម្លាក់​ចោល​សំណុំ​រឿង​នេះ ព្រោះ​លោក​​មិន​បាន​ប្រព្រឹត្ត​កំហុស​​ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ៖ «»

មេធាវី​ការពារ​ក្តី​ឱ្យ​លោក ប៉ែន ប៊ុណ្ណារ៍ លោក សំ ទិត្យសីហា អះអាង​ថា តុលាការ​ហាក់​​គ្មាន​ភស្តុតាង​គ្រប់​គ្រាន់ ដើម្បី​​ចោទ​ប្រកាន់​កូន​ក្តី​របស់​​លោក​ឡើយ។ លោក​​ថា ​តុលាការ​យោង​តែ​ទៅលើ​របាយការណ៍​​របស់​ក្រុម​អាជ្ញាធរ​ ដែល​បាន​ចោទ​កូន​ក្តី​របស់​លោក​​ថា ​ញុះញង់​ឱ្យ​ពលរដ្ឋ​ទៅ​កាប់​រាន​ដីព្រៃ ដែល​​តាម​ការ​​ពិត​កូន​ក្តី​របស់​លោក​ គឺជា​អ្នក​ការពារ​ព្រៃ​ឈើ​ទៅ​វិញ​ទេ។

អង្គការ​សង្គម​ស៊ីវិល​ផ្នែក​​​សិទ្ធិមនុស្ស​បាន​ចាត់​ទុក​ចំណាត់​ការ​របស់​តុលាការ​ខេត្ត​រតនគិរី​​នេះ​ថា ជា​ការ​បំបាក់​ស្មារតី​ពលរដ្ឋ និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ដែល​ហ៊ាន​ចេញ​មុខ​ការពារ​ព្រៃ​ឈើ និង​ធនធាន​ធម្មជាតិ។ អង្គការ​សង្គម​ស៊ីវិល​រិះគន់​ថា តុលាការ​​គួរ​តែ​រក​មុខ​ជន​ល្មើស​កាប់​ឈើ និង​​កាប់​រាន​ដី​ព្រៃ ព្រម​ទាំង​អាជ្ញាធរ​ដែល​ឃុបឃិត​ក្នុង​រឿង​នេះ យក​​មក​ផ្ដន្ទាទោស​តាម​ផ្លូវ​ច្បាប់ មិន​មែន​​មក​ចាត់​ការ​លើ​អ្នក​ដែល​ប្រឹង​ប្រែង​ការ​ពារ​ព្រៃឈើ​បែប​នេះ​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។